ការផ្សាយ​ចុង​ក្រោយ

ប្រាសាទកោះកេរ្តិ៍ រាជធានី​ចាស់​បុរាណ​របស់​ខ្មែរ មាន​អាយុកាល​ជាង ១០០០​ឆ្នាំ នៅតែ​ទាក់ទាញ



​សៀមរាប: ក្រុម​ប្រាសាទកោះកេរ្តិ៍ (​កោះ​កេរ​) ដែលមាន​ទីតាំង​ស្ថិតនៅ ក្នុងភូមិ​ស្រ​យ៉ង់​ជើង ឃុំ​ស្រ​យ៉ង់ ស្រុក​គូលែន​ ​ខេត្តព្រះវិហារ មាន​ចំងាយ ៧២​គីឡូម៉ែត្រ ពី​ទី​រួម​ខេត្តសៀមរាប បើ​ធ្វើដំណើរ​តាមផ្លូវ​លេខ​២១១ និង​ផ្លូវលំ​ចំងាយ ៤៩​គីឡូម៉ែត្រ ពី​ទី​រួម​ខេត្តព្រះវិហារ​។

​ប្រសិនបើ​ធ្វើដំណើរ​តាម​ដងផ្លូវ​លេខ​៦៤ ដែល​បែក​ចេញពី​ផ្លូវជាតិ​លេខ​៦ ត្រង់ចំណុច​ផ្សារ​ដំ​ដែក ស្រុក​សូទ្រនិគម ខេត្តសៀមរាប ឆ្ពោះទៅ​ទិស​ខាងជើង​សំដៅ​ទៅរក​ស្រុក​ស្វាយ​លើ ខេត្តសៀមរាប រួច​បន្តទៅ​ស្រុក​គូលែន ខេត្តព្រះវិហារ គឺមាន​ចំងាយ​ប្រមាណ ១២០​គីឡូម៉ែត្រ បើ​គិតពី​ការគ្រប់គ្រង​រដ្ឋបាល​ស​ព្វ​ថ្ងៃ មណ្ឌល​នៃ​អតីត​រាជធានី​នេះ ស្ថិតនៅ​ក្នុងភូមិ​កោះ​កេរ្តិ៍ ឃុំ​ស្រ​យ៉ង់ ស្រុក​គូលែន ខេត្តព្រះវិហារ​។​

​ប្រាសាទកោះកេរ្តិ៍ គឺជា​រាជធានី​ចាស់​បុរាណ មាន​អាយុប្រមាណ​ជាង ១០០០​ឆ្នាំ មកហើយ​។

​ប្រាសាទ​នៅ​តំបន់​កោះ​កេរ្តិ៍​ភាគច្រើន​ត្រូវបាន​កសាងឡើង​ក្នុង​រជ្ជកាល​ព្រះបាទ​ជ័យ​វរ្ម័នទី​៤ ក្នុង​សតវត្សរ៍​ទី​១០ (៩២៨-៩៤២)​។ ក្នុង​រាជ​ព្រះបាទ​ជ័យវរ្ម័ន​ទី​៤ ទ្រង់​បានធ្វើការ​ផ្លាស់ប្តូរ​រាជធានី​ពីយ​សោធ​បុ​រៈ (​អង្គរ​) ទៅ​តំបន់​កោះ​កេរ្តិ៍ ។ មូលហេតុ​នៃ​ការដោះដូរ​រាជធានី​នេះ ប្រហែល​ជាមាន​ច្រើន ប៉ុន្តែ​គេ​អាច​ដឹង​ត្រឹម​ថា​ទ្រង់​ជា​ស្តេច​ជ្រែករាជ្យ​ក្មួយប្រុស​របស់ខ្លួន គឺ​បុត្រ​របស់​ព្រះបាទ​យ​សោ​វរ្ម័ន​។​

​នៅ​កន្លែង​ថ្មី​នេះ ព្រះអង្គ​បាន​ខិតខំ​កសាង​នូវ​សមិទ្ធិផល​ធំៗ ជាច្រើន​ដូចជា​ប្រាសាទកោះកេរ្តិ៍ ឬ​ហៅថា​ប្រាសាទធំ សម្រាប់​តម្កល់​សិវលិង្គ ឈ្មោះ​ត្រី​ភូ​វ​នេ​ស្វរៈ ជាដើម​។ បច្ចុប្បន្ន​សេវ​លិង្គ​បាន​បាត់បង់​ទៅហើយ​។​
​នៅ​ជុំវិញ​ក្រុម​ប្រាសាទកោះកេរ្តិ៍ មាន ប្រាសាទធំ ហៅថា​ប្រាសាទកោះកេរ្ដិ៍ ដែល​ស្ថិតក្នុង​កំពែង​រាង​បួន​ជ្រុង​ទ្រវែង ដែលមាន​ប្រាសាទ អគារ​តូច ធំ​ជាច្រើន ព្រមទាំង​ប្រាសាទ​ឧបសម្ព័ន្ធ​ដទៃៗ​ឯទៀត​ជាច្រើន​ផងដែរ​។​

ស្ថាបត្យកម្ម​នៃ​តួរ​ប្រាសាទកោះកេរ្ដិ៍ គឺជា​សំណង់​ប្រាសាទ​ទោល​ធំ ហើយ​ខ្ពស់ត្រដែត ដែលមាន​កំពូល​តួ​ប៉ម​តែមួយ​នោះ​។ ប្រាសាទកោះកេរ្តិ៍ មាន​លក្ខណៈ ជា​ប្រាសាទភ្នំ កំពស់​ប្រមាណ​៣៥​ម៉ែត្រ ចែកចេញជា​៧​ថ្នាក់ និង​មាន​កាំជណ្តើរ​ប្រមាណ ៥៥​កាំ​។​

តាម​ថ្នាក់​ពីមួយ​ទៅមួយ​មាន​កំពស់​៥​ម៉ែត្រ មាន​ផ្ទៃរាប​ប្រមាណ ២​ម៉ែត្រ​
តាម​ចន្លោះ​ថ្នាក់​នីមួយៗ​។ នៅលើ​កំពូល​ប្រាសាទ​នេះ មាន​រូបចំលាក់​គ្រុឌ ធំៗ​ជាច្រើន កំពុង​សំដែង​រិ​ទ្ធ ទ្រ​នូវ​សិវ​លឹ​ង្គ ត្រី​ភូ​វ​នេ​ស្វរៈ នៅក្បែរ​គ្នា​នេះដែរ មាន​មាត់​រន្ធ​អណ្តូង មួយ​ទំហំ ៤​ម៉ែត្រ គុណ​៤​ម៉ែត្រ​។​

​សំណង់​ប្រាសាទកោះកេរ្តិ៍ ឬ​ប្រាសាទធំ​នេះ សាងសង់ឡើង គឺ​សំរាប់​ឧទ្ទិស​ដល់​អាទិទេព​មួយអង្គ​ឈ្មោះ ត្រី​ភូ​វ​នេ​ស្វរៈ ដែល​សិលា​ចារិក ជា​ភាសា​ខ្មែរ​ថា "​កម្រ​តែង​ដ៏​រាជា​" ជា​អាទិទេព​ធំ ឬ​ផ្តល់​សេចក្តីសុខ​ក្នុង​ពិធី​សក្ការៈ​ទេវរាជ​មនុស្សលោក​។ នៅ​ទិស​ខាងលិច សំណង់​ប្រាសាទកោះកេរ្តិ៍ គឺជា​រាជធានី​យ​សោធ​បុ​រៈ (​អង្គរ​)​។​

​ក្រោយពី​ការ​សោយ​ទិ​វ​ង្គ​ត់ របស់​ព្រះបាទ​ជ័យ​វរ្ម័នទី​៤ និង​ព្រះរាជបុត្រ​របស់​ព្រះអង្គ ព្រះនាម​ហ​ស៌​វរ្ម័នទី​២ ប្រហែល​នៅក្នុង​ឆ្នាំ ៩៤៤​គ​.​ស រាជធានី​កោះ​កេរ្តិ៍ ឬ​ឆោ​កគ​គ៌្យ​រ ក៏ត្រូវ​បាន ព្រះបាទ​រាជេន្ទ្រ​វរ្ម័នទី​២ ផ្លាស់​ចូលមកក្នុង​រាជធានី​យ​សោធ​បុ​រៈ (​អង្គរ​) វិញ​។ ព្រះបាទ​រាជេន្ទ្រ​វរ្ម័នទី​២ បាន​យាង​ត្រឡប់មក​សោយរាជ្យ​នៅ​រាជធានី​អង្គរ​វិញ ប៉ុន្តែ​គ្មាន​នរណាម្នាក់​អាច​ពន្យល់​ពី​មូលហេតុ​អោយបាន​ច្បាស់លាស់ នៃ​ការវិលត្រឡប់ របស់​ព្រះបាទ​រាជេន្ទ្រ​វរ្ម័នទី​២ បានឡើយ​។​

​ឆោ​កគ​គ៌្យ​រ ជា​ពាក្យ​ខ្មែរ​បុរាណ បើ​និយាយ​តាម​សព្វថ្ងៃ គឺ​បឹង​គគីរ ឬ​ស្រះ​គគីរ​។ ពាក្យ​ឆោ​កគ​គ៌្យ​រ​នេះហើយ​ដែល​ក្លាយ​មកជា​ពាក្យ កោះ​កេរ្តិ៍​។​

​បើ​គិតពី​រយៈពេល​នៃ​ការតាំង​រាជធានី​នៅ​កោះ​កេរ្តិ៍ មានតែ​ជាង​២០​ឆ្នាំ​ប៉ុណ្ណោះ តែ​ការ​តាំងទី​រស់នៅ​របស់​ប្រជាជន​គឺ​ច្បាស់​ជាមាន​មុន​នោះ ហើយ​ការសាងសង់​សំណង់​ប្រាសាទ​នានា​ច្បាស់​ជាមាន​យូរ​ក្រោយមកទៀត ថ្វី​ត្បិត​សំណង់​មាន​ច្រើនសន្ធឹក​សន្ធាប់​។​

​បើសិនជា​យើង​ពិនិត្យមើល​លើ​សំណង់​ប្រាសាទ ដែលមាន​ច្រើន​ស្អេកស្កះ​នៅ​តំបន់​កោះ​កេរ្តិ៍ យើង​ឃើញថា សំណង់ កោះ​កេរ្តិ៍ ភាគច្រើន​ត្រូវបាន​កសាង ក្នុង​រយៈពេល​ខ្លី នៃ​រជ្ជកាល​របស់​ព្រះបាទ ជ័យ​វរ្ម័នទី​៤ តែប៉ុណ្ណោះ​។

​ក្រៅពី​តំបន់​កោះ​កេរ្តិ៍ យើង​ឃើញ​មាន​ប្រាសាទ មួយចំនួន ដែល​សាងសង់​ក្នុង​រចនាបថ ដូចគ្នា​នៅ​តំបន់​ផ្សេងៗ​ទៀត​ដូចជា ប្រាសាទក្រវ៉ាន់​នៅ​អង្គរ ប្រាសាទនាងខ្មៅ​តាកែវ ប្រាសាទ​មួយចំនួន នៅ​ជើងភ្នំ​ដងរែក និង​នៅក្នុង​ប្រទេស​ថៃ បច្ចុប្បន្ន​។​

​ទោះជា​យ៉ាងនេះ​ក្តី ក្រុម​ប្រាសាទ​នៅ​តំបន់​កោះ​កេរ្តិ៍ ជា​អច្ឆរិយៈ​ដ៏​អស្ចារ្យ​របស់​ខ្មែរ​។ ក្រុម​ប្រាសាទកោះកេរ្តិ៍ សង់​លើ​ផ្ទៃដី​ខ្ពង់រាប ដែលមាន​ឈ្មោះថា​ឆក​គគី ឬ​ឆោ​កគ​គ៌្យ​រ​។ ប៉ុន្ដែ​ឈ្មោះ​ជា​ផ្លូវការ​តាម​ភាសា​សំ​ស្ក្រិ​ត ដែល​បាន​កត់ត្រា​នៅតាម​សិលាចារឹក គឺ​«​លិង្គ​បុ​រៈ​»​។ អ្វីដែល​គួរ​ឲ្យ​អ្នកសិក្សា​ស្រាវជ្រាវ និង​អ្នកប្រវត្តិសាស្ត្រ​យកចិត្តទុកដាក់​ពី​តំបន់​កោះ​កេរ្តិ៍ គឺ​ការសាងសង់​ប្រាសាទ​រាង​ជា​សាជី​។ ភាគច្រើន​នៃ​សំណង់​ប្រាសាទ​ទាំងនោះ គឺ​ស្ថាបនា​ឡើង​អំពី​ឥដ្ឋ ថ្មបាយក្រៀម និង​ថ្មភក់​។ លក្ខណៈ​សំណង់​ប្រាសាទ​នេះ គឺ​ល្អ​ប្លែក​ពី​គេ​ដូច្នេះហើយ បានជា​នៅក្នុង​ស្ថាបត្យកម្ម​សិល្បៈ​ខ្មែរ គេ​ឱ្យឈ្មោះ​ក្រុម​ប្រាសាទកោះកេរ្តិ៍ ជា​ឈ្មោះ​រចនាបទ​មួយ​ហៅថា «​រចនាបទ​កោះ​កេរ្ដិ៍​» ។​

នៅពេលដែល​មនុស្សម្នា​ទូទៅ​នឹកគិត​ស្រមើស្រមៃ និង​អាច​ទៅ​ទស្សនា​ឃើញ​ដោយផ្ទាល់​ភ្នែក​អំពី​ប្រាសាទកោះកេរ្ដិ៍​នេះ នោះ​អ្នក​គ្រប់គ្នា​អាច​គិតពិចារណា​ថា វា​គឺជា​ប្រាសាទ​ពីរ៉ាមីត របស់​ប្រទេស​កម្ពុជា​។​

​តំបន់​កោះ​កេរ្តិ៍​ជា​តំបន់ ដែល​បន្សល់ទុក​នូវរ​បក​គំហើញ​ថ្មីៗ​ជាច្រើន មិន​ត្រឹមតែ​ប៉ុណ្ណោះ ប្រាង្គ​ប្រាសាទ និង​រូបចម្លាក់​នានា​សុទ្ធតែជា​កេរ្តិ៍ដំណែល​ប្រវត្តិសាស្ត្រ​ដ៏​មានតម្លៃ​របស់​ជាតិ​។

​អ្នកស្រាវជ្រាវ​បាន​រកឃើញ​សព្វថ្ងៃ​នូវ​ប្រាសាទ​ប្រមាណ​១០០​ប្រាសាទ​នៅ​តំបន់​កោះ​កេរ្តិ៍​ក្នុង​ផ្ទៃដី​ចំនួន​៩​គីឡូម៉ែត្រ​៤​ជ្រុង មាន​ប្រាសាទ​មួយចំនួន​ដូចជាៈ ប្រាសាទ​ដាវ រំលំ​បី បឹង​វែង ត្រពាំង​ព្រៃ ដី​ឆ្នាំង ស្រុង​ស្រឡៅ លិង្គ គុក​ស្រគំ ត្រពាំង​តា សុ​ភី ក្រហម អណ្តូង អង្គ​ខ្នា ទឹក​ក្រហម ដំរី​ស ក្រ​រាប់ បន្ទាយ​ពីរ​ជាន់ គុក ខ្មៅ ថ្នឹង ធំ​ប​ល័​ង្គ រហាល ចំនេះ សំ​ពេ​ច ត្រពាំង​ស្វាយ នាង​ខ្មៅ ប្រាំ បាត់ ខ្នារ​ចិន ឃ្លុំ ច្រាប ដងទង់ ប្រាង្គ កំផែង​។​ល​។

​ប្រាសាទ​ទាំងនេះ ពុំបាន​សាងសង់ ជាប់​គ្នា​ទេ គឺ​នៅ​ដាច់ៗ​ពីគ្នា​ពី​១​គីឡូម៉ែត្រ ទៅ​៣​គីឡូម៉ែត្រ ឬ ៤​គីឡូម៉ែត្រ បច្ចុប្បន្ន​ប្រាសាទ​នេះ​ត្រូវ​ខូចខាត​បាត់​រូបរាង ខ្លះ​កប់​ក្នុង​ដី​។​ដោយ​ឆ្លងកាត់​នូវ​សង្គ្រាម​ជាច្រើន​សតវត្សរ៍ ប្រាសាទកោះកេរ្តិ៍ បាន​រង​នូវ​ការបំផ្លិចបំផ្លាញ​ទាំងពី​ធម្មជាតិ និង​ពី​មនុស្ស​។ ប្រាសាទកោះកេរ្តិ៍ ត្រូវ​រង​នូវ​ការបាក់​បែក និង​ខូចខាត​ជាច្រើន​។ តំបន់​កោះ​កេរ្តិ៍ ធ្លាប់ជា​សមរភូមិ​ប្រយុទ្ធ នៅ​ក្នុងសម័យ​សង្គ្រាមស៊ីវិល ជាង​៣០​ឆ្នាំ (១៩៧០-១៩៩៨) ការ​លួ​ចវ​ត្តុ​បុរាណ ការបំផ្លាញ​ចំពោះ​សម្បត្តិ​បេតិកភណ្ឌ​ជាតិ បានកើត ឡើង​យ៉ាង​អនាធិបតេយ្យ​និង​សភាព​យ៉ាងធ្ងន់ធ្ងរ​បំផុត ដែល​ប្រាសាទ​មួយចំនួនធំ ត្រូវ បាន​បាក់​ធ្លាក់​ដល់​ដី​។​

​នៅ​ឆ្នាំ​១៩៧០ ប្រាសាទកោះកេរ្តិ៍ ព្រមទាំង​ខេត្តព្រះវិហារ​ទាំងមូល ត្រូវ​បានដាក់​នៅក្នុង​កា​រ កាន់កាប់​របស់​កងទ័ព​ខ្មែរក្រហម រហូតដល់​ឆ្នាំ​១៩៩៨ ក្រោយពី​ធ្វើ​សមាហរណកម្ម​ខ្មែរក្រហម មក​ក្នុង​រាជរដ្ឋាភិបាល តំបន់​កោះ​កេរ្តិ៍​ត្រូវបាន​បើក​ជា​សារ​ធារ​ណៈ​ឡើងវិញ​។​

​សព្វថ្ងៃនេះ តំបន់​អភិរក្ស​ប្រាសាទកោះកេរ្តិ៍ បាន​គ្របដណ្តប់​លើ​ផ្ទៃដី​ចំនួន​៨៤​គីឡូម៉ែត្រ​ក្រឡា ស្មើរ​ជាង ៨០០០​ហិកតា​។ ដើម្បី​ការអភិរក្ស និង​ថែរក្សា អោយបាន​កាន់តែ​ដិតដល់​និង​មាន​ប្រសិទ្ធភាព តំបន់​កោះ​កេរ្តិ៍​ត្រូវបាន​រាជរដ្ឋាភិបាល​កម្ពុជា រៀបចំ​ឯកសារ​ដើម្បី ស្នើសុំ​ដាក់​ប​ញ្ជូ​ល​ទៅក្នុង​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​៕

CEN
ដោយ: ច័ន្ទគារ

No comments: