ការផ្សាយ​ចុង​ក្រោយ

ជាមួយនឹង​ក្តីបារម្ភ​ខ្លាំង ចិន នឹង​តាមដាន​ផែនការ​ដែលថា​កូរ៉េខាងជើង​អាច​បាញ់​សាកល្បង​មី​ស៊ី​ល​ឆ្លង​ទ្វីប



​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង បានប្រកាសថា អាច​បាញ់​សាកល្បង​មី​ស៊ី​ល​ប៉ា​លី​ស្ទីក​ឆ្លង​ទ្វីប​គ្រប់​ពេលដែល​កូរ៉េខាងជើង​ចង់​ធ្វើ់ ដែល​ការប្រកាស​នេះ ក៏​មិន​បានធ្វើ​ឲ្យ​អាមេរិក​នៅ​ស្ងៀម​ឡើយ ដោយ​ក្រុង​វ៉ាស៊ីនតោន អះអាងថា​នឹង​បាញ់​មី​ស៊ី​ល​នោះ​ទម្លាក់ចោល​តែម្តង​។ ក៏ប៉ុន្តែ​ក្រុង​ប៉េកាំង មិនមាន​ចំណាត់ការ​អ្វី​ឡើយ ពោលគឺ ក្រុង​ប៉េកាំង បន្ត​ធ្វើជា​អ្នកតាមដាន​ស្ថានការណ៍ និង​ទទូច​ឲ្យ​ភាគី​រក្សា​ភាព​ស្ងៀមស្ងាត់​ប៉ុណ្ណោះ​។

អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន លោក Lu Kang នៅ​ថ្ងៃទី​៩ មករា បាន​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​ប្រចាំ​ថា ក្រុង​ប៉េកាំង បានដឹង​លឺ​ពី​ដំណឹង​ដែលថា កូរ៉េខាងជើង អាច​នឹង​បាញ់​សាកល្បង​មី​ស៊ី​ល​ធុន​ធ្ងន់​ជាថ្មី ហើយ ក្រុង​ប៉េកាំង ក៏​ពិតជា​បារម្ភ​ចំពោះ​ស្ថានភាព​នោះ​ផងដែរ​។ មិន​ខុសពី​ពេលមុនៗ ក្រុង​ប៉េកាំង បាន​បន្ត​ពណ៌នា​ស្ថានភាព​ឧបទ្វីប​កូរ៉េ​ថា​មាន​ភាពស្មុគស្មាញ និង​រសើប​។

​ជាងនេះទៅទៀត​នោះ តាមរយៈ​អ្នកនាំពាក្យ​ដដែល​នោះ ក្រុង​ប៉េកាំង ក៏បាន​ទទូច​ឲ្យ​ភាគី​ពាក់ព័ន្ធ​បញ្ឈប់​សកម្មភាព ឬ​ការ​ថ្លែង​សុន្ទរកថា​ដែល​ធ្វើ​ឲ្យ​ស្ថានភាព​កាន់តែ​ធ្ងន់ធ្ងរ​។ យ៉ាងណាក៏ដោយ ចិន មិនមាន​វិធានការ​អ្វី​ដើម្បី​តបត​ទៅនឹង​សកម្មភាព​កូរ៉េខាងជើង​ឡើយ ដោយ​គ្រាន់តែ​បញ្ជាក់ថា​៖«​ចិន នឹង​ចាំ​តាមដាន​ចំពោះ​ការអភិវឌ្ឍ​នៃ​ស្ថានភាព និង​បន្តការងារ​ដើម្បី​សន្តិភាព និង​ស្ថិរភាព​ក្នុង​តំបន់​»​។

​យោងតាម​សារព័ត៌មាន​កូរ៉េខាងត្បូង Yonhap អ្នកនាំពាក្យ​ក្រសួងការបរទេស​កូរ៉េខាងជើង​ដែល​មិន​បញ្ចេញ​ឈ្មោះ​ម្នាក់ បាន​និយាយថា ក្រុង​ព្យុងយ៉ាង បាន​អភិវឌ្ឍ​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​ស្តង់ដា​រួចហើយ​ដែរ​។ អ្នកនាំពាក្យ​នោះ បាន​បន្ទោស​អាមេរិក​ថា បាន​បន្តសកម្មភាព​បង្កហេតុ​មកលើ​ខ្លួន ហើយ​រឿងនេះ​ជា​មូល​ហេតុដែល​បង្ខំ​ខ្លួន​ឲ្យ​អភិវឌ្ឍ​អាវុធ​នោះ​។​

​អ្វី​គួរកត់សម្គាល់​នោះ ការប្រកាស​ខាងលើនេះ ធ្វើឡើង​ក្រោយពេល​មេដឹកនាំ​កំពូល គីម ជុង​អ៊ុន ប្រកាសថា កូរ៉េខាងជើង បាន​មកដល់​ដំណាក់កាល​ចុងក្រោយ​នៃ​ការរៀបចំ​សាកល្បង​មី​ស៊ី​ល​អន្តរទ្វីប (ICBM) ។ ប្រសិនបើ​សាកល្បង​ជោគជ័យ មី​ស៊ី​ល​អន្តរទ្វីប​នេះ មាន​សមត្ថភាព​បាញ់​ដល់​ទឹកដី​អាមេរិក ដែលមាន​ចម្ងាយ​ជាង​៩​ពាន់​គីឡូម៉ែត្រ​ពី​កូរ៉េខាងជើង​។ មី​ស៊ី​ល​ប្រភេទ​នេះ អាច​បាញ់​គោលដៅ​ក្នុង​រង្វង់​អ​ប្បរមា​៥​ពាន់​គីឡូម៉ែត្រ និង​អាច​បង្កើន​សមត្ថភាព​វាយប្រហារ​គោលដៅ​ចម្ងាយ​លើស​មួយ​ម៉ឺន​គីឡូម៉ែត្រ​ផងដែរ​។

​ដូច​សព្វមួយដង​អាមេរិក ដែលជា​អាណាព្យាបាល​សន្តិសុខ​រប​ស់ជ​ប៉ុន និង​កូរ៉េខាងត្បូង មិន​បណ្តែតបណ្តោយ​ឲ្យ​កូរ៉េខាងជើង ធ្វើតាម​ចិត្ត​ឡើយ​។ រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក Ashton Carter នៅ​ថ្ងៃទី​៨ មករា​កន្លងទៅ បាន​អះអាងថា អាមេរិក​នឹង​បាញ់​ទម្លាក់​មី​ស៊ី​ល​កូរ៉េខាងជើង​ដែល​ហោះ​សំដៅ​ទឹកដី​អាមេរិក​។ ក្នុង​កិច្ចសម្ភាសន៍​មួយ​ជាមួយ​សារព័ត៌មាន NBC ប្រមុខ​ការពារជាតិ​អាមេរិក​រូបនេះ​បញ្ជាក់ថា អាមេរិក នឹង​បាញ់​ទម្លាក់​មី​ស៊ី​ល​ដែល​បាញ់​ដោយ​កូរ៉េខាងជើង ក្នុងករណី​មី​ស៊ី​ល​នោះ បាញ់​តម្រង់​មកកាន់​អាមេរិក ឬ​ទឹកដី​របស់​សម្ព័ន្ធមិត្ត​អាមេរិក​។​

​លោក Carter សង្កត់ធ្ងន់ថា អាមេរិក​បាញ់​ទម្លាក់​មី​ស៊ី​ល​ណា​ដែល​ជាការ​គំរាម​សន្តិសុខ​អាមេរិក និង​សម្ព័ន្ធមិត្ត​ប៉ុណ្ណោះ​។ តែបើ​មី​ស៊ី​ល​កូរ៉េខាងជើង បាញ់​តម្រង់​ចូល​សមុទ្រ​នោះ ក្រុង​វ៉ាស៊ីនតោន នឹងមិន​បាញ់​ស្កាត់​អ្វី​ឡើយ​។ គេ​មិនទាន់​ដឹង​ទេ​ថា កូរ៉េខាងជើង នឹង​បាញ់​សាកល្បង​មី​ស៊ី​ល​របស់​ខ្លូន​នៅពេលណា​ឡើយ ប៉ុន្តែ​បើតាម​ព័ត៌មាន​លេច​ធ្លាយ​កន្លងមក កូរ៉េខាងជើង ទំនងជា​បាញ់​មី​ស៊ី​ល ពេល ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ស្បថ​ចូលកាន់​តំណែង​៕

ថ្មី​ៗ
អត្ថបទ : ថ្មីៗ

No comments: