
និស្សិតខ្មែរ៣ រូប បានទទួលជ័យលាភីលេខ ២ ក្នុងចំណោមយុវជនជាង២០០ក្រុម មកពីបណ្តាប្រទេសអាស៊ាន នៃពានរង្វាន់អាស៊ាន-អាមេរិក ផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ខណៈជ័យលាភីលេខ១ និងលេខ២ បានទៅលើឥណ្ឌូណេស៊ី និងម៉ាឡេស៊ី។ ជ័យលាភីនេះ ត្រូវបានប្រកាស កាលពីចុងខែតុលាកន្លងទៅ។
និស្សិតខ្មែរទាំង៣រូបមាន លោក ថៃ សេរីវុទ្ធ និងកញ្ញា ដឿន សីហា និងកញ្ញា ឈឹម បញ្ជពណ៌ ដែលកំពុងបន្តការសិក្សានៅប្រទេសបារាំង។ ពួកគេគឺជានិស្សិតផ្នែកវិស្វកម្មគីមី និងអាហារ នៃសាកលវិទ្យាល័យបច្ចេកវិទ្យាកម្ពុជា។
ក្រោមប្រធានបទសន្តិសុខស្បៀង និងចំណីអាហារ ក្រុមនិស្សិតខ្មែរ បានផលិតឧបករណ៍ល្បើកថ្មី ដោយផ្តោតលើការធ្វើជ្រក់ រួមទាំងការផលិតរូបមន្ត និងការវេចខ្ចប់ត្រឹមត្រូវ។ នៅក្នុងការប្រកួត និស្សិតខ្មែរ បានជ្រើសរើសយកការធ្វើជ្រក់ត្រសក់ បង្ហាញទៅគណៈកម្មការ។ លោក ថៃ សេរីវុទ្ធ បញ្ជាក់ដូច្នេះថា៖«ពួកខ្ញុំបានគិតដល់បញ្ហាមួយថា ជ្រក់ត្រសក់ អ្នកណាក៏ស្គាល់ ហើយវាទាក់ទងទៅនឹងថាតើពេលគាត់លក់អត់ដាច់ គាត់ត្រូវធ្វើដូចម្តេច? ប៉ុន្តែសម្រាប់ស្រុកយើង កាលណាយើងលក់អត់ដាច់ ត្រសក់នោះទុកបានតែ២ ឬ៣ថ្ងៃ គាត់លក់អត់ដាច់វាត្រូវចោលទៀត។ អ៊ីចឹងវាទាក់ទងនឹងអាយុកាលរបស់ផលិតផល វាទាក់ទងនឹងគុណភាពផលិតផល ហើយទាក់ទងនឹងសុខភាពសាធារណៈជាដើម»។
ក្រៅពីទទួលបានពានរង្វាន់ ម្ចាស់ជ័យលាភីទាំងអស់ នឹងធ្វើដំណើរទស្សនកិច្ចរយៈពេល៣សប្តាហ៍ នៅសហរដ្ឋអាមេរិក នៅខែមីនា ឆ្នាំ២០១៧ខាងមុខនេះ៕
ថ្មីៗ
អត្ថបទ : ថ្មីៗ
No comments:
Post a Comment