
ភ្នំពេញ: លោកស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានដឹកនាំក្រុមការងារ របស់ខ្លួន ចូលឆ្លើយបំភ្លឺ ជូនគណៈកម្មការអង្កេត បោសសំអាត ប្រឆាំងអំពើពុករលួយ (គណៈកម្មការទី១០) នៃរដ្ឋសភា នាព្រឹកថ្ងៃទី១៥ ខែធ្នូ នេះ អំពីភាពមិនប្រក្រតី នៃការនាំខ្សាច់ចេញទៅប្រទេសសឹង្ហបូរី។ទិន្នន័យនៃការនាំចេញខ្សាច់ ពីកម្ពុជា ទៅសឹង្ហបុរី ដែលល្អៀងទឹកប្រាក់ ប្រមាណ ៧៤៧ លានដុល្លារនោះ មិនត្រូវបានក្រសួងរ៉ែ និងថាមពល ដាក់បង្ហាញទិន្នន័យ ជាសាធារណៈនៅឡើយទេ។
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចាត់ឲ្យលោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងសហការី ទៅបំភ្លឺជូនគណៈកម្មការអង្កេត បោសសំអាត ប្រឆាំងអំពើពុករលួយ (គណៈកម្មការទី១០) នៃរដ្ឋសភា នៅព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៦ នៅវិមានរដ្ឋសភា អំពីភាពមិនប្រក្រតី នៃការនាំខ្សាច់ចេញ ទៅប្រទេសសឹង្ហបូរី នេះ។
យោងតាមលិខិត របស់សម្តេចនាយករដ្ឋមន្ត្រី ផ្ញើជូនសម្តេច ហេង សំរិន ប្រធានរដ្ឋសភា កាលពីថ្ងៃទី១២ ខែធ្នូ បានឲ្យដឹងថា សូមជម្រាបជូន សម្តេចអគ្គមហាពញាចក្រី ប្រធានរដ្ឋសភា មេត្តាជ្រាបថា ចំពោះសំណើសុំ អញ្ជើញលោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងសហការី ទៅបំភ្លឺជូនគណៈកម្មការទី១០ នៃរដ្ឋសភា អំពីភាពមិនប្រក្រតី នៃការនាំខ្សាច់ចេញ ទៅប្រទេសសឹង្ហបូរី រាជរដ្ឋាភិបាលនឹងចាត់ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងសហការី ទៅបំភ្លឺជូនគណៈកម្មការទី១០ នៃរដ្ឋសភា តាមកាលបរិច្ឆេទ ដែលបានកំណត់ ដោយរដ្ឋសភា។
លោក ហូរ វ៉ាន់ ប្រធានគណៈកម្មការទី១០ នៃរដ្ឋសភា បានស្នើឲ្យលោក ស៊ុយ សែម បង្ហាញលម្អិត ពីភាពមិនប្រក្រតី នៃការនាំខ្សាច់ ទៅប្រទេសសិង្ហបូរី និងក៏បានស្នើឲ្យ ក្រសួងរ៉ែ និងថាមពល បញ្ឈប់ការធ្វើអាជីវកម្ម នៅក្នុងខេត្តកោះកុង ពីព្រោះ អាជីវកម្ម តំបន់នោះ បានធ្វើប៉ះពាល់ដល់ ជីវភាពរបស់ប្រជាពលរដ្ឋ ពិសេសជនជាតិដើមភាគតិច និងប៉ះពាល់ដល់ជីវចម្រុះ ដែលកំពុងរស់នៅតំបន់ ធ្វើអាជីវកម្មខ្សាច់ នោះផងដែរ។
សូមជម្រាបថា ភាពមិនប្រក្រតី នៃការនាំចេញខ្សាច់ ទៅប្រទេសសឹង្ហបូរី បានកើតឡើង បន្ទាប់ពីអង្គការសង្គមស៊ីវិល ប្រមាណជា ៥០ បានទាមទារឲ្យ ក្រសួងរ៉ែ និងថាមពល បង្ហាញទិន្នន័យ ក្នុងចន្លោះឆ្នាំ២០០៧ ដល់ឆ្នាំ២០១៥ ដោយសារតួលេខផ្លូវការ រដ្ឋាភិបាល តាមរយៈក្រសួងពាណិជ្ជកម្ម គឺការនាំខ្សាច់ចេញ ទៅកាន់ប្រទេសសឹង្ហបុរី មានតែប្រមាណ ២,៨ លានតោន ប៉ុណ្ណោះ ខណៈដែលទិន្នន័យស្ថិតិ ពាណិជ្ជកម្ម លើទំនិញរបស់ អង្គការសហប្រជាជាតិ ដែលស្រង់ទិន្នន័យពី នាយកដ្ឋានស្ថិតិ ពាណិជ្ជកម្ម របស់រដ្ឋាភិបាលសិង្ហបុរី បង្ហាញថា ការនាំខ្សាច់ចេញពីកម្ពុជាចូលសិង្ហបុរី មានប្រមាណ ៧២,៨ លានតោន សម្រាប់រយៈពេលដូចគ្នា។ ទិន្នន័យនៃការនាំចេញខ្សាច់ ពីកម្ពុជាទៅសិង្ហបុរី ដែលល្អៀងទឹកប្រាក់ ប្រមាណ ៧៤៧ លានដុល្លារនោះ មិនត្រូវបាន ក្រសួងរ៉ែ និងថាមពល ដាក់បង្ហាញទិន្នន័យ ជាសាធារណៈនៅឡើយទេ៕
CEN
ដោយ: មុនីរាជ
No comments:
Post a Comment