![]() |
| ផែនទីបង្ហាញពីការបាត់បងព្រៃឈើនៅក្នុងប្រទេសកម្ពុជា (រូបភាព NASA) |
របាយការណ៍អង្គការអន្ដរជាតិមួយបង្ហាញថា ព្រៃឈើនៅក្នុងប្រទេសកម្ពុជាកំពុងប្រឈមនឹងការកាប់បំផ្លាញយ៉ាងធ្ងន់ធ្ងរនៅប៉ុន្មានឆ្នាំចុងក្រោយនេះ។
យោងតាមរបាយការណ៍របស់អង្គការណាសា ចេញផ្សាយកាលពីថ្ងៃទី១០ខែមករា បង្ហាញថា កម្ពុជាជាប្រទេសឈានមុខគេខាងការកាប់បំផ្លាញព្រៃឈើធម្មជាតិ និងព្រៃស្ថិតក្នុងតំបន់ការពារផង ដោយសារការទន្រ្ទានយកដីរបស់ក្រុមហ៊ុន សម្រាប់ការដាំដុះដំណាំកៅស៊ូ និងការកាប់ឈើខុសច្បាប់។
បើតាមរបាយការណ៍នេះ ក្រុមអ្នកវិទ្យាសាស្ដ្រ និងអ្នកស្រាវជ្រាវ រកឃើញថា នៅចន្លោះឆ្នាំ២០០១ និង២០១៤ អត្រាបាត់បង់ព្រៃឈើប្រចាំឆ្នាំនៅកម្ពុជាកើនឡើង ១៤,៤ភាគរយ ស្មើនឹងផ្ទៃដីសរុប១,៤៤លានហិកតា ឬ ៥ ៥៦០គីឡូម៉ែត្រការ៉េ ដោយភាគច្រើនស្ថិតក្នុងខេត្តកំពង់ធំ និងកំពង់ចាម ខណៈការកាប់ឈើនៅប្រទេសសេរ៉ាឡេអូន មានតែ១២,៦ភាគរយ, ម៉ាដាហ្គាស្កា (៨,៣ភាគរយ), អ៊ុយរុយហ្គាយ (៨,១ភាគរយ) និង ប៉ារ៉ាហ្គាយ (៧,៧ភាគរយ)។
ក្រុមអ្នកស្រាវជ្រាវ អះអាងថា ការហក់ឡើងកប់ពពកនៃតម្លៃកៅស៊ូ និងចំនួននៃកិច្ចព្រមព្រៀងផ្ដល់ដីសម្បទានដីសេដ្ឋកិច្ច បានជម្រុញឲ្យមានការកាប់បំផ្លាញព្រៃឈើយ៉ាងគំហកនៅកម្ពុជា។ អ្នកស្រាវជ្រាវបញ្ជាក់ថា ការកាប់បំផ្លាញព្រៃឈើក្នុងដីសម្បទានសេដ្ឋកិច្ចស្ថិតនៅចន្លោះពី២៩ ទៅ ១០៥ភាគរយ ដោយសាររដ្ឋាភិបាលកម្ពុជាបានជួលដីទាំងនោះឲ្យទៅក្រុមហ៊ុនក្នុងស្រុក និងក្រុមហ៊ុនវិនិយោគបរទេស សម្រាប់វិស័យកសិកម្ម ការកាប់យកឈើលក់ និងមូលហេតុផ្សេងទៀត។
គួរបញ្ជាក់ថា ការរកឃើញនៅក្នុងរបាយការណ៍នេះ ត្រូវបានធ្វើឡើងដោយក្រុមអ្នកវិទ្យាសាស្ដ្រមកពីសកលវិទ្យាល័យម៉ារីឡែន សហរដ្ឋអាមេរិក និងអ្នកតាមដានព្រៃឈើលើសកលលោក តាមរយៈការប្រើប្រាស់ទិន្នន័យលើផ្ទៃដីបានមកពីប្រព័ន្ធផ្កាយរណប ដើម្បីពិនិត្យមើលការបាត់បង់ព្រៃឈើនៅលើផែនដី៕
VOD
ដោយ លោក ពេជ្រ ចំរុង

No comments:
Post a Comment