ការផ្សាយ​ចុង​ក្រោយ
Showing posts with label អន្តរជាតិ. Show all posts
Showing posts with label អន្តរជាតិ. Show all posts

អុញនោះ! អតីត​អគ្គលេខាធិការ​ UN លោក បាន គីមូន​ មិនដឹងថា​សាច់ញាតិ​របស់ខ្លួន បានប្រព្រឹត្ត​អំពើ​ពុករលួយឡើយ!



(សេអ៊ូល)៖ អតីតអគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ លោក បាន គីមូន មិនបានដឹងហើយក៏​មិនបាន​ជាប់​ពាក់ព័ន្ធ​ដែរ​ជុំវិញការចោទ​ប្រកាន់របស់​ក្រុមរដ្ឋ​អាជ្ញាសហរដ្ឋ​អាមេរិកថា ប្អូនប្រុស និងក្មួយប្រុស​របស់​លោកបាន​ប្រព្រឹត្តអំពើ​ពុក​រលួយ​តាមរយៈការ​សូកប៉ាន់​មន្ត្រី​រដ្ឋាភិបាល​ម្នាក់មក​ពីតំបន់មជ្ឈិមបូព៌ា ឱ្យប្រើប្រាស់មូលនិធិ​រដ្ឋាភិបាល ដើម្បីទិញគំរោងអាគារនៅវៀតណាម។ នេះបើតាមអ្នកនាំពាក្យលោក បាន គីមូន ដែលដក ស្រង់សម្ដី ដោយសារព័ត៌មាន Channel News Asia នៅថ្ងៃពុធ ទី១១ ខែមករា ឆ្នាំ២០១៧។

ប្អូនប្រុសរបស់លោក បាន គីមូន គឺលោក បាន គីសាង (Ban Ki-sang) និងក្មួយប្រុសរបស់​លោក​ឈ្មោះ ជូ យ៉ុនបាន (Joo Hyun Bahn) ត្រូវបានក្រុមរដ្ឋអាជ្ញាអាមេរិកចោទ​ប្រកាន់ថា បានចូលរួមក្នុងអំពើពុករលួយ ជាមួយមន្ត្រីរដ្ឋាភិបាលម្នាក់​មកពីតំបន់​មជ្ឈិមបូព៌ាក្នុងក្របខ័ណ្ឌ​នៃការប៉ុនប៉ង​លក់អាគារ​របស់ខ្លួនមាន​តម្លៃជាង​ ៨០០លានដុល្លារ នៅក្នុងប្រទេសវៀតណាម។

គួរបញ្ជាក់ថាលោក បាន គីមូន បានកាន់​តំណែងជា​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ ពីឆ្នាំ២០០៧ ដល់ឆ្នាំ២០១៦ ហើយអ្នកបន្តវេនពីលោក គឺអតីតនាយករដ្ឋមន្ត្រី​ព័រទុយហ្កាល់ លោក អាន់តូនីញ៉ូ ហ្គូទែរ៉េស បានកាន់តំណែងនេះ​ជាផ្លូវការកាលពី​ថ្ងៃទី០១ ខែមករា កន្លងទៅ។ ជាងនេះទៅទៀតការចោទ​ប្រកាន់​ខាងលើ​ធ្វើឡើងនៅក្នុង​បរិបទ ដែលលោក បាន គីមូន ត្រូវបានគេជឿជាក់ថា អាចនឹងឈរឈ្មោះ​ជា​បេក្ខភាព​ប្រកួតប្រជែងយកតំណែងប្រធានាធិបតីកូរ៉េខាងត្បូង នៅអាណត្តិថ្មីក្នុងឆ្នាំ២០១៧​នេះ៕

Fresh News
អាន​បន្ត ➤

អ្នកជំនាញ៖ វិស័យទេសចរណ៍នៅអឺរ៉ុបធ្លាក់ចុះ​យ៉ាងធ្ងន់ធ្ងរ ដោយសារ​អំពើ​ភេរវកម្ម វិបត្តិ​ជនភៀសខ្លួន និងក្រុមជ្រុល​និយម!



(ហូឡង់)៖ ជម្លោះនៅ​ប្រទេស​ស៊ីរី, អំពើភេរវកម្ម, វិបត្តិ​ជនភៀស​ខ្លួន, និងការកើន​ឡើង​នៃភាពជ្រុលនិយម របស់ក្រុមអ្នកមាន និងអ្នកកាន់អំណាច​​កំពុង​ជះផលប៉ះពាល់​​យ៉ាងធ្ងន់ធ្ងរ​​ដល់វិស័យ​​ទេសចរណ៍​​នៅទ្វីបអឺរ៉ុប ​ក៏ដូចជា​ទី្វប​អាហ្រ្វិក​ខាងជើង​​ និងតំបន់​មជ្ឈិមបូព៌ា។ នេះបើតាម​សម្តីអ្នកជំនាញ​មួយរូប​មកពីវិទ្យាស្ថាន​ទេសចរអឺរ៉ុប​មួយហៅកាត់ថា ETFI ដែលចេញផ្សាយ​ដោយទីភ្នាក់ងារ​ព័ត៌មានចិន ស៊ិនហួរ នៅមុននេះ​បន្តិចនាព្រឹក​ថ្ងៃ​ពុធ ទី១១ ខែមករា ឆ្នាំ២០១៧។

«ជម្លោះដ៏រ៉ាំរ៉ៃ​នៅប្រទេសស៊ីរី​ដែលបានបណ្តាលឲ្យ​មានការហូរ​ចូលដ៏ច្រើន​លើសលប់​ នៃជនភៀសខ្លួន​, ការគំរាមកំហែង​នៃអំពើភេរវកម្ម, និង​ការ​កើន​ឡើង​​នៃ​របប​ជាតិនិយម​ក៏ដូចជាប្រជាជននិយម​នៅបណ្តា​ប្រទេស​លោក​ខាងលិច កំពុងតែជះឥទ្ធិពល​ក្នុងកម្រិត​យ៉ាងធ្ងន់ធ្ងរ​ដល់​វិស័យ​ទេសចរណ៍​នៅសហភាព​អឺរ៉ុប»។ នេះបើតាមអ្នកសិក្សាស្រាវជ្រាវ​នៃវិទ្យាស្ថាន ETFI លោក Peter Singleton ​បាន​ថ្លែង​ទៅ​​កាន់​​ប្រតិភូ​នា​ថ្ងៃ​ដំបូង​​នៃ​សិក្ខា​សាលា​​ស្តី​ពី​វិស័យ​​ទេសចរណ៍ ដែលប្រារព្ធឡើង​នៅទីក្រុង Utrecht នៃប្រទេសហូឡង់។

ប្រទេសមួយចំនួនបាន​រីករាយនឹង​ស្ថិរភាព​ភូមិសាស្រ្ត​នយោបាយ​ ទទួលបាន​ការកើនឡើង​នូវលំហូរ​នៃ​ភ្ញៀវទេសចរ​កាលពីឆ្នាំ២០១៦ ខណៈ​​​ប្រទេសផ្សេងៗ ដទៃទៀតបានជួបប្រទះ​នឹងការធ្លាក់ចុះ​ដោយផ្ទុយ​ពី​ការ​កើនឡើង​បួនភាគរយ​នៃវិស័យទេសចរណ៍​ពិភពលោក។ នេះបើតាម​តាមលោក Singleton ដែលជា​សាស្រ្តាចារ្យ​មួយរូប​ផងដែរ​​នៅឯសាកលវិទ្យាល័យ Stenden។ បន្ថែមពីនេះ​លោក Peter Singleton បាន​​គូសបញ្ជាក់​ថា «ស្ថិរភាពភូមិសាស្រ្ត​នយោបាយគឺជាកត្តា​ដ៏សំខាន់​បំផុតមួយ​​សម្រាប់វិស័យទេសចរណ៍» និងព្យាករណ៍​ថាទំនោរ​កាលពីឆ្នាំ​មុន​​នឹងទំនង​នៅតែបន្តដដែល​ក្នុងឆ្នាំ២០១៧នេះ។

គួរបញ្ជាក់ថាចំនួនភ្ញៀវទេសចរ​ដែលបានធ្វើដំណើរ​ទៅកាន់ប្រទេស​តួកគី​កាលពីឆ្នាំ​មុនបានធ្លាក់ចុះ ៣០ភាគរយ​​ដោយសារតែ​ការវាយប្រហារ​ដោយអំពើ​ភេរវកម្ម​ក្នុងទីក្រុង​អ៊ីស្តង់ប៊ុល និងអស្ថិរភាព​ដែលបង្ក​ឡើង​ដោយជម្លោះ​ក្នុងប្រទេសស៊ីរី​ដែលនៅក្បែរខាង ខណៈ​ប្រទេសបារាំង​ដែលបាន​ទទួល​ផលប៉ះពាល់​ដោយ​អំពើ​ភេរវកម្មនៅ​តាម​គោលដៅ​ទេសចរណ៍សំខាន់ៗ​មួយចំនួន​ដូចជាទីក្រុង​ប៉ារីស​​និងទីក្រុង Nice បានមើលឃើញ​វិស័យទេសចរណ៍ថយចុះ​បីភាគរយ ហើយវិស័យ​ទេសចរណ៍​​ប្រទេស​ក្រិក​​វិញ​ដែល​បាន​ប្រឈម​នឹង​​ការ​ហូរ​ចូល​​យ៉ាង​ខ្លាំង​ក្លា​​នៃ​ជន​ភៀស​​ខ្លួន​នៅ​​តាម​កោះ​ទេសចរល្បីៗបានធ្លាក់ចុះ​ ២៦ភាគរយ៕

Fresh News
អាន​បន្ត ➤

ឲ្យហេតុ! តៃវ៉ាន់បញ្ជូនយន្តហោះចម្បាំង និងកងទ័ព​ជើងទឹក ទៅតាមដាន​នាវាផ្ទុក​​យន្តហោះចម្បាំង​ដ៏ធំរបស់ចិន ដែលចល័ត​មកកាន់ច្រក​សមុទ្រតៃវ៉ាន់!



(តៃប៉ិ)៖ ភាពតានតឹងខ្លាំងរវាងតៃវ៉ាន់ និងចិនបានកក្រើកឡើងវិញនៅថ្ងៃពុធនេះ ខណៈដែលកងទ័ពជើងទឹក​និងកងយន្តហោះចម្បាំងនៃកោះតៃវ៉ាន់ បានទទួលបញ្ជាឲ្យ​ចេញប្រតិបត្តិការឃ្លាំមើល ក៏ព្រោះតែនាវាដឹក យន្តហោះចម្បាំងដ៏ធំរបស់ប្រទេសចិន បានចល័តទៅទិសខាងជើងឆ្លងកាត់តាម​ច្រកសមុទ្រនៃកោះតៃវ៉ាន់។ នេះបើតាម​សារព័ត៌មាន Channel News Asia ដកស្រង់ពីទីភ្នាក់ងារ Reuters នៅមុននេះបន្តិច​នាព្រឹក​ថ្ងៃពុធ ទី១១ ខែមករា ឆ្នាំ២០១៧។

ជុំវិញព័ត៌មាននេះ កន្លងមកភាគីចិនធ្លាប់បានអះអាងរួចមកហើយថា នាវាដឹកយន្តហោះចម្បាំង Liaoning បានត្រឡប់មកពីធ្វើសមយុទ្ធយោធា​នៅសមុទ្រចិនខាងត្បូង ហើយមិនបានធ្វើការឆ្លងចូលអធិបតេយ្យភាព​ដែនទឹករបស់កោះតៃវ៉ាន់នោះហើយ។ ប៉ុន្តែឆ្លើយតបនឹងបញ្ហានេះកោះតៃវ៉ាន់ បានសម្រេចបញ្ជូនកង​យន្តហោះចម្បាំង និងនាវាកងទ័ពជើង​ទៅឃ្លាំមើលសកម្មភាព​របស់នាវាចិន​នៅជិតខ្សែបន្ទាត់បែងចែកដែន​ទឹកដ៏ស្តួចស្តើង​រវាងចិន និងតៃវ៉ាន់។

អ្នកនាំពាក្យក្រសួងការពារជាតិកោះតៃវ៉ាន់ លោក Chen Chung-chi បានលើកឡើងជុំវិញបញ្ហាខាងលើនេះ​យ៉ាងដូច្នេះថា «យើងអាចក្តោបក្តាប់ស្ថានការណ៍​បានយ៉ាង​ពេញ​លេញ ចំពោះការវិវឌ្ឍន៍ចលនានេះ។ យើងបានបញ្ជូនកងនាវាចម្បាំង និងកងទ័ពជើងទឹកទៅធ្វើការតាមដាន​សកម្មភាពរបស់​នាវាចិននោះហើយ​»។ ប្រទេស​ចិនបាន​បញ្ជាក់​ជុំវិញ​បញ្ហានេះទៀតថា នាវា Liaoning បានចេញប្រតិបត្តិការសមយុទ្ធបាញ់​គ្រាប់ពិត ដើម្បីបង្កើនសមត្ថភាពនៅសមុទ្រចិនខាងត្បូង ហើយខ្លួនធ្វើនេះ​ទៅស្រប​ទៅតាមច្បាប់អន្តរជាតិ។

គួរបញ្ជាក់ថាលោក ត្សៃ អ៊ីងវិន ប្រធានាធិបតីកោះតៃវ៉ាន់ដែលមានទំនោរទាមទារឯករាជ្យភាពពីចិននោះ កំពុងតែធ្វើធ្វើទស្សនកិច្ចនៅបណ្តាប្រទេស នៃតំបន់អាមេរិក​កណ្តាល​មួយចំនួន ដែលជាសម្ព័ន្ធមិត្តកោះតៃវ៉ាន់ ហើយក្នុងនោះលោកស្រី​​ក៏បានឆ្លងកាត់​សហរដ្ឋអាមេរិក និងបានជួបពិភាក្សា​ជាមួយមន្ត្រី​អាមេរិកមួយចំនួន​ថែម​ទៀតផង ដែលជាហេតុធ្វើឲ្យ​ទីក្រុងប៉េកាំងក្តៅស្លឹកត្រចៀកយ៉ាងខ្លាំង៕

Fresh News
អាន​បន្ត ➤

រុស្ស៊ី​ថា​អាមេរិក​«​គ្មាន​ជំនាញ​ច្បាស់​លា​ស‍់​»​ដែល​ចោទ​រុស្ស៊ី​រឿង​ជ្រៀតជ្រែក​នៅក្នុង​ការបោះឆ្នោត



រដ្ឋាភិបាល​ក្រុង​ក្រឹម​ឡាំង​កំពុងតែ​ថ្កោលទោស​ការអះអាង​របស់​ក្រុម​ស៊ើប​ការសម្ងាត់​អាមេរិក​ថា គ្មាន​មូលដ្ឋាន​និង​គ្មាន​ជំនាញ​ច្បាស់លាស់ ចំពោះ​ការចោទប្រកាន់ថា​រុស្ស៊ី​ជ្រៀតជ្រែក​នៅក្នុង​ការបោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​អាមេរិក ដើម្បី​ជួយ​លោក ដូ​ណា​ល់ ត្រាំ ឲ្យ​ឈ្នះ​តំណែង​រយៈពេល​៤​ឆ្នាំ​ក្នុង​សេត​វិមាន​។​

​អ្នកនាំពាក្យ​របស់​រដ្ឋា​ភិ​បាល​ក្រុង​ក្រឹម​ឡាំង លោក Dmitry Peskov បាន​និយាយ​កាលពី​ថ្ងៃ​ច័ន្ទ​ថា​៖ «​ការចោទប្រកាន់​នេះ​គ្មាន​មូលដ្ឋាន​ច្បាស់លាស់ គ្មាន​ភស្តុតាង និង​ធ្វើឡើង​ដោយ​គ្មាន​ជំនាញ​ច្បាស់លាស់ ដែល​មិនមែនជា​ការងារ​វិជ្ជាជីវៈ​របស់​ទីភ្នាក់ងារ​សន្តិសុខ​លំដាប់​ពិភពលោក​ពិតប្រាកដ​នោះទេ​»​។​

​លោក​បាន​បន្ថែមទៀតថា​៖ «​យើង​នឿយហត់​ខ្លាំងណាស់​នឹង​ការចោទប្រកាន់​ទាំងនេះ​។ វា​ក្លាយទៅជា​ការ​តាម​ចាប់ខ្លួន​ពេញទំហឹង​ហើយ​»​។​​

​អត្ថាធិប្បាយ​របស់លោក​គឺជា​ការឆ្លើយតប​ដំបូងបង្អស់​របស់​រដ្ឋា​ភិ​បាល​ក្រុង​ក្រឹម​ឡាំង ចាប់តាំងពី​សហគមន៍​ស៊ើប​ការសម្ងាត់​អាមេរិក​បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ថា ខ្លួន​មាន «​ជំនឿ​ខ្ពស់​» ថា ប្រធានាធិបតី​រុស្ស៊ី លោក Vladimir Putin បាន​បញ្ជា​យុទ្ធនាការ​មួយ​ដោយ​ខ្លួនឯង ដើម្បី​បន្ថយ​តម្លៃ​របស់​ដំណើរការ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​ដោយ​លក្ខណៈ​ប្រជាធិបតេយ្យ​នៅក្នុង​សហរដ្ឋអាមេរិក​។​

​មន្ត្រី​សហរដ្ឋអាមេរិក​បាន​និយាយថា កិច្ចខិតខំ​ប្រឹងប្រែងរ​បស់​រុស្ស៊ី​គឺមាន​បំណង​កាត់បន្ថយ​ឱកាស​ទទួលបាន​ជ័យជម្នះ​របស់លោក​ស្រី Hillary Clinton ខាង​គណបក្ស​ប្រជាធិបតេយ្យ និង​ជួយ​លោក ត្រាំ ខាង​គណបក្ស​សាធារណរដ្ឋ​ឲ្យ​ទទួល​ជ័យជម្នះ​ជំនួស​វិញ​៕

ថ្មី​ៗ
អត្ថបទ : VOA
អាន​បន្ត ➤

រុស្ស៊ី​៖« ប្រមុខ​ការពារជាតិ​អាមេរិក​និយាយ​កុហក​រឿង​រុស្ស៊ី​ប្រឆាំង​ភេរវកម្ម​»



​រុស្ស៊ី​ទំនងជា​ក្តៅក្រហាយ​ខ្លាំង​នៅពេលដែល​ប្រមុខ​ការពារជាតិ​អាមេរិក​លោក Ashton Carter ចោទថា​ខ្លួន​មិនបាន​ធ្វើ​អ្វី​សោះ​ដើម្បី​កម្ចាត់​ក្រុម​ភេរវជន​នៅក្នុង​ទឹកដី​ស៊ី​រី ទោះ​បាន​ចូល​អន្តរាគមន៍​នៅ​ទីនោះ​ជាង​មួយឆ្នាំ​ក៏ដោយ​។ ឆ្លើយតប​ការចោទប្រកាន់​នេះ សមាជិកសភា Duma រុស្ស៊ី​ទិតៀន​រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក​វិញ ដោយ​អះអាងថា រដ្ឋមន្ត្រី​ម្នាក់នេះ​កំពុងនិយាយ​កុហក និង​បំភ្លៃ​ការពិត ហើយ​ទង្វើ​នេះ​កំពុង​ធ្វើ​ឲ្យ​បាត់បង់​កិត្តិយស​ស្ថាប័ន​ការពារជាតិ​អាមេរិក ។

សូម​ស្តាប់​ការបកស្រាយ​របស់លោក សៅ ផល​និស្ស័យ​៖


ទំនាក់ទំនង​រវាង​អាមេរិក​និង​រុស្ស៊ី​ធ្លាក់ចុះ​ដល់​កម្រិត​ទាប​បំផុត​មិន​ធ្លាប់មាន​ក្នុង​អាណត្តិ​ទី​ពីរ​នៃ​រដ្ឋបាល​លោក បា​រ៉ា​ក់ អូ​បា​ម៉ា​។ ថ្វីបើ​លោក អូ​បា​ម៉ា នៅសល់​ពេល​ប្រហែល​ជាង​មួយ​សប្តាហ៍​ក្នុង​តំណែង​ក៏ដោយ រដ្ឋបាល​នេះ​ឆ្លៀតឱកាស​វាយប្រហារ​រុស្ស៊ី​និង​បង្ក​ឲ្យ​ការប្រឈមមុខគ្នា​កើនឡើង​មួយកម្រិត​ទៀត​។​

​ការបន្ត​ចោទថា រដ្ឋាភិបាល​រុស្ស៊ី​បាន​ចូល​លូកលាន់​ក្នុងការ​បោះឆ្នោត​ជា​ប្រធានបទ​ក្តៅ និង​ចម្រូងចម្រាស​ជាងគេ​ក្នុង​បរិបទ​អាមេរិក ព្រោះ​អ្នកនយោបាយ​អាមេរិក​ហាក់​មិនទាន់ ឯកភាពគ្នា​នៅឡើយ​ទេ​លើ​របាយការណ៍​ចារកម្ម​កន្លងមក​។ ហើយ​ក្រៅពី​ចោទ​រុស្ស៊ី​រឿង​លូកលាន់​ការបោះឆ្នោត​ដែល​ជួយ​ឲ្យ ដូ​ណា​ល់ ត្រាំ ឈ្នះ​តំណែង​ប្រធានាធិបតី អាមេរិក​ចាប់ផ្តើម​រករឿង​រុស្ស៊ី​ក្នុង​បញ្ហា​ស៊ី​រី​ម្តង​។

​ក្នុង​បទសម្ភាសន៍ ជាមួយ​ទូរទស្សន៍ NBC ប្រមុខ​ការពារជាតិ​អាមេរិក​លោក Ashton Carter បាន​អួតថា អាមេរិក​និង​សម្ព័ន្ធមិត្ត​ប៉ុណ្ណោះ​ដែល​កម្ចាត់​ភេរវជន​នៅ​ស៊ី​រី ហើយ​លោក​ឆ្លៀត​វាយប្រហារ​រុស្ស៊ី​ចំៗ​ថា រុស្ស៊ី​ស្ទើរតែ​មិន​ធ្វើ​អ្វី​សោះ​ដើម្បី​ប្រយុទ្ធប្រឆាំង​ក្រុម​ភេរវជន​នៅ​ស៊ី​រី​។​

«​ពួកគេ មិនបាន​ជួយ​អ្វី​ឡើយ​។ រុស្ស៊ី​ចូលមក​ស៊ី​រី និង​និយាយថា ពួកគេ​នឹង​ប្រយុទ្ធ​ក្រុម​រដ្ឋ​ឥស្លាម និង​ជួយ​ដោះស្រាយ​ជម្លោះ​នៅ​ស៊ី​រី​។ ប៉ុន្តែ​ពួកគេ​មិនបាន​ធ្វើ​អ្វី​ទេ ហើយ​ជា​លទ្ធផល យើង​ត្រូវ​ប្រយុទ្ធ​នឹង​ក្រុម​រដ្ឋ​ឥស្លាម​តែម្នាក់ឯង​»​។ នេះ​ជាការ​លើកឡើង​របស់រ​ដ្ឋ​មន្ត្រី​ការពារជាតិ​អាមេរិក Ashton Carter​។

១.​ប្រមុខ​ការពារជាតិ​អាមេរិក​បំផ្លាញ​កិត្តិយស​ស្ថាប័ន​ខ្លួន​ដោយនិយាយ​បំភ្លៃ​
​តាំងពីដើម​មក សហរដ្ឋអាមេរិក​បាន​ចំណាយពេល​ទិតៀន​រុស្ស៊ី និង​ចោទថា​រុស្ស៊ី​នេះ​យក​លេស​ចូល​អន្តរាគមន៍​នៅ​ស៊ី​រី​នៅ​ចុងឆ្នាំ ២០១៥ ដើម្បី​ជួយ​គាំទ្រ​របប បា​សា អាល់​អាសាដ និង​សំពង​ក្រុម​ឧទ្ទាម​ស៊ី​រី​ដែល​ខ្លួន​គាំទ្រ​នោះដែរ​។​

​យ៉ាងណាក៏ដោយ ភ្លាមៗ​ក្រោយ​មន្ត្រី​ការពារជាតិ​អាមេរិក​ចោទប្រកាន់​ខ្លួន​ស្រស់ៗ​បែបនេះ រុស្ស៊ី​បាន​ឆ្លើយតប​វិញ​ដែរ​។ សមាជិកសភា​Duma របស់​រុស្ស៊ី Sergey Zheleznyak បាន​វាយបក​វិញ​ថា សម្តី​របស់លោក Ashton Carter គ្មាន​មូលដ្ឋាន​ត្រឹមត្រូវ​ឡើយ ហើយ​គ្រប់យ៉ាង​ដែល​មន្ត្រី​អាមេរិក​និយាយ​នោះ​សុទ្ធតែជា​រឿង​កុហក​។ សមាជិកសភា​រូបនេះ​ចម្អក​ឲ្យ​ថា ការនិយាយ​កុហក​បែបនេះ​មិន​ត្រឹមតែ​បន្ទាបបន្ថោក​ខ្លួនឯង​ទេ តែ​វា​ក៏​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ស្ថាប័ន​ជាតិ​អាមេរិក​ដែរ​។​

«​ខ្ញុំ​គិតថា វា​មិន​សម​ហេតុផល​អ្វី​សោះ​បើ​យើង​ផ្តោតអារម្មណ៍​លើ​អ្វីដែល​អ្នកនយោបាយ​អាមេរិក​ទាំងនោះ​និយាយ​។ ប៉ុន្តែ​តាមរយៈ​ពាក្យសម្តី​កុហក​ទាំងនេះ លោក Carter មិន​ត្រឹមតែ​ធ្វើ​ឲ្យ​ប៉ះពាល់​កិត្តិយស​ខ្លួនឯង​ជា​បុគ្គល​ប៉ុណ្ណោះ​ទេ វា​ក៏​ប៉ះពាល់​ដល់​កិ​តិ្ត​យស​ស្ថាប័ន​ខ្លួនឯង​ដែល​ទទួលខុសត្រូវ​ផ្តល់ព័ត៌មាន​ជាក់លាក់​ថា​អ្នកណា​ធ្វើ​អ្វីខ្លះ​នៅ​ស៊ី​រី​ដែរ​»​។

​ក្រៅពី​តបត​ការចោទប្រកាន់​គ្មាន​មូលដ្ឋាន សមាជិក​ភា​ខាងលើ​បាន ប្រាប់​អ្នក​សារព័ត៌​ថា លោក​សង្ឃឹមថា​មេដឹកនាំ​អាមេរិក​ថ្មី​នឹងមាន​ជំនាញ​និង​មាន​វិជ្ជាជីវៈ​ក្នុង​ការងារ​ដែល​វា​ជួយ​សម្រួល​ដល់​ការ​សហប្រតិបត្តិ​ការដោះស្រាយ​បញ្ហា​អន្តរជាតិ​ធំៗ​។ បើសិនជា​មន្ត្រី​អាមេរិក​នៅ​បន្តសកម្មភាព​បែបនេះ បញ្ហា​ប្រឈម​ទំនាក់ទំនង​អាមេរិក​និង​រុស្ស៊ី​នៅតែមាន ហើយ​ការដោះស្រាយ​បញ្ហា​ពិភពលោក​ក៏​មិនអាច​ធ្វើទៅ​រួច​ដែរ​។​

២.​អាមេរិក​ទំនង​ខឹង​ដែល​គេ​មិន​ហៅរក​ក្នុងការ​ដោះស្រាយ​ជម្លោះ​ស៊ី​រី​
​តាមពិតទៅ​ការ​លើកយក​រឿង​ប្រឆាំង​ភេរវកម្ម​នៅ​ស៊ី​រី​មក​ទម្លាក់កំហុស​លើ​រុស្ស៊ី​នៅពេលនេះ​មិនមែន​កើតឡើង​ដោយ​គ្មាន​ហេតុផល​ឡើយ​។ រដ្ឋបាល​អាមេរិក​បច្ចុប្បន្ន​ទំនង​ជា​អន់ចិត្ត​ខ្លាំង​ដែល​ខ្លួន​មិន​ត្រូវបាន​គេ​ហៅរក​ឡើយ​ក្នុងការ​ឈានទៅ​ដោះស្រាយ​បញ្ហា​ស៊ី​រី​។

​ការបង្កើត​បទ​ឈប់​បាញ់ និង​ការបង្កើត​កិច្ចព្រមព្រៀង​ជម្លៀស​ប្រជាជន​ចេញពី​ក្រុង Aleppo​កាលពី​ចុង​ឆ្នាំមុន​មិនមាន​អាមេរិក​ចូលរួម​ឡើយ​។ រុស្ស៊ី អ៊ីរ៉ង់ និង​តួ​ក​គី​ឯណោះ​ទេ​ដែលជា​តួអង្គ​សំខាន់ និង​ជា​អ្នក​ផ្តួចផ្តើម​ការចរចា​នយោបាយ​នៅពេល​ខាងមុខ​នៅ​ក្រុង Astana ផង​។​

​រដ្ឋបាល​លោក បា​រ៉ា​ក់ អូ​បា​ម៉ា ដែល​ជិត​ផុត​អាណត្តិ​មិន​ត្រឹមតែ​មិនអាច​បណ្តេញ​លោក បា​សា អាល់ អាសាដ ពី​តំណែង​ឡើយ តែ​លោក​ក៏​បាត់បង់​តួនាទី​ជា​អ្នក​ជួយ​ដោះស្រាយ​ជម្លោះ​ប្រដាប់អាវុធ​ស៊ី​រី​ដែរ​។ អាមេរិក​លែងមាន​ទឹក​មាត់ប្រៃ​ទៀតហើយ ក្នុងការ​ចូលរួម​ចរចា​បញ្ចប់សង្គ្រាម​ដែល​អូសបន្លាយ​រាប់​ឆ្នាំនេះ​។

​យ៉ាងណាមិញ ការ​លូកលាន់​ក្នុង​បញ្ហា​ស៊ី​រី​ប្រហែល​មិនមែនជា​រឿង​គួរ​ឲ្យ​ចាប់អារម្មណ៍​សម្រាប់ រដ្ឋបាល​ថ្មី​របស់លោក ដូ​ណា​ល់ ត្រាំ ឡើយ ប៉ុន្តែ​ការប្រឆាំង​ភេរវកម្ម​នៅ​ស៊ី​រី​ទំនងជា​នៅតែ​ជា​រឿង​អាទិភាព​សម្រាប់​ក្រុង​វ៉ាស៊ីនតោន​៕

ថ្មី​ៗ
អត្ថបទ : សៅ ផលនិស្ស័យ
អាន​បន្ត ➤

នាវាមុជទឹក​ចិន បង្ហាញ​វត្តមាន​លើកដំបូង​នៅ​ម៉ាឡេស៊ី



នាវាមុជទឹក​ចិន បានបង្ហាញ​វត្តមាន​ជា​លើកដំបូង​នៅក្នុង​ប្រទេស​ម៉ាឡេស៊ី​។ វត្តមាន​សព្វាវុធ​ធុន​ធ្ងន់​របស់​ចិន​នៅ​ប្រទេស​អាស៊ីអាគ្នេយ៍​មួយ​នេះ ស្រប​ពេលដែល​ទំនាក់ទំនង​ចិន​-​ម៉ាឡេស៊ី ហាក់ដូចជា​កំពុង​តែមាន​ភាព​ស្អិត​ល្មួ​ន​គ្នា ហើយ​ស្ថានភាព​សមុទ្រ​ចិន​ខាងត្បូង ក៏មាន​សភាព​ស្ងប់ស្ងាត់​បន្តិច​ដែរនោះ​។

ការិយាល័យ​ព័ត៌មាន​ក្រសួងការពារជាតិ​ចិន បាន​ទទួលស្គាល់ថា នាវាមុជទឹក​ចិន ពិតជា​បាន​ចូល​ចត​នៅ​ម៉ាឡេស៊ី​កាលពីពេល​ថ្មីៗ​នេះ​មែន ដែល​ការ​ចុះចត​នេះ ក៏​ជា​លើកដំបូង​ផងដែរ​របស់​នាវាមុជទឹក​ចិន​នៅ​ម៉ាឡេស៊ី​។ ការិយាល័យ​ដដែល​នោះ បាន​អះអាងថា ការចូល​ចត​នោះ គឺ​ដើម្បី​សម្រាក​ធម្មតា បន្ទាប់ពី​បានបញ្ចប់​បេសកម្ម​ទៅកាន់​សមុទ្រ Aden និង​សូ​ម៉ាលី​នោះ​។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​គេហទំព័រ​ក្រសួងការពារជាតិ​ចិន​នៅ​ថ្ងៃទី​៩ មករា​។

​តាមពិតទៅ​វត្តមាន​របស់​នាវាមុជទឹក​ចិន​នៅ​ម៉ាឡេស៊ី មិនមាន​បញ្ជាក់​នៅក្នុង​សេចក្តីប្រកាស​របស់​ក្រសួងការពារជាតិ​ចិន​ជាមុន​នោះទេ​។ ហើយ​វត្តមាន​នេះដែរ ត្រូវបាន​លេចចេញ​ឡើង​តាមរយៈ​រូបភាព​ដែល​ផ្សាយ​ចេញ​ដោយ​គណនី Twitter របស់​កង​នាវា​ជើង​ទឹក​ម៉ាឡេស៊ី​ពី​ដំណើរ​ទស្សនកិច្ច​របស់​កងទ័ព​ចិន​។ តាមរយៈ​គណនី Twitter ដែលមាន​ឈ្មោះថា Royal Malaysian Navy បាន​និយាយថា​នាវាមុជទឹក និង​នាវា​អមដំណើរ​របស់​ចិន​ដែលមាន​ឈ្មោះថា The CNS Chang Cheng និង The CNS Chang Xing Dao នៃ​កងទ័ព​រំដោះប្រជាជន​ចិន បាន​បំពេញ​ទស្សនកិច្ច​ការទូត​នៅ​ម៉ាឡេស៊ី​។​

​រូបភាព​នាវាមុជទឹក​ដែល​ផ្សាយ​តាម​គណនី Twitter នេះ ត្រូវបាន​កាសែត​អាមេរិក The Wall Street Journal ពណ៌នា​ថា ជាការ​ខិត​តែ​ស្និទ្ធ​នៃ​ឥទ្ធិពល​យោធា​ចិន​មកកាន់​តំបន់​អាស៊ីអាគ្នេយ៍ ខណៈ ទូរទស្សន៍​ឥណ្ឌា NDTV យល់ឃើញថា ជា​ក្តីបារម្ភ​មួយ​ដ៏​ធំ​សម្រាប់​កងទ័ពជើងទឹក​ឥណ្ឌា ដែលជា​អ្នក​ខាង​របស់​ចិន ដែល​កំពុងតែ​រឿងចម្រូងចម្រាស​គ្នា​តាម​ព្រំដែន​ស្រាប់​នោះ​។

​សូម​រម្លឹក​ផងដែរ​ថា នៅ​ខែវិច្ឆិកា​ឆ្នាំមុន នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី លោក​ណា​ជីប រ៉ា​ហ្សា​ក់ បាន​បំពេញ​ទស្សនកិច្ច​ទៅកាន់​ចិន តប​តាម​ការអញ្ជើញ​របស់​ស​ម​ភាគី​ចិន​លោកនាយក​រដ្ឋមន្ត្រី លី ឃឺ​ឈាង​។ តាមរយៈ​ដំណើរ​ទស្សនកិច្ច​នោះ ម៉ាឡេស៊ី និង​ចិន ក៏បាន​ព្រមព្រៀង​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ច្រើន​វិស័យ​ជាមួយគ្នា ដោយ​រាប់បញ្ចូល​ទាំង​វិស័យ​ការពារជាតិ​ផងដែរ​។ តែ​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​ដែលជា​បញ្ហា​ចម្រូងចម្រាស​នៃ​ប្រទេស​ទាំងពីរ​នោះ មិនត្រូវ​បាន​ជជែក​ក្នុង​ភាព​លក្ខណៈ​បើកចំហ​អ្វី​ឡើយ ពោលគឺ ម៉ាឡេស៊ី រក្សា​ជំហរ​ស្ងៀមស្ងាត់​ដដែល​៕

ថ្មី​ៗ
អត្ថបទ : ថ្មីៗ
អាន​បន្ត ➤

ជាមួយនឹង​ក្តីបារម្ភ​ខ្លាំង ចិន នឹង​តាមដាន​ផែនការ​ដែលថា​កូរ៉េខាងជើង​អាច​បាញ់​សាកល្បង​មី​ស៊ី​ល​ឆ្លង​ទ្វីប



​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង បានប្រកាសថា អាច​បាញ់​សាកល្បង​មី​ស៊ី​ល​ប៉ា​លី​ស្ទីក​ឆ្លង​ទ្វីប​គ្រប់​ពេលដែល​កូរ៉េខាងជើង​ចង់​ធ្វើ់ ដែល​ការប្រកាស​នេះ ក៏​មិន​បានធ្វើ​ឲ្យ​អាមេរិក​នៅ​ស្ងៀម​ឡើយ ដោយ​ក្រុង​វ៉ាស៊ីនតោន អះអាងថា​នឹង​បាញ់​មី​ស៊ី​ល​នោះ​ទម្លាក់ចោល​តែម្តង​។ ក៏ប៉ុន្តែ​ក្រុង​ប៉េកាំង មិនមាន​ចំណាត់ការ​អ្វី​ឡើយ ពោលគឺ ក្រុង​ប៉េកាំង បន្ត​ធ្វើជា​អ្នកតាមដាន​ស្ថានការណ៍ និង​ទទូច​ឲ្យ​ភាគី​រក្សា​ភាព​ស្ងៀមស្ងាត់​ប៉ុណ្ណោះ​។

អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន លោក Lu Kang នៅ​ថ្ងៃទី​៩ មករា បាន​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​ប្រចាំ​ថា ក្រុង​ប៉េកាំង បានដឹង​លឺ​ពី​ដំណឹង​ដែលថា កូរ៉េខាងជើង អាច​នឹង​បាញ់​សាកល្បង​មី​ស៊ី​ល​ធុន​ធ្ងន់​ជាថ្មី ហើយ ក្រុង​ប៉េកាំង ក៏​ពិតជា​បារម្ភ​ចំពោះ​ស្ថានភាព​នោះ​ផងដែរ​។ មិន​ខុសពី​ពេលមុនៗ ក្រុង​ប៉េកាំង បាន​បន្ត​ពណ៌នា​ស្ថានភាព​ឧបទ្វីប​កូរ៉េ​ថា​មាន​ភាពស្មុគស្មាញ និង​រសើប​។

​ជាងនេះទៅទៀត​នោះ តាមរយៈ​អ្នកនាំពាក្យ​ដដែល​នោះ ក្រុង​ប៉េកាំង ក៏បាន​ទទូច​ឲ្យ​ភាគី​ពាក់ព័ន្ធ​បញ្ឈប់​សកម្មភាព ឬ​ការ​ថ្លែង​សុន្ទរកថា​ដែល​ធ្វើ​ឲ្យ​ស្ថានភាព​កាន់តែ​ធ្ងន់ធ្ងរ​។ យ៉ាងណាក៏ដោយ ចិន មិនមាន​វិធានការ​អ្វី​ដើម្បី​តបត​ទៅនឹង​សកម្មភាព​កូរ៉េខាងជើង​ឡើយ ដោយ​គ្រាន់តែ​បញ្ជាក់ថា​៖«​ចិន នឹង​ចាំ​តាមដាន​ចំពោះ​ការអភិវឌ្ឍ​នៃ​ស្ថានភាព និង​បន្តការងារ​ដើម្បី​សន្តិភាព និង​ស្ថិរភាព​ក្នុង​តំបន់​»​។

​យោងតាម​សារព័ត៌មាន​កូរ៉េខាងត្បូង Yonhap អ្នកនាំពាក្យ​ក្រសួងការបរទេស​កូរ៉េខាងជើង​ដែល​មិន​បញ្ចេញ​ឈ្មោះ​ម្នាក់ បាន​និយាយថា ក្រុង​ព្យុងយ៉ាង បាន​អភិវឌ្ឍ​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​ស្តង់ដា​រួចហើយ​ដែរ​។ អ្នកនាំពាក្យ​នោះ បាន​បន្ទោស​អាមេរិក​ថា បាន​បន្តសកម្មភាព​បង្កហេតុ​មកលើ​ខ្លួន ហើយ​រឿងនេះ​ជា​មូល​ហេតុដែល​បង្ខំ​ខ្លួន​ឲ្យ​អភិវឌ្ឍ​អាវុធ​នោះ​។​

​អ្វី​គួរកត់សម្គាល់​នោះ ការប្រកាស​ខាងលើនេះ ធ្វើឡើង​ក្រោយពេល​មេដឹកនាំ​កំពូល គីម ជុង​អ៊ុន ប្រកាសថា កូរ៉េខាងជើង បាន​មកដល់​ដំណាក់កាល​ចុងក្រោយ​នៃ​ការរៀបចំ​សាកល្បង​មី​ស៊ី​ល​អន្តរទ្វីប (ICBM) ។ ប្រសិនបើ​សាកល្បង​ជោគជ័យ មី​ស៊ី​ល​អន្តរទ្វីប​នេះ មាន​សមត្ថភាព​បាញ់​ដល់​ទឹកដី​អាមេរិក ដែលមាន​ចម្ងាយ​ជាង​៩​ពាន់​គីឡូម៉ែត្រ​ពី​កូរ៉េខាងជើង​។ មី​ស៊ី​ល​ប្រភេទ​នេះ អាច​បាញ់​គោលដៅ​ក្នុង​រង្វង់​អ​ប្បរមា​៥​ពាន់​គីឡូម៉ែត្រ និង​អាច​បង្កើន​សមត្ថភាព​វាយប្រហារ​គោលដៅ​ចម្ងាយ​លើស​មួយ​ម៉ឺន​គីឡូម៉ែត្រ​ផងដែរ​។

​ដូច​សព្វមួយដង​អាមេរិក ដែលជា​អាណាព្យាបាល​សន្តិសុខ​រប​ស់ជ​ប៉ុន និង​កូរ៉េខាងត្បូង មិន​បណ្តែតបណ្តោយ​ឲ្យ​កូរ៉េខាងជើង ធ្វើតាម​ចិត្ត​ឡើយ​។ រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក Ashton Carter នៅ​ថ្ងៃទី​៨ មករា​កន្លងទៅ បាន​អះអាងថា អាមេរិក​នឹង​បាញ់​ទម្លាក់​មី​ស៊ី​ល​កូរ៉េខាងជើង​ដែល​ហោះ​សំដៅ​ទឹកដី​អាមេរិក​។ ក្នុង​កិច្ចសម្ភាសន៍​មួយ​ជាមួយ​សារព័ត៌មាន NBC ប្រមុខ​ការពារជាតិ​អាមេរិក​រូបនេះ​បញ្ជាក់ថា អាមេរិក នឹង​បាញ់​ទម្លាក់​មី​ស៊ី​ល​ដែល​បាញ់​ដោយ​កូរ៉េខាងជើង ក្នុងករណី​មី​ស៊ី​ល​នោះ បាញ់​តម្រង់​មកកាន់​អាមេរិក ឬ​ទឹកដី​របស់​សម្ព័ន្ធមិត្ត​អាមេរិក​។​

​លោក Carter សង្កត់ធ្ងន់ថា អាមេរិក​បាញ់​ទម្លាក់​មី​ស៊ី​ល​ណា​ដែល​ជាការ​គំរាម​សន្តិសុខ​អាមេរិក និង​សម្ព័ន្ធមិត្ត​ប៉ុណ្ណោះ​។ តែបើ​មី​ស៊ី​ល​កូរ៉េខាងជើង បាញ់​តម្រង់​ចូល​សមុទ្រ​នោះ ក្រុង​វ៉ាស៊ីនតោន នឹងមិន​បាញ់​ស្កាត់​អ្វី​ឡើយ​។ គេ​មិនទាន់​ដឹង​ទេ​ថា កូរ៉េខាងជើង នឹង​បាញ់​សាកល្បង​មី​ស៊ី​ល​របស់​ខ្លូន​នៅពេលណា​ឡើយ ប៉ុន្តែ​បើតាម​ព័ត៌មាន​លេច​ធ្លាយ​កន្លងមក កូរ៉េខាងជើង ទំនងជា​បាញ់​មី​ស៊ី​ល ពេល ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ស្បថ​ចូលកាន់​តំណែង​៕

ថ្មី​ៗ
អត្ថបទ : ថ្មីៗ
អាន​បន្ត ➤

ប៉ា​គី​ស្ថាន ទទួលជោគជ័យ​ក្នុងការ​បាញ់​មី​ស៊ី​ល​បំពាក់​ក្បាល​នុយក្លេអ៊ែរ​ពី​នាវាមុជទឹក​



យោធា​ប៉ា​គី​ស្ថាន នៅ​ថ្ងៃទី​៩ ខែមករា បានប្រកាសថា ខ្លួន​បាន​បាញ់​មី​ស៊ី​ល​បំពាក់​លើ​នាវាមុជទឹក​ដោយ​ជោគជ័យ ចេញពី​ទីតាំង​មិន​ស្គាល់​ភូមិសាស្ត្រ​ក្នុង​មហាសមុទ្រ​ឥណ្ឌា​។ មី​ស៊ី​ល​ប្រភេទ Babur-3 អាច​បាញ់​ចំ​គោលដៅ​ចម្ងាយ​៤៥០​គីឡូម៉ែត្រ និង​ថែមទាំង​មាន​សមត្ថភាព​បំពាក់​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​បាន​ទៀតផង​។ ជោគជ័យ​នេះ គឺជា​សញ្ញា​បង្ហាញ​ពី​ការកើនឡើង​សមត្ថភាព​សព្វាវុធ​រប​ស់​ប៉ា​គី​ស្ថាន ប្រឈមមុខ​នឹង​គូប្រជែង​ឥណ្ឌា​។

រដ្ឋ​អាស៊ី​ខាងត្បូង​ប៉ា​គី​ស្ថាន បាន​ឈាន​មួយ​ជំហាន​យ៉ាង​ធំ​ក្នុង​វិស័យ​ការពារជាតិ​របស់ខ្លួន ក្រោយ​ទទួលជោគជ័យ​ក្នុង​ការបាញ់​សាកល្បង​មី​ស៊ី​លបាញ់​ចេញពី​នាវាមុជទឹក (SLCM) ។ មី​ស៊ី​ល Babur-3 បាញ់​ចេញពី​ទីតាំង​ក្រោម​ទឹក​នៃ​មហាសមុទ្រ​ឥណ្ឌា និង​ចំ​គោលដៅ​យ៉ាង​ជាក់លាក់​។ យោធា​ប៉ា​គី​ស្ថាន​អះអាងថា ជោគជ័យ​នេះ នឹង​ជួយ​ជំរុញ​សមត្ថភាព​វាយបក​របស់​កងទ័ព​ប៉ា​គី​ស្ថាន ទល់នឹង​ការ​គំរាម​ពី​ខាងក្រៅ​។​

​សារព័ត៌មាន​ឥណ្ឌា Times of India ផ្សាយ​ថា នាយករដ្ឋមន្ត្រី​ប៉ា​គី​ស្ថាន Muhammad Nawaz Sharif បាន​សាទរ​ជោគជ័យ​នៃ​ការសាកល្បង​មី​ស៊ី​លបាញ់​ចេញ​នាវាមុជទឹក​ជា​លើកដំបូង​នេះ​។ តាមរយៈ​សេចក្ដីថ្លែងការណ៍​នៃ​ការិយាល័យ​នាយករដ្ឋមន្ត្រី លោក Nawaz Sharif និយាយថា ជោគជ័យ​នៃ​ការសាកល្បង​មី​ស៊ី​ល Babur-3 បានបង្ហាញ​ពី​ដំណើរការ​រីកចម្រើន​នៃ​បច្ចេកវិទ្យា​យោធា​របស់​ប៉ា​គី​ស្ថាន ក៏ដូចជា​ការពឹងផ្អែក​ខ្លួនឯង​ផងដែរ​។​

​ភ្លាមៗ​បន្ទាប់ពី​ការបាញ់​សាកល្បង​នេះ គេ​មិនទាន់​ឃើញ​មាន​សេចក្ដីថ្លែងការណ៍​ណាមួយ​ពី​សំណាក់​ឥណ្ឌា​ឡើយ​។ ឥណ្ឌា និង​ប៉ា​គី​ស្ថាន ដែលជា​អតីត​គូសត្រូវ​នឹង​គ្នា​អស់​ពេល​ជា​យូរ​មក នៅតែ​ប្រណាំងប្រជែង​ផ្នែក​សព្វាវុធ ក្នុង​គោលដៅ​ការពារជាតិ​រៀងៗ​ខ្លួន​។ អ្វី​គួរ​ឲ្យ​កត់សម្គាល់​នោះ មហាអំណាច​អាស៊ី​ខាងត្បូង​ទាំងពីរ​សុទ្ធ​តែមាន​អាវុធ​នុយក្លេអ៊ែរ​ដូចគ្នា​ដែរ​។ ហើយ​ការទទួល​ជោគជ័យ​នៅពេលនេះ ពិតជា​ធ្វើ​ឲ្យ​ឥណ្ឌា​ព្រួយបារម្ភ​មិន​ខាន​។​

​សូម​រម្លឹកថា ឥណ្ឌា និង​ប៉ា​គី​ស្ថាន ធ្លាប់​ប្រឡូក​ក្នុង​សង្គ្រាម​ជាមួយគ្នា​ចំនួន​បី​លើក​ចាប់តាំងពី​ការទទួល​ឯករាជ្យ​ពី​អង់គ្លេស​ក្នុង​ឆ្នាំ​១៩៤៧ មក​។ ចាប់ពីពេលនោះ​មក ទាំង​ក្រុង​ញូវដែលី ទាំង​ក្រុង​អ៊ី​ស្លា​ម៉ា​បាដ សុទ្ធតែ​ប្រឹង​អភិវឌ្ឍ​សព្វាវុធ​របស់ខ្លួន ជាពិសេស​មី​ស៊ី​ល​ទាំង​សម្រាប់​បាញ់​លើគោក និង​សម្រាប់​បាញ់​ចេញពី​នាវាមុជទឹក​ជាដើម រហូតមកដល់​ទល់​ឆ្នាំ​១៩៩៨ ដែល​ប្រទេស​ទាំងពីរ មានឈ្មោះ​ជា​មហាអំណាច​នុយក្លេអ៊ែរ​។​

​សព្វថ្ងៃ ឥណ្ឌា និង​ប៉ា​គី​ស្ថាន នៅតែ​ប្រឈមមុខ​ផ្នែក​យោធា​នៅឡើយ ជាពិសេស​បញ្ហា​ទឹកដី​នៅ​កា​ស្មៀ ដែល​បែងចែក​មិនទាន់​ដាច់​តាំងពី​អង់គ្លេស​ចាកចេញ​មក​នោះ​។ ជានិច្ចកាល កងទ័ព​ប្រទេស​ទាំងពីរ​តែង​ប៉ះទង្គិច​គ្នា​នៅតាម​បណ្ដោយ​ព្រំដែន​ក្នុង​តំបន់​មួយ​នេះ និង​បណ្ដាល​ឲ្យ​មនុស្ស​ជាច្រើន​ស្លាប់បាត់​បង់ជីវិត​ទៀតផង​៕

ថ្មី​ៗ
អត្ថបទ : តន ចាន់​រិ​ទ្ធា​រ៉ា
អាន​បន្ត ➤

ប៉ា​ឡេ​ស្ទី​ន​ទទូច​សុំ ដូ​ណា​ល់ ត្រាំ កុំ​ប្តូរ​ស្ថានទូត​អាមេរិក​ទៅ​ហ្ស៊េ​រុយ​សា​ឡិ​ម​



ប្រធានាធិបតី​ប៉ា​ឡេ​ស្ទី​ន Mahmoud Abbas ទទូច​សុំ​ឲ្យ​ប្រធានាធិបតី​អាមេរិក​ថ្មី ដូ​ណា​ល់ ត្រាំ កុំ​ប្តូរ​ទីតាំង​ស្ថានទូត​អាមេរិក​ពី​ក្រុង Tel Aviv ទៅកាន់​ទីក្រុង​ហ្ស៊េ​រុយ​សា​ឡិ​ម​។ កន្លងមក​លោក​ដូ​ណា​ល់ ត្រាំ បានបញ្ជាក់​ម្តង​ហើយ​ម្តង​ទៀតថា លោក​នឹង​ប្តូរ​ទីតាំង​ស្ថានទូត​និង​ទទួលស្គាល់​ក្រុង​ហ្ស៊េ​រុយ​សា​ឡិ​ម​ទាំងមូល​ជា​របស់​អ៊ីស្រាអែល​។​

នៅសល់​ប៉ុន្មាន​ថ្ងៃ​ទៀត​ប៉ុណ្ណោះ​លោក ដូ​ណា​ល់ ត្រាំ នឹង​ស្បថ​ចូលកាន់​តំណែង​ជា​ផ្លូវការ​ជា​ប្រ​ធនា​ធិបតី​ទី ៤៥​អាមេរិក​។ វត្តមាន​របស់លោក​នៅ​សេត​វិមាន​ក្លាយជា​ក្តីកង្វល់​របស់​ប្រជាជន​ប៉ា​ឡេ​ស្ទី​ន ព្រោះ​លោក​អាច​នឹងធ្វើ​រឿងចម្រូងចម្រាស​ច្រើន​ពាក់ព័ន្ធ​បញ្ហា​អ៊ីស្រាអែល​និង​ប៉ា​ឡេ​ស្ទី​ន​។ ក្នុងចំណោម​នោះ​មានការ​ប្តូរ​ទីតាំង​ស្ថានទូត​ទៅកាន់​ភាគ​ខាងកើត​ក្រុង​ហ្ស៊េ​រុយ​សា​ឡិ​ម​។​

​ដោយសារ​ព្រួយបារម្ភ​ខ្លាំង ប្រធានាធិបតី​ប៉ា​ឡេ​ស្ទី​ន​លោក Mahmoud Abbas បាន​ដាច់ចិត្ត​សរសេរ​លិខិត​មួយច្បាប់​ទទូច​សុំ​ឲ្យ​លោក ដូ​ណា​ល់ ត្រាំ បញ្ឈប់​បំណង​ប្តូរ​ទីតាំង​ស្ថានទូត​ទៅកាន់​ក្រុង​ហ្ស៊េ​រុយ​សា​ឡិ​ម​នៅពេល​ខាងមុខ​ដែរ​។​

​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន​ប៉ា​ឡេ​ស្ទី​ន Wafa លោក Mahmoud Abbas បាន​ផ្ញើលិខិត​ទៅ​លោក ដូ​ណា​ល់ ត្រាំ ហើយ​លោក​បាន​ឆ្លៀត​ព្រមាន​ថា ការ​ឈានទៅ​ប្តូរ​ទីតាំង​ស្ថាន​ទត​នោះ​នឹងមាន​ផល​អាក្រក់​និង​គ្រោះថ្នាក់​ខ្លាំង​។ វា​បំផ្លាញ​ដំណោះស្រាយ​រដ្ឋ​ពីរ និង​រារាំង​ដំណើរ​ការកសាង​សន្តិភាព​, សន្តិសុខ និង​ស្ថិរភាព​នៅក្នុង​តំបន់​ផង​។​

​ក្រៅពី​បញ្ជូន​លិខិត​ទៅ​លោក ដូ​ណា​ល់ ត្រាំ លោក Mahmoud Abbas ក៏បាន​ផ្ញើលិខិត​ទៅកាន់​មេដឹកនាំ​រុស្ស៊ី​, ចិន និង​សហភាព​អឺរ៉ុប​ផងដែរ​ដោយ​លោក​អំពាវនាវ​ឲ្យ​មេដឹកនាំ​ពិភពលោក​ទាំងនោះ​រារាំង​អាមេរិក​កុំ​ឲ្យ​ប្តូរ​ទីតាំង​ស្ថានទូត​នេះ​។

​សូមបញ្ជាក់​បន្តិច​ថា ក្រៅពី​ភាព​ពិសិដ្ឋ ហ្ស៊េ​រុយ​សា​ឡិ​ម​ជាទី​ក្រុង​មួយ​ដ៏​ចម្រូងចម្រាស​ដែល​គេ​មិនទាន់​កំណត់​ដាច់ស្រេច​ថា​ជា​របស់​ភាគី​ណា ទោះជា​វា​ស្ថិតក្រោម​ការកាន់កាប់រ​បស់​អ៊ីស្រាអែល​ក៏ដោយ​។ ហើយ​វា​ក៏​ជា​ចំណុច​ស្នូល​នៃ​ការចរចា​សន្តិភាពរ​វា​ង​អ៊ីស្រាអែល​និង​ប៉ា​ឡេ​ស្ទី​ន​ដែរ​។

​តាមពិតទៅ អ៊ីស្រាអែល បាន​វាយ​ដណ្តើម​កាន់កាប់​តំបន់​នៅ​ភាគ​ខាងកើត​ហ្ស៊េ​រុយ​សា​ឡិ​ម​នៅក្នុង​សង្គ្រាម ៦​ថ្ងៃ រវាង​អារ៉ាប់​-​អ៊ីស្រាអែល​នៅក្នុង​ឆ្នាំ ១៩៦៧​។ ហើយ​អាជ្ញាធរ​អ៊ីស្រាអែល​ក៏បាន​ភ្ជាប់​ទឹកដី​នេះ​និង​ដាក់បញ្ចូល​ក្នុង​ឧបសម្ព័ន្ធ​របស់ខ្លួន​ដោយ​បង្រួបបង្រួម​ទីក្រុង​ហ្ស៊េ​រុយ​សា​ឡិ​ម​ទាំងមូល​ជា​ផ្លូវការ​ក្នុង​ឆ្នាំ ១៩៨០ តែម្តង​។ ចាប់ពីពេលនោះ​មក ទឹកដី ហ្ស៊េ​រុយ​សា​ឡិ​ម​ស្ថិតក្រោម​ការកាន់កាប់រ​បស់​អ៊ីស្រាអែល​។

​ប៉ុន្តែ​ទោះជា​បែបនេះ​ក្តី សហរដ្ឋអាមេរិក និង​សមាជិក​ភាគច្រើន​នៃ​អង្គការសហប្រជាជាតិ​មិនបាន​ទទួលស្គាល់​សកម្ម​ភាព​របស់​អ៊ីស្រាអែល​នៅ​ក្រុង​ហ្ស៊េ​រុយ​សា​ឡិ​ម​ឡើយ​។ គេ​ចាត់ទុកថា​ការកំណត់​លក្ខន្តិក​នៃ​ទឹកដី​ហ្ស៊េ​រុយ​សា​ឡិ​ម​ជា​ចំណុច​ស្នូល​មួយ​ក្នុងការ​ដោះស្រាយ​ជម្លោះ​រវាង​អ៊ីស្រាអែល​ជាមួយ​ប៉ា​ឡេ​ស្ទី​ន​ផង​។​

​មិនមាន​ប្រទេស​ណា​ដាក់​ស្ថានទូត​នៅ​ក្រុង​ហ្ស៊េ​រុយ​សា​ឡិ​ម​ឡើយ ដោយសារតែ​គេ​មិនទាន់​កំណត់​ដាច់ស្រេច​ពី​អ្នកមាន​សិទ្ធិ​កាន់កាប់​។ គេ​ដាក់​ស្ថានទូត​នៅ​នៅ​ទីក្រុង Tel Aviv តែ​អាមេរិក​និង​ប្រទេស​ជាច្រើន​ផ្សេងទៀត​នៅ​ដាក់​ស្ថាន​កុងស៊ុល​នៅ​ក្រុង​ហ្ស៊េ​រុយ​សា​ឡិ​ម​វិញ​។

​ត្រឡប់មកវិញ នៅ​អាមេរិក សមាជិកសភា​ច្រើន​ដែរ​ដែល​បានបង្ហាញ​ការគាំទ្រ​ចំពោះ​ការផ្លាស់ប្តូរ​ស្ថានទូត​ពី​ទីក្រុង Tel Aviv ទៅ​ហ្ស៊េ​រុយ​សា​ឡិ​ម ដោយ​ទទួលស្គាល់​ហ្ស៊េ​រុយ​សា​ឡិ​ម​ជា​ផ្នែក​មួយ​របស់​អ៊ីស្រាអែល​។ ដូច​ឃើញស្រាប់​នៅ​ឆ្នាំ ១៩៩៥ សភា​អាមេរិក​បាន​បោះឆ្នោត​អនុម័ត​ច្បាប់​មួយ​ដែល​ទទួលស្គាល់​ទីក្រុង​ហ្ស៊េ​រុយ​សា​ឡិ​ម​ជា​រដ្ឋធានី​អ៊ីស្រាអែល​ជា​ផ្លូវការ និង​ឧបត្ថម្ភ​ថវិកា​សម្រាប់​ការប្តូរ​ទីតាំង​ស្ថានទូត​ពី​ទីក្រុង Tel Aviv ទៅកាន់​ទីក្រុង​ហ្ស៊េ​រុយ​សា​ឡិ​ម​វិញ​។​

​ប៉ុន្តែ​តាំងពី​ពេល​នោះមក ទាំង​ប្រធានាធិបតី​បក្ស​សាធារណរដ្ឋ និង​ប្រជាធិបតេយ្យ​មិនបាន​អនុវត្ត​ច្បាប់​នេះឡើយ ដោយសារ​វា​រំលោភ​លើ​អំណាច​ប្រតិបត្តិ​ពាក់ព័ន្ធ​ការអនុវត្ត​គោលនយោបាយ​ការបរទេស​។ លោក បា​រ៉ា​ក់ អូ​បា​ម៉ា ដែលជា​អ្នកនយោបាយ​ម្នាក់​ដែល​ខ្វាយខ្វល់​ខ្លាំង​រឿង​ដោះស្រាយ​បញ្ហា​អ៊ីស្រាអែល​និង​ប៉ា​ឡេ​ស្ទី​ន​ដោយ​ជំរុញ​ឲ្យ​មានការ​អនុវត្ត​ដំណោះស្រាយ​រដ្ឋ​ពីរ (Two State Solution) បដិសេធ​ដាច់ខាត​ចុះហត្ថលេខា​លើ​ច្បាប់​នេះ​។​

​ទោះជា​យ៉ាងណា​ក៍ដោយ នៅ​ថ្ងៃ​អង្គារ​ទី​១០ មករា​នេះ បណ្តា​សមាជិកសភា​បក្ស​សាធារណរដ្ឋ​មួយចំនួន​មាន​លោក Ted Cruz, លោក Marco Rubio និង​លោក Dean Heller បានបង្ហាញ​ការគាំទ្រ​ការអនុម័ត​ច្បាប់​ខាងលើ ពេល​ពួកគេ​ស្បថ​ចូលកាន់​តំណែង​សមាជិក​ព្រឹទ្ធសភា​។ ដូច​បានបញ្ជាក់​ខាងលើ វា​មិនមែនជា​រឿង​ថ្មី​ឡើយ ព្រោះ​ក្រុម​សមាជិកសភា​បក្ស​សាធារណរដ្ឋ​ធ្លាប់ធ្វើ​បែបនេះ​ច្រើនដង​ហើយ​កន្លងមក​។ ប៉ុន្តែ​អ្វីដែល​សំខាន់​លើក​នេះ ប្រធានាធិបតី​អាមេរិក គាំទ្រ គម្រោង​ប្តូរ​ទីតាំង​ស្ថានទូត​នៅ​អ៊ីស្រាអែល​នេះ​៕

ថ្មី​ៗ
អត្ថបទ : សៅ ផលនិស្ស័យ
អាន​បន្ត ➤

លោក Kerry សុំ​អភ័យទោស​ចំពោះ​ការរើសអើង​របស់​ក្រសួងការបរទេស​ទៅលើ​មនុស្ស​ស្រឡាញ់​ភេទ​ដូចគ្នា​កាលពី​អតីតកាល



រដ្ឋមន្ត្រី​ក្រសួងការបរទេស​អាមេរិក លោក John Kerry បានធ្វើ​ការសុំ​អភ័យទោស​តាំង​នាម​ឲ្យ​ក្រសួងការបរទេស​អាមេរិក ចំពោះ​ការរើសអើង​របស់​ទីភ្នាក់ងារ​នេះ​ទៅលើ​បុគ្គលិក​ដែល​ស្រឡាញ់​ភេទ​ដូចគ្នា​។​

នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​កាលពី​ថ្ងៃ​ចន្ទ លោក Kerry បាន​ថ្លែងថា​៖ «​កាលពីមុន ខ្ទង់​ទសវត្សរ៍ ១៩៤០ ដែល​បាន​បន្ត​អស់​រយៈពេល​ជាច្រើន​ទសវត្សរ៍​ទៀត ក្រសួងការបរទេស​អា​មេ​រិ​ក​គឺជា​ស្ថាប័ន​មួយ​ក្នុងចំណោម​និយោជក​រដ្ឋ និង​ឯកជន​ជាច្រើន​ទៀត​ដែល​បាន​រើសអើង​បុគ្គលិក​និង​បេក្ខជន​ដាក់​ពាក្យសុំ​ធ្វើការ​ណា​ម្នាក់ ដោយ​ផ្អែកលើ​ភេទ​របស់​ពួកគេ​»​។​

​លោក​បាន​និយាយថា បុគ្គលិក​មួយចំនួន​ត្រូវបាន​បង្ខំ​ឲ្យ​លាលែង​ពី​តំណែង​ដោយសារតែ​ការរើសអើង ខណៈដែល​បេក្ខជន​ដាក់​ពាក្យសុំ​ធ្វើការ​ដទៃទៀត មិនត្រូវ​បាន​គេ​ទទួល​យកមក​បម្រើការ​ភ្លាមៗ​នោះទេ​។ លោក​បាន​បន្ថែមថា សកម្មភាព​នោះ​គឺ​«​ខុសឆ្គង​កាលពី​ពេ​ល‍​នោះ​» ហើយ​«​ថ្ងៃនេះ​នៅតែ​ខុស​ឆ្គ​ង‍​»​។​

​លោក​បាន​មានប្រសាសន៍​ទៀតថា ក្រសួងការបរទេស​មា​ន​ការប្តេជ្ញា​យ៉ាង​ខ្ជាប់ខ្ជួន​ចំពោះ​ភាព​ចម្រុះ និង​ជួល​បុគ្គលិក​ដែលជា​សមាជិក​របស់​ស​ហគ​មន៍ LGBTI ដែល​រួមមាន​ទាំង​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា​ផងដែរ​៕

ថ្មី​ៗ
អត្ថបទ : VOA
អាន​បន្ត ➤

មហាក្សត្រ​ថៃ ប្រាប់​របប​យោធា​ឲ្យ​កែ​មាត្រា​រដ្ឋធម្មនុញ្ញ​ដែល​ចែង​ពី​អំណាច​របស់​ស្ដេច​



នាយករដ្ឋមន្ត្រី​ថៃ ឧ​ត្ត​ម​សេនីយ៍ ប្រា​យុទ្ធ ចន្ទ​អូ​ចា បានសម្រេច​ទទួលយក​សំណើ​របស់​មហាក្សត្រ Maha Vajiralongkorn ដែល​ស្នើ​ឲ្យ​រដ្ឋាភិបាល​របស់លោក កែប្រែ​មាត្រា​មួយចំនួន​ក្នុង​ជំពូក​ស្ដីពី​មហាក្សត្រ​ក្នុងសេចក្ដីព្រាង​រដ្ឋធម្មនុញ្ញថ្មី។ សេចក្តីព្រាងរដ្ឋធម្មនុញ្ញនេះ ​ត្រូវបានអនុម័តដោយ​ប្រជាមតិ​​កាលពី​ខែសីហា ឆ្នាំ​២០១៦ ។ យ៉ាងណាក្ដី សំណើ​កែប្រែ​នេះ នឹងមិន​ប៉ះពាល់​ដល់​ផែនទី​ចង្អុល​ផ្លូវ​របស់​របប​យោធា​ដែល​កំណត់​ពី​ការផ្ទេរអំណាច​ទៅ​រដ្ឋាភិបាល​ស៊ីវិល​ឡើយ​។​

​ប្រមុខ​របប​យោធា​ថៃ លោក​ប្រា​យុទ្ធ ចន្ទ​អូ​ចា នៅ​ថ្ងៃទី​១០ ខែមករា បាន​និយាយថា មហាក្សត្រ Maha Vajiralongkorn បាន​ប្រាប់​ក្រុមទី​ប្រឹក្សា​ព្រះអង្គ​ពី​រាជបំណង​ក្នុងការ​កែប្រែ​សេចក្ដីព្រាង​រដ្ឋធម្មនុញ្ញ​ត្រង់​មាត្រា​និយាយ​ពី «​មហាក្សត្រ​»​។ ហើយ​លោក ក៏​នឹង​ធ្វើតាម​រាជបំណង​នេះ ដោយ​ចាត់តាំង​មន្ត្រី​ឲ្យ​ពិនិត្យមើល​មាត្រា​ទាំងនោះ ក៏ដូចជា​ច្បាប់​ពាក់ព័ន្ធ​ផ្សេងទៀត និង​ត្រូវ​ធានាថា សំណើ​នេះ មិន​ប៉ះពាល់​ផែនទី​ចង្អុល​ផ្លូវ​ឡើយ​។​

​យ៉ាងណាមិញ នាយករដ្ឋមន្ត្រី ប្រា​យុទ្ធ មិនបាន​បញ្ជាក់​ច្បាស់​ពី​ចំណុច​ដែល​មហាក្សត្រ Maha Vajiralongkorn ចង់​ឲ្យ​សរសេរ​ឡើងវិញ​ទេ​។ ថ្លែងប្រាប់​អ្នកកាសែត​បន្ទាប់ពី​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី លោក ប្រា​យុទ្ធ គ្រាន់តែ​អះអាងថា នឹងមាន​មាត្រា​ចំនួន​៣ ឬ​៤ ដែល​ត្រូវ​ពិនិត្យឡើងវិញ ដើម្បី​ធានា​ពី​អំណាច​មហាក្សត្រ ហើយ​ការ​បញ្ហា​នៃ​ការកែប្រែ​នេះ ក៏​មិន​ប៉ះពាល់​សិទ្ធិ និង​សេរីភាព​របស់​ប្រជាជន​ទូទៅ​ដែរ​។​

​សេចក្ដីព្រាង​រដ្ឋធម្មនុញ្ញ ដែល​ត្រូវបាន​យល់ព្រម​ដោយ​ប្រជាជន​ថៃ​ក្នុងការ​ប្រជាមតិ​ខែសីហា ឆ្នាំមុន គឺជា​ចំណុច​ស្នូល​នៃ​ផែនការ​របស់​របប​យោធា ក្នុងការ​ផ្ទេរអំណាច​ទៅ​ឲ្យ​រដ្ឋាភិបាល​ស៊ីវិល​។ សេចក្ដីព្រាង​រដ្ឋធម្មនុញ្ញ​នេះ ត្រូវបាន​លោកនាយក​រដ្ឋមន្ត្រី បញ្ជូន​ទៅកាន់​រាជវាំង​ដើម្បី​ស្នើសុំ​ការយល់ព្រម​ពី​មហាក្សត្រ Maha Vajiralongkorn ដែល​គ្រងរាជ្យ​កាលពី​ខែធ្នូ ឆ្នាំ​២០១៦ ។ ប៉ុន្តែ​ព្រះអង្គ មិនទាន់​យល់ព្រម​នៅឡើយ ហើយ​ពេលនេះ​ក៏​ស្នើ​ឲ្យ​កែប្រែ​មាត្រា​ខ្លះ​តែម្ដង​។

​បើតាម​កាសែត​បាងកក​ប៉ុស្តិ៍ ឧបនាយករដ្ឋមន្ត្រី លោក Wissanu Krea-ngam និយាយ​ដែរ​ថា ដើម្បី​ធ្វើតាម​រាជបំណង​នេះ រដ្ឋាភិបាល នឹងធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​បណ្ដោះអាសន្ន​ឆ្នាំ​២០១៤ សិន ដូច្នេះ​ទើប​គណៈរដ្ឋមន្ត្រី អាច​ស្នើសុំ​យក​សេចក្ដីព្រាង​រដ្ឋធម្មនុញ្ញ​ថ្មី​ពី​មហាក្សត្រ ដើម្បី​កែប្រែ​មាត្រា​ដែលមាន​បញ្ហា​។ នេះ​ក៏​ព្រោះតែ​រដ្ឋធម្មនុញ្ញ​ឆ្នាំ​២០១៤ មិន​អនុញ្ញាត​ឲ្យ​មានការ​កែប្រែ​ណាមួយ​លើ​សេចក្ដីព្រាង​រដ្ឋធម្មនុញ្ញ​ថ្មី​ឡើយ​។

​យ៉ាងណាក្ដី គេ​មិនដឹង​ច្បាស់​ពី​ថា បញ្ហា​លម្អិត​ដែល​ត្រូវ​នឹង​បន្ថែម ឬក៏​ត្រូវ​លុបចោល​ឡើយ​។ ប៉ុន្តែ​សមាជិក​មួយរូប​នេះ​សភា​ថៃ បញ្ជាក់ថា សភា នឹង​ពិភាក្សា​លើ​ការកែប្រែ​នេះ ហើយ​បញ្ហា​ដែល​ពាក់ព័ន្ធ​អាចជា​មាត្រា​និយាយ​ពី​តួនាទី​រា​ជានុ​សិទ្ធិ ក៏ដូចជា​ពេលវេលា​ដែល​តម្រូវ​ឲ្យ​មហាក្សត្រ​ពិចារណា​លើ​រដ្ឋធម្មនុញ្ញ​ថ្មី​។ នៅក្រោម​រដ្ឋធម្មនុញ្ញ​បណ្ដោះអាសន្ន មហាក្សត្រ Maha Vajiralongkorn មាន​ពេល​៩០​ថ្ងៃ ដើម្បី​ពិនិត្យ​យល់ព្រម​លើ​សេចក្ដីព្រាង​រដ្ឋធម្មនុញ្ញ​នេះ​៕

ថ្មី​ៗ
អត្ថបទ : តន ចាន់​រិ​ទ្ធា​រ៉ា
អាន​បន្ត ➤

លោក ដូណាល់ ត្រាំ ជួប​ពិភាក្សាយ៉ាងជិតស្និទ្ធ​ជាមួយ​មហាសេដ្ឋីចិន​ ជេក ម៉ា ដោយ​សន្យា​បង្កើត​ការងារ ១លាន​កន្លែង​នៅអាមេរិក​



(វ៉ាស៊ីនតោន)៖ ជំនួប​ដ៏ភ្ញាក់ផ្អើល​រវាងប្រធានាធិបតី​ជាប់ឆ្នោត​អាមេរិក លោក ដូណាល់ ត្រាំ និងមហាសេដ្ឋី​ចិន ជាបិតាស្ថាបនិក​ក្រុមហ៊ុន Alibaba លោក ជេក ម៉ា (Jack Ma) បានបញ្ចប់ទៅ​ប្រកបដោយ​ផ្លែផ្កា ដែលនឹង​បង្កើត​ការងារ ១លាន​កន្លែង​សម្រាប់​អាមេរិក តាមរយៈការ​អនុញ្ញាតឲ្យអ្នកធ្វើពាណិជ្ជកម្ម​ខ្នាតតូច និងមធ្យម​ធ្វើការ​នាំចេញផលិតផលទៅកាន់ប្រទេសចិន តាមច្បាប់របស់ក្រុមហ៊ុន។ នេះបើតាមការដកស្រង់ការផ្សាយពី វែបសាយ Business Insider នារសៀលថ្ងៃអង្គារ ទី១០ ខែមករា ឆ្នាំ២០១៧។

ក្រុមហ៊ុន Alibaba បានបង្ហោះសារក្នុងបណ្តាញសង្គម Twitter របស់ខ្លួនយ៉ាងដូច្នេះថា «ក្រុមហ៊ុន​របស់​យើងចង់បង្កើតការងារសម្រាប់អាមេរិក តាមរយៈការជួយដល់ពាណិជ្ជកម្មខ្នាតតូច និងកសិកររបស់អាមេរិក​ក្នុងការលក់ផលិតផលមកកាន់ប្រជាជនចិន​ ដែលមានចំណូលមធ្យមកម្រិតខ្ពស់​ប្រមាណ ៣០០លាននាក់»។

ដោយឡែកលោក ដូណាល់ ត្រាំ បានប្រាប់អ្នករាយការណ៍ព័ត៌មាននានា បន្ទាប់ពីជំនួបជាមួយលោក ជេក ម៉ា យ៉ាងដូច្នេះថា «យើងបានធ្វើការពិភាក្សាគ្នាដ៏អស្ចារ្យ។ លោក ជេក ម៉ា ជាសហគ្រិនដ៏អស្ចារ្យបំផុត ដែលជា​មនុស្សដ៏អស្ចារ្យបំផុតម្នាក់នៅក្នុងពិភពលោក។ គាត់ស្រលាញ់ប្រទេសរបស់គាត់... គាត់ស្រលាញ់​ប្រទេសចិន»។

សម្រាប់​លោក ជេក ម៉ា វិញ​បានបង្ហាញ​ចំណាប់អារម្មណ៍​ក្រោយជំនួបជាមួយប្រធានាធិបតី​ជាប់ឆ្នោត​​អាមេរិក​យ៉ាង​ដូច្នេះ​ដែរថា «យើងទាំងពីរ​បានធ្វើការ​ពិភាក្សាគ្នា អំពីការ​អនុញ្ញាតឲ្យ​ទំនិញ​របស់​អាមេរិក ដូចជា សំលៀកបំពាក់ ស្រា និងផ្លែឈើ អាចធ្វើការ​លក់តាម​រយៈច្បាប់​ដែលបាន​កំណត់»។ បន្ថែមពីនេះ​ទៀតលោក​ ជេក ម៉ា ក៏ចង់ធ្វើឲ្យ​ទំនាក់​ទំនង​រវាង​អាមេរិក និងចិនមាន​ការវិវឌ្ឍន៍កាន់​តែប្រសើរ​ឡើងផងដែរ។

គួរបញ្ជាក់ថាក្រោយការជាប់ឆ្នោត​របស់លោក ត្រាំ ទំនាក់ទំនង​ជាមួយប្រទេស​ចិន​មិនសូវ​ជាល្អប៉ុន្មាន​នោះទេ ដោយ​លោក ត្រាំ ជារឿយៗ​តែងតែ​ចោទប្រទេស​ចិនថា​បានលួច​ការងារ​របស់​អាមេរិក តាមរយៈ​នយោបាយ​សេដ្ឋកិច្ច​ខ្សែលើ ហើយលោក​ក៏បានព្រមាន​ផងដែរថា ពេលលោក​ឡើងកាន់​អំណាច​​លោកនឹង ​ចាត់ការរឿង​នេះ​ដូចជា ​ការ​បង្កើនពន្ធ​លើផលិតនាំ​ចូលពី​ប្រទេសចិន មកកាន់​អាមេរិកជាដើម៕

Fresh News
អាន​បន្ត ➤

មិនទាន់ចប់ទេ!​ ព្រឹទ្ធសមាជិកសភាជាន់ខ្ពស់អាមេរិក កំពុងស្វែងរកការដាក់ទណ្ឌកម្មបន្ថែមលើរុស្ស៊ី សម្រាប់សកម្មភាពវាយប្រហារ ព័ត៌មានវិទ្យា



(វ៉ាស៊ីនតោន)៖ ​ព្រឹទ្ធសមាជិកសភាជាន់ខ្ពស់អាមេរិក មកពីគណបក្សសាធារណរដ្ឋ និងប្រជាធិបតេយ្យ នឹងធ្វើបទបង្ហាញ នៅថ្ងៃអង្គារ នេះ (ម៉ោងក្នុងទីក្រុងវ៉ាស៊ីនតោន) ពីសេចក្ដីព្រាងច្បាប់មួយ ក្នុងគោលបំណងស្វែងរកការអនុម័ត ការដាក់ទណ្ឌកម្មបន្ថែម លើរុស្ស៊ី សម្រាប់សកម្មភាពវាយប្រហារព័ត៌មានវិទ្យា រួមទំាងសកម្មភាពនៅក្នុងប្រទេសស៊ីរី និងអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅយប់ថ្ងៃអង្គារ ទី១០ ខែមករា ឆ្នាំ២០១៧។

ច្បាប់ដាក់ទណ្ឌកម្មប្រឆាំងនឹងរដ្ឋាភិបាលទីក្រុងមូស្គូ ត្រូវបានគាំទ្រដោយព្រឹទ្ធសមាជិកសភាបក្សសាធារណរដ្ឋ លោក ចនម៉ាក ខេន (John McCain ) និងព្រឹទ្ធសមាជិកសភានៃបក្សប្រជាធិបតេយ្យ លោក បេន ខាឌីន (Ben Cardin) ព្រមទំាងលោក រ៉ូបឺត មីនិនឌែស (Robert Menendez) ហើយដែលអ្នកទាំងនេះសុទ្ធតែជាអ្នកនយោបាយមានឥទ្ធិពលលើកិច្ចការនយោបាយការបរទេស ខណៈក្រុម ព្រឹទ្ធសមាជិកសភា នៃគណបក្សទាំងពីរផ្សេងទៀត ក៏ត្រូវបានគេរំពឹងថានឹងគាំទ្រច្បាប់នេះដែរ។

សូមជំរាបថា បើតាមសេចក្ដីសង្ខេបបឋមដែលទីភ្នាក់ងារសារព័ត៌មាន Reuters បានឃើញ សេចក្ដីព្រាងច្បាប់នេះ គឺមានគោលដៅដាក់ ទណ្ឌកម្ម ហាមឃាត់លើទិដ្ឋាការ ក៏ដូចជាបង្កកទ្រព្យសម្បតិ្តនៃបុគ្គលទំាងឡាយណា ដែលបានចូលរួម ឬមានជាប់ពាក់ព័ន្ធនឹងសកម្ម ភាពវាយប្រហារព័ត៌មានវិទ្យាប្រឆាំងក្រុមមន្ត្រី និងស្ថាប័ននៃគណបក្សប្រជាធិបតេយ្យ។ ជាងនេះទៅទៀត សេចក្ដីព្រាងច្បាប់នេះក៏មាន គោលដាក់ទណ្ឌកម្ម ផងដែរ លើរុស្ស៊ីសម្រាប់សកម្មភាពនៅស៊ីរី និងតំបន់ភាគខាងកើតប្រទេសអ៊ុយក្រែន៕

Fresh News
អាន​បន្ត ➤

រដ្ឋមន្ត្រីការបរទេសម៉ិកសិក៖ «គ្មានផ្លូវជាដាច់ខាត ដែលម៉ិចសិកត្រូវចេញថ្លៃសាងសង់ជញ្ជាំងព្រំដែនទេ»



(ម៉ិកសិក)៖ រដ្ឋមន្ត្រីការបរទេសម៉ិកសិកថ្មី លោក ល្វីស វីដេហ្គារាយ (Luis Videgaray) បានបញ្ជាក់ជាថ្មីឡើងវិញថា «គ្មានផ្លូវជាដាច់ខាត» ដែលប្រទេសរបស់លោកត្រូវចេញលុយសម្រាប់ជញ្ជាំងព្រំដែន ដែលប្រធានាធិបតីអាមេរិកជាប់ឆ្នោត លោក ដូណាល់ ត្រាំ បានសន្យាថា នឹងសាងសង់នៅតាមតំបន់ ព្រំដែនមួយចំនួនរវាងសហរដ្ឋអាមេរិក និងម៉ិកសិក ដើម្បីទប់ស្កាត់លំហូរចូលជនភៀសខ្លួនខុសច្បាប់ និងចរាចរណ៍គ្រឿងញៀនចូលក្នុងទឹកអាមេរិក នោះទេ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន R​euters នៅថ្ងៃអង្គារ ទី១០ ខែមករា ឆ្នាំ២០១៧។

ថ្លែងនៅក្នុងកញ្ចក់ទរទស្សន៍ម៉ិកសិក លោក វីដេហ្គារាយ បានបញ្ជាក់ពីគោលជំហររដ្ឋាភិបាលរបស់លោក ដែលតាមនោះម៉ិកសិក នឹងមិនចេញថ្លៃសាងសង់ជញ្ជាំង ព្រំដែនជាឆ្អឹងទទឹងកនៃភាពតានតឹង ជាមួយសហរដ្ឋអាមេរិក ចាប់តាំងពីលោកដូណាល់ ត្រាំ បានសន្យានៅក្នុងអំឡុងយុទ្ធនាការឃោសនាបោះឆ្នោត កាលពីខែមិថុនា ឆ្នាំ២០១៥ ថាបើសិនជាប់ឆ្នោតជាប្រធានាធិបតីអាមេរិក លោកនឹងបញ្ជាឱ្យគេសាងសង់ជញ្ជាំងព្រំដែន ហើយម៉ិកសិកគឺជាអ្នកចេញលុយ។

គួរបញ្ជាក់ថា កាលពីថ្ងៃសុក្រ សប្ដាហ៍មុន លោក ដូណាល់​ ត្រាំ នៅតែនិយាយថា ម៉ិកសិកនឹងចេញថ្លៃសាងសង់ជញ្ជាំងព្រំដែនតាមការគ្រោងទុក។ ក៏ប៉ុន្តែ មួយថ្ងៃបន្ទាប់ ក្រុមការងារផ្ទេរអំណាចរបស់លោក បានអះអាងថា សភាអាមេរិកដឹកនាំដោយគណបក្សសាធារណរដ្ឋ នឹងបោះឆ្នោតអនុម័តលើកញ្ចប់ថវិកា អនុវត្តគំរោងនេះ មិនមែនម៉ិកសិកជាចេញថ្លៃសាងសង់ឡើយ៕

Fresh News
អាន​បន្ត ➤

អតីតរដ្ឋមន្ត្រីការបរទេសអាមេរិក ០៣រូប រួមទាំងលោក ចន ឃើរី ចូលរួមសម្ពោធ​សារមន្ទីរការទូតអាមេរិកថ្មី



(វ៉ាស៊ីនតោន)៖ អតីតរដ្ឋមន្ត្រីការបរទេសអាមេរិក ០៣រូប និងលោក ចន ឃើរី ដែលនឹង​ត្រូវបញ្ចប់​អាណត្តិ​ជាប្រមុខ​ការបរទេស​អាមេរិក​នៅ ថ្ងៃទី២០ ខែមករា ខាងមុខនេះ​បានជួបប្រជុំគ្នា​នៅថ្ងៃអង្គារ​ម្សិលមិញ ដើម្បីចូលរួម​ក្នុងពិធី​សម្ពោធ​មជ្ឈមណ្ឌល​ការទូត​អាមេរិកថ្មីមួយ បង្កើតឡើង​ដោយមូលនិធិ​ឯកជន​ដែល​នឹង​ត្រូវដាក់ឱ្យ​ប្រើប្រាស់​ជាផ្លូវការ​នៅ​ឆ្នាំ២០១៨។ នេះបើតាមការ​ចេញផ្សាយ​ដោយ​ទីភ្នាក់ងារ​សារព័ត៌មាន Reuters​ នៅព្រឹកថ្ងៃពុធ ទី១១ ខែមករា ឆ្នាំ២០១៧។​

ថ្លែងនៅ​ក្នុងឱកាស​នោះដែរអតីតរដ្ឋមន្ត្រីការ​បរទេស លោកស្រី ហ៊ីលឡារី គ្លីនតុន មិនបាន​កត់សម្គាល់​ពី​លោក​ ដូណាល់ ត្រាំ ឬយុទ្ធនាការឃោសនា​បោះឆ្នោត​នោះទេ។ ប៉ុន្តែលោកស្រី​បានអះអាងថា ប្រជាធិបតេយ្យ សេរីភាព និងនីតិរដ្ឋ បាននិងកំពុងស្ថិតនៅក្រោមការគំរាមកំហែងនៅទូទាំងពិភពលោក ខណៈរបបផ្ដាច់ការ ឬជនផ្ដាច់ការបានកើនឡើងគួរឱ្យកត់សម្គាល់ (...) ហើយយើងត្រូវតែចងចាំជានិច្ចថា​ពិភពលោក​កំពុងសម្លឹងមើល​សហរដ្ឋអាមេរិក ដែលជាតួអង្គ​មួយមិនអាច​ខ្វះបានតែមិនមែន​ដោយសារតែ​ទំហំ​ ឬឥទ្ធិពលយោធា ឬក៏ភាពខ្លាំងនៃសេដ្ឋកិច្ច​របស់យើងឡើយ គឺមកពី​សហរដ្ឋអាមេរិក​ឈរលើ​តម្លៃជាសកល និងក្ដីសង្ឈឹម។

គួរបញ្ជាក់ថារដ្ឋមន្ត្រីការបរទេសអាមេរិក​ទំាងបួនរូប ដែលបាន​ចូលរួម​ក្នុងពិធី​សម្ពោធនោះរួមមាន លោក ចន ឃើរី លោកស្រី ហ៊ីលឡារី គ្លីនតុន លោក ហេនរី ឃីស៊ីងហ្គឺ (Henry Kissinger) និងលោក ជែម បេកឃឺ (James Baker)៕

Fresh News
អាន​បន្ត ➤

ស្វែងយល់ពី​ប្រវត្តិ​ប្រធានាធិបតី​សឹង្ហបុរី លោក Tony Tan Keng Yam ដែលកំពុង​​បំពេញទស្សនកិច្ច​ផ្លូវរដ្ឋនៅកម្ពុជា



(សឹង្ហបុរី)៖ លោក តូនី តាន់ កេងយ៉ា ប្រធានាធិបតីនៃសាធារណរដ្ឋសឹង្ហបុរី ដែលកំពុងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា រយៈពេលបួនថ្ងៃ ចាប់ពីថ្ងៃទី០៨ ដល់ថ្ងៃទី១១ ខែមករា ឆ្នាំ២០១៧ ដើម្បីតបតាមអញ្ជើញរបស់ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា។

ខាងក្រោមជាព័ត៌មានខ្លះស្តីពីប្រធានាធិបតីរូបនេះ៖

* លោក តូនីតាន់ កេងយ៉ា (Tony Tan keng Yam) កើតនៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ១៩៤០។ លោកមានភរិយាឈ្មោះ ម៉ារី ជីប៊ីកាំង (Mary Chee Bee Kiang) រៀបការនៅឆ្នាំ១៩៦៤។ មានកូនស្រីម្នាក់ និងកូនប្រុស៣នាក់ ព្រមទាំងចៅ៥នាក់ទៀត។

* ឆ្នាំ១៩៦៧៖ លោក តូនី បានទទួលសញ្ញាបត្របណ្ឌិតផ្នែកគណិតវិទ្យា ពីសាកលវិទ្យាល័យសិង្ហបុរី។
* ឆ្នាំ១៩៦២៖ លោកទទួលបានសញ្ញបត្រកិត្តិយសថ្នាក់លេខ១ ផ្នែករូបវិទ្យា ពីសាកលវិទ្យាល័យសិង្ហបុរីដែរ ហើយក៏ទទួលបានសញ្ញាបត្រជាន់ខ្ពស់ ផ្នែកវិទ្យាសាស្រ្តមួយទៀត ពីវិទ្យាស្ថាន Massachusetts។ បន្ទាប់មកលោកក៏ទទួលបានសញ្ញាបត្របណ្ឌិតផ្នែកគណិតវិទ្យាមួយទៀតដែរ ពីសាកលវិទ្យាល័យ Adelaide ប្រទេសអូស្រ្តាលី។

* ឆ្នាំ១៩៦៤ លោកមានមុខរបរដំបូង ជាគ្រូបង្រៀននៅមហាវិទ្យាល័យរូបវិទ្យា នៃសាកលវិទ្យាល័យសឹង្ហបុរី។
* ឆ្នាំ១៩៦៧ លោកក៏ប្ដូរទៅបង្រៀន នៅមហាវិទ្យាល័យគណិតវិទ្យាវិញ តែនៅក្នុងសាកលវិទ្យាល័យសឹង្ហបុរីដដែល។
* ឆ្នាំ១៩៦៩ លោកបានប្ដូរអាជីពទៅបម្រើនៅក្នុងធនាគារវិញ បន្ទាប់មក លោក តូនី ក៏ក្លាយជានាយកចាត់ការទូទៅ នៅសាជីវកម្មធនាគារចិននៅក្រៅប្រទេស។

* ឆ្នាំ១៩៧៩ លោក តូនីតាន់ កេនយ៉ា បានចូលរួមក្នុងវិស័យនយោបាយ ដែលពេលនោះលោកជាសមាជិកសភា បន្ទាប់មកត្រូវបានតែងតាំងជា ទេសរដ្ឋមន្រ្តីទទួលបន្ទុកកិច្ចការសភា នៃក្រសួងអប់រំសឹង្ហបុរី។
* ឆ្នាំ១៩៨០ លោកទទួលតំណែងជា រដ្ឋមន្រ្តីក្រសួងអប់រំ និងជាអនុអធិការបតី នៃសាកលវិទ្យាល័យជាតិប្រទេសសឹង្ហបុរី។

* ឆ្នាំ១៩៨១ ទទួលតំណែងជា រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មសិង្ហបុរី។
* ឆ្នាំ១៩៨៣-១៩៨៥ លោកបានទទួលតំណែងជារដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុ បន្ថែមទៀត ហើយនៅជារដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មផងដែរ។
* ឆ្នាំ១៩៨៥-១៩៩១ លោក តូនី បានប្ដូរមកធ្វើជារដ្ឋមន្រ្តីក្រសួងអប់រំសឹង្ហបុរីវិញ។

* ខែធ្នូ ឆ្នាំ១៩៩១ លោកបានលាឈប់ពីគណៈរដ្ឋមន្រ្តី វិលមកបម្រើការងារឯកជនវិញ គឺធ្វើជាប្រធាន និងជានាយកប្រតិបត្តិសាជីវកម្មធននាគារចិននៅក្រៅប្រទេស។ * ឆ្នាំ១៩៩៥ ត្រឡប់មកគណៈរដ្ឋមន្រ្តីវិញ ហើយត្រូវបានតែងតាំងជា ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីការពារជាតិសឹង្ហបុរី។

* ឆ្នាំ២០០៣ លោកបានឡើងតំណែងជាឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីសម្របសម្រួលផ្នែកសន្តិសុខ និងការពារជាតិ។
* ឆ្នាំ២០០៥ លោកបានចូលនិវត្តន៍ពី គណៈរដ្ឋមន្រ្តី និងត្រូវបានតែងតាំងជាអនុប្រធាន និងជានាយកប្រតិបត្តិសាជីវកម្មវិនិយោគឯកជនរបស់រដ្ឋាភិបាលសិង្ហបុរី។ ហើយលោកក៏ជាប្រធានមូលនិធិស្រាវជ្រាវជាតិ និងជាប្រធានក្រុមប្រឹក្សាស្រាវជ្រាវការបង្កើតថ្មី និងសហគ្រាស ព្រមទាំងជាប្រធានក្រុមកាសែតសឹង្ហបុរី។

* ឆ្នាំ២០១១ លោកបានលាលែងពីតួនាទីផ្នែកឯកជន ដើម្បីឈរឈ្មោះជាប្រធានាធិបតី និងបានជាប់ឆ្នោត នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១១ ហើយបានស្បថចូលកាន់តំណែងជាប្រធានាធិបតី នៅថ្ងៃ០១ ខែកញ្ញា ឆ្នាំ២០១១។

កាលពីកុមារភាព លោក Tan បានសិក្សានៅសាលា St Patrick និងវិទ្យាស្ថាន St Joseph។ ដោយទទួលបានអាហារូបករណ៍របស់ រដ្ឋាភិបាល លោកបានបញ្ចប់ការសិក្សាផ្នែករូបវិទ្យាក្នុងនាមជាសិស្សឆ្នើមម្នាក់ ពីសកលវិទ្យាលសឹង្ហបុរី ដែលបច្ចុប្បន្នមានឈ្មោះថា សកលវិទ្យាល័យជាតិសឹង្ហបុរី។ ក្រោយមកលោកទទួលបានអាហារូបករណ៍មូលដ្ឋានអាស៊ាន ហើយបានចូលសិក្សានៅវិទ្យាស្ថានបច្ចេកវិទ្យាម៉ាសាឈូសេត ដោយលោកបានបញ្ចប់ថ្នាក់អនុបណ្ឌិត នៅទីនោះតែម្តង លើឯកទេស វិទ្យាស្ថានប្រតិបត្តិការស្រាវជ្រាវ។ បន្ទាប់ពីបញ្ចប់ការសិក្សា និស្សិតរូបនេះ បានក្លាយជាសាស្ត្រាចារ្យ ក្នុងសកលវិទ្យាលសឹង្ហបុរីតែម្តង។

ក្នុងឆ្នាំ១៩៦៩ លោកបានចាកចេញពីសកលវិទ្យាល័យមួយនេះ ដោយចាប់ផ្តើមអាជីពចាប់ផ្តើមមុខរបរផ្នែកធនាគារឈ្មោះថា OCBE រហូតអាចកាន់ដំណែង ជាអ្នកគ្រប់គ្រងទូទៅ។ ពីឆ្នាំ១៩៨០ដល់១៩៨១ លោក Tan បានក្លាយជាអនុប្រឹក្សារបស់សកលវិទ្យាល័យ NUS។ ក្រោយមកលោកបានប្រឡូក ក្នុងកិច្ចការនយោបាយជាបន្តបន្ទាប់។

ចុងទសវត្សរ៍ឆ្នាំ១៩៨០ លោក Lee Kuan Yew បានសម្រេចថាលោក Tan ជាជម្រើសទីមួយរបស់លោក ដើម្បីបន្តដំណែងក្នុងនាមជានាយករដ្ឋមន្ត្រីសឹង្ហបុរី ដែលលោក Tan បដិសេធ។ លោកបានចាកចេញពីគណរដ្ឋមន្ត្រីនៅឆ្នាំ១៩៩១ ក្រោយមកបានត្រឡប់មកកាន់ដំណែងជាឧបនាយករដ្ឋមន្ត្រីសឹង្ហបុរី រហូតដល់ឆ្នាំ២០០៥។

បច្ចុប្បន្នលោកបានក្លាយជា​ប្រធានាធិបតីទី៧ របស់ប្រទេស សឹង្ហបុរី ដែលជាប្រទេសនាំមុខមួយនៅតំបន់អាស៊ីអាគ្នេយ៍៕

Fresh News
អាន​បន្ត ➤

អ្នកទោសចំនួន៣៣នាក់ស្លាប់ ក្នុងករណីផ្ទុះអំពើហិង្សាថ្មីមួយទៀតនៅក្នុងពន្ធនាគារនៃប្រទេសប្រស៊ីល



(រីយ៉ូ)៖ អ្នកទោសយ៉ាងហោចណាស់ចំនួន៣៣នាក់បានបាត់បង់ជីវិត ក្រោយការប៉ះទង្គិចគ្នាថ្មីមួយផ្សេងទៀត រវាងក្រុមបងធំក្នុងពន្ធនាគារមួយ​កន្លែងនៅរដ្ឋ Roraima ក្នុងតំបន់ Amazon នៃប្រទេសប្រស៊ីល ហើយហេតុការណ៍នេះបានកើតឡើងត្រឹមតែប្រាំថ្ងៃប៉ុណ្ណោះ​ បន្ទាប់​ពី​ទណ្ឌិត​ចំនួន​៥៦នាក់បានស្លាប់នៅពន្ធនាគារ​​មួយកន្លែងផ្សេងក្នុងរដ្ឋក្បែរខាង ដែលវាជាការសម្លាប់រង្គាលដ៏​អាក្រក់​ជាទី​បំផុត​នក្នុង​​ពន្ធនាគារក្នុង​រយៈ​ពេល​ជាង​ពីរ​ទសវត្សរ៍​ចុងក្រោយមកនេះ។ នេះបើតាម​ការឲ្យដឹងពីអាជ្ញាធរប្រស៊ីល ដែលចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅយប់ថ្ងៃសុក្រ ទី០៦ ខែមករា ឆ្នាំ២០១៧។

ជុំវិញរឿងហេតុនេះអ្នកជំនាញជាច្រើនធ្លាប់បានទស្សន៍ទាយថា អំពើហិង្សានឹងបន្តផ្ទុះឡើងឥតឈប់ឈរទៀតនៅក្នុងបណ្តាញ​ពន្ធ​នា​គារ នៃ​ប្រទេសប្រេស៊ីលដែល​គ្រប់​គ្រង​ដោយក្រុមបងធំ បន្ទាប់ពីមានការសម្លាប់យ៉ាងរង្គាលកាលពីដើមសប្តាហ៍នេះ ដែល​ពេលនោះសមា​ជិក​នៃ​ក្រុម​​រត់​​ពន្ធ​គ្រឿង​​ញឿន​ម្ខាងបានសម្លាប់អ្នកទោសមកពីក្រុមឧក្រិដ្ឋជនម្ខាងទៀតដែលជាគូសត្រូវនឹងគ្នា។

គួរបញ្ជាក់ថា ​ក្រុមអង្គការឃ្លំាមើល​សិទ្ធិមនុស្ស​អន្តរជាតិ​ ធ្លាប់បានរិះគន់យ៉ាងខ្លាំងចំពោះ​ការគ្រប់គ្រង​ប្រព័ន្ធ​ពន្ធនាគាររបស់អាជ្ញា​ធរប្រេស៊ីល​ ដែលជារឿយៗ​តែងតែ​បណ្តែតបណ្ដោយឱ្យរឿង​បែបនេះ​កើតឡើង៕

Fresh News
អាន​បន្ត ➤

កូរ៉េខាងត្បូង​ នឹងបង្កើតកាំរស្មីពិសេស ដែលអាច​បាញ់ទម្លាក់​យន្តហោះ ​Drone របស់កូរ៉េ​ខាងជើង



(សេអ៊ូល)៖ ក្រសួងការពារជាតិ​កូរ៉េខាងត្បូងបានប្រកាស​អំពី​ គំរោង​នៃការអភិវឌ្ឍអាវុធ​កាំរស្មី​ដ៏ពិសេស​មួយ​ប្រភេទ​ដែល​មាន​សមត្ថភាព​បាញ់ទម្លាក់​យន្តហោះ​គ្មាន​អ្នកបើកបរ (Drone) របស់រដ្ឋាភិបាល​ទីក្រុងព្យុងយ៉ាង​ដែលត្រូវ​បាន​ប៉ាន់​ប្រមាណថា​ មានចំនួន​ប្រហែល ៣០០គ្រឿង ហើយក្នុង​ចំណោមនោះ​មន្រ្តីយោធា​កូរ៉េខាងត្បូង​ជឿជាក់ថា​ ១០គ្រឿង​មាន​បំពាក់​ដោយ​សព្វាវុធ។ នេះបើតាមការ​​ចេញផ្សាយ​ដោយ​សារព័ត៌មាន Sputnik នៅមុននេះបន្តិច​នាព្រឹក​ថ្ងៃសៅរ៍ ទី០៧ ខែមករា ឆ្នាំ២០១៧។

នៅក្នុងសេចក្តីថ្លែងការណ៍មួយក្រសួងខាងលើបានបញ្ជាក់ថា កិច្ចការផ្សេងៗ​បានចាប់ផ្តើម​ហើយ​ទៅលើ​បច្ចេកវិទ្យា​កាំរស្មី​ដែលនឹង​ប្រើប្រាស់​ប្រព័ន្ធបញ្ជូន​ថាមពល​ឥតខ្សែ​ដ៏មានឥទ្ធិពល ដែលអាច​បាញ់ទម្លាក់​យន្តហោះ Drone ធុនតូចបាន ដោយសារ​តែ​ការកើនឡើង​នៃសមត្ថភាព​​ប្រតិបត្តិការ​របស់ពួកវា។

មន្រ្តីយោធាមួយរូប​ក្នុងលក្ខខណ្ឌ​មិនបញ្ចេញ​អត្តសញ្ញាណ​បានឲ្យដឹង​ទៀតថា អាវុធ​សម្រាក់​ការស្ទាក់​បាញ់នេះ​គួរតែ​ត្រូវអភិវឌ្ឍន៍​នៅក្នុង​ឆ្នាំ​២០១៨ ខណៈប្រព័ន្ធ​ទាំងមូល​ទំនងជា​នឹងពុំទាន់​អាចបង្កើត​ហើយ​រួចរាល់​ក្នុងពេល​ឆាប់ៗ​នោះ​ឡើយ​រហូត​ទាល់តែ​ដល់​ឆ្នាំ២០២១ ហើយ​ការ​បោះជំហានថ្មី​នេះ​ត្រូវបាន​ធ្វើ​ឡើង​នៅចំពេល​ដែលរដ្ឋាភិបាល​ទីក្រុងសេអ៊ូល​បានអះអាង​ថា​ បានរកឃើញយន្តហោះ Drone មួយចំនួន​ដែល​បង្ហោះដោយប្រទេសកូរ៉េខាងជើង​កាលពីប៉ុន្មាន​ឆ្នាំ​មុន នៅដែន​អាកាស​ភាគខាងត្បូង​នៃតំបន់​គ្មានយោធា​កាន់កាប់ (Demilitarized Zone) ដែលពុះចែកឧបទ្វីបកូរ៉េជាពីរផ្នែក។

គួរបញ្ជាក់ថា យន្តហោះ​គ្មាន​អ្នកបើកបរ​ធុន​តូច​ពិតជាគួរ​ឲ្យរំខាន​ណាស់​ចំពោះ​ប្រទេស​កូរ៉េខាងត្បូង ដោយសារតែ​ទំហំរបស់ពួកវា​ធ្វើឲ្យប្រព័ន្ធ​រ៉ាដា​មានការពិបាក​ក្នុងចាប់សញ្ញា​ និងបាញ់ស្ទាក់៕

Fresh News
អាន​បន្ត ➤

ខ្មាន់កាំភ្លើងត្រូវបានចាប់ខ្លួនភ្លាមៗ បន្ទាប់ពី​បាញ់ស្លាប់​ 0៥នាក់​និងរបួស​ 0៨នាក់​ ក្នុងអាកាស​យានដ្ឋាន​​រដ្ឋផ្លូរីដា,​ អាមេរិក



(អាមេរិក)៖ បន្ទាប់ពីបាន​បើកការបាញ់​ប្រហារ​ទៅលើមនុស្ស​ជាច្រើននាក់ ហើយបាន​បណ្តាលឲ្យ​ ០៥នាក់​បាត់​បង់​ជីវិត​ និង០៨នាក់ផ្សេងទៀ​តរងរបួស​នៅឯ​អាកាស​យាន​ដ្ឋាន​អន្តរជាតិ Fort Lauderdale នៃរដ្ឋ Florida សហរដ្ឋអាមេរិក​ទីបំផុត​ខ្មាន់​កាំ​ភ្លើង​​ត្រូវ​បាន​កម្លាំង​​​ប៉ូលិស​​​​ចាប់​ខ្លួន​​​បាន​យ៉ាង​​ងាយស្រួល​​ដោយគ្មាន​ការតដៃ​តបត​អ្វីឡើយ ហើយ​ជននោះ​កំពុងស្ថិតនៅ​ក្រោមការ​សួរ​ចម្លើយ​។ នេះបើតាម​ការចេញផ្សាយ​ដោយ CNN នៅមុននេះ​បន្តិច​នាព្រឹក​ថ្ងៃសៅរ៍ ទី០៧ ខែមករា ឆ្នាំ២០១៧។

សាក្សីជាច្រើននាក់ឲ្យដឹងថា ខ្មាន់កាំភ្លើងបាន​ធ្វើដំណើរ​មកដល់​អាកាស​យានដ្ឋាន​ខាងលើ​តាមរយៈ​ជើងហោះហើរ​ពី​ប្រទេស​កាណាដា ជាមួយ​នឹងអាវុធ​មួយដើម​ដែលឆ្លង​កាត់​​ការត្រួតពិនិត្យ​ត្រឹមត្រូវ​នៅក្នុងកាបូប​របស់​ជននោះ ដែលក្រោយមកជន​ដៃដល់​ក៏បានទៅ​យក​កាបូប​របស់​ខ្លួន​ចូលក្នុង​បន្ទប់ទឹក​ដើម្បី​ដាក់គ្រាប់ ហើយពេលចេញមកវិញ​ក៏បើកការបាញ់​ប្រហារ​តែម្តង។

គួរបញ្ជាក់ថា​យោងតាមអាជ្ញាធរ​អាមេរិក ជនដៃដល់​មានឈ្មោះ Estenban Santiago រស់នៅរដ្ឋ Alaska ហើយធ្លាប់​​បាន​​បំរើ​ការ​​ជាមន្ត្រីសន្តិសុខជាតិ ​និង​ធ្លាប់ធ្វើដំណើរទៅ​កាន់​​សមរភូមិនៅប្រទេសអ៊ីរ៉ាក់ផងដែរ ខណៈមកទល់ពេលនេះ​ប៉ូលិសបាន​សន្និដ្ឋានថា​ ខ្មាន់កា​ភ្លើង​រូប​នេះ​​បានធ្វើ​សកម្មភាព​​តែម្នាក់ឯង​ប៉ុណ្ណោះ ដោយគ្មានពាក់ព័ន្ធ​ជាមួយបុគ្គល​ ឬក្រុមណា​ផ្សេង​ឡើយ៕

Fresh News
អាន​បន្ត ➤

រុស្ស៊ី ចង់​ធ្វើ​សមយុទ្ធ​យោធា​ជាមួយនឹង​ហ្វីលីពីន​នៅ​សមុទ្រ​ចិន​ខាងត្បូង​



​រដ្ឋាភិបាល​ក្រុង​មូ​ស្គូ បាន​អះអាងថា រុស្ស៊ី ចង់​ធ្វើ​សមយុទ្ធ​យោធា​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង​ជាមួយនឹង​ហ្វីលីពីន ចិន និង​ម៉ាឡេស៊ី​ក្នុង​គោលដៅ​លើកកម្ពស់​ការប្រយុទ្ធប្រឆាំង​ភេរវកម្ម និង​សកម្មភាព​ចោរ​សមុទ្រ​នៅ​ទីនោះ​។ សេចក្តីថ្លែងការណ៍​នេះ ត្រូវបាន​ធ្វើឡើង ស្រប​នឹង​វត្តមាន​របស់​នាវា​ប្រឆាំង​នាវាមុជទឹក​ពីរ​គ្រឿង​របស់​រុស្ស៊ី បាន​ចូល​ចត​លើកដំបូង​ក្នុង​ទស្សនកិច្ច​នៅ​ប្រទេស​ហ្វីលីពីន​។

លោក​មេបញ្ជាការរង​រុស្សី​ប្រចាំ​ប៉ាស៊ីហ្វិក Mikhailov នៅ​ថ្ងៃទី​៤ មករា នា​សន្និសីទ​ក្នុង​ក្រុង​ម៉ានីល បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖«​យើង សង្ឃឹមថា នៅ​ពីរ​ឬ​បី​ឆ្នាំ​ទៅមុខទៀត លំ​ហាត់​យោធា ... នៅក្នុង​តំបន់​របស់​អ្នក​(​ហ្វីលីពីន​) និង​សមុទ្រ​ចិន​ខាងត្បូង នឹងមាន​ការចូលរួម​កាន់តែច្រើន ដែល​មិន​មែនមាន​ត្រឹមតែ​រវាង​រុស្ស៊ី និង​ហ្វីលីពីន ក៏ប៉ុន្តែ ក៏មាន​ចិន និង​ម៉ាឡេស៊ី​ផងដែរ​»​។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​សារព័ត៌មាន The Jakarta Post​។

​លោក Mikhailov បាន​បន្ថែមទៀតថា រុស្ស៊ី នឹងចូលរួម​ជាមួយ​ដើម្បី​ធានា​ពី​សុវត្ថិភាព​ដែនសមុទ្រ​ដែលមាន​បញ្ហា​ចម្បង​ខ្លាំង ដែល​រួមមាន​ភេរវកម្ម និង​ចោរ​សមុទ្រ​នោះ ហើយ រុស្ស៊ី នឹង​បង្ហាញ​នូវ​អ្វី រុស្ស៊ី អាចធ្វើ​បាន និង​រង់ចាំ​មើលថា ប្រទេស​នៅក្នុង​តំបន់​(​ហ្វីលីពីន ចិន និង​ម៉ាឡេស៊ី​) អាច​ធ្វើបាន​អ្វីខ្លះ​ផងដែរ​។

​សូម​រម្លឹក​បន្តិច​ដែរ​ថា នៅ​ថ្ងៃទី​៣ ខែធ្នូ កន្លងទៅ កប៉ាល់ចម្បាំង​ប្រឆាំង​នាវាមុជទឹក Admiral Tributs និង​កប៉ាល់ Boris Butoma នៃ​កងទ័ពជើងទឹក​រុស្ស៊ី ដែលជា​ប្រភេទ​នាវាចម្បាំង​ប្រឆាំង​នាវាមុជទឹក បាន​ចូល​ចត និង​ផ្តើម​ទស្សនកិច្ច​សុ​ឆន្ទៈ​នៅ​ទឹកដី​ហ្វីលីពីន​ជា​លើកដំបូង​រយៈពេល​បួន​ថ្ងៃ​។

​តាមរយៈ​វត្តមាន​នាវាចម្បាំង​នៅក្នុង​ទឹកដី​ហ្វីលីពីន​នោះដែរ រដ្ឋាភិបាល​ក្រុង​មូ​ស្គូ បានបង្ហាញ​ពី​ចេតនា ក្នុងការ​ក្លាយជា​ដៃគូ និង​មិត្តភក្តិ​ជិតស្និទ្ធ​របស់​ប្រទេស​សមាជិក​អាស៊ាន​ហ្វីលីពីន​ផងដែរ​។ ក្នុងនោះ រុស្ស៊ី បាន​សន្យា​ផ្គត់ផ្គង់​សព្វាវុធ​ជាច្រើន​ប្រភេទ​ដល់​ហ្វីលីពីន​ដើម្បី​ពង្រឹងសមត្ថភាព ដែល​រួមមាន​ទាំង​យន្តហោះ ឧ​ទ្ធ​ម្ភា​រ​ចក្រ នាវាមុជទឹក និង​អាវុធ​ធុន​តូច​មួយចំនួន​ផ្សេងទៀត​។

​សូម​ជម្រាប​ផងដែរ​ថា សមុទ្រ​ចិន​ខាងត្បូង គឺជា​តំបន់​ជម្លោះ​អធិបតេយ្យ​ដែលមាន​រដ្ឋ​ពាក់ព័ន្ធ​រួមមាន ព្រុយ​ណេ ម៉ាឡេស៊ី ហ្វីលីពីន វៀតណាម និង​ចិន​។ កន្លងមក ដោយសារតែ​ភាពមិន​ដាច់ស្រេច​នៃ​ដំណោះស្រាយ​រួម អាមេរិក ដែល​មិនមាន​ទឹកដី​ជាប់​សមុទ្រ​ចិន​ខាងត្បូង​នោះ ក៏បាន​បង្ហាញ​វត្តមាន​នាវាចម្បាំង និង​យន្តហោះ​ស៊ើបការណ៍​មកកាន់​តំបន់​ជម្លោះ​ក្រោម​ហេតុផល​ច្បាប់​អន្តរជាតិ​ផងដែរ​។ បើ​រុស្ស៊ី ពិតជា​នឹងមាន​វត្តមាន​ក្នុង​សមយុទ្ធ​យោធា​សមុទ្រ​ចិន​ខាងត្បូង​នាពេលខាងមុខ​មែន នោះ​តំបន់​ជម្លោះ​នេះ នឹង​កាន់​តែមាន​ដៃគូ​ពាក់ព័ន្ធ​កាន់​ច្រើន និង​ស្មុគស្មាញ​ហើយ​៕

ថ្មី​ៗ
អត្ថបទ : ថ្មីៗ
អាន​បន្ត ➤