ការផ្សាយ​ចុង​ក្រោយ
Showing posts with label មតិយោបល់. Show all posts
Showing posts with label មតិយោបល់. Show all posts

តើលោក បារ៉ាក់ អូបាម៉ា ជាប្រធានាធិបតី​អាមេរិកល្អឬទេ ក្នុងក្រសែភ្នែក​ប្រជាជនបារាំង?



(​វ៉ាស៊ីនតោន)៖ ប្រធានាធិបតី​សហរដ្ឋអាមេរិក​ទី៤៤ លោក បារ៉ាក់ អូបាម៉ា បានត្រៀមខ្លួនរួចហើយ​ក្នុងការ​រៀបចំ​បង្វិច និងកិច្ចការដែលលោក​នៅមិនទាន់​ធ្វើបាន​សម្រេច​ ចាកចេញ​ពី​សេតវិមាននៅថ្ងៃទី២០ ខែមករា ឆ្នាំ២០១៧ ជាថ្ងៃលោក ដូណាល់ ត្រាំ ស្បថចូល​កាន់​តំណែង​ជាផ្លូវការ​ក្នុងនាម​ជាប្រធានាធិបតី​អាមេរិកទី​៤៥ ក៏ប៉ុន្តែមុននឹង​ការចាក​ចេញ​របស់លោក បើតាមការស្ទង់មតិមួយ​របស់សារព័ត៌មានបារំាង Le Figaro​ ក្នុង​ចំណោម​អ្នកបោះឆ្នោត ៣៦,៤៣៩ នាក់មានប្រជាជនបារាំងតែ ៤១ភាគរយឆ្លើយ «ល្អ» ខណៈ ៥៩ភាគរយ​ឆ្លើយថា «មិនល្អ» ចំពោះការដឹកនាំរបស់លោក បារ៉ាក់ អូបាម៉ា។

លោក អូបាម៉ា នឹងត្រូវថ្លែងសុន្ទរកថា​ជាលើក​ចុងក្រោយ នៅថ្ងៃល្ងាចថ្ងៃអង្គានេះ (ម៉ោងក្នុង​ទីក្រុង​វ៉ាស៊ីនតោន)។ ដោយឡែកបើ​និយាយពី​ការងារ​ក្នុងរយៈពេល​កាន់​តំណែង​​​​ជាប្រធានាធិបតី​អាមេរិក​ជាង ០៨ឆ្នាំមកនេះ លោក អូបាម៉ា សម្រេចបានសមិទ្ធិផលជាច្រើន​សម្រាប់សហរដ្ឋអាមេរិក ប៉ុន្តែក៏មានការងារធំៗ​ជាច្រើ​នផងដែរដែល​លោក​បាន​បរាជ័យ​ក្នុងនោះមានដូចជា៖

១៖ ការគ្រប់គ្រង​ការប្រើប្រាស់​កំាភ្លើង, នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១២ ក្មេងសិស្សសាលា ២០នាក់ត្រូវបាន​ខ្មាន់កាំភ្លើង​បាញ់​សម្លាប់​នៅឯ​សាលាបឋមសិក្សា​មួយកន្លែង​ក្នុង​ទីក្រុង Newton រដ្ឋ Connecticut ហើយ​រហូតមកទល់​នឹងពេល​ច្បាប់​ស្ដីពីការគ្រប់គ្រង​អាវុធ​របស់​លោក អូបាម៉ា ក៏ត្រូវជាប់គាំងដោយសារ​តែ​សមាជិកសភាបក្ស​សាធារណរដ្ឋ​ជំទាស់ ខណៈករណី​បាញ់សម្លាប់​ចេះតែកើត​មានជាបន្តបន្ទាប់។

២៖ សង្គ្រាមបង្ហូរឈាមនៅស៊ីរី, កាលពីឆ្នាំ២០១២ លោក អូបាម៉ា​ ព្រមាន​សងសឹក​​ទៅលើ​របប​ប្រធានាធិបតី​ស៊ីរី លោក បាហ្សា អាល់ អាស្សាដ ជុំវិញការប្រើប្រាស់​អាវុធ​គីមី​ប្រឆាំង​នឹង​ស៊ីវិល ប៉ុន្តែក្នុងនាម​ជា​មេដឹកនាំ​ពិភពលោក​រដ្ឋាភិបាលអាមេរិក​ក្រោមរដ្ឋបាលលោក អូបាម៉ា មិនអាច​ស្វែងរកកិច្ច​ព្រមព្រៀង​បញ្ចប់សង្រ្គាម​បាននៅ​ឡើយទេ ហើយ​មិនតែ​ប៉ុណ្ណោះ​សូម្បីតែ​ក្រុមប្រឆាំង​ស៊ីរី ដែល​ខ្លួនគាំទ្រ​ក៏ត្រូវបាន​កងទ័ព​រដ្ឋាភិបាល​លោក អាស្សាដ វាយ​បណ្ដេញចេញពី​ទីក្រុងអាឡេប៉ូ​ទៅទៀត រីឯសង្រ្គាមស៊ីរី​ក៏មិនដឹងថា​ត្រូវបញ្ចប់​នៅពេល​ណា។

៣៖ ការសន្យាបិទពន្ធនាគារ Guantanamo ដ៏ចំរូងចម្រាស ​តែបច្ចុប្បន្នពន្ធនាគារ​នេះ​នៅតែដំណើរការ​នៅឡើយ។

៤៖ គោលនយោបាយ​សុខាភិបាល ObamaCare កំពុងរងការរិះគន់​ហើយលោក ដូណាល់ ត្រាំ សន្យាថា​នឹងលុបចោល​គោលនយោបាយ​នេះ។

៥៖ ការបន្តរក្សាកងទ័ពអាមេរិកនៅអាហ្វហ្គានីស្ថាន, ដោយទទួលស្គាល់ភាពទន់ខ្សោយរបស់​កងទ័ព​អាហ្វហ្គានីស្ថាន ក្នុងការប្រយុទ្ធ​នឹង​ក្រុមតាលីបង់ លោក អូបាម៉ា បានបដិសេធ​ដកកងទ័ព​ទំាងស្រុង​នៅចុង​ឆ្នាំ២០១៦ ដូចដែល​លោកធ្លាប់​បានសន្យា​នោះទេ ពោលគឺ កងទ័ព​អាមេរិក ៨,៤០០នាក់នឹងបន្ត​ស្ថិតនៅ​លើទឹកដី​អាហ្វហ្គានីស្ថាន បន្ទាប់ពី​ចាកចេញ​ពីសេតវិមាន៕

Fresh News
អាន​បន្ត ➤

វិភាគ៖ ហេតុអ្វីអ្នកនយោបាយនៅតែបន្តខ្វែងគំនិតគ្នាចំពោះថ្ងៃ៧មករា?

ពួក​ខ្មែរក្រហម (រូបភាពដោយ Roland​ Neveu)



បើទោះជាថ្ងៃ៧មករា ឆ្នាំ១៩៧៩ បានកន្លងផុតទៅជិត៤០ឆ្នាំហើយក៏ដោយ ប៉ុន្តែអ្នកនយោ​បាយនៅតែមានបន្ត​ខ្វែងគំនិតគ្នាចំពោះ​អត្ថន័យរបស់​ថ្ងៃនោះ ដោយម្ខាងថាជាថ្ងៃដែលកម្ពុជាបានជ័យជម្នះនិងម្ខាងទៀតថាជាថ្ងៃដែលវៀតណាមឈ្លានពាន។

សម្រាប់គណបក្សប្រជាជនកម្ពុជាដែលកាន់អំណាចតាំងពីក្រោយ​ដួល​រលំរបបខ្មែរ​​ក្រហមបាន​ចាត់​ទុក​៧មករាថា «ជាថ្ងៃជ័យជម្នះមួយធ្វើ​ឲ្យកម្ពុជាមានសន្តិភាពនិងការអភិវឌ្ឍ»។ ​គណបក្សនេះ​ក៏មិនដែលភ្លេចពីការរំលឹកគុណវៀតណាមចំពោះការបញ្ជួនកម្លាំងទ័ពចូល​កម្ពុជា​​ដើម្បី​កំចាត់​របប ប៉ុល ពត នោះឡើយ។

មេដឹកនាំគណបក្សប្រជាជនកម្ពុជាបានទន្ទេញរត់មាត់ថា «៧មករា គឺជាថ្ងៃកំណើតទី២» របស់ពួកគេ។

ប៉ុន្តែសម្រាប់មជ្ឈដ្ឋានមួយចំនួនទៀត ពិសេសគណបក្សប្រឆាំង បានចាត់ទុកថ្ងៃ៧មករា ថា «ជាថ្ងៃដែលវៀតណាមឈ្លានពានទឹកដីខ្មែរ» ដោយ​ថែមទាំងបញ្ជួនជនជាតិវៀតណាម​រាប់លាននាក់​មករស់​នៅលើ​ទឹក​ដីខ្មែរទៀតផង។

នៅក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មាននានាកាលពីលោកនៅមានជីវិត លោក ប៉ែន សុវណ្ណ បានអះអាងថា លោកគឺជាបិតាថ្ងៃ៧មករា ដែលជាថ្ងៃរំដោះប្រទេសកម្ពុជាចេញពីរបបខ្មែរក្រហម ក្រោមការជួយជ្រោមជ្រែងពីកងទ័ពវៀតណាម។

ប៉ុន្តែនៅក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មានចំខួបលើកទី៣៦ឆ្នាំនៃថ្ងៃទី៧មករា កាលពីឆ្នាំ២០១៥កន្លងមកនោះ លោក ប៉ែន សុវណ្ណ បញ្ជាក់ថា លោកគឺជាអ្នកប្រឆាំងនឹងថ្ងៃ៧មករាផងដែរ ដោយលោកថា វាជាថ្ងៃដែល “វៀតណាមឆ្លៀតធ្វើជាជួយខ្មែរ ដើម្បីឈ្លានពាននិងលេបត្របាក់ទឹកដីខ្មែរ”។

លោក ប៉ែន សុវណ្ណ បានអះអាងទាំងនៅក្នុងសៀវភៅជីវប្រវត្តិសង្ខេបរបស់លោកនិងកិច្ចសម្ភាសនានាថា លោកគឺជាអ្នកស្នេហាជាតិនិងជំទាស់ទៅនឹងគោលនយោបាយវៀតណាមនៅក្នុងប្រទេសកម្ពុជា នៅក្រោយការដួលរលំទៅនៃរបបខ្មែរក្រហម។ នៅក្នុងកិច្ចសម្ភាសជាមួយកាសែតភ្នំពេញប៉ុស្តិ៍ កាលពីខែតុលា ឆ្នាំ២០១៤ បន្ទាប់ពីលោកបានជាប់ជាតំណាងរាស្ត្ររបស់គណបក្សសង្រ្គោះជាតិនោះ លោក ប៉ែន សុវណ្ណ រំលឹកឡើងវិញថា លោកបានបដិសេធសំណើបញ្ជូនជនជាតិវៀតណាមក្នុងមករស់នៅតាមខេត្តនីមួយៗរបស់ខ្មែរចន្លោះពី៣ទៅ៥ពាន់នាក់។ លោកក៏បានអះអាងផងដែរថា លោកប្រឆាំងទៅនឹងផែនការកាត់ទឹកដីខ្មែរនិងការបង្កើតការដ្ឋាន ក.៥ ដែលលោកយល់ថា វាជានយោបាយសម្លាប់ពលរដ្ឋខ្មែរ។

ក.៥ គឺជាពាក្យកាត់ខ្លីនៃផែនការកេណ្ឌរាស្ត្រខ្មែរកាប់ឆ្កាព្រៃការពារព្រំដែនកម្ពុជា ដែលត្រូវបានស្នើឡើងនៅអំឡុងរបបសាធារណរដ្ឋប្រជាមានិតកម្ពុជា។

បើតាមលោក ប៉ែន សុវណ្ណ ការជំទាស់នឹងផែនការឬគោលនយោបាយទាំងនោះហើយ គឺជាមូលហេតុដែលជំរុញឲ្យវៀតណាមទម្លាក់លោកចេញពីតំណែងនាយករដ្ឋមន្ត្រី និងចាប់ខ្លួនលោកទៅដាក់ឃុំក្នុងគុកងងឹត១០ឆ្នាំនៅទីក្រុងហាណូយ។

ទស្សនៈថាលោក ប៉ែន សុវណ្ណ គឺជាបិតាថ្ងៃ៧ មករា បានទទួលការគាំទ្រពីសំណាក់មេដឹកនាំបក្សប្រឆាំង។ លោក សម រង្ស៊ី ដែលកំពុងនិរទេសខ្លួនឯងនៅឯបរទេស បានបញ្ជាក់ថា លោក ប៉ែន សុវណ្ណ គឺជាបិតាថ្ងៃ៧ មករា ពីព្រោះលោកបានកាន់តំណែងជាអគ្គលេខាធិការបក្សប្រជាជនបដិវត្តន៍កម្ពុជា ដែលជាតំណែងមានអំណាចខ្លាំងជាងគេនៅពេលនោះ។

ប៉ុន្តែកាលពីខែកុម្ភៈ ឆ្នាំ២០១២កន្លងមក លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបច្ចុប្បន្នជាប្រធានគណបក្សប្រជាជនកម្ពុជានោះ បានចោទលោក ប៉ែន សុវណ្ណ ថាជាមនុស្សរបស់វៀតណាម តាំងពីតូចមកម៉្លេះ។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងថា៖ “ហើយតាំងខ្លួនជាបិតា ៧ មករា ហើយអីថា គេហ្នឹងស្នេហាជាតិ គេប្រឆាំងវៀតណាម។ ប្រឆាំងវៀតណាមអី? វៀតណាមយកទៅចិញ្ចឹមតាំងពីក្រោយឆ្នាំ ៥៤ ក្រោយសន្និសីទហ្សឺណែវ អី? ហេ! កោតតែចេះនិយាយទៅរួច! ផាត ឯងមិនទៅដែរ ហើយមិនឆែកផ្ទះបង ជា ស៊ីម ដែរ? ហើយផ្ទះបង ហេង សំរិន ទៀត ប៊ិះផ្ទះខ្ញុំទៀតថ្ងៃនោះ។ នែ! លេងដល់ថ្នាក់ហ្នឹង បានគេដេញចោល បានគេចាប់នោះ។ អារឿងហ្នឹងនិយាយតិចទៅចុះ បិតា ៧ មករានោះ ហើយមកធ្វើរដ្ឋមន្ត្រីក្រសួងការពារជាតិ អត់មានទាហានមួយគ្រាប់ទេអាសត្វហ្នឹង ហើយចេះតែថា ខ្ញុំ បង ហេង សំរិន បង ជា ស៊ីម ធ្វើជាទាហានវាទៀតណាស់ វាឆ្ងាញ់អាត្រង់ហ្នឹង។ និយាយបន្តិចទៅចុះរឿងអាថ៌កំបាំងជាន់ដើម។ អាហ្នឹងពាក់សក្ដិ ២ កងទ័ពវៀតណាមតើ!”។

ការបន្តខ្វែងគំនិតគ្នាលើអត្ថន័យ៧មករានេះ អ្នកវិភាគនយោបាយជើងចាស់ លោកបណ្ឌិត ឡៅ ម៉ុងហៃ មានប្រសាសន៍ថា មកពីអ្នកនយោបាយមិនព្រមទទួលស្គាល់ការពិតជាប្រវត្តិសាស្ត្រ។

លោកមានប្រសាសន៍ថា៖ «ទទួលស្គាល់ទៅ! ២៥ធ្នូ[១៩៧៨] ជាថ្ងៃដែលកងទ័ពវៀតណាមចូ​ល​ឈ្លានពាន​ទឹកដីកម្ពុជា ហើយរំលំរបបខ្មែរក្រហម។តែខុសច្បាប់​អន្តរជាតិ​ហើយ​ទទួល​រង​ការ​ថ្កោល​ទោសពីអន្តរជាតិ។៧មករាគឺការ​បង្កើត​រដ្ឋាភិបាល​របបថ្មី ក្រោម​ការ​គ្រប់​គ្រងរបស់​កងទ័ព​វៀតណាម កាន់កាប់​ប្រទេសកម្ពុជាពេលនោះ»។

លោក ឡៅ ម៉ុងហៃ បានឲ្យដឹងថា ការពិតប្រវត្តិសាស្ត្រ​ គឺវៀតណាមលើកទ័ពចូលទឹកដីខ្មែរ​ជំនាន់នោះ ដោយសារតែមានការស្នើសុំរបស់រដ្ឋាភិបាលកម្ពុជាពេលនោះ​។លោកបន្តថា ការ​ដែល​​វៀត​ណាម​ឈ្លានពានកម្ពុជាពេលនោះ គឺវៀតណាមបានប្រាប់​កិច្ចប្រជុំ​ក្រុម​ប្រឹក្សា​អង្គ​ការ​សហ​ប្រជា​ជាតិនៅថ្ងៃទី១២ដល់១៥ មករាឆ្នាំ១៩៧៩ថា ជាការវាយបក​លើកងទ័ព​ខ្មែរ​ក្រហម​​ ដែល​វៀតណាមថា ឈ្លានពានប្រទេសខ្លួន។ ការអះអាងរបស់វៀតណាមពេលនោះ លោក ឡៅ ម៉ុងហៃថា ជាឆ្លើយតប​នឹង​លិខិត​តវ៉ាមួយ​របស់ស្រ្តីជាឧបនាយក​រដ្ឋមន្រ្តី​ការ​បរទេស​របស់​របប​ខ្មែរ​ក្រហម​ដែល​បានប្តឹង​ទៅ​ក្រុម​ប្រឹក្សា​អង្គការសហប្រជាជាតិ​ពីករណី​វៀតណាម​លើកទ័ព​ចូល​ទឹក​ដី​កម្ពុជា​កាលពី​ថ្ងៃទី២៥ខែធ្នូឆ្នាំ១៩៧៨។

លោកមានប្រសាសន៍ថា៖ «អាហ្នឹងការពិតជាក់ស្តែង​យើង​ត្រូវទទួល​ស្គាល់​ទៅ។​ការ​មិន​ទទួលស្គាល់ហ្នឹងហើយ​បានជាមាន​ទំនាស់គ្នា»។

លោកបណ្ឌិត ឡៅ ម៉ុងហៃ បញ្ជាក់ថា ការបង្កើតរដ្ឋាភិបាល​ក្រោយ​ថ្ងៃ៧មករាដោយ​វៀតណាម​លើក​បន្តុបនោះ គឺមិនមានការទទួលស្គាល់ពីសហគមន៍អន្តរជាតិនោះទេ ជាពិសេស​អង្គការ​សហប្រជាជាតិ។

លោកបណ្ឌិត ចាន់ វិបុល អ្នកប្រឹក្សាយោបល់ឯករាជ្យ ពន្យល់មតិខ្វែងគ្នាពីថ្ងៃ៧មករានេះដោយលើកឡើងពីហេតុផលអ្នកគាំទ្រថ្ងៃ៧មករាថា ដោយសារតែអត់មានអ្នករំដោះជាតិ មានតែអ្នកចូលព្រៃម៉ាក់គីតាមការអំពាវនាវរបស់ សម្តេច នរោត្តម ស៊ីហនុ ដែលបានពលិកម្មឈាមស្រស់សាច់ស្រស់ ចំណាយពេលវេលាក្នុងព្រៃរំដោះប្រជាពលរដ្ឋដែលនៅសល់៤លាននាក់ជាង ចេញពីរបបអាវខ្មៅ។ លោកបន្តថា៖ «ការផ្តល់តម្លៃ ការដឹងគុណ មិនមែនការដឹងគុណទៅលើទាហ៊ានវៀតណាមទេ ប៉ុន្តែការដឹងគុណទៅលើបងប្អូនដែលជាយុទ្ធខ្មែរដែលយើងមានសល់សព្វថ្ងៃនេះ។រដ្ឋមន្ត្រី និងមន្ត្រីដែលបានចំណាយពេលវេលា បង្ហាញពីពលិកម្មរបស់គាត់ចេញពីក្រញ៉ាំរបស់ក្រុមខ្មែរក្រហម។ អ្វីដែលយើងគួរលើកទឹកចិត្ត គួរដឹងគុណ គឺទៅក្រុមគាត់ហ្នឹង មិនមែនស្មារតី៧មករាទេ!»។

ដើម្បីកុំឲ្យមានមតិខ្វែងគ្នា លោក ចាន់ វិបុល លើកឡើងថា រដ្ឋាភិបាលត្រូវបង្ហាញឲ្យច្បាស់ថា៧មករាចង់រំលឹកពីអី? លោកបន្តថាបើអ្នកដុតផ្ទះយើងហើយឲ្យយើងដឹងគុណទៀតវាអត់សមទេ? ហើយថាគណបក្សកាន់អំណាចមិនអាចបង្ខំឲ្យគេជឿថ្ងៃ៧មករាទេ។ លោកមានប្រសាសន៍​ថាបន្ថែមថា «ខ្ញុំយល់ថា រៀបចំឲ្យក្លាយទៅជាវាទិកាមួយរបស់រដ្ឋាភិបាលដែលជំរុញលើកទឹកចិត្តឲ្យមនុស្សចួលរួម ប៉ុន្តែកុំឲ្យពាក់ព័ន្ធទៅនឹងគណបក្សនយោបាយ តែបើសិនណាចាត់ទុកថាគណបក្សប្រជាជនជាអ្នកទទួលបាន អញ្ចឹងរឿងហ្នឹងវាភ្ជាប់នឹងគណបក្សនយោបាយហើយ កាលណាភ្ជាប់ជាមួយគណបក្សនយោបាយ អ្នកដែលគាត់អត់គាំទ្រគណបក្សប្រជាជនគាត់អត់ចូលរួមទេ»។

ជាមួយគ្នានោះ លោក ឡៅ ម៉ុងហៃ ជំរុញឲ្យអ្នកនយោបាយគ្រប់និន្នាការ​ត្រូវហ៊ាន​ទទួល​ស្គាល់ការពិត​នៃប្រវត្តិសាស្ត្រ​ដោយ​មិនត្រូវ​លើក​យក​តែ​ចំណុចណា​មួយ​មក​បក​ស្រាយ​ដើម្បី​ផល​ប្រយោជន៍​នយោបាយ​រៀងៗខ្លួននោះទេ។ លោកបន្តថា៖ «ទទួលស្គាល់ការពិតហ្នឹងទៅលែងទាស់គ្នាហើយ»៕

VOD
ដោយ លោក អុឹង ប៊ុនថន​​
អាន​បន្ត ➤

លោក ស៊ុយ សែម៖ ៣៨ឆ្នាំមកនេះ ផ្ដើមពី​ជ័យជម្នះ​៧មករា កម្ពុជាបាន​និងកំពុងឈាន​ទៅមុខតាម​ទិសដៅ​ដ៏ត្រឹមត្រូវ ស្របតាម​បំណងប្រាថ្នា​របស់​ប្រជាជន



(ពោធិ៍សាត់)​៖ លោក ស៊ុយ សែម ប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយខេត្តពោធិ៍សាត់ បានរំលឹកថា ក្នុងរយៈពេល៣៨ឆ្នាំមកនេះ ផ្ដើមពីជ័យជម្នះ៧មករា ប្រទេសកម្ពុជា​បាននឹងកំពុងឈានទៅមុខ តាមទិសដៅដ៏ត្រឹមត្រូវស្រប ទៅតាមបំណងប្រាថ្នាដ៏ពិសិដ្ឋ របស់ប្រជាជនពីវាលពិឃាតតំបន់អសនិ្តសុខ ចម្ការមីនបានក្លាយ ជាតំបន់សន្តិភាព ជាតំបន់ទេសចរណ៍ដែល មានប្រជាប្រិយក្នុងអាស៊ីអាគ្នេយ៍ ហើយទទួលបានភ្ញៀវទេសចរររាប់ លាននាក់ក្នុងមួយឆ្នាំៗ។

ការលើកឡើងរបស់លោក ស៊ុយ សែម ធ្វើឡើងក្នុងឱកាសដែលលោកអញ្ជើញប្រារព្ធមីទិ្ទញ រំលឹកខួបអនុស្សាវរីយ៍ លើកទី៣៨ នៃទិវាជ័យជម្នះ ៧មករា (៧ មករា ១៩៧៩ - ៧ មករា ២០១៧) នៅព្រឹកថ្ងៃទី០៧ ខែមករា ឆ្នាំ២០១៧ នៅខេត្តពោធិ៍សាត់។

លោក ស៊ុយ សែម បានថ្លែងថា ទិវាជ័យជម្នះ ថ្ងៃទី០៧ ខែមករា ឆ្នាំ១៩៧៩ គឺជាសច្ចភាព នៃជ័យជម្នះរបស់កងទ័ពតស៊ូ ក្រោមការដឹកនាំដោយសម្ដេច ជា ស៊ីម សម្ដេច​តេជោ ហ៊ុន សែន និងសម្ដេចពញាចក្រី ហេង សំរិន ក្នុងការរំដោះប្រជាជនកម្ពុជា ចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ដឹកនាំរយៈពេល៣ឆ្នាំ ៨ខែ ២០ថ្ងៃ ដែលបាន​សម្លាប់ជាតិសាសន៍ឯង យ៉ាងរង្គាលព្រៃផ្សៃបំផុត មិនធ្លាប់មានក្នុងប្រវត្តិសាស្រ្តពិភពលោក។

លោកបានបញ្ជាក់ថា ក្នុងស្មារតីចងចាំជានិច្ចនូវគុណូបការៈដ៏ឧត្តុងឧត្តមរបស់វីរៈកម្មាភិបាល យុទ្ធជន យុទ្ធនារី នៃរណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា ដែលបានធ្វើការលះ បង់យ៉ាងធំធេងក្នុងការប្រយុទ្ធ ដើម្បីផ្ដួលរំលំរបបប្រល័យពូជសាសន៌ប៉ុល ពត និងការពារការរស់ឡើងវិញរបស់កម្ពុជា។

ជាមួយគ្នានេះដែរ កម្ពុជាជាប្រទេសមួយ ដែលប្រកាន់ភ្ជាប់នូវគោលការណ៍ លិទ្ធ​ប្រជាធិបតេយ្យសេរី​ពហុបក្ស តាមរយៈការបោះឆ្នោតសរីត្រឹមត្រូវ និងយុត្តិធម៌ជា​ប្រទេស​និតិរដ្ឋ ជារដ្ឋអធិបតេយ្យ ដែលមានបូរណភាពទឹកដីពេញ លេញគោរពលើកតម្កើងសិទ្ធិ និងសេចក្ដីថ្លៃថ្នូររបស់មនុស្ស។

លោកបានបន្ថែមថា ស្មារតី៧មករា ស្ថិតក្នុងដួងចិត្តប្រជាពលរដ្ឋគ្រប់រូប ហើយឆ្នាំ២០១៧ ជាឆ្នាំទី៤នៃការអនុវត្តកម្មវិធីនយោបាយយុទ្ធសាស្រ្ដចតុកោណ ដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាលនីតិកាលទី៥ នៃរដ្ឋភា។ លោកក៏បានអំពាវដល់ប្រជាពលរដ្ឋគ្រប់រូប ដែលបាន ចុះឈ្មោះបោះឆ្នោតរួចហើយ ទៅពិនិត្យបញ្ជីឈ្មោះ​ដែលគណៈ​កម្មាធិការ​​ជាតិរៀបចំការបោះឆ្នោត បានបិទផ្សាយឱ្យទាន់ពេលវេលា ដើម្បីធានាសិទ្ធិក្នុងការបោះឆ្នោតរបស់បង ប្អូនក្នុងការជ្រើសរើស​អ្នកដឹកនាំដែល​ដឹងសុខទុក្ខ​ប្រជាពលរដ្ឋ៕

Fresh News
អាន​បន្ត ➤

ឧកញ៉ា ទ្រី ភាព៖ ៧ មករា ជា​កំណើតថ្មី​នៃជីវិត​ និង​សេរីភាព​របស់ប្រជាជន​កម្ពុជា​



(កណ្តាល)៖ ឧកញ៉ា ទ្រី ភាព អគ្គនាយកក្រុមហ៊ុនទ្រីភាពគ្រុប បានថ្លែងថា ថ្ងៃរំដោះ ៧ មករា ១៩៧៩ នៅតែបន្ត​ដក់ជាប់​ក្នុងដួងចិត្ត​របស់លោក ក៏ដូចជាកូនខ្មែរដទៃទៀត។ ឧកញ៉ា ទ្រី ភាព ថា បើគ្មានថ្ងៃរំដោះ ៧ មករា ១៩៧៩ គ្មានឡើយការរស់រានឡើងវិញនូវជីវិត និងសិទ្ធិសេរីភាពរបស់ប្រជាជនកម្ពុជា ហើយក៏មិនបាន​ឃើញ​កម្ពុជា​រីកចម្រើនជាថ្មីនោះឡើយ។

ឧកញ៉ា ទ្រី ភាព ទីប្រឹក្សាផ្ទាល់សម្តេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានថ្លែងដូច្នេះ​ក្នុងពេលដែល​រូបលោកអញ្ជើញ​ប្រារព្វពិធីរំលឹក​ខួបលកើទី ៣៨ឆ្នាំ នៃទិវាជ័យជម្នះ ៧ មករា (៧ មករា ១៩៧៩-៧ មករា ២០១៧) នៅទីស្នាក់ ការគណបក្សប្រជាជនកម្ពុជា​ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ ពិធីនេះក៏មាន​ការអញ្ជើញ​ចូលរួមពីសមាជិក សមាជិកា​គណបក្សប្រជាជនកម្ពុជា​ក្នុងស្រុកកណ្តាលស្ទឹង និង​ប្រជាពលរដ្ឋ​សរុបប្រមាណ ១,៧០០នាក់។

៧ មករា ១៩៧៩ គឺជាព្រឹត្តិការណ៍​ប្រវត្តិសាស្រ្តមួយ ដែលកងកម្លាំង​តស៊ូរបស់ពលរដ្ឋខ្មែរ ក្រោមការដឹកនាំរបស់​ប្រមុខដឹកនាំ​គណបក្ស ប្រជាជនកម្ពុជា សម្តេច ជា ស៊ីម សម្តេច ហេង សំរិន និងសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជានាពេលបច្ចុប្បន្ន បានវាយប្តួលរំលំរបបខ្មែរក្រហម ដែលជារបប​កាប់សម្លាប់​ពលរដ្ឋខ្មែរយ៉ាងរង្គាល។

ក្រោយការវាយផ្តួលរំលំ​របបនេះហើយ វាជាឱកាសថ្មី​សម្រាប់ប្រជាពលរដ្ឋ​ទទួលបានសិទ្ធិសេរីភាព សិទ្ធិរស់រៀនមានជីវិត និងការប្រកប របរចិញ្ចឹមជីវិត។ ៧ មករា ១៩៧៩ ក៏ជាការផ្តល់នូវឱកាសថ្មីដល់ប្រទេសកម្ពុជា មានការរើកសាង និង អភិវឌ្ឍន៍ឡើងវិញរហូត​មានការរីកចម្រើន​ដូចពេលបច្ចុប្បន្ន។

ឧកញ៉ាបណ្ឌិត ទ្រី ភាព បានថ្លែងថា ស្មារតីថ្ងៃ ៧ មករា នេះ នៅស្ថិតស្ថេរក្នុងបេះដូងកូនខ្មែរទាំងបច្ចុប្បន្ន និងអនគាត។ លោកឧកញ៉ា គូសបញ្ជាក់ដូច្នេះ «ស្មារតី៧មករា នៅស្ថិតស្ថេរជានិច្ច ក្នុងដួងចិត្តរបស់ប្រជាជនកម្ពុជា ទាំងក្នុងពេលបច្ចុប្បន្ន ក៏ដូចជាពេលអនាគត ដែលនាំឲ្យយើងឈានទៅរកជ័យជម្នះ និងការអភិវឌ្ឍន៍​ឥតឈប់ឈរ។ គុណបំណាច់ដ៏ធំធេងនេះ ប្រជាជនកម្ពុជាចងចាំជានិច្ច និង មិនអាចបំភ្លេចបានឡើយថ្ងៃ៧ មករា គឺជាថ្ងៃកំណើតទី២ ដែលធ្វើឱ្យ​ប្រជាពលរដ្ឋ​កម្ពុជា​អាចរស់រាន​មាន​ជីវិត និងមាន​សេរីភាព​ដូចបច្ចុប្បន្ន»។

ឧកញ៉ា ទ្រី ភាព ក៏បានលើកឡើងផងដែរថា ព្រោះតែថ្ងៃ ៧ មករា និងការដឹកនាំ ដ៏ត្រឹមត្រូវ​របស់​សម្តេចតេជោ ហ៊ុន សែន ទើបលោក​ដែលជាកូន​អ្នកឡើងត្នោត មាន​ជីវភាព​ក្រក្សត់​មានឱកាស​ប្រកបរបរ រកស៊ីចិញ្ចឹម​ជីវិតរីកចម្រើន​ដូចពេល​បច្ចុប្បន្ន៕

Fresh News
អាន​បន្ត ➤

នាយឧត្តមសេនីយ៍ ហ៉ីង ប៊ុនហៀង៖ មានតែអ្នកចង់ឲ្យរបប ប៉ុល ពត វិលមកវិញ និងចង់ប្រើប្រាស់កម្ពុជា ដើម្បីប្រយោជន៍របស់ខ្លួនប៉ុណ្ណោះ ដែលប្រឆាំងនឹង៧មករា!



(កណ្តាល)៖ នាយឧត្តមសេនីយ៍ ហ៉ីង ប៊ុនហៀង ប្រធានក្រុមការងារថ្នាក់ជាតិ ប្រចាំស្រុកកណ្តាលស្ទឹង នៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៧នេះ បានថ្លែងថា មានតែអ្នកចង់ឲ្យរបបប្រល័យពូជសាសន៍ វិលត្រឡប់មកវិញ និងចង់ប្រើប្រាស់កម្ពុជា ដើម្បីសម្រេច គោលដៅបំរើ គោលបំណងរបស់ខ្លួន ដោយពុំគិតដល់អាយុជីវិត របស់ប្រជាជនកម្ពុជាប៉ុណ្ណោះ ដែលប្រឆាំងនឹងថ្ងៃជ័យជំនះ ៧មករា។

ការថ្លែងរបស់លោកឧត្តមសេនីយ៍ ហ៉ីង ប៊ុនហៀង យ៉ាងដូច្នេះធ្វើឡើងក្នុងឱកាសដែលលោក រួមនឹងប្រជាពលរដ្ឋ ក្នុងស្រុកកណ្តាលស្ទឹង ប្រមាណ១៦០០នាក់ ចូលរួមអបអរសាទរ ខួបអនុស្សាវរីយ៍ លើកទី៣៨ នៃទិវាជ័យជំនៈ៧មករា (០៧ មករា ១៩៧៩ -០៧ មករា ២០១៧)។

នាយឧត្តមសេនីយ៍ បានថ្លែងថា បើគ្មានថ្ងៃ៧មករាទេ គ្មានកិច្ចព្រមព្រៀងទីក្រុងប៉ារីស ២៣តុលា ហើយក៍គ្មានសិទ្ធមនុស្សដែរនៅកម្ពុជា។

នាយឧត្តមសេនីយ៍ ហ៉ីង ប៊ុនហៀង បានថ្លែងទៀតថា ថ្ងៃ៧មករា ឆ្នាំ១៩៧៩ គឺជាថ្ងៃជ័យជំនះជាប្រវត្តិសាស្ត្រ របស់ប្រជាជនកម្ពុជា ដែលបានវាយផ្តួលរំលំ របបប្រល័យពូជសាសន៍ ប៉ុល ពត បញ្ចប់សម័យកាលដ៏ខ្មៅងងឹតបំផុតនៅកម្ពុជា ហើយបានបើកឡើង នូវទំព័រសករាជថ្មីគឺ ឯករាជ្យ សេរីភាព ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គម។

នាយឧត្តមសេនីយ៍ បានថ្លែងទៀតថា «ថ្ងៃនេះគឺជាទិវាដ៏មហានក្ខត្តឫទ្ធិដែលប្រជាជនកម្ពុជា ទូទាំងប្រទេស ចូលរួមដោយសេចក្តី សោមនស្សរីករាយក្រៃលែង ជាមួយនឹងមោទនភាពដ៏ថ្លៃថ្លាចំពោះ សមិទ្ធផលធំៗ ជាប្រវត្តិសាស្ត្រយ៉ាងច្រើន ដែលប្រជាជនយើង សម្រេចបាន ក្នុងរយៈពេល៣៨ឆ្នាំកន្លងមកនេះ»។

នាយឧត្តមសេនីយ៍ ហ៉ីង ប៊ុនហៀង បានបន្ថែមថា ស្មារតីជ័យជំនះ៧មករា ស្ថិតស្ថេរ និងរស់រវើកជានិច្ច ក្នុងដួងចិត្តរបស់ប្រជាជនកម្ពុជា គ្រប់ៗរូប និងគ្រប់ជំនាន់តទៅមុខទៀត ស្មារតី៧មករា ជាពន្លឺបង្ហាញផ្លូវយើងឆ្លងកាត់នូវឧបសគ្គ និងការលំបាកនានា ឆ្ពោះទៅរកជ័យជំនះ គ្មានទីបញ្ចប់៧មករា ស្មារតី សន្តិភាព បង្រួបបង្រួមជាតិ។

នាយឧត្តមសេនីយ៍ លើកឡើងទៀតថា ពេលនេះប្រជាជនកម្ពុជា កំពុងឈានចូលឆ្នាំ២០១៧ ដែលជាឆ្នាំទី៤ នៃការអនុវត្តន៍កម្មវិធី នយោបាយនិង យុទ្ធសាសស្ត្រចតុកោណ ដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាល សម្រាប់នីតិកាលទី៥ នៃរដ្ឋសភាជាមួយ នឹងសោមនស្សរីករាយ ចំពោះសមិទ្ធផលគ្រប់បែបយ៉ាងលើគ្រប់វិស័យ៕

Fresh News
អាន​បន្ត ➤

លោក ជុំ កុសល៖ អ្នកប្រឆាំង​ថ្ងៃ៧មករា គឺជា​ការប្រមាថ​យ៉ាងធ្ងន់ធ្ងរ​បំផុត​ទៅដល់វិញ្ញាណក្ខន្ធ​ប្រជាជនខ្មែរ ជាង​៣លាននាក់​



(ភ្នំពេញ)៖ នៅសល់តែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ គឺជាខួបទី៣៨ឆ្នាំនៃថ្ងៃកំណើត៧មករា ក៏មានជនប្រឆាំង​ជ្រុលនិយម​មួយចំនួន​បានរិះគន់​ចំពោះថ្ងៃរំដោះជាតិ ពីរបបអាវខ្មៅនេះ ជុំវិញបញ្ហារិះគន់នេះត្រូវបានលោក ជុំ កុសល ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ចេញទស្សនៈរបស់លោកនៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៧នេះថា «អ្នកប្រឆាំងថ្ងៃ៧មករា ហើយចាត់ទុកថ្ងៃនេះគឺជាថ្ងៃវៀតណាមឈ្លានពាននោះ គឺជាការប្រមាថយ៉ាងធ្ងន់ធ្ងរបំផុត ទៅដល់វិញ្ញាណក្ខន្ធ ប្រជាជនខ្មែរ ជាង៣លាននាក់ ដែលត្រូវខ្មែរក្រហមសម្លាប់ក្នុងចន្លោះពីឆ្នាំ១៩៧៥ដល់ឆ្នាំ១៩៧៩ និងបានចាត់ទុកជីវិតអ្នកដែលត្រូវបានរំដោះទាន់ពេល ពីរបបប៉ុលពតគ្មានតម្លៃហើយ អន់ជាងជីវិតសត្វធាតុទៅទៀត។

ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន លោក ជុំ កុសល បានរៀបរាប់យ៉ាងដូច្នេះថា៖ «៧មករា គឺជាថ្ងៃដែលប្រជាពលរដ្ឋកម្ពុជា ចាត់ទុកជាថ្ងៃកំនើតទី២ ដែលផ្តល់ឲ្យ​ដោយរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា និងបានការចូលរួមពីកងទ័ព ស្ម័គ្រចិត្តវៀតណាម។ តើអ្នកប្រឆាំងថ្ងៃ៧មករា ពួកគេហ៊ានឆ្លើយទេ នៅពេលដែល​មានសំនួរសួរថា ប្រសិនបើគ្មានការចូលរួមជួយពីសំណាក់កងទ័ពវៀតណាម, គ្មានថ្ងៃ៧មករា តើប្រជាជនកម្ពុជានឹងត្រូវខ្មែរក្រហមសម្លាប់ អស់ប៉ុន្មាន​រយពាន់ម៉ឺននាក់ទៀត ? ហើយក្នុងកាលៈទេសៈនោះ ប្រសិនបើមិនទៅពឹងពាក់កងទ័ព វៀតណាមទេតើត្រូវទៅពឹងពាក់អ្នកណា ? ហើយប្រសិនបើគេវិញ តើគេត្រូវធ្វើយ៉ាងណាដើម្បីរំដោះជីវិតពលរដ្ឋខ្មែរពីរបបប្រល័យពូជសាសន៍ប៉ុលពតបាន?»។ នេះជាសំនួរដែលត្រូវការចម្លើយពីអ្នកប្រឆាំងថ្ងៃ៧មករា។

ខ្ញុំពិតជាមានការសោកស្តាយបំផុត នៅពេលដែលឃើញមនុស្សខ្មែរមួយចំនួនព្រោះតែជ្រួតជ្រាប នូវមនោគមវិជ្ជានយោបាយ ជ្រុលនិយមហួសហេតុពេក ពួកគេសុខចិត្ត ធ្មេចភ្នែក ក្បត់សច្ចធម៌ប្រវត្តិសាស្ត្រ ហើយបែរមកកាឡៃ ក្នុងចេតនាដើម្បីបញ្ឆេះកំហឹងឲ្យស្អប់វៀតណាមទៅវិញ។

ប្រជាពលរដ្ឋកម្ពុជាដែលនៅរស់រាន មានជីវិតដោយសារថ្ងៃ៧ មករា តាំងពីឆ្នាំ១៩៧៩ មកដល់ពេលនេះនៅមិនទាន់ស្លាប់អស់នៅឡើយទេ ពួកគាត់អាចផ្តល់សក្ខីកម្មបាន។ ចូរសាកសួរទៅពួកគាត់ ទាំងនោះទៅមើលថា តើក្នុងពេលនោះពួកគាត់បន់ស្រន់យ៉ាងម៉េចខ្លះ? ពួកគាត់ពិតជានៅមិនទាន់ភ្លេចនូវប្រយោគ ដែលពួកគាត់ធ្លាប់បាន​លួចបន់ស្រន់នៅឡើយទេ។

ដូច្នេះសូមអ្នកដែលប្រឆាំងថ្ងៃ៧ មករា ល្មមទទួលស្គាល់នូវសច្ចភាពនៃប្រវត្តិសាស្ត្រ ប្រទេសរបស់ខ្លួន ហើយៗត្រូវខមាទោស សុំអភ័យទោសចំពោះ វិញ្ញាណក្ខន្ធជនរងគ្រោះ ដោយរបបខ្មែរក្រហមទៅ ដើម្បីគេចផុតពីបណ្តាសារដែលកើតចេញពីការប្រមាថរបស់អស់លោក។

ទន្ទឹមនេះក៍សមល្មមប្រើខួរក្បាលរបស់ខ្លួន ក្នុងការពិចារណាអំពីស្ថានភាពជាក់ស្តែង នៃភាពទុក្ខសោកវេទនា និងភាពចង់រស់របស់ប្រជាជននាពេលនោះផង។ ប្រសិន បើតាមអស់លោកដែលប្រឆាំងជាមួយថ្ងៃ៧មករា ប្រឆាំងវត្តមានកងទ័ពវៀតណាម ប្រាកដជាគ្មានសមត្ថភាពមករំដោះប្រជាជនខ្មែរឲ្យរួចផុត ពីរបបប្រល័យពូជសាសន៍​ប៉ុលពតឡើយ ហើយជាតិខ្មែរក៍គ្មានវាសនាបានមកដល់ពេលនេះដែរ៕

Fresh News
អាន​បន្ត ➤

ខ្សឹបដាក់ត្រចៀក៖ ពន្ធនាគារ​ស្រុកខ្មែរក្លាយ​ជា​កន្លែង​ចេញចូល​យ៉ាង​សេរី សម្រាប់​ទណ្ឌិត​សម្បត្តិមហាសាល​ដូចអ្នកស្រី សេង ច័ន្ទដា​



(ភ្នំពេញ)៖ នៅចុងសប្តាហ៍កន្លង​ទៅដោយសារ​តែជាថ្ងៃ​សម្រាកពី​ការងារ​ពេលឆ្លង​ឆ្នាំថ្មី អ្នកព័ត៌មាន​អង្គភាពព័ត៌មាន​ Fresh News ក៏មានឱកាសបាន​ទៅលេងបងប្អូន​ជាមន្រ្តីពន្ធនាគារ​ព្រៃស ដើម្បីស្រស់​ស្រូបអាហារជុំគ្នា និងសំណេះ​សំណាល​ពីបញ្ហា​ផ្សេងៗជាហូរហែ។

ដោយសារ​តែរវល់នឹង​ការងារ​ច្រើនធ្វើឲ្យអ្នកព័ត៌មាន Fresh News និងសាច់​ញាតិជាមន្រ្តី​ពន្ធនាគារ បើទោះបីរស់នៅ​រាជធានីភ្នំពេញ ក៏មិនសូវ​បានជួបគ្នា​នោះឡើយ។ ការមិនសូវបាន​ជួបគ្នានេះ ធ្វើឲ្យពួកគេ​មានរឿងជជែក​ពិភាក្សាគ្នាយ៉ាងច្រើន។ ដោយសារសាច់ញាតិជាមន្រ្តីយាមទ្វារពន្ធនាគារ ធ្វើឲ្យគាត់បាន​ដឹងរឿងមិនប្រក្រតី​ជាច្រើនពាក់ព័ន្ធ​ការងារ​របស់ពន្ធនាគារ​នាពេលបច្ចុប្បន្ន ហើយក៏បាន​ភ្លាត់មាត់​ទម្លាយឲ្យអ្នក​ព័ត៌មាន Fresh News បានដឹងផងដែរ។

សាច់ញាតិជាមន្រ្តីពន្ធនាគារ​រូបនេះ បានឲ្យដឹងថា ការគ្រប់គ្រងអ្នកទោសនៅក្នុងពន្ធនាគារមានការធូរលុងខ្លាំង ពោលអ្នកទោសក្នុងពន្ធ នាគារអាចទូរស័ព្ទ​ទាក់ទងមនុស្ស​នៅខាងក្រៅបានស្រេចតែចិត្ត ឲ្យតែមានលុយបង់ឲ្យឆ្មាំពន្ធនាគារ។ លើសពីនោះទៀតទណ្ឌិត ដែលមានលុយ​កាក់ច្រើនអាចបិទភ្នែក​ឆ្មាំពន្ធនាគារ​ចេញក្រៅពន្ធនា​គារ​បានថែមទៀត​ផង។ រហូតទណ្ឌិតខ្លះ ដែលមាន​លុយអាចរត់​ការកែខៃសំណុំ​រឿងឲ្យរួចពី​ទោស​ទណ្ឌក៏មាន។

ក្រោយពីការនិយាយ​បើកកកាយពី​ភាពមិនប្រក្រតី​ក្នុងពន្ធនាគារ​ជាច្រើនហើយនោះ ក៏ធ្លាក់ដល់​រឿងរបស់ទណ្ឌិត សេង ចិន្តា ភរិយាវ័យក្មេងរបស់ឧកញ៉ាខូវ ជឺលី ដែលជាឧកញ៉ា​មានទ្រព្យសម្បត្តិ​ស្តុកស្តម្ភមួយរូប​នៅកម្ពុជា។ អ្នកស្រី សេង ចិន្តា ត្រូវបានតុលាការ​កម្ពុជាផ្តន្ទា ទោសឲ្យជាប់ពន្ធនាគារ ២០ឆ្នាំ ពីបទប៉ុនប៉ងរំលោភ និងសម្លាប់ ភរិយា និង កូនស្រី របស់លោក​ទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួង​សាធារណការ និងដឹកជញ្ជូន។

សំណុំរឿងឃាតកម្មនេះ ជាសំណុំរឿង​ឃាតកម្ម​ដ៏កក្រើកមួយ​ក្នុងត្រកូល​អភិជន​ល្បាញល្បីនៅកម្ពុជា។ ក្រោយតុលាការ​បិទបញ្ចប់បណ្តឹង​តវ៉ា​ទៅហើយនោះ ឧកញ៉ា ខូវ ជឺលី ព្រោះតែ​ការស្រឡាញ់​ងុបងុល​ភរិយាក្មេង​របស់ខ្លួន​តែងតែ​ព្យាយាម​រកគ្រប់មធ្យោបាយ និង ចាយលុយមិនស្តាយ ដើម្បីជួយភរិយា​វ័យក្មេងរបស់ខ្លួន​រួចពីពន្ធនាគារ។ តែដោយសារជនរងគ្រោះ​ជាមន្រ្តីជាន់ខ្ពស់មួយរូប​របស់រាជរដ្ឋាភិបាល និងមានការស្រឡាញ់​ចូលចិត្ត​ច្រើនពី​ប្រជាពលរដ្ឋ​ផងនោះ ជាហេតុធ្វើឲ្យ​ក្រុមអ្នករកស៊ី​ជួញរឿងក្តី​មិនហ៊ានលូកដៃ​លើរឿងក្តីនេះឡើយ។

បើទោះបីការស្វែង​រក​អន្តរាគមន៍ទទួល បរាជ័យច្រើន​លើកច្រើសារ​យ៉ាងណាក្តី តែការចិញ្ចឹម​ចិត្តជម្លៀសភរិយា​របស់ខ្លួនពីពន្ធនាគារ​មិនបានបិទ​បញ្ចប់នោះឡើយ។ បើតាមការទម្លាយពី​មន្រ្តីពន្ធនាគារ​បានលួចខ្សឹបថា នៅពេលថ្មីនេះ អ្នកស្រី សេង ច័ន្ទដា តែងតែ​លួចចេញចូល​ក្នុងពន្ធនាគារ​ដូចផ្ទះរបស់ខ្លួន ដោយគ្មាន​នរណា​ដឹងនោះឡើយ ព្រោះមាន​ការជួយរៀបចំ​យ៉ាងស្ងៀមស្ងាត់​បំផុតពីមន្រ្តី​ជាន់ខ្ពស់​របស់ពន្ធនាគារ។

មន្រ្តីពន្ធនាគារ​ដដែល​បន្តបង្ហើបថា ការចេញ​ចូលរបស់អ្នកស្រី សេង ច័ន្ទដា គឺកំពុងរត់ការធ្វើ​បែបបទរត់គេចខ្លួន​ចេញទៅក្រៅប្រទេស​ថែមទៀតផង។

បើតាមមន្រ្តីពន្ធនាគាររូបនេះ ក្រៅពីករណីអ្នកស្រី សេង ច័ន្ធដា នៅមានករណីទណ្ឌិតជាច្រើន​រូបផ្សេងទៀត ដែលជាអ្នកមាន​លុយច្រើន ការរស់នៅរបស់ពួកគេ​ប្រៀបដូចជាមិនមែន​ជាអ្នកទោស ដែលចូលទៅអប់រំកែខ្លួននោះឡើយ។ ពួកនៅតែមានឱកាសរស់នៅដូចក្នុងជីវ ភាពធម្មតា អាចធ្វើអ្វីតាមតម្រូវការរបស់ពួកគេ ហើយក៏អាចចេញចូលពន្ធនាគារដូចផ្ទះសម្បែង។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា ក៏ធ្លាប់បានលើកឡើងផងដែរថា ពីភាពធូរលុង និងភាពមិនប្រក្រតី​របស់ពន្ធនាគារ ពាក់ព័ន្ធនឹង​ការដោះលែង ទណ្ឌិតជាចោរប្លន់ និងជាអ្នកញៀនថ្នាំជាដើម។ សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា មុខចោរប្លន់ និងក្រុមញៀនថ្នាំហាក់មានមុខដដែលៗ រហូតសម្តេចទាមទារ ឲ្យមានការពិនិត្យ​ឲ្យបានហ្មត់ចត់​មុននឹងមាន​ការស្នើសុំឲ្យមាន​ព្រះរាជទាន​ លើកលែងទោសពី​ព្រះមហាក្សត្រ ទៅលើទណ្ឌិត​ជាចោរប្លន់ ឬជាអ្នកប្រើប្រាស់ ជួញដូរ​គ្រឿងញៀន។

ពន្ធនាគារ ក៏ធ្លាប់មានរបាយការណ៍ផងដែរ អំពីការអនុវត្តស្តង់ដារពីរ ពោលទណ្ឌិត​មានសម្បត្តិស្តុកស្តម្ភ​សម្រាប់ផ្តល់ឲ្យមន្ត្រីពន្ធនាគារ ទទួលបានការអនុគ្រោះច្រើន ខណៈទណ្ឌិត​គ្មានទ្រព្យសម្បត្តិវិញ គ្មានការយកចិត្ត​ទុកដាក់នោះឡើយ​ទៅការរស់នៅ ក៏ដូចជាបញ្ហាសុខភាព។

ប្រសិនបើអ្វីៗដូចមន្រ្តី​ពន្ធនាគារបាន​លួចបង្ហើបមែននោះ លោក ចាន់ គឹមសេង អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ គួរតែពិនិត្យ និងកែលំអរលើចំណុចទាំងអស់នេះ។ ពន្ធនាគារ ជាកន្លែង​សម្រាប់អប់រំ​កែប្រែមនុស្ស​ប្រព្រឹត្ត​ខុសនិងច្បាប់ ហើយអនុវត្តន៍ទោសស្មើៗគ្នា ដោយគ្មាន​ការកំណត់​អ្នកមាន ឬ អ្នកក្រនោះឡើយ។

បើពន្ធនាគារ​នៅតែអនុវត្តន៍​ទោសទណ្ឌមិនស្មើភាព និងមាន​ការអធ្យាស្រ័យ​ខ្ពស់សម្រាប់អ្នក​មានធនធានបែបនេះ វាពិតជាអយុត្តិធម៌​ពេកណាស់​សម្រាប់ជនរងគ្រោះ រួមទាំងក្រុមគ្រួសារ​របស់លោក​ទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល ផងដែរ៕

Fresh News
អាន​បន្ត ➤

ទស្សនៈនយោបាយ៖ យុទ្ធសាស្រ្តដណ្តើមអំណាចរបស់លោក កឹម សុខា កំពុងទទួលបានផលបណ្តើរៗ ខណៈការសន្យាជាមួយបុរសខ្លាំងគ្មានអ្នកណាដឹង !



(ភ្នំពេញ)៖ នរណាក៏ដឹងដែរថា គណបក្សសង្រ្គោះជាតិ កើតចេញពីការបូកបញ្ចូលគ្នារវាងគណបក្ស សម រង្ស៊ី របស់លោក សម រង្ស៊ី និងគណបក្ស សិទ្ធិមនុស្ស របស់លោក កឹម សុខា។ នរណាក៏ដឹងដែរថា ថ្វីត្បិតតែគណបក្សទាំងពីរបានរួមបញ្ចូលគ្នាតែមួយ ប៉ុន្តែគណបក្សទាំងពីរនៅរក្សាទុកគណបក្សដើមធ្វើជាទីងមោងដដែល ទោះក្រោម ហេតុផលអីក៏ដោយ តែច្បាស់ណាស់នេះគឺជាការរក្សាទុកជើងក្រោយរៀងៗខ្លួនរបស់លោក សម រង្ស៊ី និងសម្ធ័ន្ធមិត្តចិត្តខុសគ្នាគឺលោក កឹម សុខា ក្រែងលោត្រូវបែកគ្នា នឹងអាលវិលទៅគណបក្សដើមរៀងៗខ្លួនវិញ។

នរណាក៏ដឹងដែរថា នៅមុនពេលរួមបញ្ចូលជាគណបក្សតែមួយទាំងលោក សម រង្ស៊ី ទាំងលោក កឹម សុខា ដោយរួមទាំងមន្រ្តីថ្នាក់ក្រោមរបស់ខ្លួនរៀងៗខ្លួន គឺនាំគ្នាជេរគ្នា និងវ៉ៃប្រហារនយោបាយគ្នាទៅវិញទៅមកយ៉ាងហុយដី ជាមួយនឹងពាក្យពេចន៍ដ៏មហាគ្រោតគ្រៀត និងមិនពិរោះស្តាប់ឡើយ។ នរណាក៏ដឹងដែរថា នៅមុនពេលរួមបញ្ចូលគ្នាជាគណបក្សតែមួយនៅឆ្នាំ២០១២ មានន័យថា នៅក្រោយការបោះឆ្នោតឃុំសង្កាត់ អាណត្តិទី៣ និងមុនការបោះឆ្នោតថ្នាក់ជាតិឆ្នាំ២០១៣ លោក កឹម សុខា បានយកគណបក្សសិទ្ធិមនុស្សដែលមានអាសនៈតែ៣ប៉ុណ្ណោះក្នុងរដ្ឋសភា និងមានសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ចំនួន៨០០ (ត្រូវជា ៥៨០ ៤៨៣ សំឡេងឆ្នោត) ធ្វើជាដើមទុនដាក់វិនិយោគរកស៊ីរួមគ្នាជាមួយគណបក្ស សម រង្ស៊ី របស់លោក សម រង្ស៊ី ដែលមានទុន២៦អាសនៈក្នុងរដ្ឋសភា និងមានសមាជិក ក្រុមប្រឹក្សាឃុំសង្កាត់ចំនួន ២១៥៥ (ត្រូវជា១ ២២៤ ៤៦០ សំឡេងឆ្នោត) ហើយលោក កឹម សុខា បបួលចែកភាគហ៊ុនគ្នាក្នុងគណបក្សថ្មី ស្ទើរតែពាក់កណ្តាលម្នាក់។

នរណាក៏ដឹងដែរថា នៅពេលរៀបចំរួមបញ្ចូលគ្នានោះ លោក កឹម សុខា សំឡឹងឃើញទៀតថា លោក សម រង្ស៊ី អស់ផ្លូវហើយ ព្រោះមេបក្សប្រឆាំងរូបនេះខ្លាចគុក និងមិនហ៊ានចូលស្រុកឡើយ។ ជាយុទ្ធសាស្រ្តនយោបាយ នរណាក៏ដឹងដែរថា លោក សម រង្ស៊ី ត្រូវការលោក កឹម សុខា ដែលនៅក្នុងស្រុក ដើម្បីជួយខ្លួនក្នុងការ ប្រឈមជាក់ស្តែងជាមួយគណបក្សប្រជាជនកម្ពុជា និងអាចរកវិធីជួយខ្លួន ដើម្បីបានចូលស្រុកវិញ ហើយលោក កឹម សុខា ត្រូវការកម្លាំងនយោបាយរបស់ សម រង្ស៊ី និងគណបក្ស សម រង្ស៊ី ដើម្បីឡើងគ្រប់គ្រងបក្សប្រឆាំងនៅកម្ពុជា។

បើផ្អែកតាមប្រជាប្រិយភាពរបស់លោក កឹម សុខា និងបក្សសិទ្ធិមនុស្ស ទោះខំធ្វើ ១០ ទៅ ២០ ឆ្នាំទៀត ក៏នៅតែមិនអាចធ្វើប្រធានបក្សប្រឆាំងធំជាងគេនៅស្រុកខ្មែរដែរ ព្រោះទុនគាត់អន់ពេក ហើយកំលាំងនយោបាយរបស់បក្សសិទ្ធិមនុស្ស គឺបន្សល់កេរ្តិ៍មរតកពីបក្សនយោបាយរបស់លោកតា សឺន សាន ប៉ុណ្ណោះ។ ដូចនេះ កឹម សុខា គឺអ្នកនយោបាយឱកាសនិយម ដែលមើលឃើញច្បាស់ថា សម រង្ស៊ី លែងមានឱកាស ហើយគាត់អាចក្លាយជាប្រធានបក្សប្រឆាំង ជំនួសតំណែង សម រង្ស៊ី បានលើការជាក់ស្តែងនិយាយឲ្យខ្លីស្រួលស្តាប់ គឺលោក សម រង្ស៊ី ប្រធានបក្សសង្រ្គោះជាតិខ្យល់នៅស្រុកបារាំង ហើយលោក កឹម សុខា ប្រធានបក្សសង្រ្គោះជាតិ នៅស្រុកខ្មែរ។

ដូចនេះបើពិនិត្យឲ្យច្បាស់ទៅនរណាថា សម រង្ស៊ី ខ្លាំង បើគាត់ខ្លាំងគាត់មិនមែនសុខចិត្តទាំងថោកខ្លួនអោនក្បាលដាក់លោក កឹម សុខា នោះទេ ហើយគាត់យក ទាំងបក្សទៅថោកជាមួយលោក កឹម សុខា ទៀត។ ម៉េចបានជាហ៊ានថា ថោក ? ព្រោះបើរបស់ខ្លួនវាថ្លៃ ហើយបន្ទាបតម្លៃឲ្យស្មើរបស់ថោកជាង ប្រាកដជា ថោក ហើយ! sic ! ឥឡូវនេះមន្រ្តីបក្ស សម រង្ស៊ី ពីមុនត្រូវអោនក្បាលចំពោះមន្រ្តីខាងបក្សសិទ្ធិមនុស្ស។ នរណាហ៊ានបើលោក កឹម សុខា គឺជាប្រធានបក្សនៅស្រុកខ្មែរ។

លោក កឹម សុខា ក៏ចាប់ចំណុចខ្សោយលោក សម រង្ស៊ី បានយ៉ាងច្បាស់ដែរ៖

ទី១៖ លោក កឹម សុខា ដឹងច្បាស់ថា លោក សម រង្ស៊ី ខ្លាចគុក និងមិនហ៊ានចូលស្រុកឡើយ ដូចនេះលោក សម រង្ស៊ី ប្រាកដជាត្រូវការគាត់ និងមិនអាចខ្វះគាត់ នៅស្រុកខ្មែរឡើយ។

ទី២៖ ដោយសារតែលោក សម រង្ស៊ី ត្រូវការលោក កឹម សុខា ជាង ដូចនេះ លោក សម រង្ស៊ី មិនសូវហ៊ានជាមួយលោក កឹម សុខា ឬធ្វើឲ្យលោក កឹម សុខា មិនសប្បាយចិត្តដែរ។ និយាយរួមគឺលួងឲ្យលោក កឹម សុខា ដឹកនាំបក្សនៅស្រុកខ្មែរ។ គេចាំបានថា សូម្បីតែកូនស្រី កឹម សុខា ចេញមុខរិះគន់បុគ្គលលោក សម រង្ស៊ី ជាសាធារណៈក៏លោក សម រង្ស៊ី និងមន្រ្តីគ្រាក់ៗរបស់ សម រង្ស៊ី មិនហ៊ានក្អក ឬថាឲ្យកូនស្រី កឹម សុខា ដែរ ព្រោះខ្លាចលោក កឹម សុខា មិនសប្បាយចិត្ត។

ថ្មីៗនេះ លោក សម រង្ស៊ី តែងចេញមុខតែឯងប្រកាសជាញឹកញយដងថា សម្ព័ន្ធភាពគាត់និងកឹម សុខា នៅតែរឹងមាំនិងមិនអាចបំបែកបានឡើយ។ ការប្រកាសកាន់តែច្រើនបែបនេះ គេកាន់តែសង្ស័យអំពីសញ្ញានៃការបែកបាក់។ ប៉ុន្តែផ្ទុយទៅវិញលោក កឹម សុខា ហាក់មិនអើពើនិយាយពីរឿងនេះឡើយ គឺគិតតែពីប្រើសិទ្ធិអំណាចរបស់គាត់ ជាប្រធានបក្សដើម្បីរៀបចំបញ្ចូលកម្លាំងមន្រ្តីរបស់គាត់នៅថ្នាក់មូលដ្ឋាន ពិសេសរឿងរៀបចំបញ្ចីបេក្ខជនសមាជិកក្រុមប្រឹក្សា ឃុំសង្កាត់។ លោក សម រង្ស៊ី ក៏មិនហ៊ានធ្វើឲ្យលោក កឹម សុខា មិនសប្បាយចិត្តដែរ គឺបណ្តោយឲ្យលោក កឹម សុខា ធ្វើតាមចិត្តចុះ ដើម្បីយកចិត្តលោក កឹម សុខា ត្រង់ថ្នាក់ក្រោមរបស់ សម រង្ស៊ី ខាតបង់ប្រយោជន៍ខ្លះក៏មិនអីដែរ ហើយខ្សែ សម រង្ស៊ី ណែនាំគ្នាគាត់កុំឲ្យឈ្លោះជាមួយខ្សែ កឹម សុខា។

ទី៣៖ លោក កឹម សុខា ដឹងច្បាស់ថា ចង់គាត់យកភាគហ៊ុនបក្សប្រឆាំងពាក់កណ្តាល ឬឡើងគ្រប់គ្រងបក្សប្រឆាំងក៏លោក សម រង្ស៊ី មិនថា អីដែរ ព្រោះអ្វីដែលលោក សម រង្ស៊ី ខ្វល់ខ្លាំង និងយកចិត្តទុកដាក់ខ្លាំង គឺតំណែងរបស់គាត់។ នរណាក៏នៅចាំដែរថា នៅពេលរួមគ្នាបង្កើតគណបក្សសង្រ្គោះជាតិ លោក សម រង្ស៊ី និងលោក កឹម សុខា បានរៀបខសន្យានឹងគ្នាថា ពេលឈ្នះឆ្នោត គឺលោក សម រង្ស៊ី កាន់តំណែងនាយករដ្ឋមន្រ្តី ហើយលោក កឹម សុខា កាន់តំណែងប្រធានរដ្ឋសភា។ លោក សម រង្ស៊ី គិតនិងស្រឡាញ់តំណែងណាស់ ដោយរួមទាំងតំណែងនាយករដ្ឋមន្រ្តីឧទាហរណ៍ផង។

ក្នុងពេលថ្មីៗនេះ លោក សម រង្ស៊ី ដែលអស់តំណែងចេញពីរដ្ឋសភាហើយ ប៉ុន្តែនៅតែប្រកាសថា គាត់ជាប្រធានក្រុមមតិភាគតិចនៅរដ្ឋសភា ដោយមិនព្រមឲ្យតំណែង នេះទៅលោក កឹម សុខា នោះទេ ព្រោះប្រធានក្រុមមតិភាគតិច មានឋានៈស្មើនាយករដ្ឋមន្រ្តី។ គិតទៅគាត់ពិតជាស្រឡាញ់ តែតំណែងខ្យល់ផស់គាត់មែន។ ត្រង់នេះ លោក សម រង្ស៊ី ចាញ់នយោបាយលោក កឹម សុខា ទៀតហើយ។ លោក កឹម សុខា ដឹងច្បាស់ណាស់ថា បក្សប្រឆាំងមិនអាចឈ្នះឆ្នោតបានអំណាចឡើយ ដូចនេះ ក្នុងស្ថានភាពនយោបាយចំពោះមុខលោក កឹម សុខា ប្រគល់តំណែងខ្យល់ ឬតំណែងឧទាហរណ៍នេះឲ្យទៅលោក សម រង្ស៊ី ហើយគាត់ចំណេញអ្វីៗដែលមានជាក់ស្តែង និងចំពោះមុខជាង។

ជាក់ស្តែង បន្ទាប់ពីគណបក្សសង្រ្គោះជាតិចូលរដ្ឋសភានៅក្នុងនីតិកាលទី ៥នេះ កាលណោះគេនាំគ្នាឆ្ងល់ថា ហេតុដូចម្តេចបានជាលោក សម រង្ស៊ី ដែលជាប្រធានបក្ស បែរជាធ្វើត្រឹមសមាជិកសភាធម្មតា ហើយ កឹម សុខា ដែលជាអនុប្រធានបក្ស បែរជាឡើងធ្វើអនុប្រធានរដ្ឋសភា គឺដោយព្រោះថា តំណែងនៅរដ្ឋសភា គឺកូតារបស់ កឹម សុខា។ ប៉ុន្តែគ្រប់គ្នាជឿថា កាលណាធ្វើនយោបាយ គឺពិតជាចង់បានអំណាច ពិសេសគឺចង់បានអំណាចនៅក្នុងរដ្ឋាភិបាល ដោយសារប្រទេសយើង ប្រកាន់យករបបសភានិយម។ លោក កឹម សុខា ក៏មិនខុសគ្នាអ្នកនយោបាយផ្សេងដែរ គឺប្រាកដជាមានមហិច្ឆតាអំណាចដូចគ្នា ប៉ុន្តែលោក កឹម សុខា ចេះមើលកាលៈទេសៈ និងចេះប្រើមនុស្ស ដោយប្រើរួមទាំងលោក សម រង្ស៊ី ដែរ ហើយធ្វើការតាមផែនការជាជំហានៗ។

ឥឡូវលទ្ធភាពនយោបាយដែលលោក កឹម សុខា មានគឺក្តោបក្តាប់អំណាចក្នុងបក្សប្រឆាំង និងរៀបចំមន្រ្តីរបស់ខ្លួនបញ្ចូលក្នុងក្នុងរចនាសម្ព័ន្ធអំណាចបក្ស នៅថ្នាក់មូលដ្ឋាន ព្រមទាំងអូសទាញកម្លាំងមន្រ្តីថ្នាក់ក្រោមរបស់លោក សម រង្ស៊ី ជាបណ្តើរៗ ចុងក្រោយគឺលក់ សម រង្ស៊ី តែម្តងយកចំណេញធំដោយខ្ទប់ សម រង្ស៊ី ឲ្យនៅក្រៅរហូត តាមរយៈរៀបផែនការសំងាត់ជាមួយគណបក្សប្រជាជន។ គ្រប់គ្នានៅចាំច្បាស់ព្រឹត្តិការណ៍ថ្ងៃទី២ ខែធ្នូ ដែលលោក កឹម សុខា ត្រូវបានលើកលែងទោស ដោយភ្ញាក់ផ្អើលស្រឡាំងកាំងគ្រប់គ្នា បូករួមទាំងលោក សម រង្ស៊ី ផង។

តើមានអ្នកណាម្នាក់ដឹងថា បុរសខ្លាំង ហ៊ុន សែន និងលោក កឹម សុខា ដាក់ខសន្យាជាមួយគ្នា​យ៉ាងមិញខ្លះ ទើបឈានទៅដល់ការលើកលែងទោសឲ្យប្រធានបក្សស្តីទី ដែលកំពុងក្តោបក្តាប់អំណាចរូបនោះគេចផុតពីការផ្តន្ទាទោសតាមផ្លូវច្បាប់ ខណៈប្រធានគណបក្សលោក សម រង្ស៊ី នៅមានទោសយ៉ាងច្រើនករណីដដែល?

មន្រ្តីជាន់ខ្ពស់គណបក្សប្រឆាំងកូតា សម រង្ស៊ី បានលួចខ្សឹបខ្សេវឲ្យដឹងថា នៅពេលនេះយុទ្ធសាស្រ្តដណ្តើមអំណាចល្បិចសាមកុករបស់លោក កឹម សុខា រួមគ្នាជាមួយបុរសខ្លាំងនៅកម្ពុជា ដើម្បីកំចាត់ទណ្ឌិត សម រង្ស៊ី ចេញពីជំរុំបក្សប្រឆាំងកំពុងទទួលបានផលផ្លែផ្កាបណ្តើរៗហើយ ស្របពេលលោក កឹម សុខា ក៏បានកំពុងស្រូបទាញប្រជាប្រិយភាពខ្លាំងទៅៗ នៅតាមមូលដ្ឋានថ្នាក់ក្រោមតាមបណ្តាខេត្តនានា។ សូម្បីឈ្មោះមន្រ្តីមួយចំនួនដែលនឹងត្រូវឈរឈ្មោះលេខរៀង សម្រាប់ការបោះឆ្នោត២០១៧-២០១៨ ខាងមុខ លោក កឹម សុខា ដែលកំពុងក្តាប់អំណាចបក្សក៏បានកំពុងសេរេដាក់សម្ព័ន្ធមិត្តរបស់គាត់ដែរ។

សមាជិកកូតា សម រង្ស៊ី ភាគច្រើនខកចិត្តយ៉ាងខ្លាំងចំពោះលោក សម រង្ស៊ី ដែលបំផ្លាញវប្បធម៌ សន្ទនានាពេលកន្លងមក ប៉ុន្តែពេលនេះលោក កឹម សុខា ហាក់បីដូចជា បានចាប់ផ្តើមវប្បធម៌នេះសារជាថ្មីម្តងទៀត ដែលវាជាការទាក់ទាញសកម្មជនបក្សកូតា សម រង្ស៊ី ឱ្យមកគាំទ្រលោក កឹម សុខា វិញ។ បញ្ហាត្រង់ថា គ្មានអ្នកណាដឹងថា មានអាថ៌កំបាំង ឬលក្ខខណ្ឌអ្វីខ្លះ នៅពីក្រោយការចរចាសុំលើកលែងទោសរវាង កឹម សុខា និងបុរសខ្លាំង ហ៊ុន សែន នោះទេ សូម្បីតែប្រធានបក្ស នេះអាចប្រហែលមកពីការចរចានេះផ្តល់មហន្តរាយដល់លោក សម រង្ស៊ី និងផ្តល់ប្រយោជន៍ខ្លាំងដល់លោក កឹម សុខា។

ចាប់តាំងពីថ្ងៃលោក កឹម សុខា ទទួលបានការលើកលែងទោស និងដណ្តើមតំណែងដ៏សំខាន់ ដោយទម្លាក់លោក សម រង្ស៊ី ចេញពីតួនាទីមក ភាពល្អូកល្អឺន ស្និទស្នាលដែលធ្លាប់មានចំពោះអ្នកទាំងពីរ ហាក់កំពុងឃ្លាតបណ្តើរៗ បើទោះបីលោក សម រង្ស៊ី បានប្រកាសពីក្រៅប្រទេសក្តែងៗតាមវិទ្យុបារាំងមកថា ការប៉ុនប៉ងបំបែកលោក កឹម សុខា ចេញពី សម រង្ស៊ី គឺជាការយល់សប្តិក៏ដោយ, តែការពិតប្រធានបក្សប្រឆាំងអត់អំណាចរូបនោះកំពុងលួងចិត្តខ្លួនឯង និងសមាជិករបស់ខ្លួនតែប៉ុណ្ណោះ។ សំណួរសួរថា តើលោក សម រង្ស៊ី អាចដឹងពីជម្រៅចិត្តដ៏ជ្រៅរបស់លោក កឹម សុខា ដែរទេ ? តើមានដឹងថា លោក កឹម សុខា​ ជាប់សន្យាអ្វីដ៏សំខាន់មួយជាមួយ​បុរសខ្លាំងទេ ?​ សំណួរទាំងនេះអាចនិយាយបានថា គឺគ្មានអ្វីដែល សម រង្ស៊ី ត្រូវដឹងនោះឡើយ។ ត្រង់ចំណុចយើងដឹងហើយថា មនុស្សម្នាក់មានចិត្តចង់បែក និងមនុស្សម្នាក់មានចិត្តចង់ត្រូវ តើអាចនៅជាមួយគ្នាទេ មិនយូរមិនឆាប់នឹងមានបញ្ហា?

តើលោក កឹម សុខា បច្ចុប្បន្នសំងំស្ងាត់ដើម្បីអ្វី ? បើតាមមន្រ្តីបក្សប្រឆាំងតូចតាចថ្នាក់ក្រោមម្នាក់បានលួចខ្សឹបប្រាប់ឲ្យដឹងថា លោកប្រធានស្តីទីដែលកំពុង គ្រប់គ្រងគណបក្សទាំងមូល បាននឹងកំពុងរៀបចំផែនការកសាងកម្លាំងថ្នាក់ក្រោមយ៉ាងស្ងាត់ស្ងៀមបំផុត ហើយប្រជាប្រិយរបស់លោកក៏បាននឹង កំពុងរីកលូតលាស់ ទៅយ៉ាងលឿន។ ចំណែកលោក សម រង្ស៊ី មិនអាចដឹកនាំគណបក្សបានសោះឡើយ ដោយកំពុងរត់គេចពីការតាមចាប់របស់កម្លាំងសមត្ថកិច្ចនៅក្រៅប្រទេស។

អ្នកនយោបាយរាសីខ្ពស់ និងកំពុងមានប្រជាប្រិយភាពនៅបក្សប្រឆាំងលោក កឹម សុខា ត្រូវបានគេមើលឃើញថា លោកជាអ្នកនយោបាយឱកាសនិយម ចំណេញគ្រប់រដូវកាល ដោយប្រើទុនតែ ៣ អាសនៈប៉ុណ្ណោះ។ តើនៅពេលខាងមុខបក្សប្រហារទម្លាក់ សម រង្ស៊ី អាចនឹងកើតមានទេ ? ដូចពាក្យស្លោកចិននិយាយថា «សត្រូវនឹងមិត្តភក្រ្តគឺប្រែប្រួលរហូត សត្រូវថ្ងៃនេះអាចក្លាយជាមិត្តភក្រ្ត, មិត្តភក្រ្តនៅថ្ងៃនេះក៏អាចក្លាយជាសត្រូវនៅថ្ងៃស្អែក»។

ភាពជោគជ័យរបស់អ្នកនយោបាយចេះបត់បែន និងមានរាសីខ្ពស់ កឹម សុខា នេះ តាមទស្សនៈរបស់ខ្ញុំវិភាគឃើញថា លោក កឹម សុខា នឹងក្លាយជា មេបក្សសង្គ្រោះជាតិជំនួសទណ្ឌិត សម រង្ស៊ី នាពេលខាងមុខ ព្រោះខណៈនេះ សម រង្ស៊ី មានទោសព្រហ្មទណ្ឌជាប់ខ្លួនច្រើនករណី គ្មានសិទ្ធិធ្វើនយោបាយទៀតទេ។ ការលើកលែងទោសឱ្យលោក កឹម សុខា វាជាចំណុចខ្លាំង ព្រោះអនុញ្ញាតឱ្យគាត់អាចធ្វើនយោបាយសារជាថ្មី មានប្រៀបខ្លាំងជាងទណ្ឌិត សម រង្ស៊ី។

ទោះបីយ៉ាងណាជីវិតនយោបាយគ្មានអ្វីទៀងទាត់ទេ ចុងក្រោយលោក សម រង្ស៊ី អាចលក់លោក កឹម សុខា វិញ ដើម្បីជាថ្នូរចូលស្រុកវិញ។ ដូចករណីលោក សម រង្ស៊ី ធ្លាប់លក់សម្តេចក្រុមព្រះ ដោយចូលស្រុកវិញ និងកែរដ្ឋធម្មនុញ្ញពីការបង្កើតរដ្ឋាភិបាលដោយសំឡេង ភាគច្រើនពីរភាគបី ទៅជាបង្កើតរដ្ឋាភិបាលដោយសំឡេង ភាគច្រើនដាច់ខាត ៥០% បូកមួយ៕

ដោយ៖ នាយកំសត់

Fresh News
អាន​បន្ត ➤

វិភាគ៖ ការតម្លើងឋានៈដល់អ្នកវាយតំណាងរាស្ត្រជាការលើកទឹកចិត្តឲ្យមានហិង្សាក្នុងសង្គមឬទេ?

(ពីធ្វេងទៅស្តាំ) ជនជាប់ចោទ លោក ចាយ សារិទ្ធ (រូបថតពីហ្វេសប៊ុក​) លោក សុត វន្នី និង​លោក ម៉ៅ ហឿន​



ច្រើនឆ្នាំមកនេះព្រឹត្តិការណ៍គួរឲ្យតក់ស្លុតជាច្រើនបានកើតឡើង ដែលក្រុមគ្រួសារនិងជនរងគ្រោះអះ​អា​ង​​​​ថា រដ្ឋាភិបាលហាក់នៅមានភាពលាក់បាំងនៅឡើយ ពីការស្វែងរកជនដៃដល់និ​ងអ្នកពា​ក់ព័​ន្ធមក​ផ្ត​​​ន្ទា​​​​ទោស ដើ​ម្បី​ទប់ស្កាត់ភាពរីកដុះដាលនៃវប្បធម៌និទណ្ឌភាព។

ព្រឹត្តិការណ៍តក់ស្លុតទាំងនោះ មានឃាតកម្មបាញ់សម្លាប់តារាចម្រៀងអ្នកស្រី ពិសិទ្ធ ពិលីកា កញ្ញា ទូច ស៊ុន​និច បាញ់សម្លាប់មេដឹកនាំសហជីពសេរីកម្មករ លោក ជា វិជ្ជា បាញ់សម្លាប់អ្នកការពារបរិស្ថាន លោ​ក ឈុត វុទ្ធី បាញ់សម្លាប់អ្នកវិភាគនយោបាយដ៏ល្បីឈ្មោះលោក កែម ឡី និងការប្រើហឹង្សាវាយលើ​​អ្ន​​ក​តំ​​​​​ណា​ង​​​​រា​​ស្ត្រ​បក្សប្រឆាំងជាដើម។

ករណីវាយដំអ្នកតំណាងរាស្ត្របក្សប្រឆាំងនៅជាប់របងរដ្ឋសភា កាលពី​ចុងឆ្នាំ២០១៥ គឺជាប្រ​ធានបទមួយ​សម្រាប់ការពិចារណាថា តើប្រព័ន្ធ​យុត្តិធម៌​នៅ​កម្ពុជាបាន​ផ្ត​ល់​​យុត្តិធម៌ក​ជូនជនរងគ្រោះបានម្រិតណា​?

គេនៅចាំបានថា កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៥​ មនុស្សមួយក្រុម​ដែលគេស្គាល់ថាជាអ្នកគាំទ្រគ​ណប​ក្ស​​ប្រ​ជាជនកម្ពុជា បានប្រមូលផ្តុំគ្នាមុខមន្ទីររដ្ឋសភា ធ្វើបាតុកម្មទាមទារឲ្យទម្លាក់លោក កឹម សុខា ចេញពីអនុប្រ​ធានទី១នៃរដ្ឋសភា។

ជាមួយគ្នានោះ មានបុរសមួយក្រុមបានព្រួតគ្នាវាយទាត់ធាក់អ្នកតំណាងរាស្ត្រពីររូបរបស់គណប​ក្សស​ង្គ្រោះ​​ជាតិ ពេល​ពួកគេចេញពីប្រជុំនៅមន្ទីររដ្ឋសភា។

ហិង្សានោះបានបង្កឲ្យខូចខាតរថយន្តនិងបង្កឲ្យជនរងគ្រោះជាតំណាងរាស្ត្របក្សប្រឆាំង បែកឈា​មពេ​ញ​​​​ផ្ទៃមុ​ខ​និងសន្លប់​ដេកដួ​ល​​នៅ​លើដី។

ក្រោយព្រឹត្តិការណ៍នោះ មានវីដេអូឃ្លីបមួយបានផុសលើបណ្តាញសង្គម បង្ហាញមុខជនដៃ​​ដល់ប្រ​មា​ណ​​ជា​​ជាង១០នាក់ព្រួតគ្នាវាយតំណាងរាស្ត្រ។ ប៉ុន្តែប៉ុន្មានសប្តាហ៍ក្រោយមក ទាហាននៅកង​អង្គរក្ស​៣នាក់ បា​ន​ចេ​ញ​​សារភាព តាមការអំពាវនាវរបស់លោក ហ៊ុន សែន ដោយថាពួកគេពិត​ជាបា​នព្រួ​ត​​គ្នា​​​ប្រើហិ​ង្សាប​ង្ក​ឲ្យ​តំ​ណាងរា​ស្ត្របក្ស​ប្រឆាំងរ​ងរ​បួ​ស​ពិត​ប្រាក​ដ​មែ​​ន។

បន្ទាប់ពីជនដៃដល់បានចេញសារភាព តុលាការបានផ្តន្ទាទោសអ្នកទាំង៣នាក់នោះ ឲ្យ​ជាប់ទោ​សម្នា​ក់​ៗ៤ឆ្នាំ ចោទពីបទហិង្សាដោយ​ចេត​នា ខណៈមេធាវីការពារជនរង​គ្រោះ​ប្តឹ​ងជនដៃដល់ពីបទមនុ​ស្ស​ឃា​តគិតទុកមុន។

ប៉ុន្តែ​តុលាការបានដាក់ទោសជនជាប់ចោទជាអង្គរក្សនាយករដ្ឋមន្ត្រី ហ៊ុន សែន នោះតែ​មួយ​ឆ្នាំ​​ប៉ុ​ណ្ណោះ​ សល់​៣​​​ឆ្នាំ​​ទៀតត្រូវព្យួរ។

ក្រោយពីទទួលទោសបាន១ឆ្នាំ ពួកគេទាំង៣នាក់ត្រូវបានដោះលែងឲ្យមានសេរីភាពវិញ។ ប៉ុន្តែអ្វីដែលជា​ការ​​កត់​​​​សម្គាល់ គឺក្រោយពីអង្គរក្សទាំងបីនាក់នោះចេញពីពន្ធនាគារ បានតែ១៤ថ្ងៃប៉ុណ្ណោះ ជនដៃដ​ល់វា​យ​តំ​ណាងរាស្ត្រពីរនាក់ក្នុងចំណោមនោះ មានលោក សុត វណ្ណី និងលោក ម៉ៅ ហឿន ត្រូវ​បាន​លោកនាយករដ្ឋមន្ត្រី តម្លើ​ង​ឋា​នន្តរស័ក្តិ ពីថ្នាក់វរសេនីយ៍ទោ ទៅ​វរ​​​​សេនី​យ៏​ឯក ខណៈជនជាប់ចោទត្រូវ​អនុវត្តទោ​សព្យួរ បន្តរ​យៈពេ​ល៣​ឆ្នាំទៀ​តនៅឡើយ​។

ការតម្លើងឋានៈនេះ ដោយយោងតាម​អនុក្រឹ​​ត្យ​ចុះ​​ថ្ងៃ​​ទី​១៧ វិច្ឆិកា ឆ្នាំ២០១៦ ដែលចុះហត្ថលេខា​ដោយ​​លោ​​​ក ហ៊ុន សែន ។

តើការតម្លើងឋានៈឲ្យអ្នកវាយតំណាងរាស្ត្រនេះ ជាការលើកទឹកចិត្តឲ្យមានអំពើហិង្សាឬទេ?

អ្នកការពារសិទ្ធិមនុស្សនិងអ្នកវិភាគមួយចំនួនលើកឡើងថា ការតម្លើងឋានៈដល់អ្នកជាប់ពាក់ព័ន្ធ​នឹងការ​​ប្រើ​​ហិង្សាវាយតំណាងរាស្ត្រនេះ ពួកគេថាជាការជំរុញឲ្យមានអំពើហិង្សាកើតឡើងក្នុងសង្គម និងជា​ស​​ញ្ញាបែកបាក់ផ្ទៃក្នុងរបស់សង្គមខ្មែរ។

នាយកប្រតិបត្តិមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារនិងសិទ្ធិមនុស្ស លោក មឿន តុលា វិភាគថា ការត​ម្លើ​ង​ឋា​​នៈនេះ អាចជាសារបង្ហាញថា រដ្ឋាភិបាលបានលើកទឹកចិត្តដល់អ្នកហ៊ានប្រើហិង្សា ច្រើនជា​ងបង្ហា​ញពីចំ​ណា​ត់​ការទប់ស្កាត់កុំឲ្យមានអំពើហិង្សាក្នុងសង្គម។

លោក មឿន តុលា វិភាគទៀតថា ការតម្លើងឋានៈឲ្យអង្គរក្សរបស់ខ្លួនដែលបា​នវាយតំ​ណាងរាស្ត្រ​បក្សប្រ​ឆាំងនេះ ក៏អាចជាសារមួយជំរុញឲ្យអ្នកដែលធ្លាប់ប្រើហិង្សានោះ ហ៊ានធ្វើសកម្មភាពបែបនេះបន្តទៀត ដោ​យ​​សារ​តែគេគិតថា ការផ្តន្ទាទោស​ស្ថិតក្នុងកម្រិ​តស្រា​លត្រឹមមួយឆ្នាំ បើ​ប្រៀ​ប​ធៀបនឹង​ស​កម្ម​​​ជ​ន​ដីធ្លីនិង​មន្រ្តីប​ក្ស​ប្រឆាំង ដែលតុលាការដាក់ទោសពី៣ទៅ២០ឆ្នាំ ដោយគ្រាន់តែតវ៉ាប្រឆាំង​នឹងការ​បណ្តេញចេញនិង​ទាមទារសិទ្ធិធ្វើនយោបាយតាមរដ្ឋធម្មនុញ្ញនោះ។

លោកថា៖ «បើយើងប្រៀបធៀបកន្លែងហ្នឹង យើងឃើញច្បាស់ក្រឡែតហ្មង រវាងស្តង់ដាពីរក្នុងការអនុវត្តច្បា​ប់ នៅក្នុងប្រទេសដ៏តូចមួយ។ ការដែលតម្លើងបុណ្យស័ក្តិទៅលើជនល្មើស ជនដែលបង្កហិ​ង្សា​ នៅ​ទី​សា​ធារ​ណៈ រហូតដល់វាយអ្នកតំណាងរាស្ត្រ គឺជាសារមួយបង្ហាញថា ការដឹកនាំហ្នឹង វាហាក់ដូចជា​មា​ន​ចេតនា​លើ​កស្ទួ​យឬក៏គាំទ្រអ្នកដែលប្រើហិង្សា។ បើទោះបីជាកន្លងទៅរដ្ឋាភិបាលធ្លាប់ចោទប្រកាន់គេថា ក្រុ​មនេះ​ឬក្រុ​មនោះ ប្រើអំពើហិង្សា ក៏​ប៉ុ​ន្តែ​ករ​ណី​អង្គ​រក្សនេះ គឺជាឧទាហរណ៍មួយបញ្ជាក់ថា ការដឹក​នាំបច្ចុប្បន្ននេះ គាំទ្រ​អំពើហិង្សា ច្រើន​ជាង​អំពើ​អ​ហិង្សា»។

បើតាមលោក មឿន តុលា ការដែលរដ្ឋាភិបាលធ្វើបែបនេះ មិនបានជួយស្តារប្រជាប្រិយភាពឡើងវិញបាន​ទេ តែលោកថាអាចធ្វើឲ្យម្ចាស់ឆ្នោតជាច្រើនទៀតបន្តទម្លាក់ចំណាត់ថ្នាក់បក្សកាន់អំណាចមួយនេះនៅពេ​ល​​បោះ​ឆ្នោតខាងមុខ។

អ្នកឯកទេសវិទ្យាសាស្ត្រនយោបាយនិងអភិបាលកិច្ច លោកបណ្ឌិត ចាន់ វិបុល វិភាគ​ប្រហាក់​ប្រហែ​​ល​ដែ​រ​​ថា ការតម្លើងឋានៈដល់អ្នកប្រើហិង្សានេះ អាចធ្វើឲ្យធ្លាក់ចុះប្រជាប្រិយភាព ទាំងនៅក្នុងជួរ​គ​ណ​ប​ក្ស​​​​កា​​ន់​អំណាច និងពីស្រទាប់មហាជន។

បើតាមលោក ចាន់ វិបុល ខាតទី១ដោយសារតែមន្ត្រីក្នុងជួរគ​ណប​ក្ស​កា​ន់អំ​ណា​ច​​មួយ​ចំនួន ដែលគេ​​ស្រ​ឡាញ់​យុត្តិធម៌ នឹងមិនពេញចិត្តការឲ្យតម្លៃទៅលើជនដៃដល់ដែលធ្លាប់មានប្រវត្តិមិនល្អនេះ និងទី២​ធ្វើ​​ឲ្យ​​មហាជនរិះគន់ថា ការតម្លើងឋានៈដល់អ្នកធ្លាប់ប្រើហិង្សាបែបនេះ នឹងធ្វើឲ្យ​ជន​ដ​ទៃ​ទៀ​តកាន់តែ​ហ៊ានធ្វើ​អំពើបែបនេះដោយគ្មានខ្លាចជាប់ទោស។

ប៉ុន្តែលោក ចាន់ វិបុល វិភាគថា ការតម្លើងឋានៈដល់អ្នកមានប្រវត្តិប្រើហិង្សានេះ ជាសញ្ញា​​ពុះបំបែក​ផ្ទៃ​ក្នុងជាតិ។

លោកថា៖ «ទី៣គឺបង្ហាញទៅគណបក្សផ្សេងៗ ទៅតួអង្គផ្សេងៗដែលមិនមែនជាក្រុមលោកថា គួរតែប្រុង​ប្រយ័ត្ន​​ ឲ្យបានច្រើនជាងមុន មិនគួរហ៊ានប៉ះពាល់អីទៅលើក្រុមរបស់គាត់អីអញ្ចឹងទេ បើមិនអីចឹង​ទេ គា​ត់អា​ច​ធ្វើអី​​ក៏​បានដែរ ដោយសារតែគាត់មានអំណាចបែបហ្នឹង។ អញ្ចឹងខ្ញុំឃើញថា អត់មា​នផលល្អ​​ស​ម្រា​ប់គាត់ក៏អត់ សម្រាប់សង្គមក៏អត់ដែរ។ ហើយ​បើយើ​ងនិយា​យ​ពីគោ​លកា​រណ៍ច្បាប់វិញ គឺអ្នកមា​នទោស​ដែលព្យួរសាលក្រមដោយតុលាការ មានតែទទួល​បន្ទុកក្នុងកា​រដក​តំ​ណែ​​ង​ទៅ​ទៀត។ ប៉ុ​ន្តែនេះទៅជាតម្លើងឋានន្តរស័ក្តិ អញ្ចឹងការតម្លើងនេះ ប្រហែលជាមិន​ធ្វើឡើងក្នុងបុព្វហេតុសម្រា​ប់រ​ដ្ឋា​ភិ​បា​​លឬក៏​​សង្គមជាតិទេ ប្រហែលជាលក្ខណៈបុគ្គល ជាការការពារបុគ្គលទៅវិញទេ»។

កន្លងទៅមន្ត្រីរដ្ឋាភិបាលមួយចំនួនដែលសកម្មក្នុងការដឹកនាំកម្លាំងចុះបង្ក្រាបអ្នកមានជម្លោះដីធ្លីនិង​​ស​ក​​​ម្ម​​ជនបក្សប្រឆាំងត្រូវបានតម្លើងឋានៈជាបន្តបន្ទាប់ដូចគ្នា ដូចជាអភិបាលរងខណ្ឌដូនពេញ លោក សុ​ខ​ ពេ​​ញ​វុធ ពេលនេះ​ត្រូវបានតម្លើងឋានៈទៅជាអភិបាលខណ្ឌនេះ។

អ្នកស្រាវជ្រាវពីការអភិវឌ្ឍសង្គមលោកបណ្ឌិត មាស នី វិភាគថា ការតម្លើងឋានន្តរស័ក្តិដល់អ្នក​ប្រើ​ហិ​ង្សា​នេះ​បង្ហាញថា បញ្ហានិទណ្ឌភាពនៅកម្ពុជាកំពុងកើនឡើង រីឯអ្នកហ៊ានប្រើហិ​ង្សា​នៅទីសាធារណៈ កំ​ពុង​​ត្រូវ​បានលើ​កទឹ​ក​ចិ​​​​ត្ត​។

លោកថា៖ «អ្នកដែលប្រើអំពើហិង្សា ដែលយើងឃើញមកដល់ពេលនេះ ដែលទាក់ទ​ងនឹងរឿងហិ​ង្សាន​យោបាយហ្នឹង ច្រើនតែត្រូវបានតម្លើងឋានន្តរស័ក្តិ។ ហើយយើងមើ​លរឿង​ស្រដៀល​គ្នាហ្នឹង​ដែរកាលពីកម្លាំងសន្តិសុខមក​វាយធ្វើបាបពលរ​ដ្ឋដែលត​វ៉ារឿ​ងដី​​ធ្លី​នោះ ក៏យើងស​ង្កេតឃើញថា ទីបំផុ​ត​កាកបាទក្រហមចេញមុខ ចូលទៅសួរសុខទុក្ខ អ្នកដែលគេ​បញ្ជូ​នម​​កឲ្យ​ទៅវ៉ាយពលរដ្ឋ រីឯព​លរដ្ឋដែល​រងគ្រោះ វាទៅជាអ្នកជាប់គុក​ទៅវិញ។​ បើអញ្ចឹ​ងទោះ​បីរឿង​អស់​ហ្នឹង​យើ​ង​​​មិនហ៊ានចោទ ក៏ប៉ុន្តែអា​ទង្វើចេ​ញមក​ម្តងមួយៗហ្នឹង គឺវាបាន​ធ្វើឲ្យ​ពលរ​ដ្ឋទូទៅហ្នឹង បានយ​ល់​ដឹងដោយខ្លួនឯងតែម្តង ទៅលើស្តង់ដាពីររបស់តុ​លាការ»។

បើតាមលោក មាស នី បើរដ្ឋាភិបាលនៅតែបន្តលើកទឹកចិត្តដល់អ្នកដែលប្រើអំពើហិង្សា លោកបារម្ភថាអំ​ពើទាំងនោះ នឹងធ្លាក់ដល់រដ្ឋាភិបាលវិញនៅពេលខ្លួនបាត់បង់អំណាចនៅពេលណាមួយនោះ។

ទោះ​ជាយ៉ាងណា លោកនាយករដ្ឋមន្ត្រីធ្លាប់អះអាងថា ការចុះទប់ស្កាត់អ្នកតវ៉ាដីធ្លី អ្នកធ្វើយុទ្ធនា​ការ​ថ្ងៃច​ន្ទ​ពណ៌ខ្មៅ លោកថាជាវិធានការទប់ស្កាត់កុំ​ឲ្យមានបដិវត្តព​ណ៌ឈាន​ទៅ​ផ្តួលរំលំ​រដ្ឋាភិ​បាលស្រ​បច្បា​ប់ និ​ងថាដើម្បីការពារសន្តិភាពនៅកម្ពុជា។

ប៉ុន្តែសម្រាប់អ្នកវិភាគវិញអះអាងថា ដរាបណាគម្លាតរវាងអ្នកមាននិងអ្នកក្រនៅឆ្ងាយដាច់ពីគ្នា ភាពអយុ​ត្តិធម៌ស​ង្គមនូវតែបន្តកើនឡើង ពលរដ្ឋនៅបន្តលាបពណ៌គ្នាតាមនិន្នាការនយោបាយ ដូចពេលនេះពួ​ក​គេព្រមាន​​ថា ការរំ​ពឹងពី​សន្តិ​ភា​ពរបស់រដ្ឋាភិបាល ហាក់ស្ថិ​តក្នុ​​ងកម្រិតគួរឲ្យព្រួយបារម្ភមួយ៕

VOD
ដោយ លោក ញឹម សុខន​​
អាន​បន្ត ➤

វិភាគ៖ តើ​រដ្ឋាភិបាល​កម្ពុជា​គួរ​ពិចារណា​សង​បំណុល​ទៅ​អាមេរិក​ឬ​ទេ?

ដោយ លោក សូរ្យ ជ័យឧត្ដម​​



បញ្ហា​បំណុល​ដែល​កម្ពុជា​ជំពាក់​បរទេស បាន​លេច​ធ្លោ​ជា​ថ្មី​ម្ដង​ទៀត​នៅ​លើ​បណ្ដាញ​សារព័ត៌មាន ក្នុង​រយៈ​ពេល​ប៉ុន្មាន​សប្ដាហ៍​មក​នេះ បន្ទាប់​ពី​របាយការណ៍​មួយ​របស់​ធនាគារ​ពិភព​លោក បាន​ចេញ​ផ្សាយ​ថា បំណុល​ដែល​កម្ពុជា​ជំពាក់​បរទេស មាន​ចំនួន​ដល់​ទៅ​ជិត ១ម៉ឺន​លាន​ដុល្លារ ហើយ​តួលេខ​បំណុល​កម្ពុជា បាន​កើន​ឡើង​ដល់​ទៅ​ជិត ៤០០​ភាគរយ នៅ​ក្នុង​រយៈ​ពេល​ ១៥​ឆ្នាំ​ចុង​ក្រោយ​មក​នេះ។

សម្រាប់​តួលេខ​បំណុល​ជិត ១​ម៉ឺន​​លាន​ដុល្លារ​នេះ រដ្ឋាភិបាល​កម្ពុជា​ តាម​រយៈ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​ចេញ​មក​បដិសេធ​កាល​ពី​សប្ដាហ៍​មុន​នេះ​ ហើយ​អះ​អាងថា បំណុល​ដែល​កម្ពុជា​ជំពាក់​បរទេស​មាន​ចំនួន​ត្រឹម​តែ​ ៥ពាន់ ៦​រយ​​លាន​ដុល្លារ​ប៉ុណ្ណោះ ហើយ​ក្រៅ​ពី​នោះ សុទ្ធ​តែ​ជា​បំណុលដែល​ខ្ចី​ដោយ​វិស័យ​​ឯកជន។

ក្រៅ​ពី​របាយការណ៍​ចេញ​ដោយ​ធនាគារ​ពិភព​លោក និង​ការ​បក​ស្រាយ​ពី​ខាង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ហើយ​នោះ លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ក៏​បាន​លើក​ឡើង​ផង​ដែរ​អំពី​បញ្ហា​បំណុល។ លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន មិន​បាន​លើក​ឡើង​អំពីតួលេខ​បំណុល​សរុប​ដែល​កម្ពុជា​ជំពាក់​បរទេស​នោះ​ឡើយ ប៉ុន្តែ លោក​បាន​និយាយ​ដល់​បំណុល​ដែល​កម្ពុជា​ជំពាក់​អាមេរិក​តាំង​ពី​​ជាង ៤០​ឆ្នាំ​មុន ពោល​គឺ​បំណុល​ដែល​អតីត​រដ្ឋាភិបាល​ លន់ នល់ បាន​ខ្ចី​ពី​សហរដ្ឋ​អាមេរិក។ ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​បច្ចុប្បន្ន បាន​លើក​ឡើង​ពី​បញ្ហា​បំណុល​នេះ​នៅ​ក្នុង​ឱកាស​ថ្លែង​សុន្ទរកថា​បើក​ព្រឹត្តិការណ៍​បុណ្យ​សមុទ្រ នៅ​ឯ​ខេត្ត​ព្រះសីហនុ កាល​ពី​ថ្ងៃ​ទី​២៥ ខែ​ធ្នូ​នេះ ដោយ​លោក​រំពឹង​ថា រដ្ឋាបាល​ថ្មី​របស់​អាមេរិក នឹង​ពិចារណា​លុប​ចោល​បំណុល​ដែល​កម្ពុជា​ជំពាក់​តាំង​ពី​សម័យ​លោក​សេនា​ប្រមុខ លន់ នល់ មេដឹកនាំ​របប​សាធារណរដ្ឋ​ខ្មែរ ដែល​ត្រូវ​បាន​គេ​ជឿ​ថា ទទួល​បាន​ការ​គាំ​ទ្រ​ពី​អាមេរិក។

លោក ហ៊ុន សែន៖ “ខ្ញុំ​សង្ឃឹម​ថា រដ្ឋាភិបាល​របស់​លោក ដូណាល់ ត្រាំ នឹង​ពិចារណា​អំពី​បំណុល​ដែល​កម្ពុជា​បាន​ជំពាក់​សហរដ្ឋ​អាមេរិក ក្នុង​ជំនាន់​សាធារណរដ្ឋ​ខ្មែរ​របស់​សេនា​ប្រមុខ លន់ នល់។ តើ​គួរ​ត្រូវ​លុប​បំណុល​នេះឬ​ទេ? យើង​ខ្ញុំ​ពិបាក​ក្នុង​ការ​ពន្យល់​ទៅ​ប្រជាជន​កម្ពុជា ដើម្បី​ឲ្យ​ទទួល​ស្គាល់​បំណុល​ដែល​ទិញ​គ្រាប់​បែក និង​គ្រាប់​កាំភ្លើង​មក​សម្លាប់​ប្រជាជន​កម្ពុជា។ […] តើ​ត្រូវ​ផ្ដល់​ជំនួយ​យ៉ាង​ណា? យ៉ាង​ហោច​បំផុត លុប​ចោល​បំណុល​ដែល​របប លន់ នល់ បាន​ជំពាក់​នៅ​ក្នុង​អតីត​កាល ដែល​គេ​ហៅ​ថា បំណុល​កខ្វក់​ដែល​ចាំ​បាច់​ត្រូវ​លុប”។

ខណៈ​ដែល​បញ្ហា​បំណុល​​ដែល​កម្ពុជា​ជំពាក់​បរទេស បាន​លេច​ធ្លោ​ឡើង​វិញ​នៅ​លើ​បណ្ដាញ​សារព័ត៌មាន និង​ត្រូវ​បាន​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ថ្លែង​ជា​សាធារណៈ​ជា​ថ្មី​ម្ដង​ទៀត​នោះ វា​ជំរុញ​ឲ្យ​មាន​ការ​ជជីក​សួរ​ថា តើ​កម្ពុជា​គួរ​តែ​បំពេញ​កាតព្វកិច្ច​សង​បំណុល​ទៅ​អាមេរិក​ឬ​យ៉ាង​ណា?

កា​រ​ពិត​ទៅ បញ្ហា​បំណុល​ដែល​កម្ពុជា​ជំពាក់​អាមេរិក​នេះ មិន​មែន​ទើប​ត្រូវ​បាន​រដ្ឋាភិបាល​កម្ពុជា​លើក​ឡើង​ជា​លើក​ទី​មួយ​នោះ​ឡើយ។ បញ្ហា​នេះ បាន​ក្លាយ​ជា​ប្រធាន​បទ​ចរចារ​គ្នា​រវាង​រដ្ឋាភិបាល​កម្ពុជា និង​អាមេរិក យ៉ាង​ហោច​ណាស់​តាំង​ពី ១០​ឆ្នាំ​មុន​មក​ម៉្លេះ។

ទោះជាយ៉ាង​ណា​ ប្រទេស​ទាំង​ពីរ​មិន​ទាន់​ឈាន​ដល់​កិច្ច​ព្រម​ព្រៀង​ទ្វេ​ភាគី ដើម្បី​ដោះ​ស្រាយ​បញ្ហា​បំណុល​នេះ​ទេ នោះ​ក៏​ដោយសារ​តែ​កម្ពុជា​ទាមទារ​ឲ្យ​អាមេរិល​លុប​ចោល​បំណុល​នេះ​ ឬ​ក៏​យ៉ាង​ហោច​ណាស់​បង្វែរ​វា​ទៅ​ជា​ជំនួយ​សម្រាប់​អភិវឌ្ឍន៍​ទៅ​វិញ។ រដ្ឋាភិបាល​កម្ពុជា បាន​លើក​ជា​សំណើ​បែប​នេះ​ជាមួយ​ហេតុផល​ថា កម្ចី​ដែល​អាមេរិក​ផ្ដល់​ទៅ​រដ្ឋាភិបាល​លោក លន់ នល់ គឺ​ជា​បំណុល​កខ្វក់​ និង​បង្ក​វិនាស​កម្ម​​លើ​អាយុ​ជីវិត​ពលរដ្ឋ​កម្ពុជា ដែល​បន្សល់​ទុក​ដោយ​អាមេរិក។

លោក ហ៊ុន សែន ថ្លែង​ថា​៖ “មិន​មែន ប៉ុល ពត កើត​ឡើង​ដោយ​ឯក​ឯង​ទេ បើសិន​អាមេរិក​មិន​ទម្លាក់​សម្ដេច នរោត្ដម សីហនុ។ ច្បាស់​លាស់ សង្គ្រាម​មិន​បាន​បង្កើត​នៅ​កម្ពុជា ហើយ​ពួក ប៉ុល ពត ក៏​គ្មាន​វាសនា​នឹង​ឡើង​កាន់​អំណាច​នោះ​ទេ។ ដូច្នេះ តើ​អាមេរិក​ត្រូវ​ទទួល​ពាន​រង្វាន់​ណូបែល ឬ​ក៏​ត្រូវ​ទទួល​យក​ទៅ​កាត់​ទោស​នៅ​តុលាការ​អន្តរជាតិ ស្ដី​ពី​ការ​បង្កើត​សោកនាដកម្ម? សម្រាប់​ប្រជាជន​កម្ពុជា តើ​គេ​ត្រូវ​ឆ្លើយ​តប​យ៉ាង​ណា​នៅ​ចំពោះ​អ្វី​ដែល​បាន​កើត​ឡើង​កាល​ពី​ពេល​មុន ហើយ​ប៉ះ​ពាល់​ដល់​កម្ពុជា”។

សម្រាប់​សាស្ត្រា​ចារ្យ​វិទ្យាសាស្ត្រ​នយោបាយ លោក​បណ្ឌិត សុខ ទូច បាន​គាំ​ទ្រ​ជំហរ​របស់​រដ្ឋាភិបាល​កម្ពុជា ចំពោះ​បញ្ហា​បំណុល​នេះ ហើយ​ក៏​ចង់​ឃើញ​បញ្ហា​បំណុល​នេះ​បញ្ចប់​ទៅ​ដោយ​អាមេរិក​បង្វែរ​វា​ទៅ​ជា​ជំនួយ​មនុស្ស​ធម៌​សម្រាប់​អភិវឌ្ឍ​វិស័យ​សំខាន់ៗ​នៅ​ក្នុង​ប្រទេស​កម្ពុជា ដែល​លោក​យល់​ថា ដើម្បី​កែលម្អ​​ទំនាក់ទំនង និង​ព្យាបាល​មុខ​របួស​នៃ​ទំនាក់​ទំនង​រវាង​​ប្រទេស​ទាំង​ពីរ។ មិន​ខុស​ពី​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន នោះ​ឡើយ លោក សុខ ទូច បាន​បន្ទោស​ទៅ​លើ​រដ្ឋាភិបាល​អាមេរិក​កាល​ជំនាន់​ទសវត្សរ៍ ១៩៧០ ដែល​បាន​បញ្ជា​​ឲ្យ​ទាហាន​អាមេរិក ទម្លាក់​គ្រាប់​បែក​លើ​ទឹក​ដី​កម្ពុជា និង​សង្គ្រាម​បង្ហូរ​ឈាម​នៅ​ក្នុង​ប្រទេស​នេះ ចាប់​ពី​ឆ្នាំ​១៩៧០។
លោក សុខ ទូច៖ “​ខ្ញុំ​ចង់​និយាយ​ថា បំណុល​ហ្នឹងឲ្យ​រុញ​ទៅ​ជា​លក្ខណៈ​មនុស្ស​ធម៌​វិញ ដូច​ជា​ធ្វើ យើង​ដឹង​ហើយ​ថា ប្រទេស​កម្ពុជា​​មាន​ ៣ (ផ្នែក​សំខាន់ៗ) ទី ១ ​ជា​ប្រទេស​កសិកម្ម អាច​រុញ​ទៅ​ធ្វើ​ជា​ប្រឡាយ​ទឹក ធ្វើ​ជា​អី​អីចឹង​ទៅ។ ​ទី ២ យើង​មើល​វិស័យ​សុខាភិបាល ដែល​វា​ធ្លាក់​ចុះ ហើយទី ៣ យើង​ដឹង​ហើយ​ថា អាមេរិក​វា​ទម្លាក់​គ្រាប់​បែក បាន​កម្ទេច​ច្រើន​ផ្នែក​ហេដ្ឋា​រចនា​សម្ព័ន្ធ​ ក៏​ដូចជា​ធម្មជាតិ អីចឹង​អាច​ទៅ​លើ​បរិស្ថាន។ យើង​អាច​បង្វែរ​ទៅ​អីចឹង ប្រសិន​អាច។ ខ្ញុំ​គាំ​ទ្រ​ឲ្យ​បង្វែរ​ការ​ជាប់ (បំណុល)​ហ្នឹង ទៅ​ជា​មនុស្ស​ធម៌​វិញ ដើម្បី​ផ្សះ​ផ្សា​នូវ​អ្វី​ដែល​សហរដ្ឋ​អាមេរិក​បាន​ធ្វើ​មក​លើ​ប្រទេស​កម្ពុជា ហើយ​យើង​នឹង​ប្រែ​ក្លាយ​ចំណង​បំណុល​នេះ​ ទៅ​ជា​ចំណង​មិត្តភាព ក្លាយ​ទៅ​ជា​ចំណង​មនុស្ស​ធម៌ និងក្លាយ​ទៅ​ជា​បរិស្ថាន ឲ្យ​កាន់​តែ​មាន​ការ​រីក​ចម្រើន​នៅ​ក្នុង​ដៃ​គូទំំនាក់​ទំនង​របស់​អាមេរិក និង​កម្ពុជា”។

សម្រាប់​រដ្ឋាភិបាល​អាមេរិក​វិញ រហូត​មកដល់​សព្វ​ថ្ងៃ​នេះ នៅ​តែ​ទាន់​ធ្វើ​ឆ្លើយ​តប​យ៉ាង​ណា​ចំពោះ​សំណើ​ពី​ភាគី​រដ្ឋាភិបាល​កម្ពុជា​នោះ​ឡើយ។ ប៉ុន្តែ នៅ​ក្នុង​ជំនួប​ចរចារ​រយៈ​ពេល ១០​ឆ្នាំ​ចុង​ក្រោយ​នេះ ភាគី​អាមេរិក​មិន​ឯកភាព​ទៅ​នឹង​ការ​លុប​បំណុល​ដែល​កម្ពុជា​ជំពាក់​ខ្លួន​នោះ​ឡើយ បើ​ទោះបី​ជា​ភាគី​កម្ពុជា​លើក​ឡើង​នូវ​ទឡ្ហីករណ៍​ដែល​អាមេរិក​ខាង​លើ​ក៏​ដោយ។

នៅ​ក្នុង​កំណត់​ហេតុ​​​កាទូត​កាល​ពី​ខែ​មេសា ឆ្នាំ​២០០៨​កន្លង​មក អតីត​ឯក​អគ្គ​រដ្ឋ​ទូត​អាមេរិក​ប្រចាំ​កម្ពុជា លោក Joseph A. Mussomeli បាន​លើក​ឡើង​ពី​កាតព្វកិច្ច​បន្ត​នៃ​រដ្ឋាភិបាល​ថ្មី​បន្ត​ពី​រដ្ឋាភិបាល​របស់​ប្រទេស​កូន​បំណុល ចំពោះ​ប្រទេស​ម្ចាស់​បំណុល ដោយ​ផ្អែក​តាម​គោលការណ៍​ច្បាប់​អន្តរជាតិ។ បើ​តាម​អ្វី​ដែល​លោក Joseph រាយការណ៍​ប្រាប់​ទៅ​ក្រសួង​ការបរទេស​អាមេរិក​នា​ពេល​នោះ រដ្ឋាភិបាល​អាមេរិក​យល់​ថា ការ​បង្កើតក​ម្មវិធី​លុប​បំណុល​សម្រាប់​ប្រទេស​មួយ​ដែល​មាន​លទ្ធភាព​សង តែ​មិន​មាន​ឆន្ទៈ​សង​បំណុល​នោះ វា​នឹង​បង្កើ​ឲ្យ​មាន​គំរូ​មិន​ល្អ​សម្រាប់​ប្រទេស​ដទៃ​ទៀត ដែល​ជួប​ប្រទះ​ស្ថានភាព​ប្រហាក់​ប្រហែល​នឹង​កម្ពុជា។

បើទោះបី​ជា​រដ្ឋាភិបាល​កម្ពុជា​បាន​លើក​ឡើង​ពី​ករណី​ដែល​អាមេរិក​បាន​បង្វែរ​បំណុល​ដែល​វៀតណាម​ជំពាក់​ខ្លួន​ទៅ​ជា​ជំនួយ​ក៏​ដោយ ក៏​អាមេរិក​បក​ស្រាយ​ថា នោះ​ក៏​ដោយសារ​តែ​វៀតណាម​បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​ទ្វេភាគី ក្នុង​ការ​ចាប់​ផ្ដើម​សង​បំណុល​ទៅ​អាមេរិក​វិញ មុន​នឹង​សភា​អាមេរិក​សម្រេច​បង្វែរ​ថវិកា ៤០​ភាគរយ​នៃ​បំណុល​ដែល​វៀតណាម​ជំពាក់​អាមេរិក ចូល​ទៅ​ក្នុង​មូលនិធិ​អប់រំ​វៀតណាម​វិញ។

ដោយ​ងាក​ទៅ​គិត​អំពី​គោលការណ៍​ច្បាប់​អន្តរជាតិ​វិញ លោក សុខ ទូច បាន​ទទួល​ស្គាល់​ថា កម្ពុជា​ពិតជា​ជាប់​កាតព្វកិច្ច​អន្តរជាតិ​ក្នុង​នាម​ជា​ប្រទេស​កូន​បំណុល ត្រូវ​សង​បំណុល​ទៅ​ប្រទេស​ម្ចាស់​បំណុល។​

លោក សុខ ទូច៖ “ជាក្រឹត្យ​ក្រម ប្រទេស​ណា​ក៏​ដោយ រដ្ឋ​មួយដែ​ល​បាន​ខ្ចី​លុយ​ពី​រដ្ឋាភិបាល​មួយ រដ្ឋ​នោះ​មាន​កាតព្វកិច្ច​ត្រូវ​តែ​សង នៅ​ក្នុង​រយៈ​ពេល​ណា​មួយ ឬ​​នៅ​ពេល​ប្រទេស​នោះ​មាន​ការ​រីក​ចម្រើន ពីព្រោះ​យើង​ខ្ចី​គេ យើង​ត្រូវ​តែ​សង​គេ។ យើង​មាន​កាតព្វកិច្ច យើង​មិន​អាច​គេច​វេស​ពីកាតព្វកិច្ច​ទេ។ ប្រសិន​បើ​យើង​គេចវេស យើង​ទៅ​ខ្ចី​បំណុល​គេ​ថ្ងៃ​ក្រោយ គេ​មិន​ផ្ដល់​ឲ្យ​យើង​ទេ”។

ចំណែក​ឯ​អតីត​ឧបការី​រដ្ឋ​មន្ត្រី​ការបរទេស​អាមេរិក លោក Joseph Yun ដែល​បាន​មក​ជជែក​រឿង​បំណុល​ជាមួយ​កម្ពុជា​នៅ​ឆ្នាំ​២០១០​កន្លង​មក បាន​លើក​ឡើង​ថា ការណ៍​ដែល​កម្ពុជា​មិន​សង​បំណុល​ត្រឡប់​ទៅ​អាមេរិក​វិញ វា​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​កេរ្តិ៍​ឈ្មោះ​របស់​ប្រទេស​នេះ និង​ធ្វើ​ឲ្យ​ប្រទេស​នេះ ពិបាក​ចូល​ទៅ​ប្រើ​ប្រាស់​ប្រភព​ហិរញ្ញវត្ថុ​អន្តរជាតិ​នានា៕

VOD
ដោយ លោក សូរ្យ ជ័យឧត្ដម​​
អាន​បន្ត ➤

អ្នកវិភាគ៖ សារគំរាមឆ្លើយឆ្លងរបស់លោក ហ៊ុន សែន និងលោក សម រង្ស៊ី ធ្វើឲ្យពលរដ្ឋធុញ

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និង​លោក សម រង្ស៊ី កាលពីពេលកន្លងទៅ



អ្នកវិភាគនិងអង្គការសង្គមស៊ីវិលមួយចំនួនបង្ហាញការយល់ឃើញថា សារគំរាមឆ្លើយឆ្លង របស់លោ​ក​នា​យ​ក​រដ្ឋម​ន្ត្រី ហ៊ុន សែន និងលោក សម រង្ស៊ី ពីការ​ជំរុញឲ្យផ្ទេរអំណា​ច ក្រោយការបោះឆ្នោត​ឆ្នាំ​​២០​​១៨ ថាជាសារបង្កឲ្យមានការធុញទ្រាន់និងខកចិត្តពីម្ចាស់ឆ្នោត។

កាលពីសប្តាហ៍មុន ប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី ដែលកំពុងនិ​រទេសខ្លួន​នៅក្រៅ​ប្រ​ទេសបានផ្ញើសារថា ក្រោយបោះឆ្នោតឆ្នាំ២០១៨ បើគណបក្សលោកឈ្នះការបោះឆ្នោត នឹងមានល​​ទ្ធ​​ភាព​បង្ខំឲ្យគណបក្សប្រជាជនកម្ពុជាប្រគល់អំណាចដោយ​ស​ន្តិវិធី។

ប៉ុន្មានថ្ងៃក្រោយមក លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានព្រមានតបវិញថា៖ ​«កុំ​ទាន់​អាល​សង្ឃឹមនិងគំរាម បើ ហ៊ុន សែន នៅ​ឈរ​នៅ​ទីនេះ»។

នេះជាការព្រមានទៅលោក សម រង្ស៊ី វិញបន្ទាប់ពីលោក ហ៊ុន សែន ធ្លាប់បានព្រមានថានឹងមានសង្រ្គាម បើគណបក្សកាន់អំណាចរបស់លោកចាញ់ឆ្នោត។

នាយ​កប្រតិបត្តិអង្គការឃ្លាំមើលការបោះឆ្នោតខុមហ្វ្រែល លោក គល់ បញ្ញា លើកឡើងថា សារ​គំរា​ម​គ្នា​ទៅ​​​​​​វិ​​​ញទៅមករបស់មេដឹកនាំនយោបាយទាំងពីរនេះ គ្រាន់តែជាការរំខានអារម្មណ៍ម្ចាស់​ឆ្នោត​ប៉ុ​​ណ្ណោះ។​ ប៉ុន្តែ​លោកថា មិនធ្វើឲ្យពួកភ័យខ្លាចរហូតមិនហ៊ានទៅបោះឆ្នោតនោះទេ។

បើតាមលោក គល់ បញ្ញា អ្វីដែលអ្នកនយោបាយទទួលបានការគាំទ្រពីប្រជាពលរដ្ឋនោះ លោកថាជា​សារ​ន​​​យោបាយដោះស្រា​យបញ្ហាដែលពលរដ្ឋកំពុងជួបការលំបាក។

លោកថា៖ «ដំណាក់កាលឥឡូវ ប្រើយុទ្ធសាស្ត្រដដែល អាចមិនមានឥទ្ធិពលទៅលើអ្នកបោះឆ្នោតច្រើនទេ គួរតែ​ផ្លាស់ប្តូរយុទ្ធសាស្ត្រឲ្យមានភាពវិជ្ជមានច្រើន ជាជាងធ្វើឲ្យពលរដ្ឋថប់​អារម្មណ៍។ ធ្វើម៉េ​ចឲ្យពលរដ្ឋមើ​ល​ទៅ​​ឃើ​​ញភាពវិជ្ជមាននៃការដោះស្រាយបញ្ហា ភាពជាអ្នកដឹកនាំរបស់អ្នកនយោ​បាយដែ​លបា​នចូ​ល​រួមប្រកួតប្រជែង»។

អ្នកស្រាវជ្រាវពីការអភិវឌ្ឍសង្គមនិងនយោបាយ លោក គឹម សុខ លើកឡើងថា សារគំរាមឆ្លើយឆ្លងនេះបា​ន​ប​ង្កការភ័យខ្លាចដល់អ្នកវិនិយោគនិងបង្កឲ្យមានការខកចិត្តដល់ប្រជាពលរដ្ឋ ខណៈការបោះ​ឆ្នោតជិ​ត​មកដល់។

លោក គឹម សុខ វិភាគថាគណបក្សប្រឆាំងពេលនេះមិនគួរប្រើសារគំរាមដូចដែលគណ​បក្សកា​ន់អំ​ណាច​ធ្លា​​ប់​ធ្វើនោះទេ។ លោកថាបក្សប្រឆាំងត្រូវពង្រឹងផ្ទៃក្នុង ផ្ញើសារទន់ភ្លន់ទៅកាន់ដៃគូ គួបផ្សំនឹង​យុទ្ធសា​ស្ត្រ​ន​​យោបាយជាក់លាក់ ចុះជួបពលរដ្ឋ បង្ហាញពីគោលនយោបាយដោះស្រាយរាល់បញ្ហាដែល​ពល​រដ្ឋកំ​ពុ​ង​​ជួប​ប្រទះ។

បើ​តាមលោក គឹម សុខ វិភាគទៀតថា ធ្វើដូចនេះបាន ទើបអាចដណ្តើមយកអាសនៈឃុំ-សង្កាត់បាន​​ច្រើន​ ឈានទៅ​គ្រប់គ្រ​ង​​ស្ថា​​​ប័​នព្រឹទ្ធសភា នោះទើបអាចជំរុញឲ្យមានការផ្ទេរអំណាចដោយសន្តិវិធី។

លោកថា៖ «រឿងសំខាន់ គណប​ក្សកាន់អំណាច គេច្បាស់ជាចង់បានរូបភាពសន្តិភាពមួយ។ ប៉ុន្តែមិន​មែន​ជាស​ន្តិភាពស្ថិតក្នុង​ក្របខណ្ឌនីតិរដ្ឋទេ។ មិនមែនជាសន្តិភាពស្ថិ​តក្នុងក្រមខណ្ឌប្រ​ជាធិប​តេ​យ្យ សេរីគោ​រព​ច្បាប់ត្រឹមត្រូវ​ទេ។ ជាសន្តិភាព​ដែលស្ថិត​នៅ​ក្នុ​ងស្ថានភាពស្ងប់ស្ងាត់ ប៉ុន្តែគេ​អាចបត់ប​ង្វែរស្ថានការណ៍នយោបាយនៅកម្ពុជាបាន​។ អាហ្នឹងគេ​ចង់​បានធំ​ណា​​ស់ សម្រាប់គណបក្សកាន់អំណាច»។

ប៉ុន្តែលោកបន្តថា សម្រាប់គណបក្សប្រឆាំងវិញគឺត្រូវការសន្តិភាពនិងនីតិរដ្ឋពិតប្រាកដ ដើម្បីធ្វើ​ការ​ប្រកួត​ប្រ​ជែង​បែបប្រជាធិបតេយ្យ។ តែលោកថាបក្សប្រឆាំងបច្ចុប្បន្នរងគ្រោះធ្ងន់ជាង​បក្ស​កាន់​​​អំណាច។

លោកមានប្រសាសន៍ថា៖ «ការងារដែលធ្ងន់ធ្ងរបំផុតរបស់គណបក្សប្រឆាំង គឺទី១ត្រូវគ្រប់​គ្រងឲ្យបា​ននូវ​ការបែ​កបា​ក់​គ្នា ក្នុ​ង​​​ផ្ទៃ​ក្នុងគណបក្ស។ ហើយខ្លឹមសារទីពីរ ត្រូវរៀបចំយុទ្ធសាស្រ្តនយោបាយរបៀបម៉េច ដើម្បី​បញ្ជូន​ព័ត៌មាននិង​សារនយោបាយរបស់ខ្លួនដោយសន្តិវិធីបំផុត មិនប្រើភាសាហិង្សាណាមួយទៅដល់សកម្មជន ប៉ុន្តែ​​បង្ហា​​ញ​ពី​ភា​​ពរឹ​ងមាំរបស់ខ្លួននៅក្នុងការប៉ងប្រាថ្នារបស់ខ្លួនទៅកាន់អំណាចនិងប្រទេសជាតិ»។

សា​ស្ត្រាចារ្យប្រវត្តិសាស្ត្រ លោក វង់ សុធារ៉ា លើកឡើងថា ច្រើនទសវត្សរ៍មកនេះ កម្ពុជាបាន​ធ្លាក់ទៅ​ក្នុង​សោ​កនាដកម្មសង្គ្រាម ពលរដ្ឋរាប់សែននាក់ស្លាប់ដោយ​សារតែអ្នកនយោបាយ​ក្រកាន់ជំហរ​តឹងយក​ចាញ់​ឈ្នះ​​​​តែ​រៀងៗខ្លួន។

សាស្ត្រា​ចារ្យប្រវត្តិសាស្ត្ររូបនោះពន្យល់ថា បើអ្នកនយោបាយខ្មែរពេលនេះនៅតែមិនក្រឡេកមើលពី​វិនា​​ស​កម្ម​ពីអតីតកាលទេ លោកថាអ្នកដែលចំណេញពីកម្ពុជាគឺប្រទេសជិតខាង។

លោកថា៖ «យើងមើលប្រវត្តិសាស្ត្រណាស់មកពីអ្នកនយោបាយហ្នឹងគាត់អត់ទន់ភ្លន់ គាត់ចេះតែចង់​ឈ្នះម្ខាង​​ៗដាច់ពីគ្នា ដើម្បីមានឱកាសកម្ទេចគ្នាទៅវិញទៅមក ដូចជាពួកខាង លន់ នល់ ចង់ឈ្នះខា​ងខ្មែរក្រហម ខ្មែរក្រហមចង់ឈ្នះពួក លន់ នល់។ លទ្ធផលចុងក្រោយ អ្នកចាញ់ហ្នឹងត្រូវគេកម្ទេចត្រូវស្លាប់អីអញ្ចឹងទៅ ហើយអ្នកដែលខូចខាតមែនទែនហ្នឹងគឺប្រជាជនខ្មែរនិងប្រទេ​សជាតិរបស់យើង។ ហេតុដូច្នេះ អ្នកដឹកនាំមិនគួរនៅប្រកាន់នយោបាយបែបហ្នឹងទៀតទេ គួរតែទន់ភ្លន់បន្តិចទៅ ដល់​ពេ​ល​យើ​ងឈ្លោះគ្នាខ្លាំងពេក ប្រជាជនគាត់ព្រួយបារម្ភដែរ សម្រាប់ជោគវាសនាអនាគតរបស់ប្រទេសជាតិ»។

គណបក្សប្រជាជនកម្ពុជានិងគណបក្សសង្គ្រោះជាតិមានអាសនៈក្នុងសភា៦​​៨ទ​ល់​នឹង៥៥។ បើគិតពីចំ​នួនពលរដ្ឋគឺគណបក្សកាន់អំណាចនិងបក្សប្រឆាំង មានអ្នកគាំទ្រប្រ​ហាក់​ប្រហែលគ្នា។

បើតាមសាស្ត្រា​ចារ្យប្រវត្តិសាស្ត្រ លោក វង់ សុធារ៉ា ដើម្បីឲ្យកម្ពុជាគេចផុតពីសោកនាដកម្ម អ្នកនយោ​បាយ​ត្រូវរួមគ្នាគោ​​រពច្បាប់ ប្រកួតប្រជែងដោយស្មើភាព មិនយកគ្នាជាសត្រូវ និងពង្រឹងយន្តការ​ប្រជាធិប​តេយ្យតាមស្មារតីរដ្ឋធម្មនុញ្ញ៕

VOD
ដោយ លោក ញឹម សុខន​​
អាន​បន្ត ➤

វិភាគ៖ នរណាជាអ្នករងគ្រោះពីបំណុលបរទេស បើការប្រើប្រាស់ប្រាក់កម្ចីគ្មានតម្លាភាព?

ទិដ្ឋភាពទីក្រុងភ្នំពេញ (មាស មុនី)

មិនថាប្រទេសមហាអំណាចឬប្រទេសកំពុងអភិវឌ្ឍន៍ទេ ពួក​គេតែង​តែប​ង្កើត​ទំនាក់​ទំនង​គ្នា​ ​ដើ​​​​​​​​ម្បី​​​​​​​​​ប​ង្កើត​ជា​ប្លុកដឹកនាំតាមនិន្នាការ ដូចជាប្លុកកុម្មុយនីស្តឬប្លុកសេរី។

ទំ​​នា​ក់ទំនងគ្នានេះ មិនថាប្រទេសអ្នកមានឬប្រទេសអ្នកក្រទេ ពួកគេតែងតែស្វះស្វែ​ង​រកប្រ​យោជ​ន៍ពីគ្នា​ទៅ​​​វិញ​​​ទៅមក ដូចជាប្រទេសមួយទៅដាក់វិនិយោគនៅប្រទេសមួយទៀត រីឯប្រទេសខ្លួះទៀត ដែ​លមា​ន​​​ល​​​ទ្ធភាព បានផ្តល់ជំនួយឥតសំណងឬកម្ចីដោយយកការប្រាក់ទាប ទៅឲ្យប្រ​ទេ​ស​​ជាសម្ព័ន្ធមិត្តដែល​ក្រីក្រ​។

ប៉ុ​ន្តែ​​​អ្វីដែលជាចំណោទបញ្ហានោះគឺ តើរដ្ឋាភិបាលនៃប្រទេសនីមួយៗ បានប្រើប្រា​ស់ថវិ​កា​ជា​តិ រួម​ទាំ​ង​​​ប្រាក់កម្ចីពីសម្ព័ន្ធមិត្តនោះ មានតម្លាភាពកម្រិតណា។

នៅ​​ថ្ងៃ​ទី១៤ ខែធ្នូ ឆ្នាំ២០១៦ ធនាគារពិភពលោកបានចេញរបាយការណ៍មួយបង្ហាញ​ថា​ គិតត្រឹម​ឆ្នាំ​២០​០០​ដល់ឆ្នាំ២០១៥ កម្ពុជាបានជំពាក់​បំណុល​បរទេស​ជិត១ម៉ឺនលានដុ​ល្លា​រ (​៩​៣១​៨​​​​លាន​ដុល្លារ)។

បំណុលនេះបើធៀបនឹងចំនួនពលរដ្ឋកម្ពុជា គឺប្រជាជនម្នាក់ត្រូវជំពាក់​​បំ​​​​ណុលបរ​ទេ​សជាង​៦​​០០ដុ​ល្លា​រ។

តើនរណាជាអ្នករងគ្រោះពីបំណុលបរទេសនេះ បើការប្រើប្រាស់ប្រាក់កម្ចីគ្មានតម្លាភាព?

អ្នកសិក្សាស្រាវជ្រាវផ្នែកសេដ្ឋកិច្ច លោកបណ្ឌិត គី សេរីវឌ្ឍន៍ លើកឡើងថា គេមិនគួរភ័យខ្លាចទៅលើបំណុ​ល​បរ​ទេស​នេះទេ បើការគ្រប់គ្រងរដ្ឋមួយមានតម្លាភាព គ្មានអំពើពុករលួយនោះ ដោយថាមាន​ប្រទេ​សមួ​យចំ​នួនទៀតក៏​ត្រូ​វការកម្ចីពីបរទេសដូចគ្នា។

ប៉ុន្តែ​លោក គី សេរីវឌ្ឍន៍ វិភាគថា អ្វី​ដែ​ល​ត្រូ​វ​ព្រួ​​​យ​បារម្ភនោះ គឺ​ការ​​ដែ​​ល​រដ្ឋាភិបាលយកថវិកាទាំងនោះទៅ​​​ប្រើប្រាស់ មិនចំគោលដៅឬគ្មានតម្លាភាពទៅវិញទេ ដែលបង្ក​​ភាព​រាំង​ស្ទះដល់ការអ​ភិវឌ្ឍជាតិនិងរ​ង​​​គ្រោះ​​ដល់ប្រជាពលរដ្ឋនោះ ។

លោក គី សេរីវឌ្ឍន៍ បានលើកឧទាហរណ៍ ពីករណីប្រើប្រាស់ប្រាក់កម្ចីពីប្រទេសចិនយកមកសាង​ហេ​​ដ្ឋារចនាសម្ពន៍ ដូចជាធ្វើ​ផ្លូវជាដើម លោកថាបើរដ្ឋប្រគល់ឲ្យក្រុមហ៊ុនម៉ៅការសាងសង់ក្នុងត​ម្លៃមួយ​ខ្ពស់​ តែផ្លូវគ្មានគុណភាពដូចបច្ចុប្បន្ននេះ លោកថាការប្រើ​ប្រាស់​​កម្ចីពី​បរទេ​សនោះ គ្មានតម្លាភាព។

លោកថា៖ «អត់មានព័ត៌មានថាផ្លូវជាតិហ្នឹង គេគិតតម្លៃ១គីឡូម៉ែត្រតម្លៃប៉ុន្មានទេ។ ប៉ុន្តែខ្ញុំធ្លាប់ដឹងថា ១​គី​ឡូម៉ែត្រ គេយក១លានដុល្លារ។ ហើយតម្លៃនេះបើយើងប្រៀបធៀបនឹងគុណភាពវិញ វាតម្លៃខ្ពស់បំ​ផុត​ហើ​យ។ព្រោះ​អីយើងខ្ចីលុយចិនមកធ្វើផ្លូវ ផ្លូវហ្នឹងមិនទាន់ធ្វើរួចផង ខូចអ​ស់ទៅទៀតហើយ​។ អញ្ចឹងមានន័យថា ចិន​​គេ​​ធ្វើផ្លូវនេះគុណភាពវាទាប ហើយគិតតម្លៃយើងខ្ពស់ ដែលយើង​អ្នកជំពាក់គេ ​អានេះ​ជាកា​រ​ព្រួ​យបារម្ភ»។

លោក គី សេរីវឌ្ឍន៍ លើកឡើងទៀតថា រដ្ឋាភិបាលបច្ចុប្បន្នបានចំណាយប្រាក់ច្រើនជាងចំណូលដែលរកបាន។លោកថា ដូចនេះរដ្ឋាភិបាលជៀសមិនផុតពីការពឹងពាក់ជំនួយនិងកម្ចីពីបទេស សម្រាប់​ទ្រ​ទ្រ​ង់កំ​ណើនសេដ្ឋ​កិច្ចត្រឹម៧ភាគរយ ដើម្បីប្រកួតប្រជែងជាមួយសមាជិកអាស៊ានដូចគ្នា។

ប៉ុន្តែអ្នកស្រាវជ្រាវខាងសេដ្ឋកិច្ចរូបនោះលើកឡើងទៀតថា បើរដ្ឋាភិបាលមិន​ពិនិត្យ​មើលពី​ការ​ប្រើ​ប្រាស់​​ថ​វិ​​កា​ជាតិនិងប្រាក់កម្ចីពីបរទេសនេះឲ្យមានតម្លាភាពទេ លោ​កវិភាគ​ថាម្ចាស់បំណុលរបស់កម្ពុជា នឹង​ប​ញ្ជូន​អ្នក​វិនិយោគរបស់ពួកគេមកស្រូបយកធនធានធម្មជាតិនៅកម្ពុជាដោយមិនដឹងខ្លួន។

លោកថា៖ «នៅពេលដែលយើង[រដ្ឋាភិបាល]យកថវិកានេះទៅប្រើប្រាស់មិនចំគោលដៅ មានន័យថាធនធានទាំងអស់នេះ វាមិនបានបែងចែកទៅឲ្យប្រជាជនក្នុងប្រទេសទាំងមូលស្មើៗគ្មាទេ។ តែ​ផ្ទុយ​ទៅវិញ វាទៅជាបែងចែកទៅលើតែមនុស្សមួយក្រុម ហើយធ្វើឲ្យមនុស្សជាច្រើននាក់ផ្សេងទៀត រងផ​លប៉ះ​ពា​ល់​ដោយសារការបាត់បង់ធនធាននេះ។ ដូច្នេះយើងថាក្នុងន័យសេដ្ឋកិច្ច ការប្រើ​ប្រាស់​ធនធា​ន​​គ្មាន​ប្រ​សិទ្ធភាព»។

យ៉ាងណាក៏ដោយរដ្ឋាភិបាលមិនទាន់បានឆ្លើយតបទៅនឹងរបាយការណ៍ធនាគារពិភពលោក ដែល​បង្ហាញពី​បំណុលដែលកម្ពុជាជំពាក់បំណុលបរទេសនេះទេ។ ប៉ុន្តែអនុ​ប្រធានគណៈ​ក​ម្ម​​​​​កា​រសេដ្ឋកិច្ច ហិរ​ញ្ញ​វត្ថុ ធនាគារ និងសវនកម្មនៃរដ្ឋសភា មក​ពីបក្ស​ប្រ​​​ឆាំង លោក​ សុន ឆ័យ លើក​ឡើ​ង​ថា​ របាយ​ការណ៍​នេះមា​ន​ការស្រាវជ្រាវ ដែលអាចជឿទុកចិត្តបាន។

លោក សុន ឆ័យ យល់ថាតាមរបាយការណ៍នេះ កម្ពុជានឹងបាត់ឱកាសពង្រឹង​សេ​ដ្ឋ​កិច្ច​ខ្លួនឯង ដោយរវ​ល់តែ​រកប្រាក់​សម្រាប់ស​ងបំ​ណុ​ល​​​ប​រ​ទេស។

លោកថា៖ «យើងឃើញហើយថា ទំហំហ្នឹងកាន់តែច្រើនទៅ ការចាយវាយថវិកាជាតិមួយ​ផ្នែកធំនៅ​ថ្ងៃអ​នា​គ​ត​​នេះ យើងត្រូវដកមកសងគេវិញ។ នៅឆ្នាំ២០១៧នេះ បើតាមតួលេខ យើ​ងត្រូវសង​គេ​ជាង​១០០​លាន​ដុល្លារ គ្រាន់តែការប្រាក់។ ហើយចំនួននេះ នឹងកើនឡើងយ៉ា​ងគំហុក នឹងធ្វើឲ្យ​កម្ពុជា​យើង​គ្មាន​ល​ទ្ធ​ភា​ពក្នុងការប្រើប្រាស់ថវិកាដើម្បីស្តារសេដ្ឋកិច្ចរបស់ខ្លួនទេ ព្រោះត្រូវតែសងគេវិញ»។

បើតាមលោក សុន ឆ័យ រដ្ឋាភិបាលនៅមានលទ្ធភាពប្រមូលពន្ធបានយ៉ាងតិច១ពាន់លានដុល្លារបន្ថែម​ទៀត ក្នុង​មួយឆ្នាំ សម្រាប់បង្កើនចំណូលជាតិលើប្រាក់ពន្ធដែលមានបច្ចុប្បន្ន។ ​

លោកថា៖ «បើយើ​ងជា​ប្រ​ទេសមួយត្រូវការថវិកាដើម្បីយកមកបង្កើនសេដ្ឋកិច្ចវាមិនជាបញ្ហាទេ ប៉ុន្តែ​យើងខ្ចី​គេម​កធ្វើផ្លូវអេតចាយ មិ​​ន​​​​​​ទាន់​ធ្វើរួចផង ខូចអស់ទៀតបាត់ទៅហើយ អាហ្នឹងយើងមកបំផ្លាញខ្លួនយើង ឲ្យ​ធ្លា​ក់​ខ្លួន​កាន់​តែ​ក្រ​​ហើ​យ​​»។

ប៉ុន្តែសម្រាប់អ្នកស្រាវជ្រាវសេដ្ឋកិច្ចលោក គី សេរីវឌ្ឍន៍ វិញវិភាគថា បើតាមរបាយការណ៍ធ​​នាគា​រ​​​​ពិ​ភ​ព​លោកនោះ ​លោកថាបំណុលដែលកម្ពុជាជំពាក់បរទេស មិនមែន​ជាចំនុចគ្រោះ​ថ្នាក់សម្រា​ប់​ក​ម្ពុ​ជាទេ បើរដ្ឋាភិបាលធ្វើកំណែទ​ម្រង់​បន្ទាន់មួយឲ្យការ​ប្រើ​ប្រា​ស់​ថវិកាកម្ចីនោះមានតម្លា​ភាព​ឡើ​ង​វិ​ញ​នោះ​។

លោកថា៖ «បំណុលកាលណាលើសពី៤៥ភាគរយនៃ GDP ទៅ ប្រទេសនីមួយៗចូលដល់កម្រិតព្រួយ​បារម្ភហើយ។ ប៉ុន្តែយើងថយ បើតាមខ្ញុំមើលស្ថិតិរបស់ធនាគារពីមុន យើងជំពាក់៦០ភាគរយ ក្រោយមក​នៅ​ត្រឹ​ម៤០ភាគរយ ក្រោយមកទៀតមកនៅតែ២​៨ភាគរយទេ។ អញ្ចឹ​ងតាមធនាគារ​ក៏មាន​សេចក្តីស​ន្និដ្ឋា​ន​ដែ​រថា ការប្រើប្រាស់ប្រាក់ជំនួយនេះ វាប្រសើជាងមុនៗ។ ប៉ុន្តែ​អ្វីដែលជា​ការព្រួយបារម្ភរបស់ខ្ញុំនោះ គឺការ​ប្រើប្រាស់ជំនួយវាមិនចំគោលដៅ។ មានន័យថា វារុញឲ្យមានកំណើនសេដ្ឋកិច្ចដែរ តែវាកើនមិនសាកសមទៅនឹង​ការប្រើប្រាស់លុយបំណុលនេះ។ អាហ្នឹងជាការព្រួយបារម្ភរបស់អ្នកសេដ្ឋកិច្ច»។

បើតាមអ្នកវិភាគ បើកម្ពុជាផុងខ្លួនកាន់តែខ្លាំងទៅនឹងការខ្ចីបុលលុយពីបរទេស ហើយភ្លេចគិតពង្រឹ​ង​យ​ន្តកា​រ ទប់ស្កាត់អំពើពុករលួយគ្រប់រូបភាពដែលកំពុងកើតមាននៅកម្ពុជា ពួក​គេ​ថាប្រយោជន៍​បានតែទៅ​លើ​ម​នុស្សមួយក្រុមតូច ចំណែកប្រទេ​សដែល​ជា​ម្ចា​​​ស់​បំ​ណុ​​លនឹងប្រើរូបភាពថ្មីមួយទៀត ដើម្បីទាញយ​ក​​ផ​​​​លចំ​ណេញពីក​ម្ពុជា គឺ​បញ្ជូន​អ្នក​វិនិ​យោ​គមកកម្ពុជា ស្រូ​​​​បយ​កធ​នធានធម្មជាតិ ដូច​ជា​ប្រេង​កា​ត​​ រ៉ែ​ក្នុង​​ដី ព្រៃឈើ និងដី​​សម្បទាន​ជាដើម។​ អ្នកវិភាគព្រមានថា បញ្ហា​ទាំ​ង​អស់​នឹងធ្លាក់ទៅលើយុ​វជន​​ជំនាន់​ក្រោ​យជា​​អ្នក​​ទទួ​លបន្ទុកដោះស្រាយបំណុលជំនួសមេដឹកនាំជំនាន់មុន៕

VOD
ដោយ លោក ញឹម សុខន​​
អាន​បន្ត ➤

វិភាគ៖ តើ​សារ​ព្រមាន​អ្នក​នយោបាយ​កម្ពុជា​​ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​ដូចម្ដេច​អំពី​ឥរិយាបថ​នយោបាយ​​​របស់​ពួកគេ?

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និង​លោក សម រង្ស៊ី កាលពីពេលកន្លងទៅ

ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ស្ថានការណ៍​នយោបាយ​កម្ពុជា​បានវិវត្ត​ជា​បន្ត​បន្ទាប់ ដោយ​ក្រុម​អ្នក​នយោបាយ​ខ្មែរ បាន​ថ្លែង​សារ​ដែល​មាន​លក្ខណៈ​គំរាម​កំហែង សារ​មាន​លក្ខណៈ​ជា​ការ​ព្រមាន ឬ​ជា​ការ​អំពាវ​នាវ ដាក់​គ្នា​ទៅ​វិញ​ទៅ​មក​ឥត​ឈប់​ឈរ ផុត​ពី​រឿង​មួយ​ទៅ​រឿង​មួយ​ទៀត ប្រៀប​បាន​នឹង​អាយ៉ៃ​ឆ្លើយ​ឆ្លង​ដូច្នោះ​ដែរ។ ជា​ថ្មី​ម្ដង​ទៀត កាល​ពី​ថ្ងៃ​សៅរ៍​ចុង​សប្ដាហ៍​កន្លង​មក​នេះ មេដឹកនាំ​គណបក្ស​ប្រឆាំង លោក សម រង្ស៊ី បាន​បង្ហោះ​សារ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​ ដោយ​បង្ហាញ​ក្ដី​រំពឹង​ថា គណបក្ស​សង្គ្រោះជាតិ​របស់​លោក នឹង​ឈ្នះ​ការ​បោះ​ឆ្នោត​ជាតិ​នៅ​ឆ្នាំ​២០១៨​ខាង​មុខ ហើយ​ឈាន​ទៅ​រៀបចំ​រដ្ឋាភិបាល​ថ្មី។

ខណៈ​កំពុង​រស់​នៅ​និរទេស​ខ្លួន​ឯង​នៅ​ឯ​ក្រៅ​ប្រទេស​ដើម្បី​គេច​ចេញ​ពី​ការ​ប្រឈម​មុខ​នឹង​បណ្ដឹង​នានា​នៅ​ក្នុង​តុលាការ​កម្ពុជា​នោះ មេដឹកនាំ​បក្ស​ប្រឆាំង​រូប​នេះ បាន​ឆ្លៀត​បញ្ចេញ​សារ​ព្រមាន​ដោយ​មិន​ចំពោះ​ទៅ​លើ​គណបក្ស​​ប្រជាជន​កម្ពុជា និង​ជា​ពិសេស​ទៅ​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ដែល​ជា​គូ​ប្រជែង​នយោបាយ​របស់​លោក។

ក្នុង​សារ​នយោបាយ​នោះ លោក សម រង្ស៊ី ថ្លែង​ថា បុគ្គល ឬ​ក្រុម​ណា​ដែល​មិន​គោរព​ច្បាប់ និង​បទ​បញ្ជា​របស់​រដ្ឋាភិបាល​ថ្មី​ដែល​រៀបចំ​ឡើងដោយ​គណបក្ស​សង្គ្រោះ​ជាតិ គឺ​ជា​ក្រុម​ឧទ្ទាម ដែល​មេ​បក្ស​ប្រឆាំង​រូប​នេះ​ចាត់​ទុក​ថា មិន​មាន​លទ្ធភាព​តតាំង​នឹង​រដ្ឋាភិបាល​ថ្មី​ស្រប​ច្បាប់។

លោក សម រង្ស៊ី ​ថ្លែង​ថា៖ “ពេល​ចាញ់​ឆ្នោត បើ​មាន​ក្រុម​ណា បុគ្គល​ណា មិន​ព្រម​ធ្វើ​តាម​ច្បាប់ គោរព​តាម​បញ្ជា​រដ្ឋាភិបាល​ថ្មី​ដែល​រៀបចំ​ដោយ​គណបក្ស​សង្គ្រោះ​ជាតិ​ឈ្នះ​ឆ្នោត យើង​នឹង​មាន​សិទ្ធិ​ពេញ​លេញ​បង្កើត​​រដ្ឋាភិបាល​ថ្មី។ រដ្ឋាភិបាល​ស្រប​ច្បាប់ មាន​តែ​មួយ​ទេ មិន​អាច​មាន​រដ្ឋាភិបាល​ណាមួយ​ទៀត​ទេ។ [រដ្ឋាភិបាល​ផ្សេង​ទៀត] គឺ​ជា​រដ្ឋាភិបាល​ខុស​ច្បាប់ ជា​ក្រុម​ឧទ្ទាម​​វា​ត្រូវ​ជាង។ តើ​ក្រុម​ឧទ្ទាម​មាន​លទ្ធភាព​តតាំង​ជាមួយ​រដ្ឋាភិបាល​ស្រប​ច្បាប់ រដ្ឋាភិបាល​ថ្មី​ដឹកនាំ​ដោយ​​គណបក្ស​សង្គ្រោះ​ជាតិ​ឬ​ទេ? ខ្ញុំ​ថា អត់​មាន​លទ្ធភាព​ទេ ពីព្រោះ​អ្នក​ណា​ទៅ​ភ្ជាប់​វាសនា​របស់​ខ្លួន​ជាមួយ​នឹង​ពួក​ឧទ្ទាម”។

ការថ្លែង​បែប​នេះ​របស់​លោក សម រង្ស៊ី ត្រូវ​បាន​គេ​មើល​ឃើញ​ថា ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន បាន​ថ្លែង​ព្រមាន​​ទាំង​មុន និង​ក្រោយ​ការ​បោះ​ឆ្នោត​ជាតិ​ឆ្នាំ​២០១៣ ថា សង្គ្រាម​នឹង​ផ្ទុះ​ឡើង ប្រសិន​បើ​គណបក្ស​ប្រឆាំង​ឈ្នះ​ការ​បោះ​ឆ្នោត។

ខណៈ​ដែល​សារ​គំរាម​កំហែង ឬ​សារ​ព្រមាន ត្រូវ​បាន​មេដឹកនាំ​នយោបាយ​ខ្មែរ​ថ្លែង​ឆ្លើយ​ឆ្លង​គ្នា​ទៅ​វិញ​​មក​​ជា​បន្ត​បន្ទាប់​នោះ វា​ជំរុញ​ឲ្យ​មាន​ក្ដី​បារម្ភ​អំពី​ភាព​ផុយ​ស្រួល​នៃ​ការ​ផ្ទេរ​អំណាច​ដោយ​សន្តិវិធី​នៅ​ពេល​ខាង​មុខ ប្រសិន​បើ​គណបក្ស​ប្រឆាំង​ពិត​ជា​ឈ្នះ​ការ​បោះ​ឆ្នោត និង​ឡើង​ដឹកនាំ​រដ្ឋាភិបាល ហើយ​គណបក្ស​កាន់​អំណាច​នា​ពេល​សព្វ​ថ្ងៃ​នេះ ក្លាយ​ជា​គណបក្ស​ប្រឆាំង​វិញ​នោះ។

សម្រាប់អ្នក​តាម​ដាន​ព្រឹត្តិការណ៍​នយោបាយ​នៅ​កម្ពុជា ថ្វី​បើ​មិន​អាច​ព្យាករ​ថា គណបក្ស​ប្រឆាំង​អាច​នឹង​ឈ្នះ​ការ​បោះ​ឆ្នោត​នា​ពេល​ខាង​មុខ​ឬ​យ៉ាង​ណា​នោះ នាយក​ប្រតិបត្តិ​អង្គការ​ខុមហ្វ្រែល លោក គល់ បញ្ញា មាន​ជំនឿ​ថា ការ​ផ្ទេរ​អំណាច​របស់​អ្នក​នយោបាយ​ខ្មែរ នឹង​ត្រូវធ្វើ​ឡើង​ដោយ​សន្តិវិធី បន្ទាប់​ពី​ប្រកួត​ប្រជែង​ដណ្ដើម​អំណាច​គ្នា​តាម​រយៈ​ការ​បោះ​ឆ្នោត​។

លោក គល់ បញ្ញា ប្រាប់​ថា​៖ “គិត​ថា ការ​បោះ​ឆ្នោត ឲ្យ​តែ​សេរី និង​យុត្តិធម៌ ឆ្លុះ​បញ្ចាំង​ពី​មតិ​របស់​ប្រជា​ពលរដ្ឋ វា​មិន​ជា​បញ្ហា​អ្វី​ទេ វា​មិន​បង្កើត​សង្គ្រាម ឬ​បង្កើត​ការ​បះ​បោរ​អ្វី​ទេ។ ផ្ទុយ​ទៅ​វិញ ការ​បោះ​ឆ្នោត​ដោយ​ត្រឹម​ត្រូវ​ហ្នឹង អាច​បង្កើត​ស្ថេរភាព​នយោបាយ និង​សន្តិភាព។ ពី​មុន​មក អត់​មាន​ការ​បោះ​ឆ្នោត យើង​ដណ្ដើម​អំណាច​គ្នា ទាល់​តែ​ទៅ​ចូល​ព្រៃ​ច្បាំង​គ្នា។ អីចឹង​តាំង​ពី​ការ​បោះ​ឆ្នោត​ឆ្នាំ​៩៣​មក ទោះបី​ជា​មាន​រឿង ខ្លះ អំពើ​ហិង្សា​ខ្លះ ប៉ុន្តែ យើង​បាន​រៀន​សូត្រ​យក​ការ​បោះ​ឆ្នោត​ហ្នឹង​ជា​មូលដ្ឋាន ដើម្បី​ដណ្ដើម​អំណាច​គ្នា។ ​នៅ​ពេល​ណា​ដណ្ដើម​អំណាច​គ្នា​​មិន​ទៅ​តាម​ការ​បោះ​ឆ្នោត​មួយ​ដោយ​ត្រឹម​ត្រូវ​ ដែល​ជា​ហេតុផល​នៃ​ការ​កើត​ឡើង​នៃ​សង្គ្រាម និង​ការ​បះ​បោរ”។

សម្រាប់​លោក គល់ បញ្ញា ដែល​ជា​អ្នក​តាម​ដាន​លើ​កិច្ច្​ការ​បោះ​ឆ្នោត​​នៅ​ក្នុង​ប្រទេស​កម្ពុជា លោក​មិន​ភ្ញាក់​ផ្អើល​នោះ​ឡើយ​ចំពោះ​សារ​គំរាម​កំហែង ឬ​សារ​ព្រមាន​គ្នា​ទៅ​វិញ​ទៅ​មក​របស់​មេដឹកនាំ​នយោបាយ​ខ្មែរ ដោយ​លោក​ថា នោះ​គ្រាន់​តែ​ជា​អារម្មណ៍​របស់​អ្នក​នយោបាយ​ខ្មែរ។ លោក​អះ​អាង​ទៀត​ថា ​រឿង​បែប​នេះ​ក៏​បាន​កើត​ឡើង​នៅ​សូម្បី​តែ​សហរដ្ឋ​អាមេរិក ដែល​ត្រូវ​បាន​គេ​ចាត់​ទុក​ជា​ប្រទេស​បិតា​លទ្ធិ​ប្រជាធិបតេយ្យ។

​លោក គល់ បញ្ញា បន្ត​ថា៖ “ជា​សារ​នៃ​អារម្មណ៍​របស់​គាត់ ព្រោះ​អ្នក​នយោបាយ​ភាគច្រើ​ន​ឃោសនា​នយោបាយ​ដោយ​ប្រើ​អារម្មណ៍ អារម្មណ៍​ខឹង អារម្មណ៍​សប្បាយ​ចិត្ត ប៉ុន្តែ ប្រហែល​នៅ​មិន​ទាន់​ជាសារ​ឃោសនា​នយោបាយ​របៀប​យុទ្ធសាស្ត្រ​​នៅ​ឡើយ​ទេ ប៉ុន្តែ​ អារម្មណ៍​មិន​ទៅ​ប៉ះ​ពាល់​អីនឹង​ដំណើរការ​ទេ គ្រាន់​តែ​ជា​អារម្មណ៍​ទេ។ មេដឹកនាំ​គណបក្ស​នយោបាយ ភាគច្រើន​ពួកគាត់​ផ្ញើ​សាររបៀប​ប្រើ​អារម្មណ៍​ខ្លួន​ឯង មិន​មែន​តែ​នៅ​ប្រទេស​កម្ពុជា​ទេ នៅ​ប្រទេស​ច្រើន​ក៏​អីចឹង​ដែរ សូម្បីតែ​នៅ​សហរដ្ឋ​អាមេរិក​ក៏​មាន​អីចឹង​ដែរ សារ​ប្រើ​អារម្មណ៍​ជា​របៀប​បំផិត​បំភ័យ ការ​ធ្វើ​ឲ្យ​ថប់​អារម្មណ៍ទៅ​ដល់​អ្នក​បោះ​ឆ្នោត។ វាមិន​មែន​ជា​យុទ្ធសាស្ត្រ ហើយ​មិន​មែន​ជា​ទស្សន​យូរ​អង្វែង​សម្រាប់​ដំណើរការ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ទេ”។

ប៉ុន្តែ លោក គល់ បញ្ញា បាន​ជំរុញ​ទៅ​ក្រុម​មេដឹកនាំ​គណបក្ស​នយោបាយ​នៅ​កម្ពុជា ឲ្យ​ផ្លាស់​ប្ដូរ​ឥរិយាបថ​នយោបាយ​របស់​ពួកគេ ដោយ​ងាក​ទៅ​ផ្ដោត​លើ​ការងារ​ជំរុញ​ឲ្យ​ប្រជា​ពលរដ្ឋ​មាន​ទំនុក​ចិត្ត​លើ​ដំណើរការ​ប្រជាធិបតេយ្យ និង​ការ​បោះ​ឆ្នោត​នៅ​ក្នុង​ប្រទេស​កម្ពុជា​វិញ ដែល​លោក​ថា វា​ប្រសើរ​ជាង​ការ​ផ្ញើសារ​គំរាម​គ្នា​ទៅ​វិញ​ទៅ​មក ដែល​បណ្ដាល​ឲ្យ​ប្រជា​ពលរដ្ឋ​តឹង​តែង​ចំពោះ​ស្ថានការណ៍​នយោបាយ​របស់​ប្រទេស​ជាតិ។

លោក បញ្ញា ថ្លែង​ថា​៖ “ការ​ឃោសនា​នយោបាយ បើអ្នក​នយោបាយ​ទាំង​អស់ ខិត​ខំ​បង្ហាញ​សារ​ឃោសនា​នយោបាយ​ហ្នឹង ធ្វើ​ម៉េច​ឲ្យ​ប្រជា​ពលរដ្ឋ​មាន​ទំនុក​ចិត្ត​លើ​ការ​បោះ​ឆ្នោត នោះ​ពិត​ជា​មាន​សារៈ​សំខាន់​ណាស់ បើទោះ​បី​ជា​ថា វា​មិន​សូវ​បាន​​ផល​ប្រយោជន៍​ទាក់​ទាញ​សន្លឹក​ឆ្នោត​ប្រជា​ពលរដ្ឋ​ខ្លាំង​ណាស់​ណា​ដូច​ការ​ឃោសនា​បែប​អវិជ្ជមាន​ហ្នឹង​ក៏​ដោយ ប៉ុន្តែ គួរ​តែ​ខិត​ខំ​ងាក​មក​របៀប​ឃោសនាបែប​ធ្វើ​ឲ្យ​ប្រជា​ពលរដ្ឋ​មាន​ទំនុក​ចិត្ត​ទៅ​លើ​ដំណើរការ​នៃ​ការ​បោះ​ឆ្នោត កុំ​ឲ្យ​ពួកគាត់​ថប់​អារម្មណ៍ ភ័យ​ខ្លាច​អី អាហ្នឹង​កាន់​តែ​ល្អ​ប្រសើរ”។

ចំណែក​សកម្មជន​ការពារ​សិទ្ធិ​មនុស្ស​ លោក អំ សំអាត ដែល​ជា​ប្រធាន​ផ្នែក​ស៊ើប​អង្កេត​នៃ​អង្គការ​លីកាដូ បាន​មើល​ឃើញ​ថា សារ​ព្រមាន​ទៅ​វិញ​ទៅ​មក​របស់​អ្នក​នយោបាយ​ខ្មែរ បាន​ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​ពីភាព​មិន​ទាន់​ចាស់​ទុំ​របស់​ពួកគេ។ ចំពោះ​ការ​ព្រមាន​អំពី​អំពើ​ហិង្សា ឬ​សង្គ្រាម​នៅ​ក្រោយ​ការ​ឈ្នះ ឬ​ចាញ់​ឆ្នោត​នោះ លោក សំអាត បញ្ជាក់​ថា នោះ​វា​​មិន​ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​ពី​ការ​អនុវត្ត​យន្តការ​លទ្ធិ​ប្រជាធិបតេយ្យ ដែល​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ធ្លាប់​ប្រកាស​ផ្ទេរ​អំណាច​ដោយ​សន្តិវិធី​នៅ​ឯ​វិមាន​សន្តិភាព ហើយ​លោក សម រង្ស៊ី​ ប្រកាស​មិន​សង​សឹក ឬ​គុំ​គួន​ទៅ​លើ​ក្រុម​គ្រួសារ​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន នោះ​ឡើយ។

លោក អំ សំអាត មាន​ប្រសាសន៍​ថា​៖ “មេដឹកនាំ​គ្រប់​គណបក្ស​នយោបាយ​ទាំង​អស់ ព្រោះ​សម្ដី​ពួកគាត់​សុទ្ធ​តែ​មាន​អត្ថន័យ អីចឹង​សម្ដី​មួយ​មាត់ៗ ត្រូវ​តែ​មាន​ន័យ​គ្រប់​គ្រាន់ ត្រូវ​តែ​មាន​ការ​ពិចារណាខ្ពង់​ខ្ពស់។ ប្រសិន​បើ​ការ​ប្រើ​ប្រាស់​ពាក្យ​សម្ដី​ណា​មួយ​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ទៅ​ដល់​ប្រជា​ពលរដ្ឋ ឬ​ធ្វើ​ឲ្យ​ប្រជា​ពលរដ្ឋភិត​ភ័យ អាហ្នឹង​វា​ជា​រឿង​មួយ​មិន​ល្អ។ ខ្ញុំ​លើក​ឧទាហរណ៍​ដូចជា ការ​លើក​ឡើង​ថា បើ​គណបក្ស​មួយ​ចាញ់​ឆ្នោត សង្គ្រាម​មួយ​នឹង​កើត​ឡើង អាហ្នឹង​ក៏​ជាការធ្វើ​ឲ្យ​ប្រជា​ពលរដ្ឋ​មាន​ការ​ភិត​ភ័យ។​ ហើយយុទ្ធសាស្ត្រ​នៃ​ការ​លើក​ឡើង​របស់​លោក សម រង្ស៊ី បើ​សិន​ជា​ថ្ងៃ​ក្រោយ​ទៅ អាហ្នឹង​គណបក្ស​ប្រឆាំង​នឹង​ឈ្នះ​ឆ្នោត លោក​ថា​ធ្វើ​យ៉ាង​ម៉េចៗ អាហ្នឹងវា​ជា​រឿង​សិទ្ធិ ប៉ុន្តែ ជា​គោលការណ៍​លទ្ធិ​ប្រជាធិតេយ្យ ការ​ចូល​កាន់ និង​ការ​ផ្ទេរ​អំណាច ត្រូវ​ធ្វើ​ដោយ​សន្តិវិធី មិន​អាច​ធ្វើ​កើត​សង្គ្រាម ឬ​ក៏​ផ្ទុះ​នូវ​អំពើ​ហិង្សាណា​មួយ​ទេ។ អាហ្នឹង​វា​មិន​មែន​ជា​ប្រទេស​ប្រកាន់​លទ្ធិ​ប្រជាធិបតេយ្យ​ទេ។ អ្នក​នយោបាយ​ខ្មែរ​មិន​គួរ​គុំគួន​ ត្រី​ឡើង​ទឹក​ស៊ី​ស្រមោច ទឹក​ហោច​ស្រមោច​ស៊ី​ត្រី​នោះ​ទេ។ អាហ្នឹង​គួរ​តែ​បំបាត់​អា​វប្បធម៌​ហ្នឹង​ចោល អីចឹង​យើង​រួម​គ្នា​គិត​អំពី​ផល​ប្រយោជន៍​ជាតិ ផល​ប្រយោជន៍​របស់​ប្រជា​ពលរដ្ឋជា​ធំ”។

ទោះជាយ៉ាងណា​ក៏​ដោយ គេ​នៅ​តែ​មិន​ទាន់​អាច​ទស្សន៍​ទាយ​ដឹង​ថា តើ​នឹង​មាន​អ្វី​កើត​ឡើង​នាពេល​ខាង​មុខ​នោះ​ឡើយ ដោយ​ត្រូវ​រង់ចាំ​មើល​ថា តើ​គណបក្ស​ប្រឆាំង​មាន​យុទ្ធសាស្ត្រ​អាច​ដណ្ដើម​ជ័យ​ជម្នះ​ពី​គណបក្ស​កាន់​អំណាច​របស់​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ដែរ​ឬ​យ៉ាង? ហើយ​រង់ចាំ​មើល​ថា តើ​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ពិត​ជា​មាន​ឆន្ទៈ​ក្នុង​ការ​ផ្ទេរ​អំណាច​ដោយ​សន្តវិធី​ទៅ​ក្រុម​បក្ស​ប្រឆាំង​ដែរ​ឬ​យ៉ាង​ណា? ចំណោទ​ទាំង​អស់​នេះ មាន​តែ​រង់ចាំ​ដល់​ក្រោយ​ការ​បោះ​ឆ្នោត​ជាតិ​នៅ​ឆ្នាំ​២០១៨ ដែល​សម្រេច​ពី​ជោគ​វាសនា​គណបក្ស​នយោបាយ​ធំៗ​ទាំង​ពីរ ក៏​ដូចជា​ជោគ​វាសនា​ប្រទេស​កម្ពុជា និង​ប្រជា​ពលរដ្ឋ​ខ្មែរ​ទាំង​មូល​ផង​ដែរ៕

VOD
ដោយ លោក សូរ្យ ជ័យឧត្ដម​​
អាន​បន្ត ➤

លិខិតមិត្តអ្នកអាន៖ លោក កឹម សុខា ចាប់ផ្តើមវាយ​ប្រហារ​ចំៗទៅលើ​ទណ្ឌិត សម រង្ស៊ី



(ភ្នំពេញ)៖ នាពេលថ្មីនេះ នៅក្នុងពិធីសំណេះសំណាលមួយជាមួយយុវជនបក្សខេត្ត លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិបានថ្លែងទៅកាន់ យុវជនបក្សប្រឆាំង ពាក់អាវពណ៌លឿងទាំងនោះ ខុសពីសព្វមួយដង ដូចជាមានបំណងដៀមដាមទៅឱ្យទណ្ឌិត សម រង្ស៊ី ដែលកំពុងបាត់បង់សិទ្ធិធ្វើនយោបាយ ហើយកំពុងរត់គេចខ្លួននៅក្រៅប្រទេសចំៗ និងយ៉ាងពេញទំហឹង។ ខាងក្រោមនេះគឺជាសម្តីរបស់លោក កឹម សុខា៖

លោក កឹម សុខា បាននិយាយថា «នយោបាយខុសពីឆាកល្ខោន ពេលយកទៅលេងជាឆាកល្ខោន វាមិនមែនជានយោបាយពិតទេ គឺជានយោបាយសិប្បនិមិត្ត បើចូលប្រឡូកនយោបាយត្រូវតែប្រឡូកនយោបាយពិត មានន័យថា នយោបាយដែលអ្នកដឹកនាំហ្នឹងត្រូវមានចក្ខុវិស័យ មិនមែនធ្វើតាមខ្លួននឹកឃើញទេ មិនមែនធ្វើតាមអារម្មណ៍ទេ ត្រូវធ្វើតាមចក្ខុវិស័យ ធ្វើតាមគោលដៅកំណត់ ធ្វើតាមយុទ្ធសាស្ត្រ អាហ្នឹងបានគេហៅថា គេធ្វើនយោបាយពិត»។ ពាក្យខាង​លើនេះគ្រប់គ្រាន់នឹងថា ឱ្យលោក សម រង្ស៊ី ថាធ្វើនយោបាយសប្បនិម្មិតដូចលេងល្ខោន ព្រោះកន្លងមកទណ្ឌិត សម រង្ស៊ី ដឹកនាំបក្ស គ្មានចក្ខុវិស័យ ច្បាស់លាស់ គ្មានគោលដៅច្បាស់លាស់ និងគ្មានយុទ្ធសាស្ត្រវែងឆ្ងាយទាល់តែសោះ ដែលនាំឱ្យបក្សតូចតាចមួយ ដឹកនាំដោយមនុស្សឆ្លៀតឱកាសម្នាក់ មកដណ្តើមយកបាន​ដោយជោគជ័យ។ លោក សម រង្ស៊ី ចាប់ផ្តើមជីវិតនយោបាយតាំងពីមានបក្សខ្លួនឯង មានធនធានមនុស្សខ្លួនឯង ដោយសារមិនចេះគិតវែងឆ្ងាយ បានដើរដល់ផ្លូវទាល់ ត្រូវប្រគល់បក្សនិងធនធានបក្សឱ្យអតីតគូសត្រូវ កាន់កាប់ដោយស្វ័យប្រវត្តិ ហើយធនធានមនុស្ស និងមនុស្សជំនិតដែលធ្លាប់មាន ត្រូវបង្ខំចិត្តឱនក្បាលគោរពអតីតគូសត្រូវម្នាក់នោះទៀត។ ម៉្យាងទៀត សម រង្ស៊ី តែងតែដឹកនាំនយោបាយតាមអារម្មណ៍ឆេវឆាវ ដូចជាដឹកនាំធ្វើបាតុកម្មហិង្សាប្រឆាំង រដ្ឋាភិបាលឈ្នះឆ្នោតកាលពីឆ្នាំ២០១៣ជាដើម ដែលបណ្តាលឱ្យប្រជាពលរដ្ឋស្លូតត្រង់ដែលជឿតាមស្លាប់អស់ជាច្រើននាក់។

លោក កឹម សុខាបានបន្តថា «អ្នកនយោបាយពីមុនសុទ្ធតែដូចគ្នាទេ ប៉ុន្តែអ្នកខ្លះមានឱកាស អ្នកខ្លះអត់ឱកាស អ្នកមានឱកាសចេះចាប់​ឱកាសគេឡើងមកប្រឹប​បាត់ តែអ្នកអត់ឱកាស មិនចេះចាប់ឱកាស នៅសូញសាញ អត់ចេញរួចទេនយោបាយ ធ្វើនយោបាយកុំសូញសាញពេក»។ មួយឃ្លានេះគឺចង់អួតខ្លួនឯងថា ចេះចាប់ឱកាស មិនដូចលោក សម រង្ស៊ី ជាមនុស្សមិនចេះចាប់ឱកាស ហើយសូញសាញដូចស្រីនោះទេ ព្រោះថ្មីៗនេះ លោក កឹម សុខា ដែលប្រព្រឹត្តបទល្មើសជាប់ទោសក្រោយ សម រង្ស៊ី ផងប៉ុន្តែចេះបន្ទន់ឥរិយាបទ បត់បែនតាមកលៈទេសៈ ហើយចេះទទួលយកឱកាស ទើបរួចខ្លួន ម្យ៉ាងទៀតថែមទាំងដណ្តើមបានសម្រេចតំណែង ជាប្រធានក្រុមមតិភាគតិច ជាតំណែងចាស់របស់ សម រង្ស៊ី ដែលខិតខំយ៉ាងខ្លាំងទើបបានកាន់តំណែងនេះ។

លោក កឹម សុខា បានបន្តវាយប្រហារថា «ខ្ញុំប្រាប់បងប្អូនតាំងពីយូរហើយ ប៉ុន្មានខែមុន ខ្ញុំបានប្រាប់ថា កុំឈ្លោះ កុំឆ្លើយ កុំឆ្លង នាំគ្នាថា កឹម សុខា កំសាក, ការព្យាយាមអំណត់ជាកត្តាសំខាន់ នេះជាចំណុចជារបៀប ជាទស្សនៈដែលខ្ញុំធ្វើ ក្រៅពីអហិង្សាមិនត្រូវគុំគួន សងសឹកគ្នា កុំមាននៅក្នុងចិត្ត ក្នុងបេះដូង ក្នុងការនិយាយស្តី កាត់បន្ថយឱ្យអស់ ឱ្យចេញឆ្ងាយ ឱ្យតិចបំផុត នូវកាគុំគួនសងសឹកគ្នា ការគុំគួនសងសឹកគឺរកទីបញ្ចប់នៃសេចក្តីទុក្ខមិនឃើញទេ»។

មូលហេតុដើមដែលទណ្ឌិត សម រង្ស៊ី មានទោសជាប់ខ្លួនជាច្រើនករណី គឺព្រោះតែគាត់ដឹកនាំបក្ស និងធ្វើសកម្មភាពដោយយក គំនុំ គំគួន និងការសងសឹក ជាត្រីមុខ ចង់សងគំនុំឈាមឪពុក សម សារី ដែលជាជនក្បត់ជាតិ ហ៊ានធ្វើគ្រប់បែបយ៉ាងបំពុលបរិយាកាសសង្គម ក្លែងបន្លំផែនទីក៏ហ៊ាន ក្លែងបន្លំសន្ធិសញ្ញាក៏ហ៊ាន។
ពាក្យសម្តីវាយប្រហារទណ្ឌិត សម រង្ស៊ី ពីសំណាក់លោក កឹម សុខា នេះត្រូវបានមើលឃើញថា កើតឡើងក្រោយពីលោក កឹម សុខា ដណ្តើមបាននូវសិទ្ធិអំណាច ទាំងស្រុង និងមនុស្សសំខាន់ៗមួយចំនួនរបស់លោក សម រង្ស៊ី។ លោក សម រង្ស៊ី ដែលមានទោសជាប់ខ្លួនជាច្រើនករណី បាត់បង់សិទ្ធិធ្វើនយោបាយ ហើយមិនហ៊ានចូលស្រុកនោះ មិនអាចប្រៀបធៀបទៅលោក កឹម សុខា ដែលទទួលបានការលើកលែងទោស មានសិទ្ធិធ្វើនយោបាយឡើងវិញ ថែមទាំងក្តោបក្តាប់ បក្សប្រឆាំងបានថែមទៀត ម្យ៉ាងទៀតតំណែងប្រធានក្រុមមតិភាគតិចក៏យកបាន។

ចាប់ពីពេលនេះតទៅទណ្ឌិត សម រង្ស៊ី មិនមែនជាដុំគ្រួសនៅក្នុងគ្រាប់ភ្នែកលោក កឹម សុខា ទៀតទេ ហើយមនុស្សកូតាបក្សសិទ្ធិមនុស្ស និងកូនចៅរបស់ សម រង្ស៊ី ដែលសុខចិត្តឱនក្បាលគោរព កឹម សុខា នឹងរីកចម្រើនឡើង ហើយទណ្ឌិត សម រង្ស៊ី និងកូនចៅដែលស្មោះត្រង់ នឹងរលាយដោយខ្លួនឯង និងដោយការដកក្រវាត់ចោល។ យោងលើឱកាសមាសដែលលោក កឹម សុខា កំពុងមានដូចជា ទទួលបានអំណាចទាំងស្រុងរបស់ទណ្ឌិត សម រង្ស៊ី ជាដើម រួមផ្សំនឹងការហ៊ានចេញមុខមកវាយប្រហារចំៗទៅលើទណ្ឌិត សម រង្ស៊ី នាពេលនេះបង្ហាញយ៉ាងច្បាស់ថា ផ្ទៃក្នុងបក្សសង្គ្រោះជាតិទាំងស្រុង ត្រូវបានគ្រប់គ្រងដោយលោក កឹម សុខា យ៉ាងពិតប្រាកដ៕

អត្ថបទដោយ៖ ជ័យ កម្ពុជា

Fresh News
អាន​បន្ត ➤

លិខិតមិត្តអ្នកអាន៖ រឿងក្រៅឆាកនៅថ្ងៃដែលរដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ទៅបំភ្លឺនៅរដ្ឋសភា ករណីនាំខ្សាច់ទៅប្រទេសសិង្ហបុរី



(ភ្នំពេញ)៖ មន្រ្តីរដ្ឋសភាមួយរូបបានរៀបរាប់ខ្សឹប​ ប្រាប់ពីដំណាលរឿងក្រៅឆាក នៅក្នុងកិច្ចប្រជុំគណៈកម្មការទី១០ នៃរដ្ឋសភា កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៦កន្លងទៅនេះ ខណៈថ្ងៃដែលបានអញ្ជើញរដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពលឲ្យទៅបំភ្លឺករណីបរិមាណខ្សាច់ នាំចេញទៅប្រទេសសិង្ហបុរី ពីឆ្នាំ២០០៧ មកដល់ឆ្នាំ២០១៥។

រឿងក្រៅឆាកគួរឲ្យអស់សំណើចនោះ គឺគណបក្សប្រឆាំងបានកេណ្ឌគ្នា ពីគ្រប់គណៈកម្មការទាំងអស់ក្នុងរដ្ឋសភា ដែលគេចាត់ទុកថា ជាជើងអេលីតក្នុងគណបក្សប្រឆាំង មកដុត និងកូរវល់ៗៗ លោកស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល (តាមសំដីលោក ហូ វ៉ាន់ ប្រធានគណៈកម្មការទី១០)។ គ្រាន់តែប្រធានគណៈកម្មការទី១០ បើកកម្មវិធីចប់ភ្លាម អនុប្រធានលើកឡើងថា អ្នកមកពីក្រៅគណៈកម្មការទី១០ គឺខុសច្បាប់ហើយ ដោយយោងតាមរដ្ឋធម្មនុញ្ញ និងបទបញ្ជាផ្ទៃក្នុង នៃរដ្ឋសភា។ ការងារនេះគណៈកម្មការទី១០ ជាអ្នកអញ្ជើញរដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពលមកបំភ្លឺ អ្នកផ្សេងគ្មានសិទ្ធិចូលសួរទេ។

មន្រ្តីជាន់ខ្ពស់របស់គណបក្សប្រឆាំងមួយរូប ដែលស្ថិតនៅក្នុងកិច្ចប្រជុំនោះបានឆ្លើយតបវិញភ្លែតថា មិនខុសទេ ព្រោះធ្លាប់បានធ្វើយូរហើយតាំងពីសភាកើតឡើង ដំបូងម៉្លេះ ហើយថ្មីៗនេះគណៈកម្មការផ្សេងៗទៀត ក៏ធ្លាប់អញ្ជើញសមាជិកមកពីគណៈកម្មការផ្សេងចូលរួមការប្រជុំដែរ។ លោកអនុប្រធានគណៈកម្មការទី១០ ប្រាប់វិញថា លោកគ្មានសិទ្ធិវាចាដូចនេះទេ ព្រោះលោកទើបចូលសភាពីរបីអាណត្តិចុងក្រោយនេះទេ មិនមែនតាំងពីសភាកើតទេ ហើយសូមកុំច្រឡំទើបតែអាណត្តិ នេះទេ ដែលមានការអញ្ជើញរដ្ឋមន្រ្តីមកបំភ្លឺអាណត្តិមុនៗគ្មានទេ។ ការអញ្ជើញសមាជិកមកពីគណៈកម្មការផ្សេងចូលរួមការប្រជុំ គឺមានការអនុញ្ញាតតាមបទបញ្ជាផ្ទៃ ក្នុងមែន តែសម្រាប់តែការពិភាក្សាឆ្លងច្បាប់ប៉ុណ្ណោះ សូមមើលច្បាប់ឡើងវិញ។ ថាអីថាទៅមន្ត្រីបក្សប្រឆាំងអង្គុយសួររហូតចប់។ តែឡូយដែរលោក ស៊ុយ សែម បានថ្លែងអរគុណតែចំពោះមន្ត្រីបក្សប្រឆាំងដែលនៅក្នុងគណៈកម្មការទី១០ប៉ុណ្ណោះ ដែលសួរសំណួរចំប្រធានបទហើយ មានសុជីវធ៌មត្រឹមត្រូវ។

ចុងក្រោយមុនពេលប្រធានបិទអង្គប្រជុំ មន្ត្រីបក្សប្រឆាំងក្រៅគណៈកម្មការទី១០ បាននាំគ្នាដើរចេញមុនហើយចោលសំដីប្រាប់ប្រធានអង្គប្រជុំថា ថ្ងៃក្រោយប្រធាន និងអនុប្រធាននិយាយគ្នាឲ្យត្រូវមុនសិនទៅ មុននឹងហៅពួកគេមក Sic។ ចំជាល្អមុខប្រធានមែន។

រឿងចម្លែកទីពីរ គឺប្រធានអង្គប្រជុំបានសរុបឯកភាព ទទួលយកការបំភ្លឺរបស់រដ្ឋមន្ត្រីរ៉ែ និងថាមពល ហើយក្នុងការឆ្លើយសំណួរអ្នកកាសែតគ្រាន់តែបន្ថែមថា សូមឲ្យក្រសួងរ៉ែហ្នឹងទាក់ទងជាមួយខាងសិង្ហបូរីរកវិធីតាមបច្ចេកទេស ធ្វើយ៉ាងណាកុំឲ្យការកត់ត្រាមានភាពខុសគ្នាខ្លាំងពេក។ ស្រាប់តែក្រោយមកមន្រ្តីគណបក្សប្រឆាំង រួមនិងប្រព័ន្ធព័ត៌មាន មាននិន្នាការប្រឆាំងបែរជាប្រកាសថា ការបំភ្លឺរបស់រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពលមិនអាចយកជាការបានទៅវិញ។ អ្នកខ្សឹបប្រាប់ចង់សួរ លោកប្រធានគណៈកម្មការទី១០ថា លោកយល់យ៉ាងណាដែរចំពោះករណីនេះ ព្រោះកិច្ចប្រជុំនេះលោកជាអ្នកដឹកនាំ ហើយថែមទាំងបានសរុប កិច្ចប្រជុំជូនអង្គប្រជុំទៀត៕

Fresh News
អាន​បន្ត ➤

អ្នកធ្វើអំពើអាក្រក់រមែងសោកសៅទាំងបច្ចុប្បន្ន និងអនាគត



ជាង ២៥០០ ឆ្នាំមកហើយ ដែលព្រះសម្មាសម្ពុទ្ធ បានសម្តែងធម៌ ទស្សនៈ ឬឱវាទ ដើម្បីជាគន្លឹះក្នុងការរស់នៅរបស់មនុស្ស សម្រាប់ឲ្យពួកគេគិតពិចារណា។ ក្នុងចំណោម ទស្សនៈជាច្រើនរបស់ព្រះអង្គ ក៏មានទស្សនៈមួយដែលទ្រង់បង្ហាញពីគ្រោះថ្នាក់នៅពេលដែលមនុស្សធ្វើអំពើអាក្រក់។ ព្រះពុទ្ធ មានបន្ទូលថា ប្រសិនបើបុគ្គលណាម្នាក់ធ្វើអំពើបាប បុគ្គលនោះនឹងសៅហ្មងទាំងបច្ចុប្បន្ន និងអនាគត ពោលគឺមិនអាចគេចផុតឡើយ ។

ព្រះសម្មាសម្ពុទ្ធ បានត្រាស់សម្តែងដល់មនុស្សទាំងឡាយយ៉ាងនេះថា ៖« អ្នកដែលធ្វើអំពើបាបកម្មរមែងសោកសៅ ក្នុងលោកទាំងពីរ ពោលគឺរមែងសោកសៅក្នុងលោកនេះផង និងសោកសៅក្នុងលោកខាងមុខផង គេរមែងសោកសៅក្ដៅក្រហល់ក្រហាយ ព្រោះឃើញអំពើដែលសៅហ្មងរបស់ខ្លួន ។ តែអ្នកដែលបានធ្វើអំពើល្អ រមែងត្រេកអររីករាយសប្បាយក្នុងលោកទាំងពីរ ពោលគឺរីករាយក្នុងលោកនេះផង រីករាយក្នុងលោកខាងមុខផង គេរមែងត្រេកអររីករាយសប្យាយ ព្រោះឃើញនូវអំពើដែលបរិសុទ្ធរបស់ខ្លួន» ។

ថ្មី​ៗ
អត្ថបទ : ថ្មីៗ
អាន​បន្ត ➤

បទវិភាគការពិត៖ បើ សម រង្ស៊ី ខ្លាំងមែន មិនឱនក្បាលចាប់ដៃជាមួយ កឹម សុខា ទេ !



(ភ្នំពេញ)៖ រយៈពេលជាងមួយសប្តាហ៍មកហើយ ដែលលោក សម រង្ស៊ី ខំរក្សាការផ្សាយលើ Facebook មួយដែលគាត់បង្ហោះតាំងពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៦ ឲ្យរក្សានៅលើគេបំផុត ដើម្បីទុកអួតអ្នកលេងហ្វេសបុក គួរឲ្យអស់សំណើច។

មុននឹងបង្ហាញថា ខ្លឹមសារបញ្ឆោតអារម្មណ៍នេះ វាឆ្លុះបញ្ចាំងនូវចំណុចអន់របស់លោក សម រង្ស៊ី យ៉ាងណានោះ ខ្ញុំសូមបង្ហាញចំណុចដែលគាត់សរសេរជាមុនសិន។ គាត់សរសេរថា៖ «សម រង្ស៊ី និង កឹម សុខា តំណាងឲ្យកិត្តិយស និងសេចក្តីសង្ឃឹម… ដាច់ខាត មិនចាញ់សម្លុតគេ និងមិនលក់ខ្លួនឲ្យគេ… អ្នកណាប៉ុនប៉ងបំបែក សម រង្ស៊ី និង កឹម សុខា គឺជាការយល់សប្តិ... »។

នៅពេលឃើញសារនេះ ខ្ញុំព្យាយាមគិតហើយគិតទៀត តែខ្ញុំរកនឹកមិនឃើញទាល់តែសោះ អំពីគុណតម្លៃរបស់ទណ្ឌិត សម រង្ស៊ី ដែលកំពុងរត់ចោលសមាជិកបក្សនោះ។ ខ្ញុំសូមលើកជាសំណួរ ដើម្បីជាមូលដ្ឋានពិចារណាលើភាពកំសាក និងការបំភ័ន្តរបស់លោក សម រង្ស៊ី ដូចតទៅ៖

ទី១៖ តើវាជាកិត្តិយសមែនឬ ដែលក្នុងជីវិតនយោបាយរបស់ សម រង្ស៊ី ជាង២ទសវត្សរ៍នេះ គឺបរាជ័យចាញ់ឆ្នោត៤អាណត្តិជាប់ៗគ្នា? តើមិនចេះខ្មាស់ប្រវត្តិសាស្ត្រទេឬ?

ទី២៖ តើវាជាកិត្តិយសមែនឬ ដែលក្លាយជាអ្នកទោស ដោយសារតែការបរិហារគេដោយខ្វះសីលធម៌នោះ? មិនចេះខ្មាសព្រហ្មលិខិតទេឬ?

ទី៣៖ តើជាកិត្តិយសមែនទេ ដែល សម រង្ស៊ី ក្លាយជាអ្នកនយោបាយបានត្រឹមដេកសរសេរហ្វេសបុក ក្នុងបន្ទប់នៅក្រៅប្រទេស ហើយមិនហ៊ានទាំងទៅចុះ ជួបជាមួយសកម្មជននៅក្នុង និងក្រៅប្រទេសផងនោះ?

ទី៤៖ តើវាពិតជាក្តីសង្ឃឹមមែនទេ ហើយតើឲ្យអ្នកនៅក្នុងគុកសង្ឃឹមជាមួយដោយរបៀបណា បើសូម្បីតែទោសខ្លួនឯងដោះស្រាយមិនរួចផងនោះ?

ទី៥៖ តើក្លាហានមិនចាញ់សម្លុតមែនឬ បើឮថាគុករត់លឿនជាង Internet 4G ទៅទៀតនោះ? (sic)

នៅត្រង់ចំណុចការរួបរួមគ្នាជាមួយលោក កឹម សុខា វិញ ខ្ញុំសូមគូសបញ្ជាក់ថា បើ សម រង្ស៊ី ខ្លាំងមែន គឺសម រង្ស៊ី មិនឱនក្បាលចាប់ដៃជាមួយ កឹម សុខា ទេ។ សូមចងចាំចំណុចនេះថា ការចាប់ដៃជាមួយ កឹម សុខា គឺមានន័យថា សម រង្ស៊ី ខ្សោយនិងអន់បាត់ទៅហើយ។

តើជាកិត្តិយសមែនទេ ដែលមនុស្សសំខាន់ៗផ្ទៃក្នុងបក្សដូចជាលោក គង់ គាំ, លោក ស៊ុន ឆ័យ, លោក យឹម សុវណ្ណ, លោក អេង ឆៃអ៊ាង ជាដើម ក៏ក្លាយជាមនុស្សអត់តម្លៃ និងគ្មានឱកាសបន្តវេនដឹកនាំបក្ស? តើជាកិត្តិយសមែនទេ ដែលបក្ស២៦អាសនៈ ឱនក្បាលឲ្យបក្ស៣អាសនៈដឹកនាំនោះ?

នៅទីនេះខ្ញុំមិននិយាយច្រើនអំពី កឹម សុខា ទេ ពីព្រោះ កឹម សុខា មានសារជាតិជាអ្នកនយោបាយឱកាសនិយម និងជាមនុស្សដែលគ្មានគោលការណ៍តែប៉ុណ្ណោះ។ គាត់មានសំណាងត្រឹមបានឈ្មោះជាអ្នកឌីតស្រីអស់លុយតិច ដោយសារតែចំហាយ៣អាសនៈ ទៅផ្គុំជាមួយ២៦អាសនៈប៉ុណ្ណោះ។

ពាក្យបុរាណនិយាយថា «សត្រូវក្លាយជាមិត្ត នៅពេលដែលទ័លចក្រ និងអស់សង្ឃឹម» ។ ពាក្យនេះជាមូលដ្ឋានដ៏ឡូហ្ស៊ីកសម្រាប់យកទៅពិនិត្យ ពិចារណាលើសារជាតិនៃមិត្តភាពរវាង សម រង្ស៊ី និង កឹម សុខា។ មនុស្សពីរនាក់នេះ គឺចេញពីឈាមពីរខុសគ្នា និងគោលដៅពីរខុសគ្នា។ សម រង្ស៊ី មានឈាមចេញគណបក្សហ៊្វុនស៊ិនប៉ិច ហើយ កឹម សុខា មានឈាមចេញពីគណបក្សលោកតា សឺន សាន ដែលរលាយបាត់ទៅហើយ។ មនុស្សពីរនាក់នេះ នឹងខាំគ្នានៅទីបំផុត។

ជាសារជាតិ សម រង្ស៊ី ជាមនុស្សមានសត្រូវពិត ហើយគាត់គ្មានមិត្តពិតទេ ពីព្រោះឈាមបានបណ្តុះគាត់មកបែបនេះ។ អ្នកណាៗក៏បានដឹងដែរថា លោក សម រង្ស៊ី មានឈាមជាកូន «ជនក្បត់ជាតិ»។ ពាក្យបុរាណក៏បាននិយាយដែរថា «អ្វីដែលពិបាកកែបាន គឺឈាម»។

លោក សម រង្ស៊ី កើតឆ្នាំ១៩៤៩ មកដល់សព្វថ្ងៃមានអាយុ៦៨ឆ្នាំ។ លោក សម រង្ស៊ី អាយុច្រើនគួរសម ប៉ុន្តែសារជាតិគាត់ គឺជា «មនុស្សខ្ពើមមនុស្ស»។ គាត់ធ្វើនយោបាយ ដើម្បីតែបុព្វហេតុ «សងគំនុំឈាមនិងផ្ទាល់ខ្លួនតែប៉ុណ្ណោះ»។ ដោយសារបុព្វហេតុនេះ មនុស្សមិនតិចទេ ទាំងកម្មករខ្លះ កសិករខ្លះសកម្មជន បក្សមួយចំនួនត្រូវគាត់បោកប្រាស់ ហើយទីបំផុតត្រូវជាប់គុកដោយសារ តែការក្លែងឯកសារជាតិនិងប្រព្រឹត្តិបទល្មើស។ នេះឬជាកិត្តិយស?

នៅពេលនេះ សម រង្ស៊ី មិនបានដឹកនាំបក្សសង្គ្រោះជាតិ១០០%ទេ ហើយភាពជាអ្នកដឹកនាំរបស់ សម រង្ស៊ី គឺស្ទើរតែបាត់បង់ទៅហើយ។ ដូច្នេះ អ្វីដែល សម រង្ស៊ី ខំនិយាយនេះ គឺដើម្បីបិទបាំងភាពកំសាក ភាពអាម៉ាស់ និងចំណុចខ្សោយនៃការដឹកនាំនៅក្នុងបក្សប្រឆាំងមួយនេះតែប៉ុណ្ណោះ។

សម រង្ស៊ី ក៏ដឹងច្បាស់អំពីការប្រេះស្រាំ និងជំងឺសតិអារម្មណ៍នៅថ្នាក់កណ្តាលគណបក្ស ដោយសារតែមនុស្សរបស់ កឹម សុខា កំពុងតែក្រសោបយកបក្សនេះ។ សម រង្ស៊ី ក៏ដឹងច្បាស់ដែរថា ផ្ទៃក្នុងបក្សកំពុងរៀបចំឲ្យគាត់ឈប់ពីឆាកនយោបាយ ដោយសារតែចាញ់ឆ្នោតជារៀងរហូតមក។ សម រង្ស៊ី ក៏ដឹងច្បាស់ដែរថា ពេលមាន «បក្សប្រហារ» កើតឡើង នោះគាត់នឹងត្រូវចប់ជីវិតនយោបាយ ហើយគាត់ក៏នឹងនៅជាទណ្ឌិត មានឈ្មោះជាអ្នកទោសរហូតដល់ថ្ងៃស្លាប់។

ទោះបីយ៉ាងណាក៏ដោយ ប្រទេសកម្ពុជានិងប្រជាជនកម្ពុជា គឺមិនអភ័ព្វហើយក៏មិនអាក្រក់ដូចការប្រមាថរបស់ សម រង្ស៊ី ជាបន្តបន្ទាប់មកនោះទេ ពីព្រោះកម្ពុជាមាន រាជរដ្ឋាភិបាលដ៏រឹងមាំដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ដែលនឹងបន្តរួមសុខរួមទុក្ខជាមួយគ្រប់កាលៈទេសនិងជារៀងរហូត៕

ដោយ៖ សេនាជាតិ

Fresh News
អាន​បន្ត ➤

សំឡេងប្រជាជន៖ គណបក្សសង្គ្រោះជាតិ យកលុយដែលជាញើសឈាម របស់ប្រជាជនទៅណាអស់ហើយ?



(ភ្នំពេញ)៖ នៅឆ្នាំ២០១៥ គណបក្សសង្គ្រោះជាតិ បានប្រកូកប្រកាសរៃអង្គាសលុយពីប្រជាជន សុំផង ប្រកាសលក់ភាគហ៊ុនផងដើម្បី ប្រមូលលុយតាមគ្រប់រូបភាព និងតាមគ្រប់មធ្យោបាយថា ដើម្បីយកទៅធ្វើទូរទស្សន៍។ ២ឆ្នាំបានកន្លងផុតទៅហើយ ! តើលុយដែលជា ញើសរបស់ឈាមប្រជាជន នៅទីណា? តើលុយ នៅសល់ប៉ុន្មាន? ហើយឯណាទូរទស្សន៍ដែលថា នឹងកើតក្នុងឆ្នាំ២០១៦?

តាមរយៈគម្រោងធ្វើទូរទស្សន៍នេះ ពិតជាអាចឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីអសមត្ថភាពរបស់លោក សម រង្ស៊ី ផងនិងភាពកំសោយរបស់ គណបក្សសង្គ្រោះជាតិផង។ ពូកែណាស់លើការរិះគន់កម្ទេច! តែដល់សាច់ការដែលជាការទទួលខុសត្រូវរបស់ខ្លួនឯងវិញ គឺមិនផេះទេ។

បើគ្រាន់តែទូរទស្សន៍មួយ ចាត់ចែងមិនច្បាស់លាស់ និងធ្វើមិនចេញជាសាច់ការអ្វីផង តើមានសមត្ថភាពអ្វី នឹងស្រមៃទៅដឹកនាំកិច្ចការ ប្រទេសជាតិរាប់ម៉ឺនជំពូក? សូមមេត្តាកុំយកលេសថា គេលើកយករឿងនេះមកវាយប្រហារ​ ប៉ុន្តែនេះវាបង្ហាញអំពីភាពអសមត្ថភាព របស់សង្គ្រោះជាតិ ដែលសូម្បីតែការចាត់ចែង ការងារតូចមួយសោះមិនកើតផងនោះ។

បក្សសង្គ្រោះជាតិ រួមទាំងទណ្ឌិត សម រង្ស៊ី និងលោក កឹម សុខា ផង គួរទទួលស្គាល់ថា ខ្លួនគ្មានសមត្ថភាពចាត់ចែង គ្មានធនធានមនុស្ស ហើយក៏ត្រូវតែហ៊ានបង្ហាញភាពខ្មាសអៀនក្នុងជីវិតជាចំហរថា ការងារទូរទស្សន៍តូចមួយនេះគឺបរាជ័យហើយ?

ប្រជាជនកម្ពុជា ក៏មានការវិនិច្ឆ័យរួចហើយដែរថា សមត្ថភាពនិងការដឹកនាំ គឺគេវាយតម្លៃលើលទ្ធផលជាក់ស្តែង មិនមែននៅលើលេស និងការសន្យាខ្យល់ និងការដោះសារនោះទេ។ តើមេដឹកនាំសង្គ្រោះជាតិ ជានិមិត្តរូបនៃមនុស្សបោកប្រាស់ និងចោលម្សៀតគ្មានបានការឬ?

សូមកុំភ្លេច! ដើម្បីកុំឲ្យមានកម្មពារវេរាឆ្លងទៅជាតិក្រោយ ហើយបើធ្វើទូរទស្សន៍មិនកើត ត្រូវតែសងលុយដែលជាញើសឈាម ឲ្យមកប្រជាជនវិញឲ្យគ្រប់ចំនួន៕

ដោយ៖ សេនាជាតិ

Fresh News
អាន​បន្ត ➤

ប្រធានាធិបតីមាត់ដាចរបស់ហ្វីលីពីន៖ ទស្សនកិច្ចប្រែកាយនៅកម្ពុជា !



(ភ្នំពេញ)៖ ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីហ្វីលីពីន រូឌ្រីហ្កូ ឌូតឺតេ (Rodrigo Duterte) បានធ្វើឲ្យមានការចាប់អារម្មណ៏ស្ទើរពេញប្រទេសកម្ពុជា ហើយក៏ធ្វើឲ្យកក្រើកសង្គមហ្វេសប៊ុកដែរ។ ប្រជាពលរដ្ឋខ្មែរជាច្រើនបានឮឈ្មោះប្រធានាធិបតីហ្វីលីពីនរូបនេះ តាមរយៈនិយាយភាសាមញ្ញ គឺ «មាត់ដាច» ទៅកាន់មេដឹកនាំល្បីៗពិភពលោកមួយចំនួន ជាពិសេសប្រធានាធិបតីអាមេរិក លោក Barack Obama ដែលជាមេសម្ព័នមិត្តដ៏ធំរបស់ហ្វីលីពីនខ្លួនឯង។

សម្រាប់ពលរដ្ឋកម្ពុជា លោក Duterte ហាក់ដូចជា គ្មានអ្វីសំខាន់សម្រាប់ពួកគាត់ឡើយ តែពួកគាត់ក៏ចង់ស្គាល់ និងចង់ឃើញមេដឹកនាំរូបនេះ ដោយសារតែគាត់ប្រើសង្រ្គាមប្រឆាំងគ្រឿងញៀនជាមួយពលរដ្ឋខ្លួនឯង សំដីគ្រោតគ្រាត និងស្លៀកសម្លៀកបំពាក់របៀបអ្នកជិះគោ។

ជាមួយកេរ្តិ៍ឈ្មោះល្អផង និងមិនសូវល្អផង លោក Duterte ទៅដល់ប្រទេសណាផ្អើលប្រទេសនោះ។ លោក Duterte បានធ្វើឲ្យកក្រើកពិភពការទូតម្តងកាលពីខែកញ្ញាកន្លងទៅនេះ, នោះគឺមុនពេលគាត់ចេញដំណើរពីប្រទេសហ្វីលីពីន ទៅកាន់ប្រទេសឡាវ ដើម្បីចូលរួមប្រជុំកំពូលអាស៊ាន និងដៃគូរពាក់ព័ន្ធបូកទាំងអាមេរិកផង។ ដោយសារតែសំណួររបស់អ្នកកាសែត លោក Duterte បានប្រតិកម្មដោយជេរលោក Obama ពីចម្ងាយធ្វើឲ្យ Obama ខ្ញាល់លែងនិយាយរក Duterte អស់ពីរថ្ងៃ និងពីរយប់នៅទីក្រុងវៀងច័ន្ទ។

* Duterte ប្រែរូប «ពីសត្រូវ មកជាមិត្ត»

កម្ពុជា និងហ្វីលីពីនធ្លាប់ប៉ះគ្នាមួយប្រាវ កាលពី៤ឆ្នាំមុន រហូតផ្អើលដល់ចិន និងអាមេរិក ហើយទីបំផុតកម្ពុជាបានរបូតឯកអគ្គរាជទូតមួយរបស់ខ្លួន ដើម្បីបង្ហាញ ជំហរឯករាជ្យ និងមិនរាថយជាមួយប្រទេសធំជាងខ្លួន «ពីរក្នុងពេលតែមួយ» នោះគឺ ហ្វីលីពីន និងវៀតណាម ដោយសារតែរឿងរបស់គេ (សមុទ្រចិនខាងត្បូង)។ ភ្លាមៗនោះដោយសារកម្ពុជាបានលេងនយោបាយ «ដូរសេះឈ្មោលដាក់សេះញី» ទៅកាន់ទីក្រុងម៉ានីល សភាពការតឹងតែងក៏ប្រែមកល្អវិញ បើទោះបីក្រោយមក មានពេលខ្លះ មើលមុខគ្នាមិនទាន់ចំម្តងម្កាលក៏ដោយ រហូតដល់រដ្ឋាភិបាលថ្មីរបស់លោក Duterte ចូលកាន់តំណែង ទើបទំនាក់ទំនងមិនត្រឹមតែប្រែដូចដើមវិញ តែរឹតតែល្អជាងមុន ហើយទស្សនកិច្ចរបស់លោក Duterte មកកាន់កម្ពុជាពេលនេះ បានប្រែរូប «លែងជាសត្រូវ តែបែរមកជាមិត្ត» ជិតស្និទ្ធជាងមុន។
រដ្ឋាភិបាលរបស់ហ្វីលីពីនដែលរឹងត្អឹងជាមួយកម្ពុជាពេលនោះ គឺជារដ្ឋាភិបាល Aquino ដែលចងសម្ព័ន្ធមិត្តជាមួយគណបក្សប្រជាធិបតេយ្យរបស់ Obama នៅអាមេរិក, របស់ Abhisit នៅប្រទេសថៃ និងគណបក្សសង្រ្គោះជាតិនៅកម្ពុជា។

* ហ្វីលីពីនអាចជាម៉ូយដុំដ៏ធំមួយរបស់ខ្មែរ តើហេតុអ្វីទៅ?

និយាយត្រង់ទៅ ហ្វីលីពីនមិនមែនជាប្រទេសអ្នកមានឡើយ ហើយពលរដ្ឋខ្មែរក៏មិនបានរំពឹងថា ហ្វីលីពីនដែលមានពលរដ្ឋខ្លួនជាង៥ពាន់នាក់កំពុងធ្វើការនៅកម្ពុជា នឹងអាចជួយខ្មែរបានអ្វីដែរ ប៉ុន្តែនៅក្នុងជំនួបជាមួយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន លោក Duterte បានសន្យាជួយកម្ពុជាបានតាមរយៈទេសចរ កសិកម្ម និងកីឡា។ ក្នុងខណៈដែលហ្វីលីពីនមានប្រជាពលរដ្ឋប្រមាណជា១០០លាននាក់ លោក Duterte បានប្រើភាសាថា «ពលរដ្ឋហ្វីលីពីនត្រូវតែមកមើល អង្គរវត្តឲ្យបានម្តងក្នុងមួយជីវិតរបស់ខ្លួន»។ ហ្វីលីពីនជាប្រទេសដើរទិញអង្ករពីគេ ដោយសារប្រទេសមួយនេះហ៊ុំព័ទ្ទដោយកោះរហូតដល់ទៅ៧,១០៧ ហើយផលិតផលសំខាន់របស់ខ្លួនមានតែបីមុខប៉ុណ្ណោះ៖ កសិកម្មផលិតបានតែ១១,២ភាគរយ, ឧស្សាហកម្ម៣១,៦ភាគរយ និងសេវាកម្ម ៥៧,២ភាគរយ។
ហ្វីលីពីនល្បីឈ្មោះជាប្រទេសដែលផ្តល់សេវាឲ្យគេ តាមរយៈពលរដ្ឋខ្លួនទៅធ្វើការនៅក្រៅប្រទេសរហូតដល់ទៅ៩លាននាក់ឯណោះ។ ក្នុងឆ្នាំ២០១៥កន្លងទៅនេះ ពលករហ្វីលីពីនដែលធ្វើការនៅក្រៅប្រទេស បានផ្ញើត្រឡប់មកស្រុកកំណើតខ្លួនវិញមានចំនួនជិត៣០ពាន់លានដុល្លា អាចធំជាងថវិការជាតិខ្មែរ ទាំងមូលប្រមាណជា៦ដង ។

* ប្រទេសហ្វីលីពីន ផលិតអង្ករបានតិច តែហូបច្រើន
ប្រជាជនហ្វីលីពីន ជាជនជាតិមួយដែលហូបបាយច្រើន (បីពេលពេញក្នុងមួយថ្ងៃ) ប៉ុន្តែមានចំណុចល្អមួយត្រង់មិនល្បីថា ហ្វីលីពីនមានអ្នកកើតជំងឺទឹកនោមផ្អែមច្រើនដូចម៉ាឡេស៊ីឡើយ។

* មុខរបស់លោក Duterte
មានភាពយន្តដ៏ល្បីមួយរបស់កូរ៉េខាងត្បូងរហូតដល់ជាប់ពាន់រង្វាន់ «Face Reader» ប្រែមកថា «អ្នកជំនាញខាងទស្សន៌ទាយទឹកមុខ»។ ខ្ញុំមិនចេះទាយ ហើយក៏មិនបានរៀនទាយតាមសាច់រឿងរបស់កូរ៉េនោះដែរ តែមហាជនទូទៅប្រហែលជាមើលឃើញដូចខ្ញុំដែរ នោះត្រង់ថា បើយើងសម្លឹងមើលមុខលោក Duterte មួយភ្លែត គាត់ដូចជាមនុស្សគំរោះគំរើយ ឬឫកឡូយ តែតាមពិតគាត់ជាមនុស្សសាមញ្ញ ចេះនិយាយលេង និងកំប្លុកកំប្លែងដើម្បីឲ្យអ្នកស្តាប់ចូលចិត្ត។

បើនិយាយដោយត្រង់កុំបញ្ចើចបញ្ចើ អ្នកថតរូបជាមួយលោក Duterte សប្បាយចិត្តបានថតរូបជាមួយមនុស្សល្បី តែអន់ចិត្តនឹងស្ទីលពាក់អាវរមូរដៃ និងប្រឡេះឡេវអាវលើរបស់គាត់។ តាមពិតទៅអាវដែលលោក Duterte ពាក់ ជាអាវមួយប្រភេទដែលភាសាហ្វីលីពីនហៅថា «បារ៉ុង» អាវនេះត្រូវបានហ្វីលីពីន កំណត់ថា អាចពាក់បានគ្រប់កម្មវិធីទាំងអស់ មានន័យថា ទាំងផ្លូវការ និងមិនផ្លូវការ ហើយតម្លៃរបស់វាអាស្រ័យទៅលើប្រភេទសាច់អាវ អាវខ្លះថ្លៃខ្ពស់កប់ពពក រហូតដល់៥០០ដុល្លាឯណោះ។

លោក Duterte ដឹកដៃស្តេចប្រដាល់ Pacquiao ដែលជាមិត្តភ័ក្រ្តនឹងគ្នាយូរមកហើយ ជាអ្នកស្រុកភូមិក្បែរគ្នាមកជាមួយ ចំប្រទេសដែលស្រលាញ់អ្នកប្រដាល់ ប៉ាកគីអាវ ទាំងនាយករដ្ដមន្រ្តី និងរាស្រ្តខ្មែរស្ទើរពេញមួយនគរ។ រយៈពេលពីរថ្ងៃនៅកម្ពុជា Duterte និង Pacquiao បានធ្វើទស្សនកិច្ច «មួយមានមុខពីរ» ។ មុខរបស់លោក Duterte រីកធំជាមួយរដ្ឋាភិបាល ចំណែកឯមុខ Pacquiao ក៏បានរីកធំជាមួយមហាជនខ្មែរ មិនថាអ្នកតូច អ្នកធំ កូនកាសែត សូម្បីមេកាសែតរដ្ឋមន្រ្តីក្រសួងព័ត៌មាន ខៀវ កាញារីទ្ធ ក៏សូមថតស៊ែលហ្វីជាមួយដែរ។ អ្នកទាំងពីរ (Duterte+ Pacquiao) មិនមែនជាសំណាបយោងដី ស្រីយោងប្រុសទេ តែជា «សំណាបយោងដី ដីយោងសំណាប»។

ក្នុងមួយឆ្នាំចុងក្រោយនេះ ប្រទេសកម្ពុជា ហាក់ដូចជាមានរាសីខ្ពស់ ដោយសារវិសាលភាពនៃទំនាក់ទំនងជាមួយប្រទេសនានា សុទ្ធតែនាំមកជាមួយនូវចំណុចវិជ្ជមាន។ កាលពីពីរខែមុន ប្រធានាធិបតីចិន Xi Jinping បានមកទស្សនកិច្ចនៅកម្ពុជា ចំថ្ងៃនិងស្នាក់នៅចំនួនថ្ងៃដូចគ្នា ១៣-១៤ បានសន្យាផ្តល់ជំនួយយ៉ាងសន្ធឹក ហើយពេលត្រឡប់ដល់ស្រុកវិញ លោករដ្ឋមន្រ្តីការបរទេសចិន Wang Yi បាននិយាយថា ទំនាក់ទំនងកម្ពុជាចិន «ជាទំនាក់ទំនងមិត្តភាពប៉ានដោយដែក = Iron-Clad Friendship» ៕

ដោយ៖ ពុយ គា អ្នកសារព័ត៌មាន

Fresh News
អាន​បន្ត ➤

វិភាគ៖ តើអ្វីនៅពីក្រោយសារគំរាមសម្លាប់លោក កឹម សុខា ក្រោយលោក ហ៊ុន សែន លើកលែងទោស?

លោក កឹម សុខា និងលោក ហ៊ុន សែន (FreshNews)

ការផ្ញើសារគំរាមសម្លាប់តាមបណ្តាញសង្គមទៅលើអ្នកវិភាគ មេដឹកនាំកំពូលៗ បានកើតឡើងជាបន្តបន្ទាប់ ក្រោយការបោះឆ្នោតឆ្នាំ២០១៣ មិនថាមេដឹកនាំបក្សកាន់អំណាចឬមេដឹកនាំបក្សប្រឆាំងទេ បើទោះបីសមត្ថកិច្ចបានចាត់វិធានការទៅលើមនុស្សមួយចំនួនក៏ដោយ។

ប៉ុន្តែអ្វីដែលជាការកត់សម្គាល់នោះ គឺវិធានការណ៍ច្បាប់បានធ្វើឡើងមិនស្មើភាពគ្នា រវាងអ្នកគំរាមសម្លាប់មន្ត្រីបក្សកាន់អំណាច និងអ្នកគំរាមសម្លាប់មន្ត្រីបក្សប្រឆាំង។

អ្នកផ្ញើសារគំរាមសម្លាប់មន្ត្រីបក្សកាន់អំណាច គេសង្កេតឃើញថា យ៉ាងយូរមួយសប្តាហ៍ ពួកគេត្រូវបាន សមត្ថកិច្ចចាប់ខ្លួនបាន រួចនាំខ្លួនមកបង្ហាញមុខនៅតុលាការ ដើម្បីកាត់ទោស ដូចជាចាប់ខ្លួនយុវជន ផង់ សីហា ដែលបានគំរាម អ្នកស្រាវជ្រាវព្រំដែនរបស់រដ្ឋាភិបាល លោកបណ្ឌិត សុខ ទូច ចាប់និស្សិត តៅ សាវឿន គំរាមរដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក ស ខេង និងចាប់យុវជន ម៉ាន់ សំអ៊ាន់ គំរាមលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាដើម។

ប៉ុន្តែមន្ត្រីនៅក្រសួងក្រសួងមហាផ្ទៃមួយរូប លោក ផែង វណ្ណៈ ដែលក្រសួងនេះធ្លាប់កោះហៅទៅសាកសួរពីការផ្ញើសារគំរាមសម្លាប់លោក កឹម សុខា ក្រោយការបោះឆ្នោតឆ្នាំ២០១៣នោះ មកដល់ពេលនេះ មន្ត្រីរដ្ឋាភិបាលនៅក្រសួងមហាផ្ទៃរូបនោះមិនត្រូវនាំខ្លួនមកផ្តន្ទាទោសទេ។

មួយវិញទៀត ក្រោយមានព្រឹត្តិការណ៍បាញ់សម្លាប់អ្នកវិភាគនយោបាយដ៏ល្បីឈ្មោះលោក កែម ឡី កាលពីពាក់កណ្តាលឆ្នាំ២០១៦នេះ គេសង្កេតឃើញអ្នកប្រើប្រាស់បណ្តាញសង្គមម្នាក់ទៀត បានផ្ញើសារគំរាមសម្លាប់អ្នកវិភាគនយោបាយ លោក អ៊ូ វីរៈ លោកបណ្ឌិត ឡៅ ម៉ុងហៃ ព្រះតេជគុណ ប៊ុត ប៊ុនតិញ រួមទាំងប្រធានស្តីទីលោក កឹម សុខា ផង តែមកដល់ពេលនេះ សមត្ថកិច្ចមិនទាន់បានចាប់អ្នកផ្ញើសារគំរាមសម្លាប់នោះមកផ្តន្ទាទោសនៅឡើយ។

ជាងនេះទៅទៀត អ្វីដែលកើតឡើងដដែលៗនោះ គឺក្រោយពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសលើកលែងទោស លោក កឹម សុខា កាលពីថ្ងៃទី២ធ្នូ ពីរថ្ងៃបន្ទាប់ ហ្វេសប៊ុកមួយដាក់ឈ្មោះថា ធី សុវណ្ណថា បានបង្ហោះសារគំរាមសម្លាប់លោក កឹម សុខា ដោយបានបង្ហាញអាវុធស្វ័យប្រវត្តចំនួនពីរដើម មានទាំងគ្រាប់ច្រើនបង់ផងដែរ ។

បើទោះបីមកដល់ពេលនេះ គេនៅមិនទាន់ដឹងថា សារគំរាមតាមលើបណ្តាញសង្គមនោះជារបស់ម្ចាស់ដើមពិត ឬមិនពិតក៏ដោយ (ធី សុវណ្ណថា) ក៏ដោយ ប៉ុន្តែអ្វីដែលគេសង្ស័យពីឯករាជ្យរបស់សមត្ថកិច្ចនោះ គឺក្រសួងពាក់ព័ន្ធរបស់រដ្ឋាភិបាលនូវមិនទាន់បង្ហាញជាសាធារណៈ នូវសញ្ញាណណាមួយឈានទៅបើកការស៊ើបអង្កេតដើម្បីស្វែងរកការពិត ចាប់អ្នកប្រព្រឹត្តិមកផ្តន្ទាទោស ដូចអ្នកដែលបានផ្ញើសារគំរាមមន្ត្រីបក្សកាន់អំណាចនៅឡើយទេ។

តើមានអ្វីនៅពីក្រោយការបន្តភាពស្ងាត់ស្ងៀម មិនចាត់វិធានការលើអ្នកគំរាមសម្លាប់លោក កឹម សុខា នេះ?

អ្នកវិភាគនិងអ្នកស្រាវជ្រាយពីការអភិវឌ្ឍសង្គមលើកឡើងថា ការគំរាមសម្លាប់មេបក្សប្រឆាំងជាថ្មីទៀតនេះ មានកត្តាសំខាន់៣ គឺប្រព័ន្ធយុត្តិធម៌មិនឯករាជ្យ ខ្វះឆន្ទៈនយោបាយ និងរូបភាពគំរាមមិនឲ្យមេបក្សប្រឆាំងចុះជួបពលរដ្ឋនៅថ្នាក់មូលដ្ឋាន។

អ្នកស្រាវជ្រាវពីការអនុវត្តសង្គម លោកបណ្ឌិត មាស នី លើកឡើងថា ការបែកធ្លាយពីទំនាក់ទំនងលើបណ្តាញសង្គមរបស់មេដឹកនាំកំពូលនិងសារគំរាមសម្លាប់លើមេដឹកនាំបក្សប្រឆាំង ហើយគ្មានសញ្ញាណាមួយបង្ហាញពីយន្តការស៊ើបអង្កេតរកការពិតនោះ លោកថាអាចពាក់ព័ន្ធភាពមិនឯករាជ្យរបស់អ្នកអនុវត្តច្បាប់។

លោកថា៖ «អានេះបើយើងនិយាយថា តុលាការឯករាជ្យគ្រប់គ្រាន់ ហើយក្រុមប្រឆាំងអំពើពុករលួយ នឹងចាត់វិធានការដូចនូវអ្វីដែលបានធ្វើមកលើលោក កឹម សុខា និងមន្ត្រីសិទ្ធិមនុស្ស ខ្ញុំថាអ្នកម្ចាស់អាខោនហ្នឹង បើសិនជារឿងហ្នឹងវាជារឿងពិត វាហាក់ដូចជាម្ចាស់អាខោនហ្នឹងកំពុងតែលេងល្បែងគ្រោះថ្នាក់បន្តទៀត»។

លោកបណ្ឌិត មាស នី វិភាគទៀតថា បើទោះបីជានៅពេលថ្មីៗនេះ អ្នកនយោបាយបក្សកាន់អំណាចនិងបក្សប្រឆាំង ងាកមកចាប់ដៃគ្នាឡើងវិញក៏ដោយ ប៉ុន្តែលោកថាសញ្ញាបង្រួបបង្រួមជាតិនូវតែមិនអាចឲ្យសាធារណជនជឿបាន បើសារគំរាមសម្លាប់មេដឹកនាំបក្សប្រឆាំងជាថ្មីនេះ មិនត្រូវបានអាជ្ញាធរស្វែងរកការពិត ដើម្បីយកអ្នកពាក់ព័ន្ធមកផ្តន្ទាទោសនោះ។

លោកថា៖ «មិនថាគំរាមគណបក្សប្រឆាំង មិនថាគំរាមបក្សកាន់អំណាចទេ ឲ្យតែអ្នកហ្នឹងឯងគំរាមកំហែងដល់អាយុជីវិតរបស់គេ គឺអ្នកហ្នឹងឯងត្រូវមានទោស ខ្ញុំគិតថាបើធ្វើករណីហ្នឹងមួយពីរទៅ វានឹងលែងមានរឿងហ្នឹងតទៅទៀតហើយ វានឹងលែងមានអ្នកណាចេះតែធ្វើតទៅទៀតហើយ។ រឿងសំខាន់នៅត្រង់ថា រដ្ឋាភិបាលចេះតែបណ្តោយឲ្យអាអំពើខុសច្បាប់នេះ ចេះតែនាំគ្នាធ្វើតទៅទៀត ដល់អញ្ចឹងទៅសង្គមហ្នឹងវាលែងរកស្អីមកទុកចិត្តបានហើយ វាអាស្រ័យទៅលើអ្នកមានអំណាចឬក៏អ្នកណាដែលចេះតែសម្លុតគេបានចេះតែសម្លុតបានទៅ រីឯអ្នកដែលមិនអាចនិយាយបាន គ្រាន់តែហាមាត់ត្រូវគេសម្លុតវិញអីអញ្ចឹង វាអត់មានអីស្មើភាពគ្នាទេ»។

លទ្ធផលបោះឆ្នោតអាណត្តិទី៥ ឆ្នាំ២០១៣ គណបក្សសង្គ្រោះជាតិទទួលបានសំឡេងគាំទ្រប្រហាក់ប្រហែលនឹងគណបក្សប្រជាជនកម្ពុជាដែរ ពោលគឺ៥៥ទល់នឹង៦៨ ក្នុងចំណោមអាសនៈសរុប១២៣ក្នុងសភា។

ក្រោយពីការធ្លាក់ចុះប្រជាប្រិយភាពរបស់គណបក្សកាន់អំណាចនេះ គេសង្កេតឃើញមានចរន្តពីរបានកើតឡើងស្របគ្នា។

ចរន្តទីមួយគឺការប្រកាសធ្វើកំណែទម្រង់របស់រដ្ឋាភិបាល និងចរន្តទី២គឺគេសង្កេតឃើញ តុលាការហាក់បង្កើតចំណាត់ការជាបន្តបន្ទាប់ទៅលើមន្ត្រីបក្សប្រឆាំង ដូចជាការចាប់ឃុំខ្លួនសកម្មជនបក្សប្រឆាំងជាង១០នាក់ ការព្យាយាមតាមចាប់លោក កឹម សុខា មិនបានសម្រេច និងការនិរទេសខ្លួនម្តងទៀតរបស់លោក សម រង្ស៊ី ដើម្បីគេចចេញពីការចាប់ខ្លួនជាដើម។

អ្នកឯកទេសវិទ្យាសាស្ត្រនយោបាយនិងអភិបាលកិច្ច លោកបណ្ឌិត ចាន់ វិបុល លើកឡើងថា ការដែលអាជ្ញាធរ ប្រើវិធានការច្បាប់អនុវត្តតែទៅលើអ្នកដែលមិនគាំទ្របក្សកាន់អំណាច ហើយទុកពេលឲ្យមនុស្សមួយចំនួនដែលប្រើសារគំរាមដូចគ្នា បន្តរស់នៅក្រៅសំណាច់ច្បាប់ លោកវិភាគថាអាចជាយុទ្ធសាស្ត្របង្កើតឱកាសឲ្យអ្នកទាំងនោះ បានវាយលុកទៅដៃគូប្រកួត ដើម្បីបានស្តាប្រជាប្រិយឡើងវិញ។

លោកថា៖ «យើងមើលគណបក្សមួយដែលគាត់កាន់អំណាចយូរឆ្នាំហើយ ហើយគាត់ទទួលប្រយោជន៍ពីការកាន់អំណាចហ្នឹងជាយូរមកហើយដែរ សម្រាប់ក្រុមបក្ខពួកគាត់ដែលមានលទ្ធភាពទទួលប្រយោជន៍ពីការប្រើប្រាស់។ អញ្ចឹងជាទូទៅនៅពេលដែលសង្គមមួយអ្នកកាន់អំណាច គាត់ខ្លាចបាត់បង់អំណាច អញ្ចឹងគាត់តែងតែព្យាយាមរកវិធីគ្រប់បែបយ៉ាង ដើម្បិកំចាត់ដៃគូណាដែលមានសក្តានុពល ដែលអាចមកដណ្តើមអំណាចពីគាត់វិញ។ អញ្ចឹងគឺគាត់រកវិធីសាស្ត្រគ្រប់បែបយ៉ាង ដើម្បីការពារ។ អញ្ចឹងដោយសារបញ្ហាហ្នឹងឯង បានជានាំឲ្យមានការគំរាមកំហែងបំបែកបំបាក់អ្នកនយោបាយផ្សេងទៀត ជាពិសេសគឺគណបក្សសង្គ្រោះជាតិហ្នឹងហើយ»។

លោកបណ្ឌិត ចាន់ វិបុល វិភាគទៀតថា សារគំរាមសម្លាប់លោក កឹម សុខា នេះអាចថាជាយុទ្ធសាស្ត្រនយោបាយដែរ ដើម្បីគំរាមលោក កឹម សុខា មេដឹកនាំគណបក្សសង្គ្រោះជាតិឲ្យកាត់បន្ថយការចុះជួបពលរដ្ឋនៅថ្នាក់មូលដ្ឋាន ដោយបារម្ភពីសុវត្ថិភាពផ្ទាល់ខ្លួន។

លោកថា៖ «ខ្ញុំគិតថាយុទ្ធសាស្ត្រនេះធ្វើម៉េចឲ្យមេដឹកនាំគណបក្សសង្គ្រោះជាតិនេះរវល់តែគិតពីសន្តិសុខផ្ទាល់ខ្លួននេះ ហើយក៏ភ្លេចគិតការចុះជួបជុំជាមួយសមាជិកគាត់ ដើម្បីបង្ហាញអំពីថា តើធ្វើម៉េចដើម្បីទទួលបានជ័យជម្នះនៅឆ្នាំ២០១៧និង២០១៨។ អញ្ចឹងយុទ្ធសាស្ត្រនេះ អាចជាការបង្វែងពីការឈ្នះ របស់គណបក្សសង្គ្រោះជាតិនេះ មកជាការគិតពីសុវត្ថិភាពផ្ទាល់ខ្លួនវិញ»។

ទោះជាយ៉ាងណា កាលពីថ្ងៃទី៨ខែធ្នូ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអំពាវនាវឲ្យឲ្យគ្រប់ភាគី ត្រូវបញ្ឈប់ការបង្កើតបញ្ហានានា ដោយលោកថាដើម្បីរួមគ្នាដោះស្រាយបញ្ហាជាតិ។

លោកថា៖ «យើងរងគ្រោះច្រើនណាស់ហើយ សោកនាដកម្មច្រើនណាស់ហើយ វាលើសពីការគ្រប់គ្រាន់របស់ប្រជាពលរដ្ឋរបស់យើង។ ដូច្នេះដើម្បីរួមគ្នារក្សាសន្តិភាព គ្មានសន្តិភាព មិនអាចអភិវឌ្ឍបានទេ កុំបង្កជម្លោះ កុំបង្កើតបញ្ហា ហើយខំបង្កើតការទាក់ទាញអ្នកវិនិយោគទន តាមរយៈនៃការសម្រួលទាំងឡាយ»។

បើតាមអ្នកវិភាគ ដោយសារបទពិសោធន៍កន្លងទៅ គណបក្សមួយចំនួនបានរំលាយខ្លួនឯងតាមយុទ្ធសាស្ត្របំបែកបំបាក់នេះ ពួកគេថាការលើកឡើងរបស់លោកនាយករដ្ឋមន្ត្រីនេះ ស្ថិតក្នុងមន្ទិលរបស់សាធារណជននៅឡើយថា តើជាឆន្ទៈពិតឬជាកលល្បិចនយោបាយ ដើម្បីបំបែកបំបាក់ដៃគូប្រកួត បើមនុស្សដែលស្និទនឹងបក្សកាន់អំណាចមួយចំនួនដែលផ្ញើសារគំរាមសម្លាប់អ្នកដទៃ ហើយពួកគេនៅតែបន្តរស់នៅក្រៅសំណាច់ច្បាប់នោះ៕

VOD
ដោយ លោក ញឹម សុខន​​
អាន​បន្ត ➤