
ឯកអគ្គរាជទូតជប៉ុន លោក ហ៊ីដេហ៊ីសា ហូរីណុអ៊ុជិ (Hidehisa Horinouchi) ប្រកាសឲ្យដឹងថា ការស្ថាបនាកំណាត់ផ្លូវជាតិលេខ ១ (រាជធានីភ្នំពញ-អ្នកលឿង) ដំណាក់កាលទី ៤ ពីចំណុច បឹងស្នោដល់ស្ពានព្រះមុនីវង្ស នឹងបញ្ចប់ជាស្ថាពរនៅខែមីនា ឆ្នាំ ២០១៧ ខាងមុខ។
លោកឯកអគ្គរាជទូតជប៉ុន ហ៊ីដេហ៊ីសា ហូរីណុអ៊ុជិ ស្នើឲ្យប្រជាជនដែលធ្វើដំណើរតាមផ្លូវជាតិលេខ ១ យោគយល់ចំពោះការស្ទះចរាចរណ៍នៅកំណាត់ផ្លូវជាតិលេខ ១ ជាពិសេសចាប់ពីចំណុចបឹងស្នោ ដល់ស្ពានព្រះមុនីវង្ស ក្នុងរាជធានីភ្នំពេញ កន្លងមក។ នៅក្នុងកម្មវិធី ៦០ វិនាទី ប្រចាំសប្តាហ៍ពីលោកទូតជប៉ុន ដែលបង្ហោះនៅលើទំព័រហ្វេសប៊ុកជប៉ុនប្រចាំកម្ពុជា លោកឯកអគ្គរាជទូត បញ្ជាក់ថា ផ្លូវនេះ នឹងបញ្ចប់ជាស្ថាពរនៅខែមីនា ឆ្នាំ ២០១៧ ខាងមុខ។
កាលពីឆ្នាំ ២០១៤ រដ្ឋាភិបាលជប៉ុនតាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) បានផ្តល់ហិរញ្ញប្បទានឥតសំណងចំនួន ១៦ លានដុល្លារ ដើម្បីស្ថាបនាកំណាត់ផ្លូវជាតិលេខ ១ ដំណាក់កាលទី៤ នេះ។ បើតាមសេចក្តីប្រកាសព័ត៌របស់ស្ថានទូតជប៉ុនកាលពី ឆ្នាំ ២០១៤ គម្រោងជួសជុល និងអភិវឌ្ឍកំណាត់ផ្លូវជាតិ លេខ ១ នេះត្រូវបែងចែកជា ៤ ដំណាក់កាល ដោយចំណាយទឹកប្រាក់សរុបប្រមាណ ៨៦ លានដុល្លារ មានប្រវែង ៥៦ គីឡូម៉ែត្រ។ ដំណាក់កាលទី ១ គឺសាងសង់ស្ពានចំនួន ២ នៅខេត្តកណ្តាល ដំណាក់កាលទី ២ គឺសាងសង់កំណាត់ផ្លូវជាតិលេខ ១ ប្រវែង ៤៣ គីឡូម៉ែត្រ ចាប់ពីគីឡូម៉ែត្រ លេខ ១៣ (ក្នុងស្រុកកៀនស្វាយ)ដល់អ្នកលឿង ដំណាក់កាលទី៣ សាងសង់កំណាត់ផ្លូវប្រវែង ៩ គីឡូម៉ែត្រចាប់ពីចំណុចផ្សារគគីរ ដល់បឹងស្នោ ហើយដំណាក់កាលទី ៤ ចុងក្រោយចាប់ពីចំណុចបឹងស្នោ ដល់ស្ពានព្រះមុនីវង្ស៕
ថ្មីៗ
អត្ថបទ : រុង រឿង
No comments:
Post a Comment