ការផ្សាយ​ចុង​ក្រោយ

សូត្រ ប៊ុន​ធី​ជួប​ថៃ​ចំណូល​ថ្មី​PHEK RABKHAV ខណៈវៀត ប៊ុន​ឌឿ​ន ជួប​YORTH MONGKUL នៅ​SEA-TV



អ្នក​ប្រដាល់​ជើង​ខ្លាំង​កម្ពុជា​ពីរ​រូប នឹង​ត្រៀម​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ នៅ​ក្នុង​កម្មវិធី​ប្រដាល់​Black Cat​នៅ​សង្វៀន​SEA-TV យប់​ថ្ងៃអាទិត្យ​ទី​០៨​ ខែមករា ឆ្នាំ២០១៧​នេះ​។ ក្នុង​នោះ សូត្រ ប៊ុន​ធី អ្នក​ប្រដាល់​ក្លិប​បក្សី​ស្លាប​ដែក ត្រូវ​ជួប​ជាមួយ​អ្នក​ប្រដាល់​ថៃ​ឈ្មោះ​Phek Rabkhav ។ ពួកគេ​ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៦០ គីឡូក្រាម។
Phek Rabkhav នេះ ជា​អ្នក​ប្រដាល់​ថៃ​ចំណូល​ថ្មី គេ​មិន​ធ្លាប់​មក​ប្រកួត​នៅ​កម្ពុជា​ទេ​កន្លងមក ។ បើ​តាម​លោក ញាណ សុធី អ្នក​ផ្គូផ្គង​ប្រចាំ​សង្វៀន​SEA-TV បាន​ប្រាប់​ឲ្យ​ដឹងថា Phek Rabkhav នេះ គេ​ជា​អ្នក​ប្រដាល់​ជើង​ខ្លាំង​ស្រករ​ក្រោយ​នៅ​ស្រុក​ថៃ ក្នុង​ប្រភេទ​ទម្ងន់​៦០​គ​.​ក្រ​នេះ ។ អ្នក​ប្រដាល់​ថៃ​រូប​នេះ គេ​វាយ​ខ្លាំង​និង​ល្អ ។

អ្នក​ប្រដាល់​ថៃ​រូប​នេះ មាន​កំណត់​ត្រា​ប្រកួត​ចំនួន​៦៥​លើក ឈ្នះ​៥២​លើក ចាញ់​១៣​លើក និង មិនដែល​ស្មើ​ទេ ។ ទោះជា​យ៉ាងណា អ្នក​ប្រដាល់​ថៃ​រូបនេះ មិន​ប្រាកដថា​អាច​ឈ្នះ​សូត្រ ប៊ុន​ធី បាន​នោះ​ឡើយ ព្រោះថា​ប៊ុន​ធី​ពេលនេះ គេ​រឹងមាំ​ទាំង​កាយសម្បទា ខ្លាំង​ទាំង​ស្នៀត​ប្រដាល់ បន្ទាប់ពី​គេ​ជួប​ប្រកួត​ជាមួយ​ថៃ​ច្រើន​នាក់​កន្លង​មកនេះ។

សូត្រ ប៊ុន​ធី ឥឡូវ​គេ​ជា​ជើង​ខ្លាំង​ស្រករ​ក្រោយ​របស់​កម្ពុជា​ក្នុង​ប្រភេទ​ទម្ងន់​៦០​គីឡូក្រាម​នេះ ។​ក្រោយពេល​ឆ្លងកាត់​ការប្រកួត​ជាមួយ​ថៃ​១៨​លើក ដោយ​ឈ្នះ ៩ លើក ចាញ់ ៣ លើក និង​ស្មើ​៦​លើក​នោះ បាន​ធ្វើ​ឲ្យ​គេ​មាន​បទពិសោធន៍​ច្រើន​ក្នុង​ការប្រកួត ដោយ​គេ​វាយ​ជាមួយ​ថៃ​ដូច​វាយ​ជាមួយ​ខ្មែរ​គ្នាឯង​អីចឹង គឺ​គ្មាន​ញញើត​ខ្លាច​អ្វី​បន្តិច​ទេ ។ ប៊ុន​ធី មាន​កណ្តាប់ដៃ​ល្អ វាយ​ចេញចូល​រហ័ស ហើយ​ស្នៀត​ទាត់​និង​ជង្គង់ កែង ក៏​ល្អ​ថែមទៀត ។

Phek Rabkhav អ្នក​ប្រដាល់​ថៃ​រូប​នេះ មាន​កម្ពស់​ទាប​ជាង​សូត្រ ប៊ុន​ធី​បន្តិច គឺ​១,៦៨​ម៉ែត្រ ខ​ណះ​ដែល​ប៊ុន​ធី​គេ​មាន​កម្ពស់​១,៧១​ម៉ែត្រ ។ តែ​ប្រវត្តិ​ប្រកួត​របស់​ពួកគេ​ទាំងពីរ​គឺ​ប្រហាក់ប្រហែលគ្នា​ទេ ដែល​សូត្រ ប៊ុន​ធី អ្នក​ប្រដាល់​កម្ពុជា​យើង​ប្រកួត​បាន​ចំនួន​៨៤​លើក ឈ្នះ​៦៨​លើក ចាញ់​១៣ លើក និង​ស្មើ​៦​លើក។

ការប្រកួត​លើក​ចុងក្រោយ​ជាមួយ​ថៃ ប៊ុន​ធី​វាយ​ចាញ់ Yorth Sayam ដោយ​ពិន្ទុ ។ ជា​អ្នក​ប្រដាល់​ដែល​មាន​កាយសម្បទា​ល្អ ខ្ពស់ ដៃជើង​វែង​នោះ អំណោយផល​ក្នុង​ការប្រើ​ជង្គង់ កែង ហើយ​កណ្តាប់ដៃ​លឿន រហ័ស និង​ខ្លាំង​នោះ ប៊ុន​ធី វាយ​មិន​ញញើត​នោះឡើយ​។​

ចាំមើល រវាង​សូត្រ ប៊ុន​ធី និង Phek Rabkhav ជួបគ្នា​លើក​នេះ តើន​រណា​ឈ្នះ​នោះ ? ។​
​ចំពោះ វៀត ប៊ុន​ឌឿ​ន អ្នក​ប្រដាល់​សមាគម​កីឡា​ក្រសួងការពារជាតិ គេ​នឹងត្រូវ​ស្វាគមន៍​អ្នក​ប្រដាល់​ថៃ​ឈ្មោះ​Yorth Mongkul ដោយ​ប្រកួត​ក្នុង​ទម្ងន់​៦០​គីឡូក្រាម​ដែរ ។ អ្នក​ប្រដាល់​ថៃ​រូបនេះ មិន​ធ្លាប់​មក​ស្រុក​ខ្មែរ​ទេ​ពីមុនមក។

ជា​លើក​ទី​២ សម្រាប់​វៀត ប៊ុន​ឌឿ​ន​ហើយ ដែល​បាន​ជួប​ប្រកួត​ជាមួយ​ថៃ​នេះ ។ ក្នុង​ការជួប​ថៃ​លើក​មុន​នោះ ប៊ុន​ឌឿ​ន​វាយ​ចាញ់​Reda ក្នុង​ទឹក​ទី​៤ ។ ដូច្នេះ​លើក​នេះ មិនដឹងថា​វៀត ប៊ុន​ឌឿ​ន អាច​យកឈ្នះ​Yorth Mongkul បាន​ឬក៏​អត់​នោះ​ទេ​? ។
​វៀត ប៊ុន​ឌឿ​ន ជា​អ្នក​ប្រដាល់​ជើងចាស់ ដែល​មាន​ចិត្ត​អំណត់​ខ្ពស់ វាយ​មិន​ឆេវឆាវ ហើយ​កណ្តាប់ដៃ និង​ជើង​ទាត់ គឺជា​ស្នៀត​ប្រចាំ​ត្រកូល​របស់​គេ ។ ប៊ុន​ឌឿ​ន​មាន​ប្រវត្តិ​ប្រកួត​៧២​លើក ក្នុងនោះ​វាយ​ឈ្នះ​៥៧​លើក ចាញ់​១៣​លើក និង ស្មើ​០២​លើក។

សម្រាប់​ការប្រកួត​លើក​នេះ វៀត ប៊ុន​ឌឿ​ន មិនដឹងថា​អាច​យកឈ្នះ Yorth Mongkul នេះ​បាន​ឬ​អត់​នោះទេ​?​ព្រោះ​អ្នក​ប្រដាល់​ថៃ​រូបនេះ គេ​វាយ​ខ្លាំង​ហើយ​ថែមទាំង​មាន​ផ្លែ​ល្អ​ថែមទៀត ។ ដូច្នេះ ចាំមើល រវាង Yorth Mongkul និង វៀត ប៊ុន​ឌឿ​ន តើន​រណា​ជា​អ្នកឈ្នះ​នៅក្នុង​ការជួប​ប្រកួត​គ្នា​នេះ ? ។​
​ចំពោះ​ការប្រកួត​រវាង​អ្នក​ប្រដាល់​រួម​ជាតិ​វិញ អ្នក​ប្រដាល់ អ៊ុំ កំសត់ អ្នក​ប្រដាល់​ក្លិប​ព្រៃទទឹង​ខេត្ត​បាត់ដំបង ត្រូវ​គេ​ផ្តល់​ឪ​កាស​អោយ​ជួប​ប្រកួត​សាក​កណ្តាប់ដៃ​ជាមួយ​ចេង គា អ្នក​ប្រដាល់​ក្លិប​សាល​វ័​ន្ត​កីឡា។

អ្នក​ប្រដាល់​ពីរ​រូប​នេះ មិន​ធ្លាប់​ដែល​ប៉ះគ្នា​ទេ​កន្លងមក ។ ពីរ​នាក់​នេះ មាន​កាយសម្បទា​ប្រហាក់​ប្រហែលគ្នា ប៉ុន្តែ​ចិត្ត​ប្រដាល់​របស់​ពួកគេ​ខុសគ្នា​។​គូ​នេះ ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៦៣,៥០០ គីឡូក្រាម។

អ៊ុំ កំសត់ គេ​មាន​ផ្លែ​ល្អ ចិត្ត​ប្រដាល់​ធំ ហើយ​ទិច​និ​ច​ប្រកួត​ក៏​សំបូរបែប​ដែរ ព្រោះ​គេ​ជា​អ្នក​ប្រដាល់​ជើង​ខ្លាំង​ស្រករ​ក្រោយ ។ ការប្រកួត​ចុងក្រោយ អ៊ុំ កំសត់​វាយ​ឈ្នះ​សេក គឹម​ភាព អ្នក​ប្រដាល់​ក្លិប​អង្គរ​មានជ័យ​ខេត្តសៀមរាប ដោយ​ពិន្ទុ ។ ចំណែក​ចេង គា គេ​វាយ​ក៏មាន​ផ្លែ​ល្អ​ដែរ គ្រាន់តែ​ពិបាក​រឿង​យឺត​និង​ចិត្ត​តូច​ប៉ុណ្ណោះ​។ និយាយ​រួម អ៊ុំ កំសត់​គេ​ល្អ​និង​ខ្លាំង​ជាង​ចេង គា ។ ចេង គា​ប្រកួត​ចុងក្រោយ​វាយ​ចាញ់​រឿង សា​រ័ត្ន អ្នក​ប្រដាល់​ក្លិប​កងពលតូច​ទ័ព​ឆ័​ត្រ​យោង​៩១១​ដោយ​ពិន្ទុ ។​
​ទោះជា​យ៉ាងណា សំរាប់​ការជួប​ប្រកួត​គ្នា​លើកដំបូង​នេះ ក្រុម​អ្នកវិភាគ​ប្រដាល់​គេ​មាន​ជំនឿ​ចិត្ត​លើ​អ៊ុំ កំសត់ ថា​អាច​ឈ្នះ​ចេង គា ?៕

កម្ពុជាថ្មី
វិសិទ្ធ

No comments: