ការផ្សាយ​ចុង​ក្រោយ

ផ្លូវ​ចំនួន​៣​ខ្សែ នៅក្នុង​ខណ្ឌចំការមន ត្រូវបាន​បន្ត​ការជួសជុល ដោយ​ចាក់​អ៊ុត​កៅស៊ូ​



ភ្នំពេញ: ក្រោម​គម្រោង​យុទ្ធនាការ ជួសជុល​កែលំអ​ឡើងវិញ នូវ​ផ្លូវ​សរុប​ចំនួន​៥៧​ខ្សែ នៅក្នុង​ចំនួន​៩ ក្នុង​រាជធានី​ភ្នំពេញ ដែល​ទទួល​ការខូចខាត ដោយសារ​ទឹកភ្លៀង និង​ដោយសារ​រថយន្ត ដឹក​ធ្ងន់​លួច​ចូល​ក្រុង ក្នុង​រដូវវស្សា​កន្លង​មក នៅ​ព្រឹក​ថ្ងៃទី​១០ ខែមករា ឆ្នាំ​២០១៧​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ប្រារព្វ​ពិធី​បើក ការដ្ឋាន​ជួសជុល​ផ្លូវ ដោយ​ចាក់​អ៊ុត​កៅស៊ូ នៅលើ​ផ្លូវ​ចំនួន ៣ ខ្សែ​បន្ថែមទៀត ក្នុងចំណោម​ផ្លូវ​១៧​ខ្សែ នៅក្នុង​ខណ្ឌចំការមន​។​

ផ្លូវ​ទាំង​៣​ខ្សែ ដែល​បើក​ការដ្ឋាន ជួសជុល ដោយមាន​ការសម្រួល​គ្រឹះ និង​ការចាក់​អ៊ុត​កៅស៊ូ​ឡើងវិញ ជា​លើក​ទី​៤ នៅក្នុង​ខណ្ឌចំការមន​នេះ រួមមាន ទី​១ ផ្លូវ​លេខ​១៦៧ (​ចាប់ពី​ផ្លូវ​លេខ​២៤៥ រហូតដល់ ផ្លូវ​លេខ​៤៥០) ស្ថិតក្នុង​សង្កាត់​ទួល​ទំពូង​២ ។ ទី​២ ផ្លូវ​លេខ​២៨៤ (​ចាប់ពី​មហាវិថី​ព្រះសីហនុ រហូតដល់​ផ្លូវ​លេខ​១៦៣) ស្ថិតក្នុង​សង្កាត់​អូឡាំពិក និង​សង្កាត់​ទួល​ស្វាយព្រៃ​ទី​២ ។ ទី​៣ ផ្លូវ​លេខ​៤៨៤ (​ចាប់ពី​រង្វង់​មូល ផ្សារ​ដើមថ្កូវ រហូតដល់​ផ្លូវ​លេខ​៩៣) ស្ថិតក្នុង​សង្កាត់​បឹងត្របែក និង​សង្កាត់​ផ្សារ​ដើមថ្កូវ​។​

​លោក ស៊ុយ សេ​រិ​ទ្ធ អភិបាលរង រាជធានី​ភ្នំពេញ បាន​លើកឡើងថា ការស្តារ នៃ​ផែនការ​ហេ​ដ្ឋា​រចនា សម្ព័ន្ធ​នៅតាម​មូលដ្ឋាន​សង្កាត់ ខណ្ឌ​នេះ គឺជា​ការអនុវត្ត​ន៏ ទៅតាម​ប្រសាសន៍​របស់ ប្រមុខ​រាជរដ្ឋាភិបាល សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ដែល​បាន​ផ្តល់នូវ ផ្លូវ​ចំនួន​៥៧​ខ្សែ ជូន​ដល់​ប្រជាពលរដ្ឋ ក្នុង​រាជធានី​ភ្នំពេញ សម្រាប់​ជា​ចំណងដៃ ក្នុងឱកាស​បុណ្យចូលឆ្នាំ​ខ្មែរ នាពេល​ខាងមុខនេះ​។

​លោក​អភិបាលរង បាន​បញ្ជាក់ថា ជា​ទិសដៅ​របស់​ថ្នាក់ដឹកនាំ គឺ​ធ្វើយ៉ាងណា​បំពេញ​ការទាមទារ ឬ​ការសុំ​ណូ​ម​ពរ​របស់​ប្រជាពលរដ្ឋ ឲ្យ​បាន​លើ​តម្រូវការ សម្រាប់​ជីវភាព​រស់ នៅ​ប្រចាំថ្ងៃ​។ ជាក់ស្តែង​នៅពេលនេះ តាម​ការស្នើសុំ​ធ្វើ​ផ្លូវ​នៅតាម​មូលដ្ឋាន របស់​ប្រជាពលរដ្ឋ តាមរយៈ​លោក​ចៅសង្កាត់ លោក​អភិបាលខណ្ឌ និង​អាជ្ញាធរ​រាជធានី​ភ្នំពេញ សុំ​គោល​ការបន្ត​សុំ​ការអនុញ្ញាត ពី​រាជរដ្ឋាភិបាល នៅពេលនេះ ប្រមុខ​រាជរដ្ឋាភិបាល ក៏បាន​សម្រេច​ឲ្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ បើក​យុទ្ធ​ការធ្វើ​ផ្លូវ​ដោយ​ចាក់​កៅស៊ូ​ជូន​បងប្អូន ដើម្បី​ឲ្យ​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​រាជធានី​ភ្ន​ពេញ បាន​កាន់តែ​ល្អប្រសើរ​ឡើង ជូន​បងប្អូន​។​

​ក្នុងនោះ​ឱកាស​នោះ​លោក​ក៏បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ ដែល​ទទួលផល​ដោយផ្ទាល់​ពី​ផ្លូវ​ទាំងអស់នេះ សូម​ចូលរួម​មើលថែ​ទាំងអស់​គ្នា និង​ចូលរួម​តាមដាន​ការអនុវត្ត​ការងារ​ចាក់​អ៊ុត​កៅស៊ូ​របស់​ក្រុមហ៊ុន ព្រមទាំង​មានការ​យោគយល់ និង​សហការ​ក្នុងពេល​ការដ្ឋាន​កំពុង​ដំណើការ​។ ជាមួយនេះ​លោក​អភិបាលរង​រាជធានី​ភ្នំពេញ ក៏បាន​រំលឹក​ដល់​ក្រុមហ៊ុន​ទទួល​ការងារ​នៅ​ផ្លូវ​ទាំងនេះ ត្រូវបំពេញ​ការងារ​រ​បស់​ខ្លួន​អោយបាន​ត្រឹមត្រូវ ជៀសវាង​ការធ្វើ​ខុស​កិច្ចសន្យា ឬ​ខុស​លក្ខណៈ​បច្ចេកទេស និង​អនុវត្ត​ការងារ​ប្រកបដោយ​ក្រ​មសិល​ធម៌ ដើម្បី​លប់បំបាត់​អោយបាន​ដាច់ខាត​នូវ​ពាក្យ​បែប​កំប្លែង​ថា ផ្លូវ​ធ្វើ​ជាប់ ឬ​ចាក់​ស្តើង​ស៊ី​ក្រាស់ ចាក់​ក្រាស់​ស៊ី​ស្តើង​។​

​សូមបញ្ជាក់ថា ចំណងដៃ​ពី​ប្រមុខ​រាជរដ្ឋាភិបាល ដែល​បាន​ឲ្យ​មក​រាជធានី​ភ្នំពេញ ជាការ​ដូរ​ធ្វើ​ផ្លូវ ជូន​ប្រជាពលរដ្ឋ​នៅ​រាជធានី​ភ្នំពេញ ហើយ​ផែនការ​ផ្លូវ​ភ្នំពេញ​នេះ គឺ​ទូលំទូលាយ​ណាស់​រហូតដល់​៥៧​ខ្សែ ស្មើ​៦៤​គីឡូម៉ែត្រ ហើយ​ផ្លូវ​ដែល​និង​ស្តារ ចាប់ពី​ថ្ងៃនេះ​តទៅ តាម​ផែនការ​ក្នុងចំណោម​៥៧​ខ្សែ គឺមាន​១៧​ខ្សែ​នៅ​ចំការមន​។ ជាមួយនេះ​សាលា​រាជធានី​ភ្នំពេញ ក៏​គ្រោង​នឹងធ្វើ​ផ្លូវ​១៧៥​គីឡូម៉ែត្រ​ទៀត នៅក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ បន្ថែម​លើ​យុទ្ធនាការ​ទាំង​៥៧​ខ្សែ ក្នុង​ផែនការ​ឆ្នាំ​២០១៦ ដើម្បី​ឲ្យ​ប្រព័ន្ធ​គមនាគមន៍​នៅ​រាជធានី​ភ្នំពេញ​បាន​កាន់តែ​ល្អប្រសើរ​ឡើង​៕

CEN
ដោយ: ដាវុធ

No comments: