ការផ្សាយ​ចុង​ក្រោយ

សហភាព​អឺរ៉ុប ផ្តល់​ថវិកា​ដល់​កម្ពុជា ក្នុង​រយៈពេល ៥​ឆ្នាំ ជិត​២​ពាន់​លាន​ដុល្លារ​



ភ្នំពេញ: លោក George Edgar ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប បាន​គូសបញ្ជាក់​ជាថ្មី ពី​ការប្តេជ្ញាចិត្ត​របស់ ដៃគូ​អភិវឌ្ឍ​ន៏​អឺរ៉ុប នៅ​វិមាន​រដ្ឋសភាជាតិ នា​ព្រឹក​ថ្ងៃទី​១៥ ខែធ្នូ ឆ្នាំ​២០១៦​ថា កញ្ចប់​ថវិកា​របស់ សហភាព​អឺរ៉ុប ដែលជា​ដៃគូ​អភិវឌ្ឍន៍​កម្ពុជា ក្នុង​រយៈពេល​៥​ឆ្នាំ មាន​ទឹកប្រាក់​សរុប ប្រមាណ​ជា ១,៤ ពាន់​លាន​អឺរ៉ូ ប្រហាក់ប្រហែល​ជិត ១,៨ ពាន់​លាន​ដុល្លារ​អាមេរិក​។​

​លោក George Edgar បាន​បន្តថា យុទ្ធសាស្ត្រ​របស់​សហភាព​អឺរ៉ុប ដែលជា​ដៃគូ​អភិវឌ្ឍន៍ ត្រូវបាន​តម្លើង​ជាមួយនឹង​យុទ្ធសាស្ត្រ ចតុកោណ​ដំណាក់កាល​ទី​៣ របស់​រដ្ឋាភិបាល ព្រោះ​សហភាព​អឺរ៉ុប មាន​គោលដៅ​យុទ្ធសាស្ត្រ ចំនួន​៤​សំខាន់ៗ រួមមាន​គឺ កំណើន​ការងារ​សមធម៌ និង​ប្រសិទ្ធិភាព ជាការ​ឆ្លើយតប ផែនការ​យុទ្ធសាស្ត្រ អភិវឌ្ឍន៍​ជាតិ ឆ្នាំ​២០១៤-២០១៨ និង​ប្រែក្លាយ​គោលដៅ យុទ្ធសាស្ត្រ​ទាំងនោះ ទៅជា​ផែនការ​ជាតិ សម្រាប់​អនុវត្ត​ជាមួយនឹង ក្របខណ្ឌ​លទ្ធផល​ពាក់ព័ន្ធ​។ ក៏ដូចជា ស្ថាប័ន​រដ្ឋសភា ព្រឹទ្ធសភា បាន​សហការ ជាមួយ​ដៃគូ​អភិវឌ្ឍន៍ រួមទាំង​សហភាព​អឺរ៉ុប ដែលមាន​កិច្ចសហការ យ៉ាង​ជិតស្និទ្ធ លើ​ការជំរុញ​ការអភិវឌ្ឍន៍ ស្របតាម​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ នីតិរដ្ឋ និង​ការគោរព​សិទ្ធិមនុស្ស​។​

​នៅក្នុង​ឱកាស​ពិភាក្សា​នោះដែរ លោក ឈាង វុន ប្រធាន​គណកម្មការ​ទី​៥ រដ្ឋសភា បានធ្វើ​បទ​បង្ហាញថា ចាប់តាំងពី​ឆ្នាំ​១៩៩៣ មក រដ្ឋាភិបាល​កម្ពុជា ក៏ដូចជា​ស្ថាប័ន​រដ្ឋសភា ព្រឹទ្ធសភា បាន​សហការ ជាមួយ​ដៃគូ​អភិវឌ្ឍន៍ រួមទាំង​សហភាព​អឺរ៉ុប ដែលមាន​កិច្ចសហការ យ៉ាង​ជិតស្និទ្ធ លើ​ការជំរុញ​ការអភិវឌ្ឍ ស្របតាម​គោលការណ៍ លទ្ធិប្រជាធិបតេយ្យ នីតិរដ្ឋ និង​ការគោរព​សិទ្ធិមនុស្ស​។​

​លោក​បាន​បញ្ជាក់ថា រដ្ឋសភា ក្នុងតួនាទី​ជា​អ្នកបង្កើត​ច្បាប់ ការតាមដាន​ការអនុវត្ត​ច្បាប់ និង​ជា​តំណាង​ប្រជាពលរដ្ឋ​កម្ពុជា គឺ​រដ្ឋសភា បានអនុម័ត​ច្បាប់​ជាច្រើន ដើម្បី​បំពេញតម្រូវការ តាម​បរិបទ​សង្គម​កម្ពុជា និង​តំបន់ ក៏ដូចជា ពិភពលោក ក៏ដូចជា​ស្មារតី​អាស៊ាន​។​

​លោក ជាម យៀប ប្រធាន​គណៈកម្មការ​ទី​២ រដ្ឋសភា បាន​មានប្រសាសន៍ថា យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​កម្ពុជា របស់​សហភាព​អឺរ៉ុប គឺ​បាន​ចូលរួម​ឲ្យ​កម្ពុជា មាន​កំណើនសេដ្ឋកិច្ច និង​បង្កើត​ភាព​សក្តិ​សិទ្ធិ នៅ​ស្ថាប័ន​សាធារណៈ និង​ការលើក​កំពស់​វិស័យ​អប់រំ សុខាភិបាល ការពង្រឹង​ការអនុវត្ត​ច្បាប់ និង​លទ្ធិប្រជាធិបតេយ្យ បាន​យ៉ាង​ល្អ ៕

CEN
ដោយ: មុនីរាជ

No comments: