
យោធាប៉ាគីស្ថាន នៅថ្ងៃទី៩ ខែមករា បានប្រកាសថា ខ្លួនបានបាញ់មីស៊ីលបំពាក់លើនាវាមុជទឹកដោយជោគជ័យ ចេញពីទីតាំងមិនស្គាល់ភូមិសាស្ត្រក្នុងមហាសមុទ្រឥណ្ឌា។ មីស៊ីលប្រភេទ Babur-3 អាចបាញ់ចំគោលដៅចម្ងាយ៤៥០គីឡូម៉ែត្រ និងថែមទាំងមានសមត្ថភាពបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរបានទៀតផង។ ជោគជ័យនេះ គឺជាសញ្ញាបង្ហាញពីការកើនឡើងសមត្ថភាពសព្វាវុធរបស់ប៉ាគីស្ថាន ប្រឈមមុខនឹងគូប្រជែងឥណ្ឌា។
រដ្ឋអាស៊ីខាងត្បូងប៉ាគីស្ថាន បានឈានមួយជំហានយ៉ាងធំក្នុងវិស័យការពារជាតិរបស់ខ្លួន ក្រោយទទួលជោគជ័យក្នុងការបាញ់សាកល្បងមីស៊ីលបាញ់ចេញពីនាវាមុជទឹក (SLCM) ។ មីស៊ីល Babur-3 បាញ់ចេញពីទីតាំងក្រោមទឹកនៃមហាសមុទ្រឥណ្ឌា និងចំគោលដៅយ៉ាងជាក់លាក់។ យោធាប៉ាគីស្ថានអះអាងថា ជោគជ័យនេះ នឹងជួយជំរុញសមត្ថភាពវាយបករបស់កងទ័ពប៉ាគីស្ថាន ទល់នឹងការគំរាមពីខាងក្រៅ។
សារព័ត៌មានឥណ្ឌា Times of India ផ្សាយថា នាយករដ្ឋមន្ត្រីប៉ាគីស្ថាន Muhammad Nawaz Sharif បានសាទរជោគជ័យនៃការសាកល្បងមីស៊ីលបាញ់ចេញនាវាមុជទឹកជាលើកដំបូងនេះ។ តាមរយៈសេចក្ដីថ្លែងការណ៍នៃការិយាល័យនាយករដ្ឋមន្ត្រី លោក Nawaz Sharif និយាយថា ជោគជ័យនៃការសាកល្បងមីស៊ីល Babur-3 បានបង្ហាញពីដំណើរការរីកចម្រើននៃបច្ចេកវិទ្យាយោធារបស់ប៉ាគីស្ថាន ក៏ដូចជាការពឹងផ្អែកខ្លួនឯងផងដែរ។
ភ្លាមៗបន្ទាប់ពីការបាញ់សាកល្បងនេះ គេមិនទាន់ឃើញមានសេចក្ដីថ្លែងការណ៍ណាមួយពីសំណាក់ឥណ្ឌាឡើយ។ ឥណ្ឌា និងប៉ាគីស្ថាន ដែលជាអតីតគូសត្រូវនឹងគ្នាអស់ពេលជាយូរមក នៅតែប្រណាំងប្រជែងផ្នែកសព្វាវុធ ក្នុងគោលដៅការពារជាតិរៀងៗខ្លួន។ អ្វីគួរឲ្យកត់សម្គាល់នោះ មហាអំណាចអាស៊ីខាងត្បូងទាំងពីរសុទ្ធតែមានអាវុធនុយក្លេអ៊ែរដូចគ្នាដែរ។ ហើយការទទួលជោគជ័យនៅពេលនេះ ពិតជាធ្វើឲ្យឥណ្ឌាព្រួយបារម្ភមិនខាន។
សូមរម្លឹកថា ឥណ្ឌា និងប៉ាគីស្ថាន ធ្លាប់ប្រឡូកក្នុងសង្គ្រាមជាមួយគ្នាចំនួនបីលើកចាប់តាំងពីការទទួលឯករាជ្យពីអង់គ្លេសក្នុងឆ្នាំ១៩៤៧ មក។ ចាប់ពីពេលនោះមក ទាំងក្រុងញូវដែលី ទាំងក្រុងអ៊ីស្លាម៉ាបាដ សុទ្ធតែប្រឹងអភិវឌ្ឍសព្វាវុធរបស់ខ្លួន ជាពិសេសមីស៊ីលទាំងសម្រាប់បាញ់លើគោក និងសម្រាប់បាញ់ចេញពីនាវាមុជទឹកជាដើម រហូតមកដល់ទល់ឆ្នាំ១៩៩៨ ដែលប្រទេសទាំងពីរ មានឈ្មោះជាមហាអំណាចនុយក្លេអ៊ែរ។
សព្វថ្ងៃ ឥណ្ឌា និងប៉ាគីស្ថាន នៅតែប្រឈមមុខផ្នែកយោធានៅឡើយ ជាពិសេសបញ្ហាទឹកដីនៅកាស្មៀ ដែលបែងចែកមិនទាន់ដាច់តាំងពីអង់គ្លេសចាកចេញមកនោះ។ ជានិច្ចកាល កងទ័ពប្រទេសទាំងពីរតែងប៉ះទង្គិចគ្នានៅតាមបណ្ដោយព្រំដែនក្នុងតំបន់មួយនេះ និងបណ្ដាលឲ្យមនុស្សជាច្រើនស្លាប់បាត់បង់ជីវិតទៀតផង៕
ថ្មីៗ
អត្ថបទ : តន ចាន់រិទ្ធារ៉ា
No comments:
Post a Comment