
នាវាមុជទឹកចិន បានបង្ហាញវត្តមានជាលើកដំបូងនៅក្នុងប្រទេសម៉ាឡេស៊ី។ វត្តមានសព្វាវុធធុនធ្ងន់របស់ចិននៅប្រទេសអាស៊ីអាគ្នេយ៍មួយនេះ ស្របពេលដែលទំនាក់ទំនងចិន-ម៉ាឡេស៊ី ហាក់ដូចជាកំពុងតែមានភាពស្អិតល្មួនគ្នា ហើយស្ថានភាពសមុទ្រចិនខាងត្បូង ក៏មានសភាពស្ងប់ស្ងាត់បន្តិចដែរនោះ។
ការិយាល័យព័ត៌មានក្រសួងការពារជាតិចិន បានទទួលស្គាល់ថា នាវាមុជទឹកចិន ពិតជាបានចូលចតនៅម៉ាឡេស៊ីកាលពីពេលថ្មីៗនេះមែន ដែលការចុះចតនេះ ក៏ជាលើកដំបូងផងដែររបស់នាវាមុជទឹកចិននៅម៉ាឡេស៊ី។ ការិយាល័យដដែលនោះ បានអះអាងថា ការចូលចតនោះ គឺដើម្បីសម្រាកធម្មតា បន្ទាប់ពីបានបញ្ចប់បេសកម្មទៅកាន់សមុទ្រ Aden និងសូម៉ាលីនោះ។ នេះបើយោងតាមការចុះផ្សាយរបស់គេហទំព័រក្រសួងការពារជាតិចិននៅថ្ងៃទី៩ មករា។
តាមពិតទៅវត្តមានរបស់នាវាមុជទឹកចិននៅម៉ាឡេស៊ី មិនមានបញ្ជាក់នៅក្នុងសេចក្តីប្រកាសរបស់ក្រសួងការពារជាតិចិនជាមុននោះទេ។ ហើយវត្តមាននេះដែរ ត្រូវបានលេចចេញឡើងតាមរយៈរូបភាពដែលផ្សាយចេញដោយគណនី Twitter របស់កងនាវាជើងទឹកម៉ាឡេស៊ីពីដំណើរទស្សនកិច្ចរបស់កងទ័ពចិន។ តាមរយៈគណនី Twitter ដែលមានឈ្មោះថា Royal Malaysian Navy បាននិយាយថានាវាមុជទឹក និងនាវាអមដំណើររបស់ចិនដែលមានឈ្មោះថា The CNS Chang Cheng និង The CNS Chang Xing Dao នៃកងទ័ពរំដោះប្រជាជនចិន បានបំពេញទស្សនកិច្ចការទូតនៅម៉ាឡេស៊ី។
រូបភាពនាវាមុជទឹកដែលផ្សាយតាមគណនី Twitter នេះ ត្រូវបានកាសែតអាមេរិក The Wall Street Journal ពណ៌នាថា ជាការខិតតែស្និទ្ធនៃឥទ្ធិពលយោធាចិនមកកាន់តំបន់អាស៊ីអាគ្នេយ៍ ខណៈ ទូរទស្សន៍ឥណ្ឌា NDTV យល់ឃើញថា ជាក្តីបារម្ភមួយដ៏ធំសម្រាប់កងទ័ពជើងទឹកឥណ្ឌា ដែលជាអ្នកខាងរបស់ចិន ដែលកំពុងតែរឿងចម្រូងចម្រាសគ្នាតាមព្រំដែនស្រាប់នោះ។
សូមរម្លឹកផងដែរថា នៅខែវិច្ឆិកាឆ្នាំមុន នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោកណាជីប រ៉ាហ្សាក់ បានបំពេញទស្សនកិច្ចទៅកាន់ចិន តបតាមការអញ្ជើញរបស់សមភាគីចិនលោកនាយករដ្ឋមន្ត្រី លី ឃឺឈាង។ តាមរយៈដំណើរទស្សនកិច្ចនោះ ម៉ាឡេស៊ី និងចិន ក៏បានព្រមព្រៀងពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការច្រើនវិស័យជាមួយគ្នា ដោយរាប់បញ្ចូលទាំងវិស័យការពារជាតិផងដែរ។ តែបញ្ហាសមុទ្រចិនខាងត្បូងដែលជាបញ្ហាចម្រូងចម្រាសនៃប្រទេសទាំងពីរនោះ មិនត្រូវបានជជែកក្នុងភាពលក្ខណៈបើកចំហអ្វីឡើយ ពោលគឺ ម៉ាឡេស៊ី រក្សាជំហរស្ងៀមស្ងាត់ដដែល៕
ថ្មីៗ
អត្ថបទ : ថ្មីៗ
No comments:
Post a Comment