ការផ្សាយ​ចុង​ក្រោយ

សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន គាំទ្រ​ហ្វីលីពីន ធ្វើជា​ប្រធាន​អាស៊ាន នៅ​ឆ្នាំ​២០១៧



ភ្នំពេញ: លោក ឌ្រី​ហ្គោ រ៉ូ ឌូ​តឺ​តេ (Drigo Rao Duterte) ប្រធានាធិបតី​ទី​១៦ របស់​សាធារណរដ្ឋ​ហ្វីលីពីន បាន​ជួបពិភាក្សា​ការងារ ជាមួយ​សម្តេចនាយករ​ដ្ឋ​មន្ត្រី ហ៊ុន សែន កាលពី​រសៀល​ថ្ងៃទី​១៤ ខែធ្នូ នៅ​វិមាន​សន្តិភាព ដោយបាន​ពិភាក្សា លើ​បញ្ហាសំខាន់ៗ មួយចំនួន ដូចជា វិស័យ​នយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម កសិកម្ម កីឡា និង​វិស័យ​សន្តិសុខ រួមទាំង​បញ្ហា​មួយចំនួនទៀត​។​

​នៅក្នុង​ជំនួប​លោក ឌ្រី​ហ្គោ រ៉ូ ឌូ​តឺ​តេ បាន​បញ្ជាក់ថា ទំនាក់ទំនង រវាង​កម្ពុជា និង​ហ្វីលីពីន គឺជា​ទំនាក់ទំនង​បងប្អូន និង​មាន​រយៈពេល​យូរលង់ ណាស់​មកហើយ គឺ​៥៩​ឆ្នាំ​ហើយ នៅ​ឆ្នាំ​២០១៧ គឺជា​ខួប​លើក​ទី​៦០ នៃ​ទំនាក់ទំនង​ការទូត រវាង​កម្ពុជា និង​ហ្វីលីពីន​។ លោក​បានប្រកាស​ផ្តល់ អាហារូបករណ៍ ជូន​កម្ពុជា​ចំនួន ៦០​កន្លែង លើ​វិស័យ​ផ្សេងៗ ដើម្បី​ឲ្យ​និស្សិត​កម្ពុជា បាន​ទៅ​សិក្សា​នៅ​ហ្វ​I​លី​ពី​ន​។ លោក​បាន​បញ្ជាក់ថា ការផ្តល់​អាហារូបករណ៍​នេះ នឹង​ជំរុញ​បន្ថែមទៀត នូវ​ទំនាក់ទំនង រវាង​ប្រទេស​ទាំងពីរ តាមរយៈ​ការចែករំលែក ចំណេះដឹង និង​បទពិសោធន៍ រវាង​គ្នា​នឹង​គ្នា​។​

​ប្រធានាធិបតី​ហ្វីលីពីន បាន​បន្តថា ការចុះ​អនុស្សរណៈ​យោគយល់​គ្នា​នេះ នឹង​ពង្រីក​ទំនាក់ទំនង រវាង​ប្រទេស​ទាំងពីរ ឲ្យ​កាន់តែ​ស៊ីជម្រៅ​ថែមទៀត ជាពិសេស​លើ វិស័យ​ទេសចរណ៍ ពាណិជ្ជកម្ម កីឡា និង​វិស័យ​កិ​សកម្ម​។ លោក​បាន​បញ្ជាក់ថា អង្ករ​កម្ពុជា បាយ​កម្ពុជា គឺមាន​រសជាតិ​ឆ្ងាញ់​ណាស់​។ លោក​នឹង​បន្ត​ឲ្យ​ហ្វីលីពីន សហការ​ជាមួយ​កម្ពុជា លើ​វិស័យ​កសិកម្ម​នេះ​។​

​ជាការ​ឆ្លើយតប សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែងអំណរគុណ ចំពោះ​លោក ឌ្រី​ហ្គោ រ៉ូ ឌូ​តឺ​តេ ដែល​បានប្រកាស ផ្តល់​អាហារូបករណ៍ ចំនួន​៦០​កន្លែង និង​បាន​ថ្លែងអំណរគុណ​ផងដែរ ជូន​ចំពោះ​លោក ឌ្រី​ហ្គោ រ៉ូ ឌូ​តឺ​តេ និង​ប្រជាជន រដ្ឋាភិបាល​ហ្វីលីពីន ដែល​កន្លងមក បានផ្តល់​ជំនួយ​ដល់​កម្ពុជា ជាពិសេស លើ​វិស័យ​ធនធានមនុស្ស​។​

​ជាមួយគ្នានេះ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏បាន​លើកឡើង អំពី​កិច្ចសហប្រតិបត្តិការ រវាង​ប្រទេស​ទាំងពីរ ទី​១.​កិច្ចសហប្រតិបត្តិការ លើ​វិស័យ​នយោបាយ គឺមាន​ទំនាក់ទំនង ៦៩ ឆ្នាំ​ហើយ នៅ​ឆ្នាំ​ក្រោយនេះ (២០១៧) គឹជា​ខួប​៦០​ឆ្នាំ ដោយ​សម្តេច​បានស្នើ​សុំ ឲ្យ​ក្រសួងការបរទេស​កម្ពុ​ជា សហការ​ជាមួយ ក្រសួងការបរទេស ហ្វីលីពីន ដើម្បី​រៀបចំ​ខួប​៦០​ឆ្នាំនេះ ដើម្បី​ជំរុញ​ពង្រឹង​បន្ថែមទៀត នូវ​កិច្ចសហប្រតិបត្តិការ រវាង​ប្រទេស​ទាំងពីរ​។ សម្តេច​ក៏បាន​ស្នើសុំ​ភាគី​កម្ពុជា និង​ហ្វីលីពីន រៀបចំ​កិច្ចប្រជុំ​គណៈកម្មការ​ចម្រុះ កិច្ចសហប្រតិបត្តិការ ជា​លើក​ទី​២ ដែល​រដ្ឋមន្ត្រី​ក្រសួងការបរទេស ប្រទេស​ទាំងពីរ ជា​ប្រធាន និង​ដើម្បី​ពិនិត្យមើល សក្តានុពល​ទាំងឡាយណា ដែល​ប្រទេស​ទាំងពីរ​មាន​។​

​ពាក់ព័ន្ធ​កិច្ចសហប្រតិបត្តិការ លើ​វិស័យសេដ្ឋកិច្ច និង​ពាណិជ្ជកម្ម សម្តេច​តេ​ជោ ហ៊ុន សែន បាន​មានប្រសាសន៍ថា យើង​មាន​កិច្ចសហប្រតិបត្តិការ លើ​វិស័យនេះ ប៉ុន្តែ​កិច្ចសហប្រតិបត្តិការ​នេះ នៅមានកម្រិត​នៅឡើយ ដោយ​សម្តេច បានស្នើ​សុំ​ឲ្យ ក្រសួងពាណិជ្ជកម្ម នៃ​ប្រទេស​ទាំងពីរ និតិ​ត្យ​មើល​លទ្ធភាព ផ្សេងៗ​ទៀត ដើម្បី​ធ្វើយ៉ាងណា ពង្រីក​ទំហំ​ពាណិជ្ជកម្ម នៃ​ប្រទេស​ទាំងពីរ ឲ្យ​កាន់តែ​ធំ​ឡើង​ថែមទៀត តាមរយៈ​ការធ្វើ​ពិព័រណ៍ ពាណិជ្ជកម្ម ឬក៏​តាម​ការយកពន្ធ​ត្រួតគ្នា​។​

​នាយករដ្ឋមន្ត្រី​កម្ពុជា ស្នើសុំ​ឲ្យ​ប្រធានាធិបតី ហ្វីលីពីន ជំរុញ​លើកទឹកចិត្ត ឲ្យ​មានការ​ហោះហើរ​ត្រង់ មកកាន់​កម្ពុជា កាន់តែច្រើន​ថែមទៀត​លើ​វិស័យ​ទេសចរណ៍​។ សម្តេច​តេ​ជោ​ហ៊ុន សែន បាន​មានប្រសាសន៍ថា យើង​មាន​ទេសចរណ៍​ហ្វីលីពីន មកកាន់​កម្ពុជា ប្រមាណ​ជា ៤ ម៉ឺន​នាក់ ហើយ​ទេសចរណ៍​នេះ តាមរយៈ​លោក ប្រធានាធិបតី​ហ្វីលីពីន នឹងមាន​ការកើនឡើង​ទៀត ប្រសិន​ណា បើ​មានការ​ហោះហើរ​ត្រង់ កាន់តែច្រើន​ជើង ទៀត​នោះ ភ្ញៀវ​ទេសចរណ៍ នឹង​មកកាន់​កម្ពុជា កាន់តែ​ច្រើនឡើង​។ សម្តេច​បានស្នើ​សុំ ឲ្យ​ប្រធានាធិបតី​ហ្វីលីពីន ពិនិត្យ​ជំរុញ​លើកទឹកចិត្ត ឲ្យ​មានការ​ហោះហើរ​ត្រង់ មកកាន់​កម្ពុជា កាន់តែច្រើន​ថែមទៀត ដើម្បី​ជម្រុញ​ទេសចរណ៍ ឲ្យ​មកកាន់​កម្ពុជា​។​

​ទាក់ទង​វិស័យ​កសិកម្ម សម្តេច​តេ​ជោ បាន​ជម្រាបជូន ប្រធានាធិបតី​ហ្វីលីពីន​ថា កម្ពុ​ជាមាន​អង្ករ និង​ជា​អធិរាជ​អង្ករ ហើយ​ហ្វីលីពីន គឺជា​ប្រទេសមួយ ដែល​នាំ​អង្ករ​ចេញ ដូច្នេះ​កម្ពុជា សូម​បើក​ជំហរ ឲ្យ​អ្នកវិនិយោគ ហ្វីលីពីន មក​វិនិយោគ ១០០% នៅ​កម្ពុជា​តែម្តង នោះ គឺ​អ្នកវិនិយោគ​ហ្វីលីពីន អាចមក​ដាក់ទុន​ផលិត ប្រមូល​ទិញ កិន និង​នាំចេញ​ទាំងស្រុង​តែម្តង​។​

​ពាក់ព័ន្ធ​កិច្ចសហប្រតិបត្តិការ លើ​វិស័យ​សន្តិសុខ សម្តេច ហ៊ុន សែន បានស្នើ​ឲ្យ​បន្ត​ជំរុញ លើ​វិស័យ​ប្រយុទ្ធប្រឆាំង ឧក្រិដ្ឋកម្ម​ឆ្លងដែន និង​វិស័យ​ភេរវកម្ម និង​ការប្រយុទ្ ធប្រឆាំង​គ្រឿងញៀន​។​

​ជាមួយគ្នានេះ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​សម្តែង​នូវ ការអបអរសាទរ ជូន​ចំពោះ​ប្រទេស​ហ្វីលីពីន ដែល​នឹងត្រូវ​ធ្វើជា ប្រធាន​អាស៊ាន នៅ​ឆ្នាំ​២០១៧ ខាងមុខនេះ ។ សម្តេច​តេ​ជោ បាន​បញ្ជាក់ថា កម្ពុជា​នឹង​គាំទ្រ នូវ​គំរោង​អាទិភាព របស់​ហ្វីលីពីន និង​សហការ ជាមួយ​ហ្វីលីពីន ដើម្បី​ធ្វើយ៉ាងណា ឲ្យ​កិច្ចប្រជុំ​អាស៊ាន នៅ​ប្រទេស​ហ្វីលីពីន បានទទួល​ជោគជ័យ​៕

CEN
ដោយ: មុនីរាជ

No comments: