
(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីសហរដ្ឋអាមេរិកទី៤៤ លោក បារ៉ាក់ អូបាម៉ា បានត្រៀមខ្លួនរួចហើយក្នុងការរៀបចំបង្វិច និងកិច្ចការដែលលោកនៅមិនទាន់ធ្វើបានសម្រេច ចាកចេញពីសេតវិមាននៅថ្ងៃទី២០ ខែមករា ឆ្នាំ២០១៧ ជាថ្ងៃលោក ដូណាល់ ត្រាំ ស្បថចូលកាន់តំណែងជាផ្លូវការក្នុងនាមជាប្រធានាធិបតីអាមេរិកទី៤៥ ក៏ប៉ុន្តែមុននឹងការចាកចេញរបស់លោក បើតាមការស្ទង់មតិមួយរបស់សារព័ត៌មានបារំាង Le Figaro ក្នុងចំណោមអ្នកបោះឆ្នោត ៣៦,៤៣៩ នាក់មានប្រជាជនបារាំងតែ ៤១ភាគរយឆ្លើយ «ល្អ» ខណៈ ៥៩ភាគរយឆ្លើយថា «មិនល្អ» ចំពោះការដឹកនាំរបស់លោក បារ៉ាក់ អូបាម៉ា។
លោក អូបាម៉ា នឹងត្រូវថ្លែងសុន្ទរកថាជាលើកចុងក្រោយ នៅថ្ងៃល្ងាចថ្ងៃអង្គានេះ (ម៉ោងក្នុងទីក្រុងវ៉ាស៊ីនតោន)។ ដោយឡែកបើនិយាយពីការងារក្នុងរយៈពេលកាន់តំណែងជាប្រធានាធិបតីអាមេរិកជាង ០៨ឆ្នាំមកនេះ លោក អូបាម៉ា សម្រេចបានសមិទ្ធិផលជាច្រើនសម្រាប់សហរដ្ឋអាមេរិក ប៉ុន្តែក៏មានការងារធំៗជាច្រើនផងដែរដែលលោកបានបរាជ័យក្នុងនោះមានដូចជា៖
១៖ ការគ្រប់គ្រងការប្រើប្រាស់កំាភ្លើង, នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១២ ក្មេងសិស្សសាលា ២០នាក់ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់នៅឯសាលាបឋមសិក្សាមួយកន្លែងក្នុងទីក្រុង Newton រដ្ឋ Connecticut ហើយរហូតមកទល់នឹងពេលច្បាប់ស្ដីពីការគ្រប់គ្រងអាវុធរបស់លោក អូបាម៉ា ក៏ត្រូវជាប់គាំងដោយសារតែសមាជិកសភាបក្សសាធារណរដ្ឋជំទាស់ ខណៈករណីបាញ់សម្លាប់ចេះតែកើតមានជាបន្តបន្ទាប់។
២៖ សង្គ្រាមបង្ហូរឈាមនៅស៊ីរី, កាលពីឆ្នាំ២០១២ លោក អូបាម៉ា ព្រមានសងសឹកទៅលើរបបប្រធានាធិបតីស៊ីរី លោក បាហ្សា អាល់ អាស្សាដ ជុំវិញការប្រើប្រាស់អាវុធគីមីប្រឆាំងនឹងស៊ីវិល ប៉ុន្តែក្នុងនាមជាមេដឹកនាំពិភពលោករដ្ឋាភិបាលអាមេរិកក្រោមរដ្ឋបាលលោក អូបាម៉ា មិនអាចស្វែងរកកិច្ចព្រមព្រៀងបញ្ចប់សង្រ្គាមបាននៅឡើយទេ ហើយមិនតែប៉ុណ្ណោះសូម្បីតែក្រុមប្រឆាំងស៊ីរី ដែលខ្លួនគាំទ្រក៏ត្រូវបានកងទ័ពរដ្ឋាភិបាលលោក អាស្សាដ វាយបណ្ដេញចេញពីទីក្រុងអាឡេប៉ូទៅទៀត រីឯសង្រ្គាមស៊ីរីក៏មិនដឹងថាត្រូវបញ្ចប់នៅពេលណា។
៣៖ ការសន្យាបិទពន្ធនាគារ Guantanamo ដ៏ចំរូងចម្រាស តែបច្ចុប្បន្នពន្ធនាគារនេះនៅតែដំណើរការនៅឡើយ។
៤៖ គោលនយោបាយសុខាភិបាល ObamaCare កំពុងរងការរិះគន់ហើយលោក ដូណាល់ ត្រាំ សន្យាថានឹងលុបចោលគោលនយោបាយនេះ។
៥៖ ការបន្តរក្សាកងទ័ពអាមេរិកនៅអាហ្វហ្គានីស្ថាន, ដោយទទួលស្គាល់ភាពទន់ខ្សោយរបស់កងទ័ពអាហ្វហ្គានីស្ថាន ក្នុងការប្រយុទ្ធនឹងក្រុមតាលីបង់ លោក អូបាម៉ា បានបដិសេធដកកងទ័ពទំាងស្រុងនៅចុងឆ្នាំ២០១៦ ដូចដែលលោកធ្លាប់បានសន្យានោះទេ ពោលគឺ កងទ័ពអាមេរិក ៨,៤០០នាក់នឹងបន្តស្ថិតនៅលើទឹកដីអាហ្វហ្គានីស្ថាន បន្ទាប់ពីចាកចេញពីសេតវិមាន៕
Fresh News
No comments:
Post a Comment